កងឈ្លបថាសម្លាប់គឺសម្លាប់

ប្លាំង មីត រស់នៅភូមិត្រាក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី

(រតនគិរី)៖  ប្លាំង មីត អាយុ ៨០ឆ្នាំ សព្វថ្ងៃរស់នៅភូមិត្រាក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជាជនជាតិដើមភាគតិចកាវែត។

នៅពេលខ្មែរក្រហមចូលមកដល់ក្នុងភូមិដែល ប្លាំង មីត កំពុងរស់នៅ នៅពេលនោះខ្មែរក្រហមបានបង្កើតសហករណ៍នៅក្នុងភូមិដោយឲ្យប្រជាជនធ្វើការរួម និងហូប​រួម។ ប្រជាជនទាំងក្មេងទាំងចាស់ត្រូវតស៊ូធ្វើការដោយ​គ្មានការឈប់សម្រាក និងបរិភោគមិនបានគ្រប់គ្រាន់​នោះទេ។

នៅសម័យនោះ ប្លាំង មីត និងប្រជាជនក្នុងភូមិត្រូវទៅធ្វើការស្ទូងស្រូវនៅពេលថ្ងៃ និងពេលយប់គាត់ត្រូវបន្តដកសំណាប។ រីឯនៅរដូវស្រូវទុំ ពេលថ្ងៃគាត់ត្រូវច្រូតស្រូវ និងពេលយប់គាត់ត្រូវដឹកជញ្ជូនស្រូវដោយគ្មានពេលវេលាសម្រាកនោះទេ។

ប្រសិនបើជាមានអ្នកណាដែលខ្ជិលច្រអូស ឬធ្វើការយឺតយ៉ាវចំពោះការងារដែលខ្មែរក្រហមដាក់ឲ្យនោះ អ្នកដែលទាំងនោះនឹងត្រូវបង្អត់អាហារ។ ប្រជាជនទាំងអស់ត្រូវស្ទូងស្រូវទៅតាមការកំណត់របស់ខ្មែរក្រហម ដោយមានការវាស់ម៉ែត្រជាក់លាក់ និងធ្វើយ៉ាងណាឲ្យស្ទូងស្រូវមានសភាពត្រង់ស្មើ។ ប្រសិនបើគាត់ស្ទូងមិនបានត្រង់ស្មើនោះ គាត់នឹងត្រូវស្ទូងម្តងទៀត។

ប្លាំង មីត ត្រូវធ្វើការទាំងហាលថ្ងៃហាលភ្លៀងដោយមិនហ៊ានឈប់សម្រាកឡើយ បើគ្មានការអនុញ្ញាតពីកងឈ្លបខ្មែរក្រហម។  ចំពោះរបបអាហារវិញ គាត់ទទួលបានបាយកន្លះចានតូច ដែលមានលាយជាមួយដើមចេកចិញ្ច្រាំសម្រាប់បរិភោគក្នុងមួយពេល គាត់មិនដែលហូបបានគ្រប់គ្រាន់នោះទេនៅសម័យនោះ។

ប្រជាជនខ្មែរស្លូតត្រង់ជាច្រើននាក់ ត្រូវបានកាប់សម្លាប់ក្រោមរបបខ្មែរក្រហមដោយគ្មានការកាត់ក្តី ឬការកាត់ទោសអ្វីនោះទេ តែកងឈ្លបថា សម្លាប់គឺសម្លាប់។ ស្វាមីរបស់ ប្លាំង មីត ត្រូវបានកងឈ្លបនាំខ្លួនយកទៅសម្លាប់​ដោយសារគាត់ពីមុនធ្លាប់ធ្វើការជាជំនួយការចៅ​ហ្វាយ​​ស្រុកពីរបបមុន រួមទាំងប្អូនថ្លៃរបស់គាត់ឈ្មោះ អេក និង ងើក ក៏ត្រូវបានកងឈ្លបខ្មែរក្រហមនាំខ្លួនយកទៅសម្លាប់ដែរ។ អ្នកដែលធូរធារ និងមានចំណេះដឹង រួមទាំងអ្នកដែលធ្លាប់បម្រើការឲ្យរបបចាស់ (របប លន់ នល់ ឬសម័យសង្គមរាស្ត្រនិយម) គឺត្រូវបានខ្មែរក្រហមយកទៅសម្លាប់ស្ទើរទាំងអស់។

ប្អូនអេក និង ងើក ត្រូវបានខ្មែរក្រហមនាំខ្លួនយកទៅសម្លាប់នៅទីក្រុងភ្នំពេញ រីឯប្អូនម្នាក់ទៀតឈ្មោះ វិញ ត្រូវបានខ្មែរក្រហមយកទៅសម្លាប់នៅទីរួមខេត្តបានលុង នៃខេត្តរតនគិរី។

នៅសម័យនោះដែរ ប្លាំង មីត បានបន្តថា​ខ្មែរក្រហមមិនបានព្យាបាលដោយយកចិត្តទុកដាក់ចំពោះប្រជាជនដែលមានជំងឺឈឺថ្កាត់នោះទេ ប៉ុន្តែសម្រាប់អ្នកដែលមានឋានៈឬតួនាទីធំ កងឈ្លប និងអ្នកដែលមានជំងឺធ្ងន់ធ្ងរក្នុងសហករណ៍ប៉ុណ្ណោះដែលខ្មែរក្រហមព្យាបាល។ ប្រសិនបើមាន​ជំងឺមិនធ្ងន់ធ្ងរគឺត្រូវធ្វើការបន្តរហូតដល់ឈឺធ្ងន់ធ្ងរទើប​ខ្មែរក្រហមយកទៅព្យាបាល។

អំពីការរៀបការវិញ អ្នកដែលត្រូវរៀបការប្រហែលជាពីរទៅបីគូរ ត្រូវតម្រង់ជួរ និងប្តេជ្ញាចិត្តដោយនិយាយថា ពេញចិត្តស្រឡាញ់គ្នាតែប៉ុណ្ណោះ គឺរួចជាការស្រេច៕

សម្ភាសន៍ដោយ បេង ហង្ស ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin