ឪពុកមាត្រូវបានសម្លាប់ដោយសារលួចដំឡូង
(រតនគិរី)៖ តាប នុត មានអាយុ ៥៨ឆ្នាំ ជាជនជាតិដើមភាគតិចកាវែត និងបច្ចុប្បន្នជាកសិកររស់នៅភូមិត្រាក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។
បើតាមការរៀបរាប់របស់ តាប នុត នៅក្រោមរបបខ្មែរក្រហម វប្បធម៌ប្រពៃណីនិងទំនៀមទម្លាប់ត្រូវបានលុបបំបាត់។ ការរស់នៅនាសម័យនោះត្រូវបានផ្លាស់ប្តូរទាំងស្រុង ដោយគ្មានការជួញដូរ ឬចាយវាយលុយកាក់នោះទេ។ គាត់បានចាត់ទុករបបខ្មែរក្រហមជារបបមួយដែលឃោរឃៅ និងបានសម្លាប់ប្រជាជនស្លូតត្រង់ទាំងគ្មានទោសកំហុស។
ប្រជាជននៅសម័យខ្មែរក្រហមត្រូវរស់នៅជាក្រុមតាមសហករណ៍ដោយរស់នៅរួម ហូបរួម និងធ្វើការរួម។ គាត់ត្រូវធ្វើការងារហួសកម្លាំង ដោយគ្មានការហូបចុក និងសម្រាកបានគ្រប់គ្រាន់នោះទេ។ ប្រជាជនត្រូវចាប់ផ្តើមធ្វើការតាំងពីព្រឹកព្រលឹមរហូតដល់ថ្ងៃត្រង់ទើបបានសម្រាកនិងបរិភោគអាហារដែលខ្មែរក្រហមចែកឲ្យ។ ខ្មែរក្រហមបានចែកបាយផ្អែក និងកំណត់ទៅលើកម្លាំងពលកម្ម ដោយក្រុមសហករណ៍ដែលមានវ័យជំទង់ដែលធ្វើការបានលឿន ទទួលបានបាយចំនួនពីរវែក និងក្រុមមនុស្សដែលមានវ័យចំណាស់ ព្រមទាំងកុមារទទួលបានបាយចំនួនមួយវែកប៉ុណ្ណោះ ដោយសារធ្វើការងារយឺត។ បាយត្រូវបានលាយជាមួយដំឡូង ត្រួយដំឡូង ផ្លែចេក និងដើមចេកជាដើមសម្រាប់ចែកឲ្យប្រជាជនក្នុងសហករណ៍បរិភោគ។
ដោយឡែកការងារត្រូវបានបែងចែកទៅតាមអាយុ និងភេទ។ ក្រុមមនុស្សចាស់ គឺមានវ័យចាប់ពី៦០ឆ្នាំឡើងទៅ ដែលមានការងារដូចជាធ្វើអន្ទាក់សម្រាប់ចាប់សត្វព្រៃ និងដើរបេះបន្លែនៅក្នុងព្រៃ។ ចំណែកអ្នកដែលមានវ័យ ៥០ឆ្នាំ តម្រូវឲ្យធ្វើការជាអ្នកនេសាទ និងយកត្រីដែលរកបានផ្តល់ឲ្យក្រុមសហករណ៍រោងបាយរៀបចំដើម្បីធ្វើម្ហូប។ ប្រជាជនត្រូវធ្វើស្រែឲ្យបានក្នុងមួយហិចតាបីតោន ទោះបីសម្រេចបានតាមគោលការណ៍ក៏ដោយ ជាក់ស្តែងប្រជាជននៅតែបរិភោគមិនបានគ្រប់គ្រាន់។
ចំពោះ តាប នុត ដែលធ្វើការនៅតាមកងកុមារ គាត់ត្រូវដើរប្រមូលលាមកមនុស្ស និងសត្វសម្រាប់ធ្វើជី ដោយលាយជាមួយទន្ទ្រានខេត្ត។ ជីទាំងនោះត្រូវបានប្រើប្រាស់សម្រាប់ដាក់តាមវាលស្រែដែលលូតលាស់មិនបានល្អ។ ក្រៅពីនោះ គាត់ត្រូវដុតព្រៃ និងប្រមូលឧស។
នៅថ្ងៃមួយក្មួយរបស់គាត់បានរើសចំណី ដែលគេចោលសម្រាប់ហូប កងឈ្លបខ្មែរក្រហមបានចោទថាលួច និងវាយដំច្រំធាក់ដោយគ្មានសួរនាំអ្វីទាំងអស់។ ជារៀងរាល់ចុងឆ្នាំមានការប្រជុំ ដោយមានការទិតៀនគ្នា និងមើលបំណាំគ្នា។ បន្ទាប់ពីការប្រជុំរួច តាប៉ុក ដែលគាត់ស្គាល់ត្រូវបានខ្មែរក្រហមបញ្ជាឲ្យទៅលីសែងតែការពិតគាត់ត្រូវបានសម្លាប់ដោយសារមានអ្នកទិតៀនថា តាប៉ុកមានទ្រព្យសម្បត្តិឯកជន និងធ្វើការយឺតយ៉ាវ នៅអំឡុងពេលប្រជុំ។ ប្រជាជនត្រូវស្ទូងឲ្យបានបណ្តោយ៥០ម៉ែត្រនិងទទឹង៥ម៉ែត្រក្នុងមួយព្រឹក ទើបបានសម្រាកបរិភោគបាយ។
នៅពេលដែលគាត់ធ្វើការនៅរោងបាយ ខ្មែរក្រហមបានប្រើប្រាស់ល្បិចដើម្បីចាប់កំហុសប្រជាជននិងយកទៅសម្លាប់។ ក្នុងនោះមានឪពុកមារបស់គាត់ម្នាក់ត្រូវបានសម្លាប់ ដោយចោទថាបានលួចដំឡូង។
នៅចុងឆ្នាំ១៩៧៨ តាប នុត បានត្រឡប់ទៅរស់នៅស្រុកកំណើតវិញរហូតមកទល់សព្វថ្ងៃ៕
សម្ភាសន៍ដោយ បេង ហង្ស ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤