ខ្មែរក្រហមបញ្ជូនទៅភ្នំពេញដើម្បីរៀនកាត់ដេរ
(រតនគិរី)៖ កញ់ យឹកខៃ មានអាយុ ៦៤ឆ្នាំ ជាប្រជាកសិករជនជាតិដើមភាគតិចកាវែត បច្ចុប្បន្នរស់នៅភូមិត្រាក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។
នៅក្រោមរបបខ្មែរក្រហមឆ្នាំ១៩៧៥ យឹកខៃ ត្រូវបានអង្គការចាត់តាំងឲ្យគាត់បម្រើការជាកងកុមារ។ មួយឆ្នាំក្រោយមក យឹកខៃ ត្រូវបានផ្លាស់ប្តូរមកធ្វើជាកងចល័តបានពីរខែ និងក្រោយមកទៀតជាគ្រូពេទ្យបានប្រហែលជាបីខែ។ បន្ទាប់ពីធ្វើការទាំងអស់នេះ យឹកខៃ ត្រូវបានខ្មែរក្រហមបញ្ជូនឲ្យមករៀនកាត់ដេរនៅទីក្រុងភ្នំពេញ។
យឹកខៃ និងអ្នករួមដំណើរជាមួយបានចាកចេញពីស្រុកវើនសៃ ទៅសម្រាកនៅខេត្តស្ទឹងត្រែង និងស្នាក់នៅខេត្តក្រចេះអស់រយៈពេលជាងប្រាំខែ ដោយត្រូវធ្វើការងារដូចជា ដឹកជញ្ជូនសម្ភារសម្រាប់ប្រើប្រាស់ ប៊ីចេង អំបិល និងបន្លែបង្ការ។
ក្រោយពីរៀនកាត់ដេរនៅទីក្រុងភ្នំពេញអស់រយៈពេលជាងប្រាំពីរខែ គាត់ត្រូវបានខ្មែរក្រហមបញ្ជូនឲ្យត្រឡប់មករស់នៅ និងកាត់ដេរនៅស្រុកវើនសៃវិញ។
គាត់ត្រូវរស់នៅទៅតាមវ័យ និងភេទ ដោយខ្មែរក្រហមបានបែងចែកឲ្យប្តីប្រពន្ធ និងឪពុកម្តាយ រស់នៅដាច់ដោយឡែកពីគ្នា។
ចំពោះបុរសដែលមានវ័យចំណាស់ ឬអាយុប្រហែល ៦០ឆ្នាំឡើង នៅសម័យនោះ ខ្មែរក្រហមឲ្យអ្នកទាំងនោះធ្វើរនាស់ និងនង័្គល សម្រាប់ភ្ជួររាស់។ ចំណែកមនុស្សស្រីត្រូវធ្វើការងារនៅក្នុងភូមិ និងក្មេងៗដើរកាប់ដីដំបូក និងដឹកជញ្ជូនដីទាំងនោះសម្រាប់ធ្វើជី។
ក្រោយពីធ្វើការងារចប់រួចរាល់ យឹកខៃ និងប្រជាជនប្រហែលជាបួនភូមិ បានទៅរោងបាយដើម្បីសម្រាកហូបបាយ។ នៅពេលនោះ ខ្មែរក្រហមបានយកបាយមួយឆ្នាំងធំសម្រាប់ចែកឲ្យប្រជាជន ដោយក្នុងម្នាក់ទទួលបានបាយកន្លះចាន។ ទោះបីជាប្រជាជនហូបចុកមិនបានគ្រប់គ្រាន់ ក៏គ្មានអ្នកណាម្នាក់ហ៊ានប្រឆាំងឬតវ៉ាជាមួយអង្គការនោះឡើយ ពីព្រោះខ្លាចកងឈ្លបខ្មែរក្រហមចាប់ខ្លួនយកទៅរៀនសូត្រ ឬសម្លាប់។
ចំណែកអ្នកខ្លះបានបាត់បង់ជីវិត គឺដោយសារការងារធ្ងន់ និងការហូបចុកមិនគ្រប់គ្រាន់ ដែលបណ្ដាលឲ្យមានជំងឺស្គមស្គាំងរហូតដល់ស្លាប់។
អ្នកខ្លះបានហូបដោយលួចលាក់ តែបើកងឈ្លបខ្មែរក្រហមឃើញ អ្នកទាំងនោះនឹងត្រូវកងឈ្លបចាប់ខ្លួនយកទៅសម្លាប់ ដោយនិយាយថា យកទៅរៀនសូត្រ។
សព្វថ្ងៃ កញ់ យឹកខៃ មានជំងឺប្រចាំកាយដោយគ្មានការព្យាបាលនោះទេ គាត់សំណូមពរឲ្យមានក្រុមគ្រូពេទ្យចុះពិនិត្យព្យាបាលប្រជាជននៅក្នុងភូមិរបស់គាត់ដែលនៅរស់រានមានជីវិត៕
សម្ភាសន៍ដោយ បេង ហង្ស ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤