អង្គការខ្មែរក្រហមចោទជាមនុស្សខ្ជិល នៅពេលតវ៉ាចំពោះការងារ

ពៀច លែង រស់នៅភូមិត្រាក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី

(រតនគិរី)៖  ពៀច លែង មានអាយុ ៦០ឆ្នាំ ជាជនជាតិដើមភាគតិចកាវែត រស់នៅភូមិត្រាក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។

នៅក្រោមរបបខ្មែរក្រហម ពៀច លែង និងកុមារជាច្រើននាក់ទៀតត្រូវបានខ្មែរក្រហមរៀបចំឲ្យរស់នៅរួម ធ្វើការរួមនិងហូបរួមនៅក្នុងកងកុមារ។ ការងាររបស់កងកុមារមានដូចជា ដើរប្រមូលលាមកសត្វគោឬក្របីតាមវាលស្រែ និងលាមកមនុស្សនៅតាមផ្ទះ ដើម្បីធ្វើជាជីសម្រាប់ដាក់វាលស្រែ ដែលនាំឲ្យខ្មែរក្រហមទទួលបានទិន្នផលខ្ពស់។

ពៀច លែង ត្រូវបានផ្លាស់ប្តូរពីកងកុមារទៅធ្វើការនៅតាមក្រុមសហករណ៍  ដែលនៅទីនោះគាត់ត្រូវធ្វើស្រែស្ទូងស្រូវ និងច្រូតស្រូវជាដើម។

ក្រោយមកទៀត គាត់ត្រូវបានខ្មែរក្រហមបញ្ជូនឲ្យធ្វើការនៅតាមកងចល័តនៅភូមិអូរតាង។ នៅទីនោះ ប្រជាជនទាំងអស់ត្រូវក្រោកពីព្រលឹមដើម្បីទៅធ្វើការនៅតាមស្រែចម្ការរហូតដល់ថ្ងៃត្រង់ទើបបានសម្រាកហូបអាហារដែលចុងភៅចែកឲ្យ។ បន្ទាប់ពីហូបរួច ពៀច លែង ត្រូវបន្តទៅធ្វើការរហូតដល់ម៉ោង៦ល្ងាច ទើបបានហូបអាហារម្តងទៀត។ បញ្ជាក់នៅសម័យនោះ ប្រជាជនជាទូទៅទទួលបានរបបអាហារតែពីរពេលប៉ុណ្ណោះក្នុងមួយថ្ងៃ។

ក្រោយពីហូបរួច គាត់ត្រូវបន្តទៅធ្វើការទាំងហត់ រហូតដល់ម៉ោង១០យប់ ទើបបានសម្រាន្ត។ នៅសម័យខ្មែរក្រហមប្រជាជនត្រូវធ្វើការជាច្រើនម៉ោង និងទទួលត្រឹមតែបាយមួយនាក់មួយវែកទៅពីរវែកប៉ុណ្ណោះសម្រាប់ហូប​​​ក្នុងមួយពេល ដោយចុងភៅកំណត់ទៅតាមកម្លាំងការ​​ងារ​​ដែលធ្វើបានក្នុងមួយថ្ងៃ។

នៅពេលមានប្រជាជនណាម្នាក់ដែលមកធ្វើការយឺត ឬមិនអាចធ្វើការងារតាមការកំណត់របស់ខ្មែរក្រហមនោះ អ្នកទាំងនោះនឹងត្រូវបង្អត់អាហារពេញមួយថ្ងៃ ដោយគ្មានការយោគយល់ ឬអត់ឱននោះទេចំពោះកំហុសដែលកើតមានឡើង ទោះបីជាបន្តិចបន្តួចក៏ដោយ។

ទំនៀមទម្លាប់ក៏ដូចជាប្រពៃណីរបស់ជនជាតិដើមភាគ​​​តិចកាវែត គឺត្រូវបានខ្មែរក្រហមលុបបំបាត់ និងហាមប្រាមពុំឲ្យមានការសែនព្រេនអ្វីនោះទេ។ ប្រជាជនត្រូវរស់នៅដោយការបំបិទសិទ្ធិសេរីភាព ប្រជាជនគ្មានសិទ្ធិប្រកបរបរអ្វីទាំងអស់ គ្មានការជួបជុំឬរស់នៅជាលក្ខណៈក្រុមគ្រួសារនោះទេ។

អ្នកដែលឈឺត្រូវទៅធ្វើការធម្មតា លុះត្រាតែអ្នកទាំងនោះមានជំងឺធ្ងន់ធ្ងរដែលមិនអាចមានលទ្ធភាពធ្វើការបានទើបខ្មែរក្រហមនាំខ្លួនយកទៅព្យាបាល។ អ្នកដែលមានសំណាងបានជាសះស្បើយ និងត្រឡប់មកធ្វើការវិញជាធម្មតា តែសម្រាប់មនុស្សភាគច្រើនគឺមិនបានត្រឡប់មកធ្វើការវិញនោះទេ អ្នកទាំងនោះបានបាត់បង់ជីវិតដោយ​សារ​ការធ្វើការងារហួសកម្លាំង ហូបចុកមិនគ្រប់គ្រាន់ និងមានជំងឺផ្សេងៗជាដើម ដោយគ្មានការមើលថែនៅ​ពេលមានរោគសញ្ញា ផ្ទុយទៅវិញខ្មែរក្រហមបង្ខំឲ្យធ្វើការរហូតដល់បាត់បង់ជីវិត។

អ្នកដែលប្រឆាំង ឬតវ៉ាចំពោះការងារ នឹងត្រូវចោទថាជាមនុស្សខ្ជិលដែលអង្គការនាំខ្លួនយកទៅរៀនសូត្រ ដែលមានន័យថាសម្លាប់ ឬខ្មែរក្រហមតែងតែនិយាយថា «ទុកក៏មិនចំណេញដកចេញក៏មិនខាត»។

របបខ្មែរក្រហមមិនត្រឹមសម្លាប់ប្រជាជនស្លូតត្រង់នោះទេ ជាពិសេសអ្នកដែលមានចំណេះដឹង អ្នកដែលធ្លាប់បម្រើការជាមន្ត្រីរាជការពីរបបមុនៗឬរបបចាស់ នឹងត្រូវបានស្វែងរក បន្ទាប់មកសម្លាប់ដោយគ្មានមេត្តានោះទេ។ នេះជារបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលអ្នករស់រានមានជីវិតពីរបបនេះ រួមទាំង ពៀច លែង ចងចាំមិនភ្លេច៕

សម្ភាសន៍ដោយ បេង ហង្ស ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin