កុមារមើលក្របីសម័យខ្មែរក្រហម

(ស្វាយរៀង)៖ ពេលខ្មែរក្រហមឡើងកាន់អំណាចខ្ញុំត្រូវបានប្រធានកងកុមារប្រើឲ្យឃ្វាល​គោក្របី និងតម្រូវឲ្យស្នាក់នៅបែកពីឪពុកម្តាយ។ នេះជាការលើកឡើងដោយអ្នកអ្នករស់រានមានជីវិតម្នាក់ឈ្មោះ កែ គាំ អាយុ ៦០ឆ្នាំ ជាកសិករ។ គាត់មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិកំរ៉ែង ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។ គាំ មានបងប្អូនចំនួន៨នាក់។ ពូរបស់គាំបានស្លាប់បាត់បង់ជីវិតក្នុងរបប​ខ្មែរក្រហមដោយសារតែគាត់ជាអតីតទាហាន លន់ នល់។

នៅក្នុងភូមិកំរ៉ែងកាលពីរបបខ្មែរក្រហម កងឈ្លបបានដើរប្រមូលទ្រព្យសម្បតិ្តឯកជនទាំងអស់របស់ប្រជាជនដូ​ចជា​គោ ក្របី រទេះ នង្គ័ល និងគ្រឿងអលង្ការផ្សេងៗដើម្បីទុកប្រើប្រាស់រួមក្នុងសហករណ៍​។ គាំ និងបងប្អូន ព្រមទាំងឪពុកម្តាយ អង្គការបានតម្រូវឲ្យទៅរស់នៅ ធ្វើការ និងហូបបាយរួមនៅរោងបាយ​កំរ៉ែង។ ពេលនោះដោយសារតែគាត់មានអាយុប្រហែល១២ឆ្នាំ ប្រធានកងកុមារបានឲ្យ គាំ មើលគោ ក្របីនិងដើររើសអាចម៍គោ រើសគួរស្រូវនៅតាមវាលស្រែ។ ក្នុងកងកុមារតែងមានកិច្ចប្រជុំធ្វើស្វ័យទិតៀនរវាងកុមារនិងកុមារក្នុងកងពីភាពអសកម្មផ្សេង​ៗ។ កុមារដែលធ្វើការងារមិនយកចិត្តទុកដាក់បណ្តាលឲ្យបាត់គោ ក្របីឬ គោ ក្របី ទៅស៊ីស្រូវរបស់អង្គការត្រូវបានប្រធានកងកុមារដាក់ទោសដោយបង្អត់អាហារ និងស្តីបន្ទោសជាដើម​។

នៅក្នុងកងកុមាររបស់ គាំ នៅពេលដល់ម៉ោងហូបអាហារអ្នកធ្វើការនៅរោងបាយតែងតែវាយជួងជាសញ្ញាដើម្បីឲ្យកុមារមកហូបបាយ២ពេលក្នុង១ថ្ងៃគឺថ្ងៃត្រង់ និងល្ងាច។ គាំ បាននិយាយថាថ្ងៃណាដែលសហករណ៍បើកអង្ករបានច្រើនកុមារទទួលបានបាយ ផ្ទុយ​ទៅវិញប្រសិនបើរបបអង្ករខ្វះ គឺបានត្រឹមបបរប៉ុណ្ណោះ។ ថ្ងៃមួយ គាំ នៅចាំថា គាត់ និងកុមារៗដទៃទៀតក្នុងកងបានទៅបាចត្រី និងដុតត្រីហូប ពេលកងឈ្លបខ្មែរក្រហមតាមទាន់ក៏បានយកត្រីនោះបោះចោល និងបានគំរាមថាឲ្យឈប់ហូបត្រីជាលក្ខណឯកជនទៀត។ ​ត្រីដែលរកបានត្រូវយកទៅដាក់នៅរោងបាយ​សម្រាប់​ហូបរួម ប្រសិនបើអង្គការតាមទាន់ម្តងទៀតនឹងយកទៅកសាង។

ក្នុងរបបខ្មែរក្រហម គាំ ធ្លាប់ឈឺជំងឺគ្រុនចាញ់ស្ទើរតែបាត់បង់ជីវិត។ គាំ បានមនុស្សចាស់ក្នុងភូមិព្យាបាលដោយប្រើថ្នាំបុរាណទើបគាត់ជាសះស្បើយពីជំងឺ។ ទោះបីពេលឈឺក៏ គាំ មិនត្រូវបានអង្គការឲ្យសម្រាកដែរគឺគាត់ត្រូវទៅឃ្វាលគោក្របីដូចធម្មតា។ ចំណែកសំលៀកបំពាក់វិញ១ឆ្នាំ ខ្មែរក្រហមបានចែកឲ្យម្នាក់១កំភ្លេ។ ដូច្នេះប្រជាជនស្ទើរតែគ្រប់​ៗ​គ្នា​ស្លៀកពាក់ ខោ អាវ ដែលរហែក​រហុយ។

បច្ចុប្បន្ន គាំ មានជំងឺប្រចាំកាយគឺជំងឺវិលមុខជាប្រចាំ៕

សម្ភាសន៍ដោយ យ៉េ ស្រីលាក់ ថ្ងៃទី៥ ខែ កញ្ញា ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin