ក្រុមពេទ្យ និងអ្នកចិញ្ចឹមសត្វនៅសម័យខ្មែរក្រហម

សំ រ៉ន រស់នៅភូមិត្រាក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី

(រតនគិរី)៖  សំ រ៉ន មានអាយុ ៦០ឆ្នាំ ជាជនជាតិដើមភាគតិចកាវែត ដែលបច្ចុប្បន្នរស់នៅភូមិត្រាក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។

ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ គាត់បាន​​​រៀបរាប់ថា នៅសម័យខ្មែរក្រហម គាត់ត្រូវរស់នៅរួម ធ្វើការរួម និងហូបរួមនៅក្នុងសហករណ៍ ដែលរបបខ្មែរក្រហមបានបង្កើតទូទាំងប្រទេស។ ប្រជាជននៅក្នុងសហករណ៍ក៏ត្រូវបានបែងចែកជាក្រុម ដោយកំណត់ទៅតាមអាយុ​និងភេទ។

ការហូបចុកមានការខ្វះខាត ដោយក្នុងមនុស្សម្នាក់ទទួលបានរបបអាហារត្រឹមតែបាយមួយកូនចានតូចលាយ​​​ជាមួយមើមដំឡូង ត្រួយដំឡូង និងដើមចេក។ មានពេលខ្លះគាត់ទទួលបានតែបបរប៉ុណ្ណោះសម្រាប់ហូប។ ខ្មែរ​​​ក្រហមមិនបានគិតគូរអំពីការហូបចុក ឲ្យបានគ្រប់គ្រាន់ ឬសាកសមទៅតាមកម្លាំងពលកម្មដែលប្រជាជនត្រូវធ្វើនោះទេ។

ការធ្វើការគឺមានភាពលំបាកខ្លាំងដោយសារការហូបចុកខ្វះខាត និងហួសកម្លាំង។ ប្រជាជនទាំងចាស់ទាំងក្មេងត្រូវចាប់ផ្តើមធ្វើការតាំងពីព្រឹករហូតដល់ថ្ងៃត្រង់ទើបបានសម្រាកនិងហូបបាយ។ សំ រ៉ន ត្រូវបន្តធ្វើការរហូតដល់យប់អធ្រាត្រដោយមិនបានសម្រាន្តគ្រប់គ្រាន់។ ប្រជាជនត្រូវបានខ្មែរក្រហមបង្ខំឲ្យធ្វើការជាទម្ងន់ និងទទួលបានត្រឹមតែរបបអាហារមួយថ្ងៃពីរពេលប៉ុណ្ណោះ គឺពេលថ្ងៃត្រង់ និងពេលល្ងាច។

សម្រាប់សហករណ៍ដែលគាត់រស់នៅមានភាពខុសគ្នាបន្តិចបន្តួចដោយក្រុមរបស់គាត់ទទួលបានអាហារសម្រន់នៅពេលព្រឹក ដោយសារគាត់ធ្វើការនៅមន្ទីរពេទ្យ។​ ក្នុងមួយថ្ងៃ ខ្មែរក្រហមចែកអង្ករចំនួនពីរកំប៉ុងឲ្យមនុស្ស ៥ នាក់សម្រាប់ដាំបាយលាយជាមួយបន្លែផ្សេងៗសម្រាប់បរិភោគ។ សំ​ រ៉ន បញ្ជាក់ថាគាត់បរិភោគមិនបានឆ្អែតនោះទេ។

ក្រៅពីការងារនៅមន្ទីរពេទ្យ ខ្មែរក្រហមចាត់តាំងឲ្យគាត់និងក្រុមការងារម្នាក់ទៀតធ្វើការខាងកសិកម្ម ដែលមានការងារដូចជាចិញ្ចឹមសត្វជ្រូក មាន់ ទា គោនិងក្របីនៅឯភូមិកងណក។ គាត់ត្រូវប្រមូលផ្លែកន្ទួតពីក្រុមបុកស្រូវ សម្រាប់ធ្វើចំណីជ្រូក និងដាក់ចំណីឲ្យសត្វដែលគាត់ត្រូវចិញ្ចឹម។

គាត់បានបញ្ជាក់ថា ការងាររបស់គាត់ គឺមិនសូវជាមានការលំបាកខ្លាំងដូចប្រជាជនធ្វើការតាមសហករណ៍ដែលត្រូវធ្វើស្រែ ជីកប្រឡាយ ស្ទូងស្រូវ និងច្រូតស្រូវនោះទេ។ ការងាររបស់គាត់មានតែចិញ្ចឹមសត្វ និងធ្វើអាហារហូបខ្លួនឯងប៉ុណ្ណោះ។

ក្រោយពីរបបខ្មែរក្រហមបានដួលរលំនៅឆ្នាំ១៩៧៩ សំ រ៉ន បានរត់គេចខ្លួនទៅតាមកងទ័ពខ្មែរក្រហមរហូតដល់​តំបន់កន្ទុយនាគនៅឯខេត្តរតនគិរីជាប់ព្រំដែនប្រទេស​ឡាវ។ គាត់បានរស់នៅទីនោះអស់រយៈពេលជាង ២ ឆ្នាំ។

នៅឆ្នាំ១៩៨២ គាត់បានរត់ភៀសខ្លួនម្តងទៀតពីទៅភ្នំដងរែកដែលនៅជិតព្រំដែនប្រទេសថៃ និងបន្តទៅរស់នៅខេត្តកំពតរហូតដល់ឆ្នាំ១៩៩៣ ដែលមានការរៀបចំការបោះឆ្នោតដោយអាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា ហៅកាត់ថាអ៊ុនតាក់ ទើបគាត់ត្រឡប់មកនៅស្រុកកំណើតវិញ។ សំ រ៉ន ដូចនឹងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដទៃទៀតកំពុងមានជំងឺប្រចាំកាយ៕ ​

សម្ភាសន៍ដោយ បេង ហង្ស ថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៤

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin