សមាជិកនារីឃុំសម័យខ្មែរក្រហម
(ស្វាយរៀង) ៖ ស៊ី សុផន ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម អាយុ៦៨ ជាកសិករ បច្ចុប្បន្នរស់នៅ ភូមិកំពង់អំពិល ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។
មុនពេលខ្មែរក្រហមឡើងកាន់កាប់អំណាច សុផន ជាកសិករ រស់នៅសុ្រកកំណើត ឃុំកំពង់អំពិល។ ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ សុផន ឃើញទាហានខ្មែរក្រហមដើរប្រមូលទ្រព្យសម្បត្តិ សត្វពាហនៈ ស្រូវ អង្ករ និងរបស់របបរផ្សេងៗរបស់ប្រជាជនយកមកទុករួមក្នុងសហករណ៍ ហើយខ្មែរក្រហមបានប្រកាសឲ្យប្រជាជន ធ្វើការរួម រស់នៅរួម និងហូបបាយរួម និងស្លៀកសំលៀកបំពាក់ខ្មៅ ព្រមទាំងកាត់សក់ខ្លី។ ខ្មែរក្រហមបានផ្សព្វផ្សាយប្រាប់ប្រជាជនថា ពេលនេះ ជាពេលដែលយើងត្រូវតស៊ូធ្វើបដិវត្តន៍ដូច្នោះយើងត្រូវធ្វើការលះបង់ និងមិនត្រូវមានរបបដែលជាកម្មសិទ្ធតទៅទៀតទេ។ សុផន ត្រូវបានចាត់ឲ្យចូលគេប្រើឲ្យគាត់ធ្វើជាសមាជិកនារី ស្ថិតក្នុងកងនារីឃុំ ដោយត្រូវយឲ្យធ្វើការបណ្តុះបណ្តាលនារីៗក្នុងភូមិឲ្យចេះបង្កបង្កើនផល និងដាំដុះបន្លែ ផ្លែឈើ។
ក្រោយមកទៀត សុផន ត្រូវបានប្រើឲ្យជីក និងរែកដីយកទៅធ្វើផ្លូវនៅទួលច្រេស និងលើកភ្លឺស្រែ ច្រូស្រូតស្រូវ នៅទួលពង្រ។ សុផន ធ្លាប់បានឃើញខ្មែរក្រហមជិះកង់ដឹកមនុស្សយកទៅសួរចម្លើយ និងសម្លាប់នៅមន្ទីរសន្តិសុខទួលច្រេស។
ក្នុងរបបខ្មែរក្រហម សុផន បានបាត់បង់បងប្រុសម្នាក់ ប្អូនប្រុសម្នាក់ និងបងថ្លៃ។ ប្អូន និងបងប្រុសរបស់គាត់បានបាត់ខ្លួនដោយសារធ្វើជាទាហានសម័យ លន់ នល់។ ចំណែកបងថ្លៃឈឺជំងឺរាគគ្មានថ្នាំព្យាបាលត្រឹមត្រូវ។
សុផន បានឃើញការរៀបការក្នុងសម័យខ្មែរក្រហមដែលមានចាប់ពី២រហូតដល់៤០គូ។ សុផន ឲ្យដឹងទៀតថា ខ្មែរក្រហមបានផ្តល់សិទ្ធិឲ្យ បុរស ស្រី្ត ដែលដល់វ័យត្រូវរៀបការ ក្នុងការជ្រើសរើសគូស្រករ និងធ្វើការស្នើមកអង្គការ។ ពេលរៀបការប្តីប្រពន្ធតំរូវឲ្យឡើងបេ្តជ្ញាចិត្ត «ខ្ញុំឈ្មោះ…សូមបេ្តជ្ញាយកយុវជនឈ្មោះ…ទោះបីក្នុងភ្នក់ភ្លើងសង្គ្រាមនេះគាត់ខ្វាក់ភ្នែក បាក់ដៃ បាក់ជើង ក៏សុខចិត្តថារក្សាគ្នាអស់មួយជីវិត»។ យុវជន យុវនារីរៀបការនាសម័យនោះធ្វើឡើងនៅរោងបាយសហករណ៍ ឬនៅសាលារៀន ដោយស្លៀកពាក់សំលៀកបំពាក់ខ្មៅ។
សុផន ឲ្យដឹងទៀតថា របបអាហារក្នុងសម័យខ្មែរក្រហមគឺមានតែគេចែកបបរឲ្យម្នាក់១វែកក្នុង១ពេល។ ការរស់នៅគឺគ្មានសិទ្ធិគ្មានសេរីភាពទេ។ យើងឃើញខុសក៏មិនហ៊ាននិយាយ។ ម្នាក់ៗចេះតែធ្វើតាមគេប្រើ និងដំាដើមគរគ្រប់ៗគ្នា។ ប្រជាជនម្នាក់ៗខិតខំធ្វើការគ្មានពេលសម្រាកហើយគា្មនសិទ្ធិហូបរបស់ដែលខ្លួនបង្កបង្កើនផលបាន របស់អ្វីក៏ជារបស់អង្គការ។
សុផន បច្ចុប្បន្ន មានជំងឺខ្សោយបេះដូង និងខ្វះឈាមដែលបណ្តាលឲ្យគាត់ឧស្សាហ៍ ហេវអស់កម្លាំងល្វើយនិងហត់ដកដង្ហើមខ្លីៗញាប់ៗប្រផុតប្រផើយដោយខ្សោយកម្លាំងជារឿយៗ៕
សម្ភាសន៍ដោយ ហម សាវឿន នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១
អត្ថបទដយ អេង សុខម៉េង