ផ្ដើមចេញពីនីរសារទៅជា អនុលេខាតំបន់៥០៥

ឯកសារលេខ D24029, តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា, ស្ដីពីចម្លើយសារភាពរបស់ សន់ ប៊ុនហ៊ី ហៅ គួន ជាអនុលេខាតំបន់៥០៥។

នីរសារត្រូវបានប្រើប្រាស់ជាចម្បងដើម្បីនាំយកសេចក្ដីរាយការណ៍ និង/ឬសារទូរលេខ ពីអង្គភាពនាំសារតាមសារទូរលេខ ទៅកាន់ក្រសួងនានា ឬត្រូវបានប្រើប្រាស់សម្រាប់ទំនាក់ទំនងគ្នាទាក់ទងនឹងបញ្ហាការចាប់ខ្លួន។ “នីរសារបានធ្វើការទាក់ទងដោយផ្ទាល់តាមរយៈការជិះកង់ និងជិះម៉ូតូ។ នីរសារមានការរវល់ណាស់ និងបានចំណាយពេលដ៏ខ្លីប៉ុណ្ណោះ នៅតាមកន្លែងនីមួយៗមុនពេលត្រលប់មកមូលដ្ឋានវិញ។ នីរសារមិនមានកាតព្វកិច្ចធ្វើការចំពោះតែខ្សែបណ្ដាញតែមួយគត់ប៉ុណ្ណោះទេ ប៉ុន្តែធ្វើការឲ្យគ្រប់ខ្សែបណ្ដាញទាំងអស់ដែលបម្រើឲ្យដោយអង្គភាពនីរសារ” មានសាក្សីម្នាក់បញ្ជាក់ថា នីរសារពីមជ្ឈិមបានប្រើប្រាស់ទូកលឿនដើម្បីទៅកាន់តំបន់ស្វយ័ត ៥០៥ នៃខេត្តក្រចេះ។[1] នៅឆ្នាំ១៩៦៩ គួន ត្រូវបានចាត់តាំងឲ្យធ្វើជានីរសារនៅខេត្តក្រចេះ យោងតាមឯកសារលេខ D24029 ស្ដីពីចម្លើយសារភាពអំពីប្រវត្ដិសកម្មភាពក្បត់បដិវត្ដន៍របស់ខ្លួន និងបញ្ជីរាយឈ្មោះបក្ខពួកដែលរួមធ្វើសកម្មភាពប្រឆាំងនឹងអង្គការ។

សន់ ប៊ុនហ៊ី ឈ្មោះបដិវត្តន៍ គួន[2] មានអាយុ៣៦ឆ្នាំ (១៩៧៨)។ ឪពុកឈ្មោះ ហែ ភិន និងម្ដាយឈ្មោះ ហាវ ស្រេន។ គ្រួសាររបស់ គួន មានរបរធ្វើស្រែចម្ការនៅភូមិកោះដាច់ ឃុំចង់ក្រង់ ស្រុកក្រចេះ ខេត្តក្រចេះ។ នៅក្នុងចម្លើយសារភាព គួន បានបញ្ជាក់ថា ឈ្មោះរបស់គាត់គឺប្រើឈ្មោះខុសពីឈ្មោះឪពុកម្ដាយរបស់គាត់ដាក់ឲ្យ ព្រោះនៅពេលដែលគាត់ចូលរៀននៅវិទ្យាល័យគឺគាត់បានដូរសំបុត្រកំណើតជាមួយនឹងឈ្មោះ សាន់ ប៊ុនហ៊ី។ កាលពីកុមារ គួន រៀននៅបឋមសិក្សារកាកណ្ដាល ហើយប្រឡងមិនជាប់ចូលរៀនវិទ្យាល័យ។ នៅឆ្នាំ១៩៥៩ គាត់បានផ្លាស់ប្ដូរទៅរៀននៅអូររាំង ជាមួយនឹងលោកគ្រូ​ឈ្មោះ សំអាត។ ពេលនោះគាត់បានប្រឡងជាប់ចូលរៀននៅវិទ្យាល័យក្រចេះ នឹងបានចាកចេញពីផ្ទះទៅរស់នៅក្នុងសមាគមវប្បធម៌ឆ្លូងលើ ដែលបង្កើតឡើងដោយចៅហ្វាយខេត្តក្រចេះឈ្មោះ ទេព សុន្ទីរ និង សន្ថន ដេត។ នៅចុងឆ្នាំ១៩៦១ គួន និងមិត្តភក្ដិរបស់គាត់ម្នាក់ឈ្មោះ រ៉ើស គឹមសាន បានទទួលការអប់រំនយោបាយពី ទេព សុន្ទីរ ឲ្យគាត់ទាំងពីរនាក់នោះចូលធ្វើការងារជាកម្លាំង សេ-អ៊ី-អា[3]។ បន្ទាប់ពីទទួលការអប់រំរួចហើយ គួន និង រ៉ើស គឹមសាន បានយល់ព្រមចូលជាសមាជិករបស់អង្គការ សេ-អ៊ី-អា ដោយមានការឧទ្ទេសនាម និងប្រកាសចាត់តាំងពីសំណាក់ ទេព សុន្ទីរ ទទួលបានប្រាក់ខែម្នាក់ចំនួន ១៥០០រៀល។ អ្នកទាំងពីរនោះ គឺធ្វើការងារនៅក្រោមការគ្រប់គ្រងរបស់ នេត សេប មានតួនាទីជាគ្រូបង្រៀននៅវិទ្យាល័យក្រចេះ។ ក្នុងរយៈពេលពីរឆ្នាំ គួន និង គឹមសាន បានអប់រំសមាជិកបានចំនួនប្រាំបួននាក់។

នៅឆ្នាំ១៩៦៤ គួន បានផ្លាស់ប្ដូរសាលារៀនពីវិទ្យាល័យក្រចេះ ទៅវិទ្យាល័យតាខ្មៅ ចូលរៀនថ្នាក់ទីពីរ (ចាស់) ហើយស្នាក់នៅផ្ទះរបស់ សន្ថន ដេត។ ទេព សុន្ទីរ និង សន្ថន ដេត ក៏បានប្ដូរពីក្រចេះទៅរស់នៅតាខ្មៅដូចគ្នា។ ពេលនោះ នេត សេប បានណែនាំឲ្យ គួន ទាក់ទងធ្វើការងារជាមួយ កែ គឹមហួត ជាសាស្រ្តាចារ្យនៅវិទ្យាល័យតាខ្មៅ។ ក្រោយពីទទួលបានការណែនាំ គួន ក៏បានទាក់ទងទៅ កែ គឹមហួត និងបានរួមការងារជាមួយគ្នា។ សកម្មភាពនៃការកសាងកម្លាំង សេ-អ៊ី-អា របស់ គួន គឺមានជាប់ជានិច្ច។ រហូតដល់ឆ្នាំ១៩៦៦ គួន ប្ដូរសាលារៀនម្ដងទៀត ចេញពីវិទ្យាល័យតាខ្មៅ ទៅវិទ្យាល័យស៊ីសុវត្ថិ និងរស់នៅជាមួយឪពុកមារបស់គាត់ឈ្មោះ ជូ ផុន ជាជាងកាត់សក់នៅផ្សារអូរឫស្សី។ នៅពេលដែលគាត់ទៅរៀននៅវិទ្យាល័យស៊ីសុវត្ថិ ខ្សែបណ្ដាញដែលមានពីមុនទាំងប៉ុន្មាន គាត់បានប្រគល់ឲ្យ សុន្ទីរ ជាអ្នកគ្រប់គ្រងបន្ត។

នៅខែវិច្ឆិកា ឆ្នាំ១៩៦៨ អង្គការបានបញ្ជូន គួន ឲ្យទៅជនបទនៅភូមិភាគឧត្តរ[4]។ ពេលដែលទៅដល់ភ្លាមអង្គការបានចាត់តាំងឲ្យចូលក្រុមជាមួយ នឿន។ នៅក្នុងក្រុមនោះមានសមាជិកចំនួនប្រាំនាក់ គឺ នឿន ជាប្រធាន, ហឿន, ហិត, អុង និង គួន។ នៅខែឧសភា ឆ្នាំ១៩៦៩  គួន មានតួនាទីជានីរសារនៅខេត្តក្រចេះ ហើយត្រូវបានចាត់តាំងឲ្យជូនដំណើរ នួន ជា[5], ខៀវ ប៉ុណ្ណារី[6] និង ឃួន ឡើងទៅភូមិភាគឦសាន។ នៅខែមេសា ឆ្នាំ១៩៧០ គួន ត្រូវបានអង្គការចាត់តាំងឲ្យបំពេញការងារនៅខេត្តក្រចេះ។ គាត់ទៅដល់ទីនោះនៅពាក់កណ្ដាលខែឧសភា ពេលនោះក្រចេះទើបតែរំដោះបានពីក្រោមការគ្រប់គ្រងរបស់ លន់ នល់។ ខណៈពេលដែលទើបតែរំដោះហើយថ្មីតំបន់ក្រចេះគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ភូមិភាគឧត្ដរ។ នៅក្នុងឆ្នាំដដែល យ៉ែម[7] បានណែនាំឲ្យ គួន ខិតខំកសាងកម្លាំង សេ-អ៊ី-អា បន្ថែមទៀត។

សកម្មភាពនៃការកសាងកម្លាំង សេ-អ៊ី-អា គឺនៅតែមានជាបន្តបន្ទាប់មក។ រហូតដល់ឆ្នាំ១៩៧៣ ខ្មែរក្រហមបានលើកពីមាគ៌ាចាត់តាំងសហករណ៍ផលិតកម្មទូទៅក្នុងតំបន់រំដោះ ជាសហករណ៍កម្រិតទាប និងសហករណ៍កម្រិតខ្ពស់។ ចំពោះមាគ៌ារបស់ ខ្មែរក្រហម យ៉ែម បានណែនាំឲ្យគណៈតំបន់ទាំងអស់ប្រឆាំងជាមួយនឹងការចាត់តាំងសហករណ៍ ធ្វើយ៉ាងណាកុំឲ្យការចាត់តាំងនោះអាចដំណើរការទៅបាន ប្រសិនជាដំណើរការគឺត្រូវធ្វើឲ្យរលាយទៅវិញ។ យ៉ែម បានលើកឡើងពីផែនការដែលអាចប្រឆាំងនឹងសហករណ៍ គឺត្រូវតែធ្វើកិច្ចការឲ្យលើសពីការកំណត់របស់អង្គការ ជាក់ស្ដែងគឺការប្រមូលទ្រព្យសម្បត្តិរបស់ប្រជាជន។ កម្លាំងរបស់ សេ-អ៊ី-អា បានអនុវត្តន៍ការប្រមូលទ្រព្យរបស់ប្រជាជនទាំងអស់ មិនថាជាអ្វីក៏ដោយគឺប្រមូលយកទាំងអស់ សូម្បីតែដំណាំនៅជុំវិញផ្ទះ និងសម្ភារផ្ទះបាយក៏មិនទុកឲ្យដែរ។ នៅឆ្នាំ១៩៧៤ គួន កសាងកម្លាំងថ្មីបានចំនួនបួននាក់គឺ៖ ជន ជាអនុប្រធានវរលេខ១៦, ហូន ជាអនុប្រធានកងវរលេខ១៥, ប្រិយ ជាអនុប្រធានវរលេខ៧ និង កេត ជាអនុប្រធានវរលេខ១៤។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហម បានលើកមាគ៌ាវាយផ្ដាច់ទូទាំងប្រទេសកំណត់វាសនាឲ្យទាហានរបស់ លន់ នល់។ ថ្ងៃទី១៧ ខែមេសា ទីក្រុងភ្នំពេញ និងទូទាំងប្រទេសបានរំដោះទាំងស្រុងពីសំណាក់យោធាខ្មែរក្រហម។ ការរំដោះនេះ បានបញ្ចប់រាល់ការជ្រៀតជ្រែកពីសំណាក់បរទេស ការទម្លាក់គ្រាប់បែក និងការប្រឈមអាវុធដាក់គ្នានៃសង្រ្គាមស៊ីវិលរវាងខ្មែរ និងខ្មែរ ដែលអូសបន្លាយពេលប្រាំឆ្នាំនៅកម្ពុជា។ នៅថ្ងៃដដែលនេះ ទីក្រុងភ្នំពេញបានធ្លាក់ក្រោមការគ្រប់គ្រងរបស់កងកម្លាំងកុម្មុយនីស្តទាំងស្រុង។[8] ក្រោយពីការរំដោះនេះ អង្គការបានដក យ៉ែម ទៅបំពេញការងារនៅភ្នំពេញ ហើយចាត់តាំងឲ្យ យី[9] កាន់តំណែងជាលេខាតំបន់ជំនួសវិញ។ នៅចុងឆ្នាំ១៩៧៥ ខេត្តក្រចេះ, មណ្ឌលគិរី, រតនគិរី និងខេត្តស្ទឹងត្រែង អង្គការបានដាក់បញ្ចូលគ្នាជាភូមិភាគតែមួយគឺភូមិភាគឦសាន[10]

នៅឆ្នាំ១៩៧៦ ផែនការរបស់អង្គការ គឺបន្តធ្វើបដិវត្តន៍សង្គមនិយម រៀបចំប្រព័ន្ធភ្លឺស្រែឲ្យបានមួយភាគបីនៃផ្ទៃដី ហើយត្រូវបង្កើនផលស្រូវឲ្យបានបីតោនក្នុងមួយហិចតា។ យី បានលើកឡើងនៅក្នុងអង្គប្រជុំបក្ស ពាក់ព័ន្ធនឹងផែនការដែលអង្គការដាក់មកទាំងអស់នេះត្រូវតែធ្វើសកម្មភាពប្រឆាំងដោយសម្ងាត់ ជៀសវាងការបែកការណ៍។ នៅចុងឆ្នាំមានការប៉ះទង្គិចគ្នារវាងយោធាខ្មែរក្រហម និងទាហានវៀតណាម នៅព្រំដែន។ យី បានចាត់តាំងឲ្យ កង[11], គួន និង ណែត ទៅចរចាជាមួយវៀតណាម ដែលមាន ណាំហឿ ជាអ្នកតំណាងខាងវៀតណាម។

នៅខែមេសា ឆ្នាំ១៩៧៧ កង ត្រូវអង្គការចាប់ខ្លួន ដូច្នេះហើយនៅក្នុងតំបន់មានតែពីរនាក់ប៉ុណ្ណោះគ្រប់គ្រង គឺ យី និង គួន ហើយការងាររបស់ កង ទាំងប៉ុន្មានត្រូវធ្លាក់មកលើ គួន ជាអ្នកទទួលបន្ត។ នៅចុងឆ្នាំ១៩៧៧ គួន បានទៅរៀននយោបាយនៅសាលាបក្ស គាត់បានជួបជាមួយ ឆយ ជាខ្សែ សេ-អ៊ី-អា ដែលធ្លាប់ធ្វើការជាមួយគ្នា។ ឆយ បាននិយាយប្រាប់ គួន ថា សេ-អ៊ី-អា នៅទីក្រុងសព្វថ្ងៃគឺមានការចាប់ខ្លួនជាបន្តបន្ទាប់។ នៅអំឡុងឆ្នាំដដែលនោះ គួន កសាងកម្លាំងថ្មីបន្ថែមបានចំនួនប្រាំនាក់។

នៅឆ្នាំ១៩៧៨ អង្គការនៅតែពង្រឹងការបង្កបង្កើនផលស្រូវបន្ថែមទៀត ហើយកម្លាំង សេ-អ៊ី-អា នៅតែបន្តសកម្មភាពប្រឆាំងនឹងផែនការរបស់អង្គការដែលកំណត់មកមូលដ្ឋាន។ នៅខែកុម្ភៈ អង្គការបានហៅ យី ឲ្យទៅធ្វើការងារនៅភ្នំពេញ។ ពេលដែលត្រលប់មកវិញ យី ក៏បានហៅគណៈតំបន់ទៅរៀនសូត្រពីសេចក្ដីណែនាំរបស់អង្គការអំពីបញ្ហាវៀតណាម និងកម្ពុជា។ ក្រោយពីប្រជុំចប់ យី បាននិយាយជាមួយ គួន ថា៖ “ភួង បានឲ្យយើងធ្វើការទាក់ទងជាមួយនឹងវៀតណាម”។ ការទាក់ទងជាមួយវៀតណាមត្រូវបានកាត់ផ្ដាច់ ព្រោះតែផ្លូវលេខ៧ ជាផ្លូវដែលវៀតណាមចូលមក សុទ្ធតែសមរភូមិប្រយុទ្ធ ព្រមទាំងយោធារបស់អង្គការ។ យី បានបញ្ជាក់បន្ថែមថា ក្នុងករណីចង់ឲ្យផែនការនោះទទួលជោគជ័យលុះត្រាតែទាក់ទងជាមួយនឹងវៀតណាមបាន។ នៅថ្ងៃទី២០ គួន បានត្រលប់ទៅស្រុកសំបូរវិញ ហើយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ១៩៧៨ គាត់ត្រូវបានចាប់ខ្លួន៕

អត្ថបទដោយ នេន ស្រីមុំ


[1] ឯកសារ D427 ដីកាដំណោះស្រាយរបស់សហចៅក្រមស៊ើបអង្កេត នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ទំព័រ៣០ កថាខណ្ឌទី៩៣។

[2] ឯកសារលេខ D24029, តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា, ស្ដីពីចម្លើយសារភាពរបស់ សន់ ប៊ុនហ៊ី ហៅ គួន ជាអនុលេខាតំបន់៥០៥។ គួន ត្រូវចាប់ខ្លួននៅថ្ងៃទី២១ ខែមីនា ឆ្នាំ១៩៧៨។ កំណត់ចំណាំ៖ “រាល់ចម្លើយសារភាពរបស់អ្នកទោសទាំងអស់នៅមន្ទីរសន្តិសុខស-២១ សុទ្ធតែឆ្លងកាត់ការបង្ខិតបង្ខំ និងធ្វើទារុណកម្មធ្ងន់ធ្ងរពីកងសួរចម្លើយរបស់ខ្មែរក្រហម ដូច្នេះមិនអាចសន្និដ្ឋានបានថាចម្លើយរបស់ បាន សារឿន ពិត ឬយ៉ាងណានោះទេ”។

[3] ឯកសារ D427 ដីកាដំណោះស្រាយរបស់សហចៅក្រមស៊ើបអង្កេត នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ទំព័រទី២៩៩ កថាខណ្ឌទី៩២១ សរសេរថា “នៅពេលចូលខ្លួនដំបូងនៅចំពោះមុខសហចៅក្រមស៊ើបអង្កេត នួន ជា និយាយថា ភ្នាក់ងារសេ-អ៊ី-អា (CIA) អាមេរិក, កា-ហ្សេ-បេ (KGB) សូវៀត, ខ្មែរសេរី ភ្នាក់ងារសង្ងាត់វៀតណាមក៏មាន ហើយភ្នាក់ងារនេះមានបង្កប់ខ្លួននៅក្នុងបក្ស និងចំណោមប្រជាជន សហករណ៍យើងខ្ញុំ ហើយធ្វើឲ្យមាគ៌ាបក្ស «ឆៅ» និង«ខ្មោច» និងបំផ្លាញប្រទេសជាតិ​ឯង បក្ស និងប្រជាជន”។

[4] ផេង ពង្សរ៉ាស៊ី និងអ្នកនិពន្ធឯទៀត, ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), បោះពុម្ពលើកទីពីរ (ភ្នំពេញ៖ មជ្ឈមណ្ឌលឯកសារកម្ពុជា, ២០២០), ​ទំព័រ៣៤ “ភូមិភាគឧត្ដរ (ភូមិភាគ៣០៣) ដឹកនាំដោយ កុយ ធួន ហៅ ធុច ពីឆ្នាំ១៩៧០ ដល់ដើមឆ្នាំ១៩៧៦។ បន្ទាប់ពី កុយ ធួន ត្រូវបានចាប់ខ្លួន និងសម្លាប់នៅគុកទួលស្លែងក្នុងឆ្នាំ១៩៧៦ កែ ពក ត្រូវបានចាត់តាំងជាលេខាភូមិភាគជំនួសវិញរហូតដល់ឆ្នាំ១៩៧៧ ទើប កែ ពក ត្រូវចាត់តាំងឲ្យធ្វើជាលេខាភូមិភាគកណ្ដាល ដែលទើបបង្កើតថ្មី ហើយលេខាថ្មីរបស់ភូមិភាគឧត្ដរគឺ កង ចាប។ ភូមិភាគនេះរួមមានខេត្តកំពង់ធំទាំងមូល ផ្នែកខាងស្ដាំទន្លេមេគង្គទាំងអស់នៃខេត្តកំពង់ចាម និងស្រុកមួយក្នុងខេត្តក្រចេះ (ស្រុកព្រែកសព្វ) ហើយចែកចេញជាបីតំបន់គឺ៖ តំបន់៤១ តំបន់៤២ និងតំបន់៤៣។”

[5] យោងតាម គេហទំព័រ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា, នួន ជា មានឈ្មោះកំណើត ឡៅ គឹមលន (ឆ្នាំ១៩២៦-ឆ្នាំ២០១៩) គឺជាអនុលេខា ប.ក.ក ជាប្រធានសភាតំណាងប្រជាជន និងជានាយករដ្ឋមន្ត្រីស្តីទីបណ្តោះអាសន្ននៃកម្ពុជាប្រជាធិបតេយ្យ។ គាត់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទអំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការបំពារបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវ។ ថ្ងៃចូលអាន (ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥) តំណភ្ជាប់៖ https://www.eccc.gov.kh/cases/charged-profile/nuon-chea

[6] បណ្ឌិតឯកអគ្គរាជទូត ហូលីយ៉ូ អេ. ហែលឌ្រេស, បកប្រែជាភាសាខ្មែរដោយ វិចិត្រ មេត្តា ត្រួតពិនិត្យ និងសម្រួលដោយ ឆាំង យុ និង សុភ័ក្រ្ត ភាណា, សៀវភៅសាក្សីប្រវត្តិសាស្រ្ត៖ កំណត់ហេតុហេតុរបស់ព្រះមហាក្សត្រី នរោត្ដម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ, (ភ្នំពេញ៖ មជ្ឈមណ្ឌលឯកសារកម្ពុជា, ២០២៣), ទំព័រ៥ “ខៀវ ប៉ុណ្ណារី មានស្រុកកំណើតនៅខេត្តបាត់ដំបង និងមានឪពុកធ្វើជាចៅក្រម។ ខៀវ ប៉ុណ្ណារី រៀននៅវិទ្យាល័យព្រះស៊ីសុវត្ថិក្នុងទីក្រុងភ្នំពេញ ហើយបន្ទាប់មកបានបន្តការសិក្សានៅប្រទេសបារាំង។ ខៀវ ប៉ុណ្ណារី បានរៀបការជាមួយ សាឡុត ស (ហៅ ប៉ុល ពត) នៅឆ្នាំ១៩៥៦។ នាឆ្នាំ១៩៦១ ខៀវ ប៉ុណ្ណារី បានបង្កើតសហភាពស្រ្តីកម្ពុជា (គឺជារណសិរ្សកុម្មុយនីស្តទ្រង់ទ្រាយធំមួយ) ប៉ុន្តែមិនបានប្រកាសអំពីវត្តមានរបស់ខ្លួនទេ។”

[7] ឯកសារលេខ J00768, តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា, ស្ដីពីចម្លើយសារភាពរបស់ បាន សារឿន ហៅ កង បានលើកឡើងថា យ៉ែម មានឈ្មោះដើមថា ស៊ឹម សុន។

[8] ផេង ពង្សរ៉ាស៊ី និងអ្នកនិពន្ធឯទៀត, ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), បោះពុម្ពលើកទីពីរ (ភ្នំពេញ៖ មជ្ឈមណ្ឌលឯកសារកម្ពុជា, ២០២០), ​ទំព័រ១៣។

[9] ឯកសារលេខ J00829, តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា, “យី ឈ្មោះដើម ប៊ន ណាន ជាលេខាតំបន់៥០៥ មានអាយុ៣៩ឆ្នាំ (នៅក្នុងឆ្នាំ១៩៧៨) កើតនៅភូមិត្រពាំងផ្លុង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក តំបន់២០ ភូមិភាគបូព៌ា។ ឪពុករបស់ យី ឈ្មោះ ហឹង ប៊ន ម្ដាយឈ្មោះ ហែម សួង គាត់មានបងប្អូនចំនួនប្រាំនាក់។ ប្រពន្ធរបស់ យី ឈ្មោះ ហ៊ុនយឿន និងមានកូនម្នាក់។ យី ត្រូវបានអង្គការចាប់ខ្លួននៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៧៨ ដោយចោទប្រកាន់ថាជាចារកម្ម។”

[10] ផេង ពង្សរ៉ាស៊ី និងអ្នកនិពន្ធឯទៀត, ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), បោះពុម្ពលើកទីពីរ (ភ្នំពេញ៖ មជ្ឈមណ្ឌលឯកសារកម្ពុជា, ២០២០), ​ទំព័រ៣៥ “ភូមិភាគឦសាន (ភូមិភាគ១០៨) ដឹកនាំដោយ ណៃ សារ៉ាន់ ហៅ យ៉ា (សម្លាប់នៅឆ្នាំ១៩៧៦)។ ភូមិភាគនេះរួមមាន ខេត្តរតនគិរី និងមណ្ឌលគិរីទាំងមូល ផ្នែកខ្លះនៃខេត្តក្រចេះ និងផ្នែកខ្លះនៃខេត្តស្ទឹងត្រែងដែលស្ថិតនៅត្រើយខាងលិចទន្លេមេគង្គ។ ភូមិភាគនេះចែកចេញជាប្រាំមួយតំបន់គឺ តំបន់១០១ តំបន់១០២ តំបន់១០៤ តំបន់១០៥ និងតំបន់៥០៥។”

[11] ឯកសារលេខ J00768, តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា, “កង ឈ្មោះដើម បាន សារឿន អាយុ៣៣ឆ្នាំ(១៩៧៨)។ នៅក្នុងរបបខ្មែរក្រហម សារឿន មានតួនាទីជា អនុលេខាតំបន់ ៥០៥ (ក្រចេះ)។ កង ត្រូវបានអង្គការចាប់យកទៅឃុំខ្លួនទៅមន្ទីរសន្តិសុខស-២១ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ១៩៧៧។”

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin