សំឡេងផ្លុំកញ្ចែរបស់មេកង
(រតនគិរី)៖ កល់ ណៃ អាយុ ៧២ឆ្នាំ ជាកសិករ រស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ សព្វថ្ងៃ កល់ ណៃ មានពិការភាពដោយបាត់បង់ជើងខាងស្តាំ។
នៅសម័យខ្មែរក្រហម គាត់រស់នៅប្រទេសឡាវជាមួយក្រុមគ្រួសារ និងបងប្អូនសាច់ញាតិរហូតដល់ឆ្នាំ១៩៧៧។ ខ្មែរក្រហមបានមកនាំយកក្រុមគ្រួសាររបស់គាត់ឲ្យត្រឡប់មករស់នៅប្រទេសកម្ពុជាវិញ ដោយកុហកថា ប្រទេសជាតិរួចផុតពីរបប លន់ នល់ និងមានសុខសន្តិភាពពេញលេញហើយ។ គាត់ក៏បានត្រឡប់មកតាមខ្មែរក្រហម ដោយរស់នៅខេត្តស្ទឹងត្រែងអស់រយៈពេលជាងមួយខែ។ បន្ទាប់មកខ្មែរក្រហមចាប់ផ្តើមជម្លៀសគាត់ឲ្យមករស់នៅខេត្តកំពង់ធំអស់រយៈពេលជាងមួយឆ្នាំ។
នៅទីនោះ ខ្មែរក្រហមបានបែងចែកប្រជាជនឲ្យរស់នៅតាមសហករណ៍ ដោយទាំងអស់មានប្រជាជនសរុប៤ភូមិ ដែលត្រូវរស់នៅចែកជា៣សហករណ៍។
បន្ទាប់ពីម្តាយរបស់ កល់ ណៃ បានបាត់បង់ជីវិតដោយសារជំងឺ បងប្រុសរបស់គាត់បានមកយកសាកសពម្តាយ និងគាត់ចេញពីភូមិថ្មីទៅរស់នៅសហករណ៍ដែលបងប្រុសគាត់កំពុងរស់នៅ។ នៅសហករណ៍នោះ គាត់ក៏បានរៀន តែមិនយូរប៉ុន្មានខ្មែរក្រហមបញ្ជូនគាត់ឲ្យធ្វើជាកងចល័តនៅភូមិសំរោង។ គាត់ត្រូវជីកប្រឡាយ និងលើកទំនប់ ដោយត្រូវធ្វើការទាំងយប់ទាំងថ្ងៃ និងគ្មានពេលសម្រាកនោះទេ។ ប្រឡាយដែលគាត់ជីក គឺមានជម្រៅ៣ម៉ែត្រនិងប្រវែង៥ម៉ែត្រ។ ក្នុងមួយក្រុម ដែលមានសមាជិក៣នាក់ត្រូវជីកឲ្យបាន៥ម៉ែត្រក្នុងមួយថ្ងៃ ម្នាក់ជីក ប្រឡាយ និងពីរនាក់រែកដី។
ខណៈពេលនោះមេបញ្ជាការខ្មែរក្រហមម្នាក់បានមកខ្ចីចបកាប់ ដោយយកទៅគាស់កងឡានដែលជាប់ផុង។ ចៃដន្យនៅម៉ោងសម្រាក គាត់និងមិត្តភក្តិបានឡើងដើមឈើ គាត់ក៏បានឃើញខ្មែរក្រហមមួយក្រុមដែលមានគ្នាប្រហែលជា ៤ទៅ៥នាក់ស្ពាយកាំភ្លើង ជិះរទេះ ជាមួយគូសង្សារដែលត្រូវបានចាប់ចង។ ខ្មែរក្រហមបានយកចបដែលខ្ចីនោះឲ្យគូសង្សារនោះជីករណ្ដៅ និងគំរាមដោយភ្ជង់កាំភ្លើង បន្ទាប់មកខ្មែរក្រហមក៏បាញ់សម្លាប់គូសង្សារនោះទម្លាក់ចូលរណ្ដៅ ឃើញដូច្នេះគាត់និងមិត្តភក្តិបានរត់ចេញពីកន្លែងកើតហេតុ និងមិនហ៊ាននិយាយប្រាប់អ្នកណាទាំងអស់អំពីអ្វីដែលគាត់បានឃើញនៅថ្ងៃនោះ។
គាត់ត្រូវធ្វើការដោយគ្មានពេលសម្រាក ឬសម្រាកតែ៥នាទីសម្រាប់បត់ដៃបត់ជើងប៉ុណ្ណោះ។ នៅថ្ងៃមួយគាត់និងមិត្តភក្តិបានទៅរកបេះផ្សិតនៅក្នុងព្រៃបន្ទាប់ពីទៅបត់ជើងរួច នៅពេលដើរចូលទៅក្នុងព្រៃកាន់តែឆ្ងាយ គាត់ស្តាប់មិនលឺសំឡេងផ្លុំកញ្ចែរបស់មេកងឲ្យត្រឡប់មកវិញ អ្នកទាំងពីរត្រូវបានសួរចម្លើយអំពីមូលហេតុដែលត្រឡប់មកយឺត។ គាត់បានឆ្លើយថា មកពីបត់ជើងនៅកន្លែងឆ្ងាយទើបត្រឡប់មកយឺត មេកងប្រុសនោះបាននិយាយថានឹងយកអ្នកទាំងពីរទៅរៀនសូត្រ ឬសម្លាប់ តែសំណាងល្អមានមេកងស្រីម្នាក់ដែលជួយជីវិត ដោយលើកឡើងថាគ្រាន់តែជាកំហុសលើកទីមួយ មិនគួរយកទៅរៀនសូត្រនោះទេ។
ក្នុងសម័យខ្មែរក្រហម ការហូបចុកគឺមិនគ្រប់គ្រាន់នោះទេ ដោយសារបរិភោគតែបបររាវ។ គាត់បន្តថា ថ្ងៃខ្លះបានហូបបីពេល ប៉ុន្តែជាធម្មតាពីរពេលប៉ុណ្ណោះ។ នៅឆ្នាំ១៩៧៩ គាត់បានឃើញឡាន និងយន្តហោះកងទ័ពវៀតណាមចូលមកដល់ ខ្មែរក្រហមបានបបួលឲ្យប្រជាជនរត់ចូលព្រៃជាមួយ ប៉ុន្តែគាត់ដឹងថានេះជាការរំដោះទើប កល់ ណៃ មិនជឿនិងរស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ហើយត្រឡប់ទៅស្រុកកំណើតវិញ៕
សម្ភាសន៍ដោយ បេង ហង្ស ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤