យោធា នៅក្នុងអង្គភាព មជ្ឈិម

ស្ថិតនៅក្នុងស្ថានភាពដែលប្រទេសកម្ពុជាកំពុងមានសង្រ្គាមស៊ីវិលរវាងកងកម្លាំងខ្មែរក្រហម និងកងកម្លាំងរបបសាធារណរដ្ឋខ្មែរ ខ្មែរក្រហមបានប្រើប្រាស់ព្រះនាម ព្រះបាទ នរោត្ដម សីហនុ និងការទម្លាក់គ្រាប់បែកនៅក្នុងទសវត្សរ៍ឆ្នាំ១៩៧០ សម្រាប់ជាមូលដ្ឋានក្នុងការអូសទាញយុវជនវ័យក្មេងឲ្យចូលបម្រើបដិវត្ដន៍។ កងទ័ពបដិវត្ដន៍ដែលចូលរួមដោយប្រជាជននៅតាមជនបទចុងកាត់មាត់ញកបានរីកចម្រើនជាលំដាប់។ ចាប់ពីឆ្នាំ១៩៧០ រហូតដល់ឆ្នាំ ១៩៧៣ យុវជនវ័យក្មេងដែលមានអាយុចាប់ពី១៥ដល់១៨ឆ្នាំ បានស្ម័គ្រចិត្តចូលបម្រើបដិវត្ដន៍ខ្មែរក្រហមដោយជឿជាក់ថា ខ្មែរក្រហមអាចនាំសម្ដេចព្រះបាទ នរោត្ដម សីហនុ មកកាន់អំណាចវិញ ហើយនឹងអាចបញ្ចប់ភ្លើងសង្រ្គាមស៊ីវិលនៅក្នុងប្រទេសកម្ពុជា។ ចាប់ពីឆ្នាំ១៩៧៤ រហូតដល់ឆ្នាំ១៩៧៥ ខណៈពេលដែលចំនួនអ្នកស្ម័គ្រចិត្តថយចុះ ប្រធានភូមិ និងគណៈឃុំរបស់ខ្មែរក្រហមចាប់ផ្ដើមបង្ខំយុវជនវ័យក្មេងៗជាច្រើននាក់ឲ្យចូលបម្រើក្នុងជួរកងទ័ព។ យុទ្ធជនភាគច្រើនបានឆ្លងកាត់សាលាបច្ចេកទេសយោធាតែរយៈពេលខ្លីប៉ុណ្ណោះ មុននឹងបញ្ជូនទៅកាន់សមរភូមិ[1]។ នៅឆ្នាំ១៩៧៣ តំបន់ភូមិដីដុះដែលស្ថិតនៅក្នុងភូមិភាគឧត្ដរ[2] ចាប់ផ្ដើមមានយោធារបស់ខ្មែរក្រហម ចូលទៅកាន់កាបនៅតំបន់នោះ។ ក្នុងពេលនោះ ខ្មែរក្រហម ចាប់ផ្ដើមឃោសនា​ និងបង្ខំឲ្យយុវវ័យចូលបម្រើការងារជាយោធា។

ស៊ុន សុខ ភេទប្រុស មានអាយុ៦៩ឆ្នាំ ជាអតីតយោធាខ្មែរក្រហម បច្ចុប្បន្នរស់នៅភូមិដីដុះ ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ ឪពុកឈ្មោះ ស៊ុន ហុង ហើយម្ដាយឈ្មោះ អុត រ៉េត និងមានបងប្អូនប្រាំមួយនាក់ ស្រីពីរនាក់ ប្រុសបួននាក់។ ប្រពន្ធរបស់ សុខ ឈ្មោះ ហេង សុខសាន មានកូនប្រាំនាក់ ប្រុសពីរនាក់ និងស្រីបីនាក់។ ប្រវត្តិនៃការសិក្សារបស់ សុខ គឺរៀនបានត្រឹមថ្នាក់ទីប្រាំបួន នៅក្នុងសង្គមចាស់។ ចាប់ពីឆ្នាំ១៩៧៣ គាត់បានចូលបម្រើការងារនៅក្នុងកងយោធាខ្មែរក្រហម នៅពេលនោះគាត់នៅតូច កាន់កាំភ្លើងអូសដីនៅឡើយ។ អង្គការបានបង្ហាត់យុទ្ធសាស្រ្តទ័ពដល់ សុខ រយៈពេលមួយខែ ហើយបញ្ជូនគាត់ឲ្យទៅកាន់សមរភូមិនៅព្រែកត្នោត ខេត្តកំពង់ចាម។ នៅព្រែកត្នោត សុខ បម្រើការងារនៅក្នុងកងពលលេខ ៣១០ ដែលមានឈ្មោះ អឿន ជាប្រធានកងពល។ កងពលលេខ ៣១០ ស្ថិតនៅក្នុងអនុសេនាធំទីមួយ វរសេនាតូច១២២ និងវរសេនាធំ១២។ ក្នុងសមរភូមិ សុខ បានឃើញយោធារបួស និងស្លាប់ជាច្រើននាក់ ហើយគាត់ពិតជាមានការភ័យខ្លាចជាខ្លាំង។ ក្នុងចិត្តរបស់ សុខ គឺចង់តែត្រឡប់ទៅផ្ទះរបស់គាត់វិញ។ នៅទីនោះប្រហែលជាកន្លះខែគណៈក្រុងបានចែកប័ណ្ណសម្គាល់ខ្លួនទៅឲ្យយោធាម្នាក់មួយសន្លឹក បន្ទាប់ពីទទួលប័ណ្ណនោះរួច សុខ បានសម្រេចចិត្តរត់គេចត្រឡប់ទៅផ្ទះរបស់គាត់នៅស្រុកព្រែកប្រសព្វវិញ។ សុខ ត្រឡប់ទៅផ្ទះរស់នៅជាមួយគ្រួសារបានប្រហែលជាកន្លះខែ អង្គការបានបញ្ជូនគាត់ឲ្យទៅកាន់សមរភូមិនៅកប់ស្រូវបន្តទៀត។ ក្រុមរបស់ សុខ ចាប់ផ្ដើមប្រយុទ្ធពីតំបន់កប់ស្រូវ រហូតដល់តំបន់ទួលគោក[3]

ថ្ងៃទី១៧ មេសា ១៩៧៥ កងពលរបស់ សុខ បានទទួលជ័យជម្នះនៅទីក្រុងភ្នំពេញ។ កងកម្លាំងឧទ្ទាមដែលប្រកបដោយឯកសណ្ឋានពណ៌ខ្មៅនិងពណ៌អាចម៍សេះ បានធ្វើដំណើរចូលទីក្រុងពីគ្រប់ទិសទី។ ប្រជាជនភាគច្រើនដែលរស់នៅក្នុងទីក្រុងបាននាំគ្នាឈរត្រៀបត្រាតាមដងផ្លូវ ហើយបានស្រែកអបអរសាទរ និងគ្រវីទង់ក្រណាត់ស។ ទោះបីជាយ៉ាងនេះក្ដី ក៏មានមនុស្សជាច្រើននាក់ទៀត បានសម្ងំលាក់ខ្លួននៅក្នុងផ្ទះ ដោយព្រួយបារម្ភថា ខ្លួនអាចនឹងត្រូវចាប់ ឬបាញ់សម្លាប់ ព្រោះភ្លាមៗនោះ ខ្មែរក្រហមបានប្រកាសតាមវិទ្យុជាតិថា ខ្លួនមិនមែនមកដើម្បីចរចាជាមួយនរណាទាំងអស់។ លើសពីនេះទៅទៀត ខ្មែរក្រហមប្រកាសថានឹងធ្វើការប្រហារជីវិតមន្រ្តីជាន់ខ្ពស់ និងមេបញ្ជាការកងទ័ពរបស់រដ្ឋាភិបាលចាស់[4]។ បន្ទាប់ពីក្ដោបក្ដាប់បានទីក្រុងភ្នំពេញ អង្គការចាប់ផ្ដើមបើកយុទ្ធនាការចាប់ខ្លួន និងឈានដល់សម្លាប់អ្នកដែលមានតួនាទីធំៗនៅក្នុងរបប លន់ នល់ ។ ភ្លាមៗនោះ ខ្មែរក្រហមបានប្រហារជីវិតមេដឹកនាំជាន់ខ្ពស់បីរូប មន្ត្រីរាជការ និងនាយទាហានរាប់រយនាក់របស់រដ្ឋាភិបាលសាធារណរដ្ឋខ្មែរ។ មេដឹកនាំជាន់ខ្ពស់ទាំងបីរូបខាងលើ រួមមាននាយករដ្ឋមន្រ្តី ឡុង បូរ៉េត, ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ និង លន់ ណុន ដែលជាប្អូនរបស់លោកសេនាប្រមុខ លន់ នល់[5]។ មិនត្រឹមតែចាប់ខ្លួន និងសម្លាប់មន្រ្តីរាជការរបបចាស់ ខ្មែរក្រហមបានជម្លៀសប្រជាជនចេញពីទីក្រុង និងទីប្រជុំជនទាំងអស់ឲ្យទៅធ្វើការងារកសិកម្មនៅទីជនបទ តាមបណ្ដាខេត្តនានា។

ទិដ្ឋភាពនៃការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ មើលនឹងភ្នែកទៅមានលក្ខណៈលំបាកវេទនា និងមានភាពចលាចល ណែនណាន់គ្រប់ច្រក ប្រជាជនមួយចំនួនធំត្រូវបែកសមាជិកគ្រួសារនៅពេលនោះ។ ចលនាផ្លាស់ទីចេញពីទីក្រុងភ្នំពេញ នាថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ប្រព្រឹត្តទៅក្នុងស្ថានភាពចលាចល គួរឲ្យភ័យខ្លាច និងដោយបង្ខំ។ ប្រជាជនត្រូវបានប្រាប់ឲ្យធ្វើដំណើរចេញពីផ្ទះសម្បែងរបស់ខ្លួនដោយគ្មានការលើកលែង។ ការប្រយុទ្ធតតាំងគ្នារវាងកម្លាំង លន់ នល់ និងខ្មែរក្រហម កើតឡើងគ្រប់ទិសទី ព្រមទាំងបានរីករាលដាលកាន់តែគំហុក ដែលជាហេតុបណ្ដាលឲ្យមានការកាត់ផ្ដាច់ផ្លូវចេញពីទីក្រុង ជំរុញឲ្យសមាជិកគ្រួសារនីមួយៗមិនអាចចាកចេញពីទីក្រុងជាមួយគ្នាបាន[6]។ បន្ទាប់ពីប្រជាជនចេញទៅតាមបណ្ដាខេត្តអស់ហើយ កងពលរបស់ សុខ គឺនៅតែបន្តប្រចាំការនៅភ្នំពេញដដែល ដើម្បីបោសសម្អាតទាហាន លន់ នល់ ដែលនៅបង្កប់មិនព្រមចាកចេញពីទីក្រុង មិនត្រឹមតែប៉ុណ្ណោះ ខ្មែរក្រហមបានប្រើឲ្យយោធាទាំងនោះធ្វើស្រែនៅតាមជាយក្រុង នៅម្ដុំទួលគោក។ សុខ បានឲ្យដឹងថា ការភ្ជួរស្រែនៅពេលនោះ មិនមានគោ ក្របី សម្រាប់ទឹមនោះទេ គឺត្រូវប្រើកម្លាំងមនុស្សអូសទាញជំនួសសត្វពាហនៈ។ នៅពេលភ្ជូរ ឬរាស់ គឺត្រូវចំណាយកម្លាំងមនុស្សបីនាក់សម្រាប់ទាញ។  ពាក់ព័ន្ធនឹងរបបអាហារនៅពេលនោះ គឺបរិភោគបានគ្រប់គ្រាន់។

សុខ ប្រចាំការនៅទីក្រុងភ្នំពេញរហូតដល់ឆ្នាំ១៩៧៨ មានកងទ័ពរំដោះវៀតណាម វាយចូលក្នុងប្រទេសកម្ពុជាតាមតំបន់ ឬក៏បណ្ដាខេត្តមួយចំនួន។ បន្ទាប់ពីទាហានវៀតណាមចូលមកកាន់ទឹកដីប្រទេសកម្ពុជា ខ្មែរក្រហមបានបញ្ជូនកងពលរបស់ សុខ ឲ្យទៅទប់ទល់។ សុខ បានទៅដល់ តំបន់ទួលហាសិប ភូមិកណ្ដោលជ្រុំ។ កងពលរបស់ សុខ ទទួលបានជ័យជម្នះដោយសារមានយោធាមកពីខាងភូមិភាគបូព៌ា[7]ជួយបន្ថែម។ សុខ ជាប់ការងារនៅសមរភូមិមិនដែលបានត្រឡប់ទៅផ្ទះនោះទេ ហើយម្ដាយរបស់គាត់គិតថា សុខបានស្លាប់នៅសមរភូមិបាត់ទៅហើយ ព្រោះមានកងឈ្លបចូលទៅធ្វើប្រវត្តិរូបរបស់គាត់នៅផ្ទះ។ សុខ ធ្លាប់បានស្នើសុំប្រធានកងទៅលេងផ្ទះជួបជាមួយគ្រួសារជាច្រើនលើកច្រើនសារ ប៉ុន្តែប្រធានកងរបស់គាត់មិនអនុញ្ញាតឲ្យទៅឡើយ។ ពីមួយថ្ងៃទៅមួយថ្ងៃ សុខ នៅតែសមរភូមិដើម្បីត្រៀមប្រយុទ្ធជាមួយនឹងទ័ពវៀតណាម។

ចូលដល់ឆ្នាំ ១៩៧៩ ជាឆ្នាំដែលប្រទេសកម្ពុជាបានរួចផុតពីរបបខ្មែរក្រហម ហើយប្រជាជនមួយចំនួនបានវិលត្រឡប់ទៅរកផ្ទះសម្បែងវិញ ក្នុងនោះក៏មាន សុខ ម្នាក់ដែរ។ ដោយហេតុថា សុខ បានចាកចេញពីផ្ទះអស់រយៈពេលជាច្រើនឆ្នាំ បណ្ដាលឲ្យគាត់មិនចាំផ្លូវដែលត្រូវត្រឡប់ទៅកាន់ស្រុកកំណើតរបស់គាត់វិញ។ សុខបានចំណាយពេលរស់នៅក្នុងព្រៃមួយឆ្នាំ ទើបធ្វើដំណើរស្វែងរកផ្លូវត្រឡប់ទៅផ្ទះបន្ត។ ព្រៃដែល សុខ ធ្វើដំណើរគឺសម្បូរដោយគ្រាប់មីនមិនទាន់ផ្ទុះ ហើយអ្នករួមដំណើរជាមួយគាត់បួននាក់បានស្លាប់ដោយសារគ្រាប់មីន។ សុខ បានធ្វើដំណើរបន្តជាមួយយោធាម្នាក់ទៀត ហើយនៅតាមផ្លូវគាត់ឃើញមានសាកសពជាច្រើនបានស្លាប់ដោយសារសង្គ្រាម។ សាកសពទាំងអស់នោះមាន ចាស់ ក្មេង ប្រុស ស្រី ហើយមានស្រ្ដីជាច្រើនត្រូវបានយោធា ឬទាហានរំលោភរួច ទើបសម្លាប់តាមក្រោយ[8]។ ទាំងអស់នេះបង្ហាញឲ្យឃើញថា របបខ្មែរក្រហមជារបបមួយដែលសាហាវឃោរឃៅ បានសម្លាប់ប្រជាជនអស់ជាច្រើននាក់ទាំងដែលប្រជាជនទាំងនោះជាមនុស្សស្លូតត្រង់ និងមិនមានកំហុសអ្វីទាំងអស់៕

អត្ថបទដោយ៖ នេន ស្រីមុំ

ឯកសារយោង៖

[1] ហ៊ុយ វណ្ណៈ. កងពលខ្មែរក្រហមលេខ ៧០៣ ពីជ័យជម្នះឆ្ពោះទៅការបំផ្លាញខ្លួនឯង. ២០០៣. ភ្នំពេញ. មជ្ឈមណ្ឌលឯកសារកម្ពុជា. ទំព័រ២

[2] ផេង ពង្សរ៉ាស៊ី et al. ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩). ២០២០. ភ្នំពេញ. មជ្ឈមណ្ឌលកម្ពុជា. ទំព័រ៣៤. «ភូមិភាគឧត្តរ (ភូមិភាគ៣០៣) ដឹកនាំដោយ កុយ ធួន ហៅ ធុច ពីឆ្នាំ១៩៧០ ដល់ដើមឆ្នាំ១៩៧៦។ បន្ទាប់ពី កុយ ធួន ត្រូវបានចាប់ខ្លួន និងសម្លាប់នៅគុកទួលស្លែងក្នុងឆ្នាំ១៩៧៦ កែ ពក ត្រូវបានចាត់តាំងជាលេខាភូមិភាគជំនួសវិញរហូតដល់ឆ្នាំ១៩៧៧ ទើប កែ ពក ត្រូវបានចាត់តាំងឲ្យធ្វើជាលេខាភូមិភាគកណ្ដាល ដែលទើបបង្កើតថ្មី ហើយលេខាថ្មីរបស់ភូមិភាគឧត្ដរគឺ កង ចាប។ ភូមិភាគនេះរួមមានខេត្តកំពង់ធំទាំងមូល, ផ្នែកខាងស្ដាំទន្លេមេគង្គទាំងអស់នៃខេត្តកំពង់ចាម និងស្រុកមួយក្នុងខេត្តក្រចេះ (ស្រុកព្រែកប្រសព្វ) ហើយចែកចេញជាបីតំបន់គឺ៖ តំបន់៤១ តំបន់៤២ និង តំបន់៤៣។

[3] ស៊ុន សុខ. បទសម្ភាសន៍ដោយ ឡុង ដានី. គម្រោងការជំរុញឲ្យមានការទទួលខុសត្រូវ(Promoting Accountability). (ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០០៥). មជ្ឈមណ្ឌលឯកសារកម្ពុជា. ក្រចេះ លេខ KRI0005

[4] ផេង ពង្សរ៉ាស៊ី et al. ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩). ២០២០. ភ្នំពេញ. មជ្ឈមណ្ឌលកម្ពុជា. ទំព័រ១៤.

[5] ស្ទួន, ទំព័រ១៤

[6] ស្ទួន, ទំព័រ១៥

[7] ផេង ពង្សរ៉ាស៊ី et al. ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩). ២០២០. ភ្នំពេញ. មជ្ឈមណ្ឌលឯកសារកម្ពុជា. ទំព័រ៣៣ «ភូមិភាគបូព៌ា (ភូមិភាគ២០៣) ដឹកនាំដោយ សោ ភឹម ដែលធ្វើអត្តឃាតនៅខែឧសភា ឆ្នាំ១៩៧៨។ ភូមិភាគនេះរួមមានខេត្តព្រៃវេងនិងខេត្តស្វាយរៀងទាំងមូល ផ្នែកខ្លះនៃខេត្តកំពង់ចាមដែលស្ថិតនៅត្រើយខាងឆ្វេងទន្លេមេគង្គទាំងអស់, ស្រុកឆ្លូងក្នុងខេត្តក្រចេះ និងស្រុកចំនួន៣ក្នុងខេត្តកណ្ដាល រួមមានស្រុកខ្សាច់កណ្ដាល ស្រុកល្វាឯម និងស្រុកមុខកំពូល។ ភូមិភាគនេះចែកចេញជា៥តំបន់ រួមមាន៖ តំបន់២០ តំបន់២១ តំបន់២២ តំបន់២៣ និង តំបន់២៤។»

[8] ស៊ុន សុខ. បទសម្ភាសន៍ដោយ ឡុង ដានី. គម្រោងការជំរុញឲ្យមានការទទួលខុសត្រូវ(Promoting Accountability). (ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០០៥). មជ្ឈមណ្ឌលឯកសារកម្ពុជា. ក្រចេះ លេខ KRI0005

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin