ប្រកែកក៏ស្លាប់មិនប្រកែកក៏ស្លាប់

រឿ ជេល រស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី

(រតនគិរី)៖  រឿ ជេល មានអាយុ៥៦ឆ្នាំ រស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី ជាជនជាតិដើមភាគតិចកាវែត។

នៅសម័យខ្មែរក្រហម រឿ ជេល ត្រូវរស់នៅក្នុងសហករណ៍ ដោយធ្វើការនៅវាលស្រែ និងចម្ការ។ គាត់ត្រូវស្ទូងស្រូវ ដាំបន្លែ កាប់ព្រៃ និងជម្រះស្មៅ។ ក្រៅពីនេះ គាត់ជួយ រកឧស និងរែកទឹក ដើម្បីជួយសម្រាលអម្រែករបស់ឪពុកម្តាយ។

គាត់ថានៅសម័យនោះ ស្រូវត្រូវបានខ្មែរក្រហមប្រមូលយកទៅទុកក្នុងឃ្លាំងយ៉ាងច្រើន ក៏ប៉ុន្តែកងឈ្លបមិនដែលចែកឲ្យប្រជាជនហូបបានគ្រប់គ្រាន់ ឬឆ្អែតម្ដងណាឡើយ។ អង្ករតែបន្តិចបន្តួចប៉ុណ្ណោះ ដែលខ្មែរក្រហមចែកឲ្យប្រជាជនដែលរស់នៅតាមសហករណ៍។ ក្រៅពីអង្ករ មានមើមដំឡូង ត្រកួន​ ត្រួយស្លឹកដំឡូងជាដើម។

កងឈ្លប បានបង្ខិតបង្ខំឲ្យ រឿ ជេល ធ្វើការដោយគ្មានពេលសម្រាក ធ្វើការទាំងឈឺ និងមិនឲ្យប្រកែក ឬតវ៉ាជាមួយខ្មែរក្រហមនោះទេ។ ជាអកុសល ឪពុកម្តាយរបស់គាត់ត្រូវធ្វើការទាំងឈឺ រហូតដល់បាត់បង់ជីវិត។ ខ្មែរក្រហមមិនអនុញ្ញាតឲ្យសាច់ញាតិ និងគាត់បានធ្វើបុណ្យតាមប្រពៃណីសម្រាប់ឪពុកម្តាយនោះទេ។ គាត់បានត្រឹមតែកំដរសពមួយយប់ប៉ុណ្ណោះ បន្ទាប់មកសពរបស់ឪពុកម្តាយរបស់គាត់ត្រូវបានយកទៅកប់។

ម្តាយរបស់គាត់ត្រូវធ្វើការតាំងពីព្រលឹមរហូតដល់យប់ជ្រៅទើបបានសម្រាក។ សម្រាកមិនបានប៉ុន្មានគាត់ត្រូវទៅធ្វើការ បើកាលណាខ្មែរក្រហមវាយជួងហើយ ត្រូវតែទៅធ្វើការនៅស្រែចម្ការ។ ពេលយប់គាត់ត្រូវបុកស្រូវបន្ថែម​ដោយគ្មានពេលសម្រាកទាល់តែសោះ។

ចំណែកឪពុកវិញត្រូវធ្វើការនៅសហករណ៍ផ្សេង ដោយមិនបានរស់នៅជាមួយគ្នានោះទេ ក្រុមគ្រួសាររបស់គាត់ត្រូវបានព្រាត់ប្រាសដោយសារខ្មែរក្រហម។

នៅថ្ងៃមួយ រឿ ជេលឃើញខ្មែរក្រហមស្ពាយកាំភ្លើង នាំយកមនុស្សក្នុងភូមិបីនាក់ ដែលត្រូវបានគេចងដៃ និងយកកំណាត់ចងភ្នែក ដោយប្រាប់ថាយកទៅរៀនសូត្រ។ ពីរទៅបីខែក្រោយមក ក៏មិនមានលឺដំណឹងឬឃើញអ្នកទាំងបីត្រលប់មកវិញនោះទេ។

នៅឆ្នាំ១៩៧៩ កងទ័ពវៀតណាមបានវាយប្រហារចូលមកប្រទេសកម្ពុជា ខ្មែរក្រហមបានកុហកថាកងទ័ពវៀតណាម និងចាប់ខ្លួនប្រជាជន លឺដូច្នេះគាត់និងប្រជាជនផ្សេងទៀតបានរត់គេចខ្លួនចូលក្នុងព្រៃជ្រៅជាង៥ឆ្នាំ។ ប្រជា​ជនខ្លះបានបាត់បង់ជីវិតដោយសារគ្មានអាហារសម្រាប់បរិភោគ និងគ្មានថ្នាំព្យាបាល។ គាត់បានត្រលប់មករស់នៅក្នុងភូមិ និងស្រុកកំណើតវិញមកទល់សព្វថ្ងៃបន្ទាប់ពីរស់នៅក្នុងព្រៃអស់រយៈពេលជាង៥ឆ្នាំ។

រឿ ជេល បានបាត់បង់សមាជិកគ្រួសារអស់បីនាក់។ ជាចុងក្រោយ រឿ ជេល គាំទ្រចំពោះដំណើរការកាត់ទោសមេដឹកនាំខ្មែរក្រហម និងថាការធ្វើដូច្នេះនឹងអាចចូលរួមការទប់ស្កាត់របបនេះកុំឲ្យវិលត្រលប់សារជាថ្មីម្តងទៀតនៅប្រទេសកម្ពុជា៕

សម្ភាសន៍ដោយ បេង ហង្ស ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ  ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin