គ្មានការយោគយល់

ភីត ចេម រស់នៅភូមិឡាឡៃ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី

(រតនគិរី)៖  ភីត ចេម មានអាយុ៥៨ឆ្នាំ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិឡាឡៃ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។

នៅសម័យខ្មែរក្រហម ភីត ចេម ត្រូវធ្វើការរួម ហូបរួមក្រោមការឃ្លាំមើលពីអង្គការ។ អ្នកដែលមានជំងឺ ខ្មែរក្រហម​មិនឲ្យបរិភោគបាយ ឬបរិភោគតែបបរ។ ជួនកាលខ្មែរក្រហមបង្អត់អាហារ និងបញ្ជាឲ្យធ្វើការដាច់ដោយឡែកតែម្នាក់ឯង ក្រោមពន្លឺថ្ងៃនិងដំណក់ទឹកភ្លៀង ដែលបណ្ដាលឲ្យដួលសន្លប់ ទើបខ្មែរក្រហមបញ្ជូនទៅមន្ទីរពេទ្យ។ មនុស្សទាំងចាស់ទាំងក្មេង គ្មាននរណាម្នាក់ចង់ឈឺនោះទេ ដោយសារការលំបាក និងការចោទប្រកាន់ថាជាល្បិចកលក្នុងការគេចវេសមិនព្រមធ្វើការជាដើម។

ការរស់នៅតាមសហករណ៍ខាងស្រែណង ដែលមានអ្នកភូមិពីភូមិតាស្វាំង និងភូមិរ៉ក មានសភាពកាន់តែលំបាកឡើង នៅពេលខ្មែរក្រហមបង្ខិតបង្ខំឲ្យប្រជាជនធ្វើស្រែចម្ការដោយគ្មានពេលឈប់សម្រាកដើម្បីសម្រេចនូវគោលនយោបាយរបស់ខ្លួន ដូច្នេះអ្នកដែលមិនអាចទ្រាំនិងការងារបាន ត្រូវបានបាត់បង់ជីវិតនៅពេលកំពុងធ្វើការ។

នៅក្នុង​អំឡុងពេលជាងបីឆ្នាំ ចេម ត្រូវធ្វើការទាំងជាមួយក្រុមកុមារ និងក្រុមមនុស្សចាស់ ដោយកាត់ស្មៅ ប្រមូលលាមកសត្វ និងមនុស្សយកទៅលាយធ្វើជី ទាំងយប់ទាំងថ្ងៃសម្រាប់ដាក់វាលស្រែដើម្បីបង្កបង្កើនផលស្រូវ និងរែកដី ជីកប្រឡាយសម្រាប់ការងារនៅកងចល័ត។ នៅពេលយប់គេប្រើប្រេងម៉្យាង ដែលធ្វើពីដើមឈើក្នុងព្រៃសម្រាប់បំភ្លឺនៅពេលធ្វើការ។ ចេម ត្រូវខិតខំលើកដុំដីទាំងខ្លួនលើកមិនរួច ដោយសារខ្លាចខ្មែរក្រហមបង្អត់អាហារ។ កុមារតម្រូវឲ្យហូបបាយតែមួយក្បៀបប៉ុណ្ណោះ ដោយឡែកសម្រាប់មនុស្សធំវិញទទួលបានបាយលើសពីមួយក្បៀប។ នៅសហករណ៍ខាងក្រុមតាស្វាំងនេះដែរ នៅពេលមាន  ស្រូវ​គ្រប់គ្រាន់ គេបានដោះដូរជាមួយសត្វក្របីមួយក្បាលពីខាងក្រុមតាប៊ុន។

ចេម ត្រូវបានឪពុកបញ្ជូនឲ្យទៅកាត់ដេរនៅតំបន់នៃស្រុកវើនសៃអស់រយៈពេលជិតមួយឆ្នាំ។ អ្នកដែលទៅធ្វើការយឺតនៅសម័យនោះត្រូវបានខ្មែរក្រហមសើចចំអកចំអន់ ដោយទះដៃ និងចោទថា ជាមនុស្សមានល្បិចច្រើនជាដើម។ អ្នកដែលមានកូនតូចៗ និងស្ដ្រីដែលទើបឆ្លងទន្លេត្រូវទទួលរងការលំបាក ដោយសារការមកធ្វើការយឺត និងដោយគ្មានការយោគយល់។

ការប្រព្រឹត្តខុសនឹងច្បាប់របស់ខ្មែរក្រហម ត្រូវបានដាក់​​​ទោសធ្ងន់ធ្ងរ ដោយចោទថាក្បត់ និងជួនកាលយកទៅសម្លាប់ចោលដោយមិនដឹងមូលហេតុ។

នៅចុងឆ្នាំ១៩៧៨ ប្រជាជនត្រូវបានខ្មែរក្រហមបញ្ជាឲ្យរត់ចូលព្រៃ ដោយមិនដឹងពីបំណងនៃកងទ័ពវៀតណាមនោះទេ ទើបប្រជាជនជួបការលំបាក បែកបាក់គ្រួសារ គ្មានអាហារបរិភោគនៅក្នុងព្រៃ និងខ្លះបានបាត់បង់ជីវិតដោយសារសត្វកាចសាហាវ៕

សម្ភាសន៍ដោយ កុច សាដៀក​ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin