អ្នកគ្រប់គ្រងរោងបាយនៅសម័យខ្មែរក្រហម

(ព្រៃវែង)៖ ប្រាជ្ញ ថន ជាកសិករ មានអាយុ ៦៥ឆ្នាំ រស់នៅភូមិព្រៃមាស ឃុំកំពង់ឬស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង​។ ថន មានបងប្អូនប្រាំពីរនាក់ស្លាប់ក្នុងរបបខ្មែរក្រហមបីនាក់។

នៅអំឡុងពេលផ្តល់បទសម្ភាសន៍ ថន បានរៀបរាប់ប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាថា គាត់បានចូលរៀននៅឆ្នាំ១៩៥៧ នៅបឋមសិក្សាជិតភូមិព្រៃកណ្តៀង និងបានបន្តការសិក្សារហូតដល់ថ្នាក់ទីប្រាំពីរ ​បានឈប់រៀន និងជួយធ្វើស្រែចម្ការឪពុកម្តាយ ដោយសារតែជីវភាពខ្វះខាត និងខ្វះមធ្យោបាយធ្វើដំណើរ​ដោយ​សារតែត្រូវប្តូរសាលាឆ្ងាយពីផ្ទះ។

ឆ្នាំ១៩៧០-១៩៧៥ ថន បានឃើញទាហានខ្មែរក្រហម និងទាហាន លន់ នល់ វាយប្រយុទ្ធគា្នដើម្បីដណ្តើម​កាន់កាប់ទីតាំង​រៀង​ៗខ្លួន។ សង្គ្រាមបានធ្វើឲ្យប្រជាជន រត់គេចចេញពីភូមិទៅរស់នៅតំបន់ដាច់ស្រយាល។ ប្រជាជនពីភូមិព្រៃកណ្តៀងជាច្រើនបានទៅរស់នៅតំបន់ព្រៃ​ស្នេហ៍ដោយសាងសង់​ជម្រក និងនាំយកស្បៀងអាហា​រទៅជាមួយ​។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបាន​គ្រប់គ្រងទំាងស្រុងនៅក្នុងភូមិព្រៃកណ្តៀង និងតំបន់ផ្សេងៗទៀត។ ខ្មែរក្រហមបានបង្ខំឲ្យប្រជាជនទំាងអស់​ រស់នៅ និងធ្វើការរួមគ្នាក្នុងសហករណ៍ សមាជិកគ្រួសារត្រូវបានបំបែកឲ្យរស់នៅផ្សេងពីគ្នាតាមភេទ និងអាយុ។

ថន មានអាយុប្រមាណជា២៧ឆ្នាំ គឺជាប្រជាជនមូលដ្ឋាន។ អង្គការបានឲ្យគាត់រស់នៅភូមិព្រៃកណ្តៀង មានភារកិច្ចចាត់ចែង និងគ្រប់​គ្រង​រោងបាយដែលជាឃ្លាំងអាហាររួមរបស់ប្រជាជន។ ឃ្លាំងអាហារនៅពេលនោះមានផ្ទុកដូចជា អង្ករ ត្រី សាច់ និងសម្ភារផ្សេងៗដទៃទៀតដែលផ្គត់ផ្គង់សហករណ៍។

ថន និយាយថា ការបែងចែកប្រជាជន ឲ្យរស់នៅតាមសហករណ៍នេះគឺនាំឲ្យប្រជាជនទាំងអស់ជួបការលំបាកទាំងការងារ និងការហូបចុក ព្រោះម្នាក់ៗត្រូវធ្វើតាមផែន​ការ​​​របស់អង្គការ ដោយធ្វើការងារច្រើន និងគ្មានអា​ហា​រ​ហូបចុកគ្រប់គ្រាន់។ ទោះបីជា ថន ជាអ្នកគ្រប់គ្រងរោងបាយក៏ដោយ ប៉ុន្តែគាត់​ទទួល​បានរបបអាហារដូចប្រជាជនផ្សេងៗទៀតដែរ។

ថន៖ «រៀងរាល់ពេលហូបអាហារខ្ញុំត្រូវរង់ចាំអ្នកដែលមកពីធ្វើការងារ ដើម្បីចែករបបអាហារជាបបរស្មើៗគ្នាៗ។ ចាប់តាំងពីខ្មែរក្រហមបានផ្តួលរលំរបប នល់ នល់ ប្រជាជន និងរូបខ្ញុំជាអ្នកគ្រប់គ្រងទទួលបានតែរបបជាបបរតែប៉ុណ្ណោះ»។

ថន បាន​រៀបរាប់បន្តថា ថ្ងៃខ្លះសូម្បីតែបបរក៏គាត់​គ្មានហូបដែរ ប្រជាជនត្រូវចែកចេកស្ងោរហូបម្នាក់បានមួយទៅបីដំបផែ្ល​។  ជាងនេះទៅទៀតពេលខ្លះប្រជាជនត្រូវហូបពោតស្ងោរ ទាំងដែលគ្រាប់ពោតនោះបានដុះធ្វើឲ្យប្រជាជនមានជំងឺរាគរហូតដល់ស្លាប់ទៀតផងព្រោះគ្មាន​ការព្យាបាលត្រឹមត្រូវ។ ថន បានប្រាប់​ឲ្យដឹងថា អ្នកជំងឺក្នុងរបបនោះគ្មានថ្នាំព្យាបាលទេអ្នកជំងឺស្រាលៗក៏ជាសះស្បើយ អ្នកជំងឺធ្ងន់​ៗបានស្លាប់ដោយគ្មានការយកចិត្តទុកដាក់។

ដោយសារតែឃ្លានខ្លាំងពេកមានប្រជាជនមួយចំនួនបានលួចបេះបន្លែបង្ការផ្សេងៗហូប ពេលដែលអង្គការតាមទាន់បានសម្លាប់ប្រជាជននោះ។ ថន បានឃើញប្រជា​ជនខិតខំធ្វើការណាស់ដើម្បី​យកចិត្តអង្គការកុំឲ្យសម្លាប់ និងផ្តល់របបអាហារគ្រប់គ្រាន់។

នុងភូមិព្រៃកណ្តៀង ខ្មែរក្រហមបានបែងចែកយុវជន យុវនារីឲ្យធ្វើស្រែ​ជាប្រាំមួយក្រុមរួមមាន ក្រុមភ្ជួរ ក្រុមស្ទូង និងពេលប្រមូលផល ក្រុមទាំងនោះត្រូវប្តូរជាក្រុមច្រូត និងក្រុមបោកបែនស្រូវទុកក្នុងឃ្លាំង។

ថន ធ្លាប់ឃើញខ្មែរក្រហមយកសាលារៀនធ្វើជាមន្ទីរឃុំឃាំងអតីតទាហាន លន់ នល់ ជាច្រើននាក់ ពេលដែលខ្មែរក្រហមឡើងកាន់អំណាចដំបូង។ បន្ទាប់មកទាហានទាំងនោះបានបាត់ខ្លួនអស់ពីមន្ទីរឃុំឃាំង។

ថន បានឃើញខ្មែរក្រហមបំផ្លាញវត្តអារាម ដោយវាយកម្ទេចព្រះវិហារយកឈើ និងសរសរទៅធ្វើជារោងបាយ និងសហករណ៍។ ចំណែកព្រះសង្ឃត្រូវបាន​អង្គការចាប់ផ្សឹក និងឲ្យទៅធ្វើការងារស្រែចម្ការជាមួយប្រជាជនទូទៅ​។

ថន បានឃើញទាហានខ្មែរក្រហមដែលចូលរួមធ្វើសង្គ្រាមជាមួយកងទ័ព នល់ នល់ បាន​បាត់​ខ្លួនជាបន្តបន្ទាប់ នៅពេល​មានវត្តមានទាហានខ្មែរក្រហមមកពីភូមិភាគនិរតី មកគ្រប់គ្រងភូមិភាគបូព៌ា។ ខ្លួនគាត់ផ្ទាល់ក្នុងនាមជាអ្នកគ្រប់គ្រងរោងបាយក៏មានឈ្មោះត្រូវសម្លាប់ផងដែរប៉ុន្តែរបប​ខ្មែរក្រហមបានដួលរលំមុន។

កន្លងមក ថន ធ្លាប់ទៅទស្សនាតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម។ គាត់គិតថាការកាត់ទោសនេះមាន ភាពត្រឹមត្រូវ និងយុត្តិធម៌សម្រាប់ជនរងគ្រោះ។

ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម គាត់បានផ្តាំផ្ញើឲ្យយុវជនជំនាន់ក្រោយត្រូវចងចាំទុក្ខលំបាកដែល​ជនរងគ្រោះបានជួបប្រទះ និងចូលរួមទប់ស្កាត់កុំឲ្យ​​របបនោះត្រឡប់​មកប្រទេសកម្ពុជាសារជាថ្មីម្តងទៀត​។

បច្ចុប្បន្ន ថន មានជំងឺក្រពះ និងធ្លាប់មានជំងឺគ្រុនឈាម។

សម្ភាសន៍ដោយ ដារ៉ារដ្ឋ ថាន់ណា ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ អេង សុខម៉េង ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin