អ្នកដែលមានជំងឺមិនអាចទៅធ្វើការត្រូវបានសម្លាប់នៅសម័យខ្មែរក្រហម
(រតនគិរី)៖ ជូ វែ មានអាយុ ៥៨ឆ្នាំ ជាជនជាតិដើមភាគតិចកាវែត បច្ចុប្បន្នរស់នៅភូមិត្រាក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។
កាលពីសម័យខ្មែរក្រហម គាត់បានចងចាំថា វត្ថុមានតម្លៃនិងសម្ភារផ្សេងៗ ត្រូវបានខ្មែរក្រហមដើរប្រមូលនៅតាមផ្ទះរបស់ប្រជាជន ដោយខ្មែរក្រហមបានអះអាងថានឹងទុកជារបស់រួម។ គាត់បញ្ជាក់ថា នៅសម័យនោះគ្មានការប្រើប្រាស់សម្ភារជាលក្ខណៈឯកជននោះទេ។ វប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិដើមភាគតិចពីដូនតាត្រូវបានខ្មែរក្រហមលុបបំបាត់ និងបំបិទសិទ្ធិសេរីភាពរបស់ប្រជាជនក្នុងការរស់នៅ។
ជូ វែ ត្រូវបានខ្មែរក្រហមចាត់តាំងឲ្យរស់នៅ និងធ្វើការជាក្រុមដែលហៅថា ក្រុមកុមារ ឬកងកុមារ ដោយមានតួនាទីដើរប្រមូលនិងកើបលាមកមនុស្ស និងសត្វគោក្របី ដែលក្រុមផ្សេងទៀតចិញ្ចឹម។ ជួនកាលគាត់ត្រូវដើរកាប់ទន្ទ្រានខេត្ត និងដឹកជញ្ជូនយកមកដាក់តាមឃ្លាំងដើម្បីកាប់ចិញ្រ្ចាំ។ នៅពេលកាប់ចិញ្ច្រាំទន្រ្ទានខេត្តសម្រាប់ធ្វើជី សមាជិកនៅក្នុងកងកុមារបានប្រលងប្រណាំងទើបបណ្ដាលឲ្យមានគ្រោះថ្នាក់ ដោយអ្នកខ្លះបានកាប់ចំដៃខ្លួនឯង។ ជូ វែ បានបន្តថា ខ្មែរក្រហមបានបែងចែកជាពីរក្រុម គឺក្រុមដឹកជញ្ជូននិងកាប់ដីដំបូក និងក្រុមដឹកជញ្ជូននិងកាប់ទន្ទ្រានខេត្ត។ គាត់បញ្ជាក់ផងដែរថា ដោយសារគាត់រៀននៅថ្នាក់ទី១ ខ្មែរក្រហមឲ្យគាត់កាប់ទន្រ្ទានខេត្តបន្ទាប់មកថ្នាក់ទី២ កាប់ដីដំបូក និងថ្នាក់ទី៣ ត្រូវកើបលាមកមនុស្ស និងសត្វសម្រាប់ធ្វើជី។
នៅសម័យខ្មែរក្រហម ប្រជាជនទាំងចាស់ទាំងក្មេងត្រូវធ្វើការទាំងថ្ងៃទាំងយប់ ដោយគ្មានពេលសម្រាកបានគ្រប់គ្រាន់ ឬហូបចុកបានគ្រប់គ្រាន់នោះទេ។ អ្នកដែលខ្ជិលច្រអូស ឬគ្មានកម្លាំងធ្វើការនឹងត្រូវបង្អត់អាហារ។ ចំណែកអ្នកដែលលួចរបស់រួមសម្រាប់ហូប នឹងត្រូវចាប់ខ្លួនយកទៅរៀនសូត្រ ដែលពាក្យរៀនសូត្រនេះមានន័យស្មើនឹងពាក្យសម្លាប់។
អ្នកដែលមានជំងឺបន្តិចបន្តួចត្រូវបានខ្មែរក្រហមបង្ខិតបង្ខំឲ្យធ្វើការរហូតដល់បាត់បង់ជីវិត។ ជូ វែ បានរៀបរាប់ពីហេតុការណ៍មួយ ដែលគាត់បានឃើញផ្ទាល់ភ្នែកនៅពេលខ្មែរក្រហមនាំមនុស្សយកទៅសម្លាប់នៅពេលគាត់កំពុងលើកទំនប់នៅភូមិកាឡឹម។ នៅពេលនោះបុរសម្នាក់បានអះអាងថា គាត់មានជំងឺមិនអាចទៅធ្វើការបាន ក៏ប៉ុន្តែខ្មែរក្រហមមិនជឿសម្ដីរបស់គាត់នោះទេ។ ខ្មែរក្រហមបានចោទបុរសម្នាក់នោះថាខ្ជិល និងធ្វើពុតជាឈឺមិនព្រមទៅធ្វើការ។ ខ្មែរក្រហមបានចាប់ចងនឹងវាយបុរសនោះទម្លាក់ពីលើទំនប់ និងកប់ដីទាំងរស់។ ជូ វែ បាននិយាយថា បុរសម្នាក់នោះពិតជាមានជំងឺ តែខ្មែរក្រហមមិនជឿ។
បើនិយាយពីរបបអាហារនៅសម័យនោះវិញ ជូ វែ ប្រាប់ថា គាត់មិនបានហូបចុកគ្រប់គ្រាន់នោះទេ ដោយខ្មែរក្រហមចែកបាយមួយនាក់មួយវែកសម្រាប់ហូប។ នៅក្នុងបាយមានលាយជាមួយបន្លែដូចជាត្រួយដំឡូង ដើមចេក និងមើមដំឡូងជាដើម។
នៅពេលរបបខ្មែរក្រហមបានដួលរលំ ជូ វែ បានរត់គេចខ្លួនចូលព្រៃទៅតាមកងឈ្លបខ្មែរក្រហម៕
សម្ភាសន៍ដោយ បេង ហង្ស ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤