អតីតកងឈ្លបនៅតាមសហករណ៍នាសម័យខ្មែរក្រហម
(រតនគិរី)៖ ពឺញ ឈង មានអាយុ ៨៥ឆ្នាំ ជាកសិករជនជាតិភាគដើមតិចកាវែត សព្វថ្ងៃរស់នៅភូមិត្រាក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។
ពឺញ ឈង បានរៀបរាប់ថា ប្រជាជននៅសម័យនោះត្រូវបានខ្មែរក្រហមបែងចែកឲ្យរស់នៅរួម ធ្វើការរួម និងហូបរួមតាមក្រុមសហករណ៍ដែលខ្មែរក្រហមបានបង្កើត។ គាត់ត្រូវបានរស់នៅ និងព្រាត់ប្រាសពីក្រុមគ្រួសារ ដោយសារខ្មែរក្រហមបានបែងចែកប្រជាជនឲ្យទៅធ្វើការ និងរស់នៅដាច់ដោយឡែកទៅតាមវ័យ។
សង្គមខ្មែរដែលធ្លាប់តែមានវប្បធម៌ប្រពៃណី និងទំនៀមទម្លាប់ល្អផូរផង់ ត្រូវបានខ្មែរក្រហមហាមប្រាម និងលុបបំបាត់ចោល។ ទ្រព្យសម្បត្តិផ្សេងៗត្រូវបានខ្មែរក្រហមប្រមូលទុកជារបស់រួម។
ពឺញ ឈង គឺជាកងឈ្លបម្នាក់ គាត់និងកងឈ្លបម្នាក់ទៀតត្រូវចាំតាមដាន និងត្រួតពិនិត្យក្រុមការងារ ដោយចាប់យកអ្នកណាដែលបានធ្វើខុស ឬមានកំហុសយកទៅសម្លាប់។ គាត់បានឃើញដោយផ្ទាល់នូវការសម្លាប់ប្រជាជនរបស់កងឈ្លបម្នាក់ទៀត ដោយគ្មានការញញើត និងការអាណិតអាសូរ។ ដោយឃើញដូច្នេះ គាត់បានសុំឈប់ធ្វើជាកងឈ្លប និងបន្តធ្វើការជាមួយក្រុមសហករណ៍ ដោយជួយលើកទំនប់ ជីកប្រឡាយ ភ្ជួរស្រែ និងច្រូតស្រូវជាដើម។
នៅក្នុងសហករណ៍ គាត់ត្រូវទៅធ្វើការពីម៉ោង ៦ព្រឹក រហូតដល់ម៉ោង ១២ថ្ងៃត្រង់។ បន្ទាប់ពីសម្រាកហូបបាយ គាត់ត្រូវបន្តការងាររហូតដល់ម៉ោង ៦ល្ងាច ទើបបានសម្រាកហូបបាយម្តងទៀត។ បន្ទាប់មក ពឺញ ឈង ត្រូវធ្វើការបន្តរហូតដល់ម៉ោង ១២យប់អធ្រាត្រ។ សម្រាប់ខែភ្លឺគាត់ត្រូវភ្ជួររាស់ ច្រូតស្រូវ និងស្ទូងស្រូវនៅពេលថ្ងៃ។ នៅពេលយប់គាត់ត្រូវទៅដកស្រូវ ដោយគ្មានពេលសម្រាកគ្រប់គ្រាន់នោះទេ។ អាហារដែលខ្មែរក្រហមចែកសម្រាប់បរិភោគទាំងពីរពេលនោះ គឺមានតែបាយលាយជាមួយដើមចេកប៉ុណ្ណោះ។
ពឺញ ឈង បានបន្តថាការហូបចុកមិនគ្រប់គ្រាន់ដោយសារតែក្នុងសហករណ៍គឺមានមនុស្សរហូតដល់ជាង ១០០នាក់ ចំណែកទិន្នផលស្រូវបានត្រឹមតែ ៣០០០ប៉ោត ប៉ុណ្ណោះ។ នៅសម័យនោះក៏មានក្រុមនេសាទ និងក្រុមបរបាញ់សត្វព្រៃសម្រាប់ផ្គត់ផ្គង់អាហារក្នុងសហករណ៍ផងដែរ។
ក្រោយមក ពឺញ ឈង ត្រូវបានខ្មែរក្រហមបញ្ជូនឲ្យទៅវាស់ដីសម្រាប់ធ្វើស្រែ ដោយត្រូវដើរចម្ងាយជាច្រើនគីឡូម៉ែត្រក្នុងមួយថ្ងៃ។ អស់រយៈពេលជាងមួយខែ គាត់ត្រូវបញ្ជូនឲ្យទៅអារឈើនៅភូមិកងណក។ គាត់ស្ទើរតែនឹងត្រូវបានខ្មែរក្រហមយកទៅសម្លាប់ដោយចោទគាត់ថាអសកម្មក្នុងការធ្វើការងារ។
បច្ចុប្បន្ន ពឺញ ឈង មានជំងឺប្រចាំកាយដូចជាជំងឺថ្លើម និងភ្នែកមើលមិនសូវច្បាស់។ គាត់បានលើកឡើងថា គាត់ត្រូវបានពេទ្យបដិសេធ និងមិនទទួលព្យាបាល។ ជាចុងក្រោយ គាត់សំណូមពរឲ្យមានក្រុមគ្រូពេទ្យចុះជួយពិនិត្យសុខភាពជូនអ្នកភូមិដែលមានវ័យចំណាស់ និងជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដូចរូបគាត់៕
សម្ភាសន៍ដោយ បេង ហង្ស ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤