ក្រោមក្រសែភ្នែកកងឈ្លប
(រតនគិរី)៖ តិញ តឿច មានអាយុ៧៧ ឆ្នាំ ជាកសិករ រស់នៅភូមិរ៉ក ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ ដំបូងខ្មែរក្រហមបានបង្កើតសហករណ៍នៅស្រែណងដាន ដោយត្រូវធ្វើពលកម្ម និងទទួលទានអាហារដែលអង្គការរៀបចំ គឺបបរលាយជាមួយដើមចេក ក្នុងមួយនាក់ទទួលបានមួយចានតូចប៉ុណ្ណោះ។
ប្រជាជនក្នុងភូមិតម្រូវឲ្យស្លៀកពាក់ពណ៌ខ្មៅ។ តឿចមានសម្លៀកបំពាក់តែពីរសម្រាប់ប៉ុណ្ណោះ ដែលកាត់ចេញពីសំពត់ចាស់ដែលគេចែកឲ្យ នៅពេលដើរទៅជីកដំឡូងជាមួយប្អូនរបស់គាត់។ មួយសម្រាប់សម្រាប់ពាក់ធ្វើការពេលថ្ងៃ និងមួយសម្រាប់ទៀតសម្រាប់ពាក់ពេលយប់។
គាត់ត្រូវធ្វើស្រែពីព្រលឹមទល់ព្រលប់ដោយបរិភោគមិនគ្រប់គ្រាន់ដោយក្នុងមួយថ្ងៃទទួលបានតែអាហារពីរពេល និងគ្មានពេលសម្រាកបានគ្រប់គ្រាន់។ សម្រាប់អ្នកដែលមិនហូបបាយ អាចត្រូវបានខ្មែរក្រហមសង្ស័យថាបានលួចហូបមុន នឹងអាចត្រូវយកទៅសម្លាប់ចោលជាដើម។
ក្រោយមក គាត់ត្រូវបានផ្លាស់ប្តូរឲ្យទៅរស់នៅអូរតាង ស្រុកវើនសៃ ដើម្បីលើកទំនប់ ក្រៅពីការងារតម្បាញ និងការងារជាកងចល័តមានដូចជាច្រូតស្រូវ និងដឹកស្រូវ។
អ្នកដែលមិនធ្វើការត្រូវបានដាក់ទោស ដោយបង្អត់អាហារពេញមួយថ្ងៃ។ កាលនោះមានមនុស្សចំណាស់ម្នាក់ដែលកំពុងឈឺ ខ្មែរក្រហមបានបង្អត់អាហារចំនួន២ថ្ងៃ និងដេញឲ្យទៅធ្វើការកណ្តាលថ្ងៃតែម្នាក់ឯង ដោយត្រូវជីកដី និងលើកដីក្រោមការក្រសែភ្នែកកងឈ្លប។
តឿច ត្រូវលើកទំនប់នៅអូរតាងអស់ចំនួនពីរខែ ជីកដី ដើររកជីម្លូ លាមកសត្វ និងលាមកមនុស្ស និងជីកស្រះសម្រាប់ធ្វើជីដាក់វាលស្រែ។ អ្នកដែលធ្វើការយឺត ឬខ្ពើមត្រូវបង្អត់អាហារ។ តិញ តឿច ក៏ត្រូវបានខ្មែរក្រហមបង្អត់អាហារចំនួនពីរដង ដែលសារ តឿច ឈឺចុកពោះតែគ្មាននរណាជឿគាត់នោះទេ។ គាត់ត្រូវធ្វើការទាំងអត់ឃ្លាន ទាំងឈឺ ក្រោមកម្ដៅថ្ងៃនិងហាលភ្លៀង។ ដោយសារតែការងារលំបាកខ្លាំងពេក គាត់បានត្រឹមតែអង្គុយយំ។
នៅពេលឈប់សម្រាក ខ្មែរក្រហមមិនអនុញ្ញាតឲ្យគាត់ជក់បារីដែលគាត់មាននោះទេ។ ទ្រព្យសម្បត្តិឯកជន ដូចជាខែ្សកក៏មិនត្រូបានអនុញ្ញាតឲ្យពាក់ដែរ។ តឿច មានការខឹងចំពោះរបបនេះ ដែលគ្មានការអាណិតអាសូរចំពោះទង្វើដ៏គ្មានមេត្តា ដែលខ្មែរក្រហមបានធ្វើមកលើរូបគាត់។
ជួនកាលគាត់ដួលដោយសារឈឺជើងជាខ្លាំង គាត់ត្រូវប្រឹងក្រោកឈរដោយខ្លួនឯង នៅពេលធ្វើពលកម្មនៅអូរតាង។ ក្រោយពីការសម្រាកព្យាបាលនៅពេទ្យ គាត់ទទួលដំណឹងថាស្រុកវើនសៃត្រូវបានកងទ័ពវៀតណាមចូលមកដល់ គាត់ក៏រត់ចូលព្រៃដើម្បីគេចខ្លួន៕
សម្ភាសន៍ដោយ កុច សាដៀក ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤