មួយក្រុមប្រហែលជា១០០នាក់

ឃឺន ចុប រស់នៅភូមិរ៉ក ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី

(រតនគិរី)៖  ឃឺន ចុប មានអាយុ ៧២ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជាជនជាតិដើមភាគតិចកាវែត រស់នៅភូមិរ៉ក ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។

មុនដំបូង អង្គការខ្មែរក្រហមបានបង្កើតសហករណ៍ស្រែណងដាន និង សហករណ៍ស្រែណាង៉ាម សម្រាប់ប្រជាជនរស់នៅរួមនិងធ្វើការរួមទៅតាមតួនាទី។ ឃឺន ចុប មានតួនាទីជាអ្នកបុកស្រូវ និង ដងទឹក។  ក្រុមបុរសមានតួនាទីដូចជាលើកប្រឡាយ រែកដី និងភ្ជួរស្រែជាដើម។ ដោយឡែកក្រុមស្ត្រីត្រូវធ្វើការដូចជា លើកភ្លឺស្រែ បុកស្រូវ ស្ទូងស្រូវ កាប់ដីឲ្យម៉ត់ និងដាំស្រូវ។

ការងារត្រូវធ្វើពីម៉ោង៦ព្រឹក ដល់ម៉ោង៧យប់ ឬ ៩យប់​ទើបបានសម្រាកនិងហូបអាហារ។ អ្នកដែលទៅធ្វើការមិនទាន់ នឹងត្រូវបង្អត់អាហារជាដើម ដោយមួយថ្ងៃមានអាហារតែពីរពេលប៉ុណ្ណោះ គឺពេលថ្ងៃត្រង់ និងពេលល្ងាច។

ឃឺន ចុប ត្រូវបន្តធ្វើការពីសហករណ៍មួយទៅសហករណ៍មួយទៀត គឺពីសហករណ៍ណងដាន ទៅសហករណ៍ណាង៉ាម ដោយមានមួយក្រុមប្រហែលជា១០០នាក់ ដែលត្រូវធ្វើការលើកភ្លឺស្រែ ជីកដី និងបំបែកដី។ អ្នកដែលខ្ជិល ឬចោទថា បានប្រើល្បិច ត្រូវបង្អត់អាហារមួយថ្ងៃ និងត្រូវធ្វើការទាំងហាលថ្ងៃហាលភ្លៀង ដោយមានអ្នកតាមដានពីក្រោយ។

មនុស្សជាច្រើនបានបាត់បង់ជីវិតដោយគ្មានការអាណិតអាសូរនោះទេនៅសម័យនោះ។ ឃឺន ចុប ត្រូវឆ្លងកាត់របបខ្មែរក្រហមយ៉ាងលំបាកវេទនា។ ប្តីប្រពន្ធដែលមិនចុះសម្រុងគ្នា នឹងត្រូវអង្គការសួរនាំ។ កាលនោះមានបុរសម្នាក់ត្រូវបានអង្គការបបួលទៅបាញ់ក្ងោកនៅពេលមកលេងផ្ទះរបស់គាត់។ គាត់បានបន្តថា ការពិតអង្គការបាន​ប្រើល្បិចដោយបាញ់គាត់ពីក្រោយខ្នងដើម្បីសម្លាប់ចោលដូចសត្វ ដែលបន្សល់ទុកសាកសពនៅក្នុងព្រៃនៅជិត​ស្រែណងកង។

សម្ភារ និងទ្រព្យសម្បត្តិផ្ទាល់ខ្លួនក៏ដូចជាសត្វចិញ្ចឹមត្រូវបានខ្មែរក្រហមដើរប្រមូលយកទៅដាក់តាមសាលាឬរោងសហករណ៍ ដោយលើកឡើងថា ទុកជារបស់រួម។     ឃឺន ចុប បានលើកឡើងថាអ្នកដែលមានទ្រព្យសម្បត្តិស្ដុកស្តម្ភនឹងត្រូវបានខ្មែរក្រហមយកទៅកាត់ទោស ឬ សម្លាប់​​ចោលដោយចោទថា បានរៀនសូត្រចេះដឹងពីមុន មក។

សូម្បីតែដំណាំនៅជុំវិញផ្ទះរបស់ប្រជាជនក៏មិនអនុញ្ញាតឲ្យបរិភោគនោះដែរ ដោយខ្មែរក្រហមចោទថា បានលួចរបស់អង្គការ ផ្លែឈើទាំងអស់ត្រូវបេះយកទៅទុកនៅរោងសហករណ៍។

ឃឺន ចុប ធ្លាប់ត្រូវបានខ្មែរក្រហមបង្អត់អាហារចំនួន ២ដងដោយសារគាត់ទៅធ្វើការយឺត ឬទៅដល់ស្រែយឺតជាងអ្នកដទៃ។ គាត់ត្រូវបានទិតៀន និងជេរស្ដី។ គាត់មានភាពខ្មាស់អៀន និង​ត្រូវបានបង្ខិតបង្ខំដោយខ្មែរក្រហមឲ្យធ្វើ​ការទាំងគ្មានការហូបចុកគ្រប់គ្រាន់។

ជាចុងក្រោយ ឃឺន ចុប សំណូមពរដល់អ្នកជំនាន់ក្រោយចង់ចាំនូវរបបខ្មែរក្រហម និងចូលរួមទប់ស្កាត់កុំឲ្យមានរបបនេះកើតមានឡើងម្តងទៀត៕

សម្ភាសន៍ដោយ កុច សាដៀក​ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin