ម្តាយនិងប្អូនៗត្រូវបានអង្គការសម្លាប់

Mao Sakhun

(ស្វាយរៀង)៖ ម៉ៅ សាគុន មានអាយុ៥៩ឆ្នាំ មានមុខរបរជាកសិករ មានស្រុកកំណើត និងរស់នៅ ភូមិសាលារៀន ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ គាត់ជាកូនទីពីរក្នុងគ្រួសារ​ ដែលមានបងប្អូនប្រាំមួយនាក់។

ក្នុងរបបខ្មែរក្រហម សាគុន មានអាយុប្រមាណ១៣ឆ្នាំ ជាវ័យមួយត្រូវទទួលការសិក្សាអប់រំ ប៉ុន្តែផ្ទុយទៅវិញ​គាត់មិនមានឱកាសទៅសាលារៀន។ គាត់ត្រូវជួយធ្វើការ​ងារ​​​ចាស់ៗក្នុងកងកុមារ ព្រមទាំងធ្វើការងារផ្សេងៗទៀតដូចជាមនុស្សពេញវ័យដែរដូចជា ជីកទំនប់ លើកភ្លឺស្រែ និងប្រឡាយឆ្ងាយៗពីកន្លែងគាត់ស្នាក់នៅ។

សាគុន បងប្អូន និងឪពុកម្តាយ ត្រូវ​បានអង្គការបំបែកឲ្យរស់នៅផ្សេងគ្នាតាមប្រភេទអាយុ។ ម្តាយឪពុកនៅសហករណ៍វ័យចាស់។ ម្តាយត្រូវធ្វើការងារដក និងស្ទូងស្រូវ​។ ឪពុកត្រូវមើលការខុសត្រូវក្មេងៗ ដែលអង្គការប្រើឲ្យមើលគោក្របីនៅសហករណ៍ស្ពានស្មាច់ និងពេលល្ងាចឪពុកត្រូវវិញខ្សែគោ។ ល្ងាចមួយខណៈពេលឪពុក កំពុងតែវិញខ្សែគោគ្រាប់បែករបស់វៀត​ណាម​បានធ្លាក់ចំកន្លែងគាត់ធ្វើការបណ្តាលឲ្យរងរបួស​ធ្ងន់ អង្គការក៏បញ្ជូនគាត់ទៅមន្ទីរពេទ្យនឹងបន្ទាប់មកបានស្លាប់។

ឆ្នាំ១៩៧៧ សាគុន ម្តាយ និងបងប្អូន ត្រូវបានអង្គការជម្លៀសឲ្យទៅខេត្តពោធិ៍សាត់។ គាត់ធ្វើដំណើរតាមរថយន្ត​​​​ដល់ភ្នំពេញសម្រាកបីយប់ បីថ្ងៃ ក៏បន្តដំណើរដោយជិះរថភ្លើង ពេលដល់ស្ថានីយ៍រថភ្លើងខេត្តពោធិ៍សាត់ គាត់បានឃើញរទេះគោជាច្រើននៅរងចាំដឹកប្រជាជនជម្លៀសទៅតាមតំបន់ផ្សេងៗ។ សាគុន និងគ្រួសារ ព្រមទាំងប្រជាជនភូមិភាគបូព៌ាត្រូវ​បានអង្គការឲ្យជិះរទេះគោមួយក្រុមទៅកាន់សហករណ៍ព្រៃរោង។ ចំណែកអ្នកជម្លៀសដទៃត្រូវបានរទេះគោដឹកទៅកាន់សហករណ៍ផ្សេង។

នៅទីនេះ សាគុន ត្រូវបានអង្គការប្រើឲ្យគាស់គល់ឈើ និងរានព្រៃ នៅជិតព្រៃភ្នំមួយស្ថិតក្នុង ខេត្តពោធិ៍សាត់ ព្រំប្រទល់ជាមួយខេត្តបាត់ដំបង។ សាគុន បាន​និយាយបន្ត​ថា រៀងរាល់ម៉ោងប្រាំព្រឹកមេកងបានផ្លុំកញ្ចែឲ្យ​ប្រជាជនងើបធ្វើដំណើរទៅចូលព្រៃដើម្បីធ្វើការងារផ្សេងគ្នា ចាស់ត្រូវស្ទូងស្រូវ កុមារត្រូវមើលគោ និងកាប់​ដើមទន្ទ្រាន​ខេត្ត ចំណែកយុវជន-យុវនារីត្រូវជីកទំនប់ លើកប្រឡាយ គាស់គល់ឈើ និងរានព្រៃ។​ នៅពេលល្ងាចមានរទេះគោ   មកដឹកប្រជាជនត្រឡប់ទៅសហករណ៍ព្រៃរោងវិញ។

អង្គការបានចែកអង្ករមួយថ្ងៃ៥កំប៉ុង សម្រាប់ប្រជាជនចំនួនដប់នាក់។ សាគុន បញ្ជាក់ថា របបអាហារនេះមិនគ្រប់គ្រាន់ទេ ប៉ុន្តែគ្មានអ្នកណាហ៊ានតវ៉ាស្នើសុំបន្ថែមរបបនោះទេ។ នៅខេត្តពោធិ៍សាត់មានការខ្វះខាតទឹកជាខ្លាំង សាគុន និងប្រជាជនដទៃទៀតមិន​មានទឹកសម្រាប់បរិភោគគ្រប់គ្រានទេហើយបួនប្រាំថ្ងៃម្តងទើបមេកងខ្មែរក្រហមអនុញ្ញតឲ្យប្រជាជនបានទៅងូតទឹក។

រឿងរ៉ាវដែល សាគុន ចងចាំមិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហមគឺ អង្គការបានដឹកម្តាយប្អូនៗរបស់​គាត់ពីរនាក់ និងប្រជាជនបីគ្រួសារទៀតតាមរទេះគោយក​ទៅសម្លាប់ដោយកុហកថា ទៅកាប់ព្រៃ តែ​បានបាត់ដំណឹង​រហូតដល់សព្វថ្ងៃ។

បច្ចុប្បន្ន សាគុន មានជំងឺសន្លាក់ ដៃ ជើង​។ គាត់ឈឺជើងមិនអាចធ្វើដំណើរទៅណាមកណាបានឆ្ងាយ និងឧស្សាហ៍ខ្សោយអស់កម្លាំងជាញឹកញាប់។

សាគុន បានស្នើឲ្យយុវជនជំនាន់ក្រោយត្រូវចេះសិក្សា​ស្វែងយល់ពីប្រវត្តិសាស្រ្តរបស់ខ្លួនដើម្បីចូលរួមទប់ស្កាត់របបខ្មែរក្រហមកុំឲ្យកើតមានលើទឹកដីកម្ពុជាម្តងទៀត។

សម្ភាសន៍ដោយ  ពេជ សាន ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ  អេង សុខម៉េង នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin