ប្អូនទាំងពីរនាក់របស់ខ្ញុំត្រូវបានស្លាប់ដោយសារអត់អាហារ

ឈឺយ ប្លូយ រស់នៅភូមិត្រាក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី

(រតនគិរី)៖  ឈឺយ ប្លូយ មានអាយុ ៥៨ឆ្នាំ រស់នៅភូមិត្រាក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ នៅពេល​ដែលរបបខ្មែរក្រហមផ្តួលរលំរបប លន់ នល់ ឈឺយ ប្លូយ ត្រូវបានកងទ័ពខ្មែរក្រហមបញ្ជាឲ្យចូលធ្វើការរួម និងរស់​នៅរួម នៅ​ឯសហករណ៍ទំពាំងវែង។ នៅទីនោះមានការ​បែងចែកប្រជាជនឲ្យរស់នៅទៅតាមវ័យ។

នៅអាយុប្រហែល៨ឆ្នាំ  ក្រៅពីការរៀនសូត្រអក្សរខ្មែរមិនយូរប៉ុន្មាន គាត់ត្រូវធ្វើពលកម្មក្នុងតួនាទីជាកងកុមារ។ ជារៀងរាល់ថ្ងៃ គាត់ត្រូវដើរកាប់ទន្រ្ទានខេត្ត យកមកចិញ្ច្រាំ បន្ទាប់មកដាក់ក្នុងរណ្តៅ និងលាយជាមួយលាមកសត្វ និងលាមកមនុស្ស ដែលប្រមូលបានតាមផ្ទះអ្នកភូមិ។

ប្រជាជននៅក្នុងសហករណ៍ត្រូវកាត់សក់ខ្លី និងស្លៀកពាក់ពណ៌ខ្មៅទាំងអស់គ្នា។ ឪពុកម្តាយ ប្តីប្រពន្ធ និង​សមាជិកក្រុមគ្រួសារ​ទាំងអស់ត្រូវបានខ្មែរក្រហមមិនឲ្យរស់នៅជួបជុំគ្នានោះឡើយ និងបំបែកបំបាក់ដោយឲ្យធ្វើការនៅតាមក្រុមសហករណ៍ផ្សេងពីគ្នា។

ឈឺយ ប្លូយ បានបន្តថា ខ្មែរក្រហមមិនចង់ឲ្យប្រជាជនមានផ្ទៃពោះនោះទេ ដែលកត្តានេះធ្វើឲ្យខាតពេលវេលា និងខាតកម្លាំងពលកម្មសម្រាប់ធ្វើការងាររបស់អង្គការ។

អ្នកដែលមានកូនតូចៗ ត្រូវទុកកូនឲ្យក្រុមមនុស្សដែលមានវ័យចំណាស់នៅក្នុងសហករណ៍ជាអ្នកមើលថែ នៅពេលអ្នកទាំងនោះទៅធ្វើការតាមស្រែចម្ការ។ ចំណែកអ្នកដែលមានផ្ទៃពោះ ឬកូនខ្ចីវិញ ត្រូវទៅបុកស្រូវដើម្បីផ្គត់ផ្គង់ការហូបចុកនៅក្នុងសហករណ៍។

បន្ទាប់ពីធ្វើការនៅក្នុងកងកុមារអស់រយៈពេលជាងមួយឆ្នាំ នៅឆ្នាំ១៩៧៧ ឈឺយ ប្លូយ បានចូលធ្វើការនៅក្នុងកងចល័ត។ ការងាររបស់កងចល័ត មានដូចជាជីក​ប្រឡាយ លើកភ្លឺស្រែ កាប់ដី និងស្ទូងស្រូវ។ នៅខែស្រូវទុំ គាត់ត្រូវទៅជួយច្រូតកាត់នៅភូមិផ្សេងៗ ដូចជានៅភូមិណង​ដាន និងភូមិស្រែណាង។

ចំពោះការហូបចុកនៅសម័យនោះ គឺមានតែបបររាវលាយជាមួយដើមចេកដែលចិញ្ច្រាំរួច។ ប្អូនៗរបស់គាត់ពីរនាក់ឈ្មោះ គីល និង ដរ បានបាត់បង់ជីវិតដោយខ្មែរក្រហម​បង្អត់អាហារ ២ថ្ងៃ ដោយសារអ្នកទាំងពីរត្រូវបានខ្មែរក្រហមចោទថាខ្ជិល៕

សម្ភាសន៍ដោយ បេង ហង្ស ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin