ឈឹម ស៊ីថា៖ យោធាស្ម័គ្រចិត្ត
ឈឹម ស៊ីថា ហៅ ស៊ីថាន ភេទប្រុស កើតនៅឆ្នាំ១៩៥៦ គាត់មានអាយុ៥០ឆ្នាំ (២០០៦) មុខរបប ធ្វើស្រែ និងនេសាទត្រី រស់នៅភូមិកំពង់គរ ឃុំកំពង់គរ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ ឪពុកឈ្មោះ ឈឹម ណំ ម្ដាយឈ្មោះ ឌុច រុន មានបងប្អូនចំនួន ១១នាក់ ស្លាប់ម្នាក់ដោយសារសង្រ្គាម[1] ។ ប្រវត្តិនៃការសិក្សារបស់ ស៊ីថា គឺរៀនបានត្រឹមថ្នាក់ទី៨ សង្គមចាស់ បន្ទាប់មកគាត់បានឈប់រៀន ហើយនិងបានចូលបម្រើបដិវត្តន៍ជាយោធាខ្មែរក្រហម។
ឆ្នាំ១៩៧០ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ ចេញពីរដ្ឋអំណាច។ នៅឆ្នាំដដែលនោះ នៅតំបន់ក្រចេះក៏មានចលនាកម្លាំងយោធាខ្មែរក្រហមបានលេចចេញជារូបរាង។ ស៊ីថា និងប្អូនរបស់គាត់ ២នាក់ទៀតបានស្ម័គ្រចិត្តចូលធ្វើបដិវត្តន៍ជាយោធាខ្មែរក្រហម។ មូលហេតុដែលបណ្ដាលចិត្តឲ្យគាត់ និងប្អូនចូលធ្វើជាយោធា ដោយសារតែមានបំណងចង់ឲ្យសម្ដេចព្រះ នរោត្ដម សីហនុ យាងចូលសោយរាជ្យវិញម្ដងទៀត។ ដោយនៅពេលនោះគាត់ទទួលបានព័ត៌មានតាមរយៈវិទ្យុពីទីក្រុងប៉េកាំងមក គឺឲ្យប្រជាជនចូលព្រៃម៉ាគី ដើម្បីធ្វើចលនាតស៊ូ ប៉ុន្តែខ្មែរក្រហមបានឆ្លៀតយកឱកាសនោះធ្វើការឃោសនា ដើម្បីឲ្យប្រជាជនចូលរួមដើម្បីបម្រើបដិវត្តន៍របស់ខ្លួនទៅវិញ។
នៅពេលដែល ស៊ីថា ចូលបដិវត្តន៍ដំបូងគឺ ខ្មែរក្រហមឲ្យគាត់ធ្វើជាកងឈ្លបនៅសង្កាត់តាម៉ៅ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ តាខំ មានតួនាទីជាប្រធាន។ គាត់បាននិយាយថា យុវជនដែលនៅកងពលជាមួយគាត់ គឺសុទ្ធតែបាត់ខ្លួនបន្ទាប់ពីចេញទៅសមរភូមិមុខ។ ធ្វើការនៅសង្កាត់តាម៉ៅ បានប្រហែល ១ខែជាង អំឡុងឆ្នាំ១៩៧២ គាត់ត្រូវផ្លាស់ប្ដូរទៅកាន់ស្រុកព្រែកប្រសព្វ ទៅដល់ទីនោះមាន ឃិត គឺជាលេខា និង បិន ជាអនុលេខា។ នៅពេលទៅដល់ស្រុកកងពលរបស់គាត់មិនទាន់ត្រូវចេញទៅសមរភូមិណាមួយឡើយទេ គាត់គ្រាន់តែនៅយាមការពារស្រុកប៉ុណ្ណោះ។
បន្ទាប់ពីនោះ ស៊ីថា បានប្ដូរទៅធ្វើជាទ័ពស្រួចរបស់ តំបន់៤៣ នៅភូមិភាគ៣០៣។ ភូមិភាគ៣០៣ (ភូមិភាគឧត្ដរ) ដឹកនាំដោយ កុយ ធួន ហៅ ធុច ពីឆ្នាំ១៩៧០ ដល់ដើមឆ្នាំ១៩៧៦។ បន្ទាប់ពី កុយ ធួន ត្រូវបានចាប់ខ្លួន និងសម្លាប់នៅគុកទួលស្លែងក្នុងឆ្នាំ១៩៧៦។ កែ ពក ត្រូវបានចាត់តាំងជាលេខាភូមិភាគជំនួសវិញរហូតដល់ឆ្នាំ១៩៧៧ ទើប កែ ពក ត្រូវបានចាត់តាំងឲ្យធ្វើជាលេខាភូមិភាគកណ្ដាល ដែលទើបបង្កើតថ្មី ហើយលេខាថ្មីរបស់ភូមិភាគឧត្ដរគឺ កង ចាប។ ភូមិភាគនេះរួមមានខេត្តកំពង់ធំទាំងមូល ផ្នែកខាងស្ដាំទន្លេមេគង្គទាំងអស់នៃខេត្តកំពង់ចាម និងស្រុកមួយក្នុងខេត្តក្រចេះ (ស្រុកព្រែកប្រសព្វ) ហើយចែកចេញជា៣តំបន់គឺ៖ តំបន់៤១ តំបន់៤២ និង តំបន់៤៣[2] ។ ស៊ីថា ស្ថិតនៅកងពលទី១ ក្រោមការគ្រប់គ្រងរបស់ អឿន ដែលជាប្រធានកងពល។
គាត់បាននិយាយបន្ថែមថា អឿន ជាប្រធានម្នាក់ដែលតែងតែយកចិត្តទុកដាក់ របបអាហារឲ្យកូនចៅមិនឲ្យខ្វះខាតនោះទេ។ ពេលដែលចេញទៅសមរភូមិម្ដងៗ មានទាហានជាច្រើននាក់ដែលបានស្លាប់បាត់បង់ជីវិតនៅសមរភូមិ។ បន្ទាប់ពីតួនាទីជាអ្នកគ្រប់គ្រងរបស់ អឿន បានបញ្ចប់ យី ក៏បានឡើងធ្វើជាប្រធានវរៈសេនាធំ យី អេត និង ហុន ជាប្រធានវរៈសេនាតូច។ ពេលនោះដែរ ស៊ីថា ត្រូវបានខ្មែរក្រហមតែងតាំងគាត់ឲ្យធ្វើជាប្រធាននៃកងអនុសេនាតូច ដែលមានអ្នកនៅក្រោមបង្គាប់ចំនួន ៣៦នាក់។ ស៊ីថា បាននិយាយប្រាប់បន្ថែមថា នៅអំឡុងពេលដែលគាត់បានឡើងតំណែងជាប្រធានកងអនុសេនាតូច គាត់ធ្លាប់បានជួបផ្ទាល់ជាមួយនឹងមេដឹកនាំធំៗរបស់ខ្មែរក្រហមជាច្រើនរូប ដូចជា ប៉ុល ពត ខៀវ សំផន សុន សេន ហ៊ូ នឹម និង ហ៊ូ យន់។ ស៊ីថា បានបញ្ជាក់ថា ហ៊ូ នឹម[3] និង ហ៊ូ យន់[4] ត្រូវបានខ្មែរក្រហមសម្លាប់។ នៅក្នុង១កងអនុសេនាធំ មាន៣កងអនុសេនាតូច និង៣កងអនុសេនាធំ ស្មើ១កងវរៈសេនាតូច ចំណែកឯ១កងវរៈសេនាធំ មាន៣កងវរៈសេនាតូចនៅក្នុងនោះ។ ស៊ីថា ចេញទៅធ្វើសង្រ្គាមដំបូងគឺប៉ះជាមួយនឹងទាហាន លន់ នល់។ ពេលនោះគឺមិនមានការសហការជាមួយនឹងកងទ័ពវៀតណាមឡើយ ព្រោះពេលនោះវៀតណាមបានដកទ័ពចេញពីកម្ពុជា។
ក្នុងឆ្នាំ១៩៧៣ កងពលរបស់ ស៊ីថា បានវាយជាមួយនឹងទាហាន លន់ នល់ នៅតំបន់ជ្រោយសំបួរ រហូតដល់ព្រែកក្ដាម។ ចុងឆ្នាំ១៩៧៣ ខ្មែរក្រហមបានឲ្យកងពលរបស់ ស៊ីថា ឈប់សម្រាកពីការប្រយុទ្ធចំនួន ៣ខែ ដើម្បីប្រមូលកម្លាំង និងពង្រឹងសមត្ថភាពប្រយុទ្ធ។ ក្នុងរយៈពេល ៣ខែ នោះជាពេលដែលខ្មែរក្រហមបានរៀបចំផែនការវាយចូលទីក្រុងភ្នំពេញ។ នៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៧៤ យោធាខ្មែរក្រហម បានវាយចូលនៅតាមជាយៗទីក្រុងភ្នំពេញ។ ខ្មែរក្រហម បានបន្តប្រយុទ្ធតាមជាយក្រុង រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដែលជាថ្ងៃខ្មែរក្រហមវាយផ្ដាច់ដើម្បីកាន់កាប់ទីក្រុងភ្នំពេញទាំងមូល។ ខ្មែរក្រហម បានបង្ខំប្រជាជនឲ្យចេញពីទីក្រុងភ្នំពេញ និងទីប្រជុំជន ទៅកាន់ទីជនបទដាច់ស្រយាល លើកលែងតែកម្មករអគ្គិសនី និងក្រុមពន្លត់អគ្គិភ័យ។ ចាប់តាំងពីរំដោះបានទីក្រុងភ្នំពេញ កងទ័ពខ្មែរក្រហមបានបំពេញតួនាទីជម្លៀសប្រជាជនចេញពីទីក្រុងឲ្យអស់ក្នុងរយៈពេលបីថ្ងៃ។ បក្សកុម្មុយនីស្តកម្ពុជាបានកំណត់យកផ្សារថ្មីធ្វើជាគោលដៅក្នុងការជម្លៀសប្រជាជនចេញទៅកាន់ខេត្តផ្សេងៗ[5] ។
បន្ទាប់ពីខ្មែរក្រហមកាន់កាប់បានទីក្រុងភ្នំពេញទាំងមូល ទាហាន លន់ នល់ បានដាក់កាំភ្លើងសុំចុះចាញ់យោធាខ្មែរក្រហម។ បើទោះបីជាយ៉ាងណាក្ដី យើងមើលឃើញថា ទាហាន លន់ នល់ នៅតែបន្តមានវត្តមាននៅទីក្រុងភ្នំពេញ រហូតដល់ខ្មែរក្រហមបានធ្វើការបោសសម្អាតទីក្រុងភ្នំពេញ[6] ។ ក្រោយថ្ងៃរំដោះ ១៧ មេសា យុទ្ធជនកងពលលេខ១២ បានប្រែក្លាយទៅជា «អ្នកបោសសម្អាតទីក្រុង» វិញ។ នៅក្នុងភារកិច្ចជាអ្នកបោសសម្អាតទីក្រុង យុទ្ធជនទាំងអស់ត្រូវចាប់ផ្ដើមសម្អាតនៅលើទីតាំងដែលគណៈដឹកនាំតាមមុខព្រួញបានកំណត់ទុកមុន។ យុទ្ធជនទាំងអស់ត្រូវបានបែងចែកជាក្រុមៗ និងធ្វើការទៅតាមមុខព្រួញរបស់ខ្លួន។ ក្រុមយុទ្ធជនខ្លះមានភារកិច្ចបោសសម្អាតនៅតាមផ្សារ ខ្លះទៀតត្រូវទៅរៀបចំសម្ភារដែលរាយប៉ាយនៅតាមផ្ទះប្រជាជន ខ្លះទៀតត្រូវទៅរៀបចំបោសសម្អាតនៅតាមអគាររដ្ឋ និងក្រុមខ្លះទៀតត្រូវប្រមូលកាកសំណល់ដែលរាយប៉ាយនៅតាមដងផ្លូវ[7] ។
ទាហាន លន់ នល់ មួយចំនួនដែលមិនព្រមចុះចាញ់ បានពួនឆ្មក់គប់គ្រាប់បែកពីផ្ទះ ឬអគារថ្មនៅជាប់ជាមួយនឹងផ្លូវធំ។ ម្ដងម្កាល កងទ័ពខ្មែរក្រហមខ្លះ បានទទួលរងនូវការបាញ់ប្រហារ និងគប់គ្រាប់បែកពីសំណាក់ទាហានរបស់ លន់ នល់ ដែលបង្កប់ខ្លួននៅទាមផ្ទះ[8] ។ នៅពេលដែលប្រជាជនទទួលរងការគំរាមកំហែងពីសំណាក់យោធាខ្មែរក្រហមអំឡុងពេលជម្លៀសតាមរយៈការបាញ់កាំភ្លើង ស្ថានភាពនៅទីក្រុងគឺមានភាពចលាចល ចរាចរនៅតាមដងផ្លូវមានភាពមរមាញឹក ព្រោះតែការសម្រុកដណ្ដើមគ្នាចេញពីក្រុង។ ស៊ីថា បាននិយាយថា មានប្រជាជនមួយចំនួនដែលបានដឹងជាមុននូវស្ថានភាពប្រទេសទៅថ្ងៃខាងមុខ បានសម្រេចចិត្តបើកឡានទម្លាក់ពីលើស្ពានស្លាប់ទាំងគ្រួសារក៏មាន។
បន្ទាប់ពីជម្លៀសប្រជាជនចេញអស់ពីទីក្រុងភ្នំពេញ ស៊ីថា មិនបានផ្លាស់ប្ដូរកន្លែងធ្វើការទៅណាឡើយ ខ្មែរក្រហមបានឲ្យកងពលរបស់គាត់នៅយាមទីក្រុងភ្នំពេញ ហើយបានប្ដូរឈ្មោះកងពលរបស់គាត់ ពីកងពលទី១ ទៅជាកងពល៣១០វិញម្ដង ប៉ុន្តែស្ថិតក្រោមការគ្រប់គ្រងរបស់ អឿន ដដែល។ អឿន ត្រូវបានខ្មែរក្រហមចាប់ខ្លួននៅឆ្នាំ១៩៧៧ ដោយបានចោទប្រកាន់ថាក្បត់ ជាខ្សែបណ្ដាញរបស់ កាហ្សេបេ។ មិនត្រឹមតែប៉ុណ្ណោះ ប្រពន្ធ និងកូន ព្រមទាំងអ្នកក្រោមបង្គាប់របស់ អឿន ក៏ត្រូវបានចាប់ខ្លួនដូចគ្នា។ ស៊ីថា បានលើកឡើងថា កងពលរបស់ អឿន ពិតជាមានផែនការប្រឆាំងជាមួយ ប៉ុល ពត ពិតមែន ព្រោះដោយសារ របបខ្មែរក្រហម ជារបបមួយដែលធ្វើការគៀបសង្កត់សិទ្ធិសេរីភាពរបស់ប្រជាជនគ្រប់បែបយ៉ាង អឿន ចង់ឲ្យប្រទេសជាតិមានលិទ្ធិប្រជាធិបតេយ្យមកវិញ។ ប្រជាជនគ្រប់ស្រទាប់វណ្ណៈត្រូវធ្វើការងារតាមបញ្ជារបស់អង្គការ សេរីភាពក្នុងការគោរពប្រណិប័តន៍សាសនាមិនត្រូវបានអនុញ្ញាត លុបបំបាត់សាលារៀន វត្តអារាម ទីផ្សារ និងកង្វះអាហារ ព្រមទាំងលក្ខខណ្ឌរស់នៅមិនល្អ។
ស៊ីថា បានប្រាប់បន្ថែមថា អឿន បានកំណត់យកម៉ោង១២យប់ (មិនបានបញ្ជាក់កាលបរិច្ឆេទ) ដើម្បីចូលវាយយោធា ប៉ុល ពត នៅភ្នំពេញ ប៉ុន្តែផែនការទាំងអស់ត្រូវបានបរាជ័យដោយសារតែមានយោធាមួយចំនួនដែលចាញ់នយោបាយរបស់ ប៉ុល ពត ហើយបានយកព័ត៌មានដែល អឿន ចង់ធ្វើរដ្ឋប្រហារ ទៅប្រាប់ដល់ ប៉ុល ពត។ អឿន ត្រូវបានយោធាខ្មែរក្រហមចាប់ខ្លួននៅប៉ុន្មានម៉ោងមុនធ្វើសកម្មភាព។ ពាក់ព័ន្ធនឹងការធ្វើរដ្ឋប្រហារនេះ ស៊ីថា បាននិយាយថា អឿន បានសហការជាមួយនឹង សោ ភឹម[9] ។ ដូចគ្នានេះដែរ ឯកសារចម្លើយសារភាពរបស់ រស់ ញឹម[10] បានលើកឡើងស្រដៀងគ្នានេះដែរ តាមអ្វីដែល ស៊ីថា បានលើកឡើងខាងលើ ប៉ុន្តែអ្វីដែលច្បាស់លាស់ជាងនេះគឺ ការបញ្ជាក់ពីកាលបរិច្ឆេទ និងខ្លឹមសារប្រជុំជាក់លាក់។ នៅក្នុងចម្លើយសារភាពបានលើកឡើងថា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៧៧ ពេលម៉ោង ៧ព្រឹក ចាប់ការបើកប្រជុំ អ្នកធ្វើប្រជុំសមមិត្ត ភឹម មុនដំបូងប្រកាសឲ្យស្គាល់គ្នា ដែលបានអញ្ជើញមកពីគ្រប់កន្លែងគឺ ភូមិភាគតំបន់ ដែលបានចូលរួមប្រជុំនេះ ក្នុងការប្រជុំនេះមានយួន ៥នាក់ ខ្ញុំមានស្គាល់តែ ហាយសូ ម្នាក់ទេ។ ខ្លឹមសារប្រជុំគឺ ១ លើកពីផែនការ សហការគ្នា ក្នុងការវាយយកកម្ពុជា ក្នុងពេលឆាប់ៗនេះ។ ២ គឺដាក់ការទាក់ទង រវាងកម្ពុជា និងវៀតណាមឲ្យជាប់ ពិសេសភូមិភាគ និងតំបន់ ដែលនៅជាប់ព្រំដែនស្រាប់ហើយនោះ។ ៣ ខំរៀបចំកម្លាំងឲ្យបានរឹងមាំ ពិសេសត្រូវរក្សាការសម្ងាត់ ព្រោះបក្សចាប់ខ្សែក្បត់ជាបន្តបន្ទាប់ នេះបញ្ហាសំខាន់ណាស់ បើថាបែកខ្សែយើងហើយ គឺត្រូវខ្ទេចខ្ទីទាំងអស់។ បញ្ជាក់ពីការត្រៀមកម្លាំង ត្រៀមទាំងយោធា-ស្បៀង រិទ្ធង្សនា[11]ផ្សេងៗ ធ្វើឲ្យស្ថានការណ៍ច្របូកច្របល់ អនុគ្រោះដល់ការវាយសំរុកមកពីក្រៅផង។ ៤ ខ្លឹមសារខាងចាត់តាំង ត្រូវចាត់តាំងគណៈដឹកនាំរួមទូទាំងប្រទេស គឺសមមិត្តដែលអញ្ជើញពីគ្រប់ភូមិភាគ ត្រូវចូលការដឹកនាំនេះ គឺឈ្មោះដូចមានលេខរៀងខាងលើនេះស្រាប់។ រួចហើយគ្រប់ភូមិភាគមួយៗ ត្រូវទៅរៀបចំតាមភូមិភាគ តំបន់ រៀងៗខ្លួនឲ្យបានឆាប់។ ៥ ការទាក់ទងគ្នាឲ្យជាប់ ពិសេសយកពេលមកធ្វើការជួបគ្នា គឺជួបប្ដូរមតិគ្នា ក៏បាន[12] ។
ប្រសិនជាយើងក្រឡេកទៅមើលសៀវភៅ នៅពេលដែលសង្គ្រាមរលត់ទៅ បានលើកឡើងថា ភឹម និងកងទ័ពរបស់គាត់នៅតែជឿមិនអស់មិនហើយថា វាពិតជាមានការភ័នច្រឡំមួយ។ អ្នកទាំងនេះយល់ថាពួកគេពុំមែនជាមនុស្សក្បត់ទេ ហើយជឿថាមជ្ឈិមនឹងកែប្រែការសង្ស័យដែលខុសរបស់ខ្លួនឡើងវិញ ក្រោយពេលដែលការពិតនឹងត្រូវគេដឹងច្បាស់។ ពួកគេបានបង្ហាញឲ្យឃើញនៅភាព «ឆាប់ងាយជឿ» ដូច «ពួកអ្នកថ្មី» ដែរ នៅដើមដំបូងនៃការបដិវត្តន៍។ នៅពេលពួកមេបញ្ជាការទ័ពរបស់ភូមិភាគ ត្រូវបានកោះហៅទៅចូលរួមការប្រជុំមួយនៅខែឧសភា ពួកគេបានគោរពធ្វើតាមភ្លាម។ នេះគឺជាអន្ទាក់មួយរបស់មជ្ឈិម។ ក្នុងរឿងនេះប្រហែលជាមានការគិតខុសមួយ ភឹម ពុំអាចនឹកស្មានថា រូបគាត់ផ្ទាល់ និងភូមិភាគរបស់គាត់ ត្រូវគេដាក់ឲ្យស្ថិតនៅក្រោមការបោសសម្អាតមួយ សម្រាប់មូលហេតុនៃការប្រព្រឹត្តអំពើក្បត់ បម្រើផលប្រយោជន៍ប្រទេសវៀតណាមឡើយ[13] ។
អឿន ត្រូវបានចាប់ខ្លួនទៅ គុកទួលស្លែង នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៧៧ និងសម្លាប់នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ១៩៧៧[14] ។ ចំណែកកងយោធាក្រោមបង្គាប់របស់ អឿន ទាំងប្រុស ទាំងស្រី មួយចំនួនត្រូវបានចាប់ខ្លួនយកទៅគុកទួលស្លែង និងមួយចំនួនទៀត រួមទាំង ស៊ីថា បាននាំទៅខេត្តកំពង់ឆ្នាំង ហើយបានបានបង្ខំឲ្យធ្វើការងារជាទម្ងន់ដើម្បីលត់ដំខ្លួននៅទីនោះ។ នៅអំឡុងឆ្នាំ១៩៧៧ ភូមិភាគឧត្តរទាំងមូលត្រូវបានផ្លាស់ប្ដូរអ្នកគ្រប់គ្រងថ្មី និងបរិបទថ្មី។ ភូមិភាគឧត្ដរត្រូវបានគ្រប់គ្រងដោយយោធាខ្មែរក្រហមមកពី ភូមិភាគនិរតី[15] ។ បន្ថែមពីនេះទៀត នៅពេលដែលយោធាខាងភូមិភាគនិរតីចូលគ្រប់គ្រងតំបន់នោះ គឺអ្វីត្រូវបានរឹតបណ្តឹង ទាំងការធ្វើការងារ ការហូបចុក និងការរស់នៅ។ ការធ្វើការ ត្រូវធ្វើឲ្យគ្រប់ចំនួនកំណត់ដែលអង្គការបានដាក់ឲ្យ ប្រសិនជាធ្វើមិនគ្រប់តាមអ្វីដែលអង្គការដាក់ឲ្យនោះ នឹងត្រូវបង្អត់អាហារ ឬយកទៅកសាង នឹងអាចឈានដល់សម្លាប់ចោលក៏មាន។ ពាក់ព័ន្ធនឹងរបបអាហារគឺទទួលបានតិចជាងមុន បបរគឺមានតែទឹកមិនសូវមានគ្រាប់បាយនៅក្នុងនោះ ចំណែកឯ ការរស់នៅ គ្រួសារមួយចំនួនធំត្រូវរស់នៅបែកដោយឡែកពីគ្នា គ្រួសារខ្លះទៀតត្រូវបាត់បង់សមាជិកដោយសារតែអង្គការយកទៅសម្លាប់ ឬស្លាប់ដោយសារជំងឺ និងធ្វើការងារលើសកម្លាំង។ ម្យ៉ាងវិញទៀត ប្រសិនជាយើងក្រឡេកទៅមើលពិធីរៀបការនៅក្នុងរបបខ្មែរក្រហម ចំពោះយោធាខ្មែរក្រហមដែលមានឋានៈ និងតួនាទីធំៗ គឺអាចស្នើសុំអង្គការ ដើម្បីរៀបការជាមួយនឹងស្រ្តីដែលខ្លួនស្រឡាញ់បាន បើទោះបីជាស្រ្តីនោះមិនពេញចិត្តក៏ដោយ ក៏មិនមានសិទ្ធិប្រកែកដែរ។ ដោយឡែក ចំពោះប្រជាជនធម្មតា នៅពេលដែលមានអាយុគ្រប់នឹងរៀបការ គឺអង្គការនឹងរៀបចំពិធីឲ្យដោយមិនបានសួរនាំជាមុន។ អង្គការបានរៀបចំកម្មវិធី និងហៅយុវជន យុវនារី ទាំងអស់ឲ្យឈរ ឬអង្គុយទល់មុខគ្នា ហើយបានប្រាប់ទៅកាន់យុវជន យុវនារីទាំងអស់ថាត្រូវរួមរស់ជាមួយគ្នា ដើម្បីបង្កើតកូនជូនអង្គការ។
នៅពាក់កណ្ដាលឆ្នាំ១៩៧៨ ទាហានវៀតណាម បានវាយចូលទឹកដីកម្ពុជា ពេលនោះប្រទេសជាតិចាប់ផ្ដើមមានភាពចលាចល និងមានសង្រ្គាមម្ដងទៀតរវាងយោធាខ្មែរក្រហម និងទាហានវៀតណាម។ ចលនានៃការជម្លៀសប្រជាជនក៏ចាប់ផ្ដើមឡើងវិញ ខ្មែរក្រហមបានជម្លៀសប្រជាជនភូមិស្រុក ឲ្យចូលទៅក្នុងព្រៃ ចំណែក ស៊ីថា បានជម្លៀសទៅកាន់ភ្នំឱរ៉ាល់។ ការផ្ទុះអាវុធរវាងយោធាខ្មែរក្រហម និងទាហានវៀតណាម បានធ្វើឲ្យប្រជាជន ទាំងប្រុស ទាំងស្រី ចាស់ ក្មេង និងយោធាខ្មែរក្រហម ព្រមទាំងទាហានរបស់វៀតណាមមួយចំនួន ស្លាប់បាត់បង់ជីវិត។ នៅដើមឆ្នាំ១៩៧៩ យោធាខ្មែរក្រហម បានចាញ់សង្រ្គាមជាមួយនឹងទាហានវៀតណាម។ ស៊ីថា បាននិយាយថា ការចាញ់សង្រ្គាមនោះគឺដោយសារតែ យោធាខ្មែរក្រហម មិនមានលទ្ធភាពទប់ទល់ ទ័ពចាប់ផ្ដើមបាក់ស្បាត និងបានរត់គេចខ្លួន។ គាត់បានឡើងភ្នំឱរ៉ាល់ប្រហែលជា ១ខែ បន្ទាប់ពីរបបខ្មែរក្រហមបានបញ្ចប់ ក៏បានវិលត្រឡប់ទៅកាន់ស្រុកកំណើតរបស់គាត់វិញ។ នៅឆ្នាំ១៩៨១ គាត់បានរៀបការជាមួយនឹងប្រពន្ធរបស់គាត់ឈ្មោះ មាន់ គីម មានកូន ៨នាក់ ស្រី៣នាក់ និងប្រុស៥នាក់៕
អត្ថបទដោយ៖ នេន ស្រីមុំ
ឯកសារយោង៖
[1] ឈឹម ស៊ីថា. បទសម្ភាសន៍ដោយ សុខ វណ្ណៈ. គម្រោងការជំរុញឲ្យមានការទទួលខុសត្រូវ(Promoting Accountability). (ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០០៦). មជ្ឈមណ្ឌលឯកសារកម្ពុជា. ក្រចេះ. លេខ KRI0017
[2] ផេង ពង្សរ៉ាស៊ី et al. ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩). ២០២០. ភ្នំពេញ. មជ្ឈមណ្ឌលឯកសារកម្ពុជា. ទំព័រ៣៤
[3] យោងតាមឯកសាររបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា. ហ៊ូ នឹម ឈ្មោះបដិវត្តន៍ហៅ ភាស់ (១៩៣២-១៩៧៧) គឺជារដ្ឋមន្រ្តីក្រសួងព័ត៌មាន និងឃោសនាការ។ គាត់ត្រូវបានឃុំខ្លួននៅ ស-២១ និងក្រោយមក សម្លាប់ចោល។ ថ្ងៃចូលអាន៖(៤.ធ្នូ.២០២៤) តំណរភ្ជាប់៖ https://www.eccc.gov.kh/directory/khmer-rouge-profile/hu-nim
[4] ស្ទួន. ហ៊ូ យន់ (១៩៣០-១៩៧៦) ជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កំណែទម្រង់ឃុំ និងសហករណ៍នៃរាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា ។ គាត់ត្រូវបានបោសសម្អាតពីជួរបក្សកុម្មុយនីស្តកម្ពុជា (“ប.ក.ក”) ក្រោយរិះគន់ជាចំហរនូវសេចក្តីសម្រេចរបស់បក្ស។ ថ្ងៃចូលអាន៖(៤.ធ្នូ.២០២៤) តំណរភ្ជាប់៖ https://www.eccc.gov.kh/directory/khmer-rouge-profile/hou-youn
[5] ហ៊ុយ វណ្ណៈ. កងពលខ្មែរក្រហមលេខ៧០៣. ២០០៣. ភ្នំពេញ. មជ្ឈមណ្ឌលឯកសារកម្ពុជា. ទំព័រ៣៤
[6] ឈឹម ស៊ីថា. បទសម្ភាសន៍ដោយ សុខ វណ្ណៈ. គម្រោងការជំរុញឲ្យមានការទទួលខុសត្រូវ(Promoting Accountability). (ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០០៦). មជ្ឈមណ្ឌលឯកសារកម្ពុជា. ក្រចេះ. លេខ KRI0017
[7] ហ៊ុយ វណ្ណៈ. កងពលខ្មែរក្រហមលេខ៧០៣. ២០០៣. ភ្នំពេញ. មជ្ឈមណ្ឌលឯកសារកម្ពុជា. ទំព័រ៤២
[8] ស្ទួន, ទំព័រ៤៣
[9] យោងតាមឯកសាររបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា. «សោ ភឹម (១៩២៥-១៩៧៨) ជាលេខាភូមិភាគបូព៌ា អនុប្រធានទី១ នៃគណៈប្រធានរដ្ឋ និងសមាជិកគណៈអចិន្រ្តៃយ៍ និងគណៈមជ្ឈិមនៃបក្សកុម្មុយនីស្តកម្ពុជា (“ប.ក.ក”)។ គាត់បានធ្វើអត្តឃាតមុនពេលចាប់ខ្លួនដោយ ប.ក.ក។» ថ្ងៃចូលអាន៖(៤.ធ្នូ.២០២៤) តំណរភ្ជាប់៖ https://www.eccc.gov.kh/directory/khmer-rouge-profile/sao-phim
[10] ស្ទួន, «រស់ ញឹម (១៩២២-១៩៧៨) ជាលេខា ភូមិភាគពាយ័ព្យ អនុប្រធានទី២ នៃគណៈប្រធានរដ្ឋ និងសមាជិកគណៈមជ្ឈិម និង គណៈអចិន្រ្តៃយ៍។ គាត់ត្រូវបានឃុំនៅ ស-២១ និងក្រោយមកសម្លាប់ចោលនៅទីនោះ។» ថ្ងៃចូលអាន៖(៤.ធ្នូ.២០២៤) តំណរភ្ជាប់៖ https://www.eccc.gov.kh/directory/khmer-rouge-profile/ruos-nhim
[11] យោងតាមវចនានុក្រម សម្ដេច ជួន ណាត ពាក្យ «វិទ្ធង្សនា» គឺសំដៅដល់សកម្មភាពណាមួយ ដែលបង្កផលមិនល្អ ឬបង្កើតភាពវឹកវរ ដល់ក្រុមមនុស្ស ឬក៏សង្គមទាំងមូល។
[12] ឯកសារលេខ D21281. ចម្លើយសារភាពរបស់ឈ្មោះ រស់ ញឹម. មជ្ឈមណ្ឌលឯកសារកម្ពុជា. ថ្ងៃទី១៤ មិថុនា ១៩៧៨.
[13] អេលីហ្សាបែត ប៊េកខ័រ. នៅពេលដែលសង្រ្គាមរលត់ទៅ. ២០០៥. ភ្នំពេញ. មជ្ឈមណ្ឌលឯកសារកម្ពុជា. ទំព័រ៤១៣-៤១៤
[14] យោងតាម បញ្ជីឈ្មោះជនរងគ្រោះដែលបានកម្ទេចនៅមន្ទីរស-២១ «១៩៧៦-១៩៧៨». មជ្ឈមណ្ឌលឯកសារកម្ពុជា
[15] ផេង ពង្សរ៉ាស៊ី et al. ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩). ២០២០. ភ្នំពេញ. មជ្ឈមណ្ឌលឯកសារកម្ពុជា. ទំព័រ៣៤ «ភូមិភាគនិរតី (ភូមិភាគ៤០៥) ដឹកនាំដោយ ឈិត ជឿន ហៅ តាម៉ុក។ ភូមិភាគនេះរួមមានខេត្តកំពត និងខេត្តតាកែវទាំងមូល ស្រុក២ក្នុងខេត្តកំពង់ស្ពឺ គឺស្រុកសំរោងទង និងស្រុកគងពិសី និងស្រុក៥ក្នុងខេត្តកណ្ដាល គឺស្រុកកណ្ដាលស្ទឹង ស្រុកស្អាង ស្រុកកោះធំ ស្រុកកៀនស្វាយ និងស្រុកលើកដែក។ ភូមិភាគចែកចេញជា៤តំបន់គឺ៖ តំបន់១៣ តំបន់៣៣ តំបន់៣៥ និងតំបន់២៥។»