ប្រសិនបើហូបបាយបាន ធ្វើការក៏បានដែរ
(រតនគិរី)៖ «បើហូបបាយបាន ធ្វើការក៏បានដែរ» នេះជាពាក្យសំដីរបស់ប្រធានកងខ្មែរក្រហមបាននិយាយទៅកាន់សមាជិកកងកុមារនៅសម័យខ្មែរក្រហម។
រម៉ាវ អូ មានអាយុ ៥៥ឆ្នាំ ជាជនជាតិដើមភាគតិចកាវែត សព្វថ្ងៃរស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។
រម៉ាវ អូ ធ្លាប់ធ្វើការនៅក្នុងកងកុមារនៅសម័យខ្មែរក្រហម ដោយត្រូវមើលថែទារកតូចៗនៅពេលដែលឪពុកម្តាយរបស់ទារកទាំងនោះត្រូវទៅធ្វើការតាមស្រែចម្ការ។ ជារៀងរាល់ថ្ងៃ គាត់ត្រូវបញ្ចុកបបរ ងូតទឹកឲ្យទារក និងលួងនៅពេលដែលទារកទាំងនោះយំ។
បន្ទាប់ពីមើលថែទារកអស់រយៈពេលជិតមួយឆ្នាំ ខ្មែរក្រហមបានបញ្ជូនគាត់ឲ្យទៅធ្វើការតាមវាលស្រែនៅខេត្តស្វាយរៀង។ បន្ទាប់មកទៀតគាត់ត្រូវទៅធ្វើការនៅខេត្តក្រចេះ ដែលនៅទីនោះ គាត់ត្រូវច្រូតស្រូវ និងរែកដីដំបូកយកទៅដាក់ក្នុងឃ្លាំងនាពេលយប់។ គាត់និងកុមារឯទៀតត្រូវលាយដីដំបូកទាំងនោះជាមួយលាមកសត្វសម្រាប់ធ្វើជីធម្មជាតិ។
អ្នកដែលធ្វើការយឺតយ៉ាវ ឬខ្ជិលច្រអូស នឹងត្រូវបានបង្អត់អាហារនៅសម័យនោះ។ ចំណែកអ្នកដែលមានជំងឺវិញ ត្រូវបានប្រធានកងខ្មែរក្រហមចោទថាកុហកដោយ សារខ្ជិលធ្វើការ។ ខ្មែរក្រហមបានបង្ខំប្រជាជនឲ្យធ្វើការទាំងយប់ទាំងថ្ងៃ ទាំងឈឺនិងគ្មានពេលសម្រាកបានគ្រប់គ្រាន់នោះទេ។
ក្រៅពីនេះ រម៉ាវ អូ បានបញ្ជាក់ពីការហូបចុកមិនគ្រប់គ្រាន់ ដែលគាត់ទទួលបានត្រឹមតែបបររាវលាយជាមួយបន្លែបេះពីក្នុងព្រៃ និងជួលកាលបានបាយតែបន្តិចបន្តួចប៉ុណ្ណោះសម្រាប់ហូប។
ខ្មែរក្រហមមិនអនុញ្ញាតឲ្យអ្នកណាលួច ឬបេះហូបនោះទេនូវដំណាំដែលដាំបានផល។ បើកងឈ្លបចាប់បានសូម្បីតែរបស់បន្តិចបន្តួចក៏ដោយក៏ខ្មែរក្រហមមិនលើកលែងនោះទេ។ សាច់ញាតិរបស់គាត់ចំនួនបីនាក់ត្រូវបានបាត់បង់ជីវិតដោយសារលួចដំឡូង លួចក្រមា និងលួចអង្ករជាដើម។ អ្នកទាំងបីនិងប្រជាជនឯទៀតត្រូវបានកងឈ្លបចាប់កំហុសបាន និងនាំខ្លួនយកទៅរៀនសូត្រ ឬសម្លាប់ចោលដោយគ្មានមេត្តានោះឡើយ។
ទ្រព្យសម្បត្តិ និងសម្ភារដែលគ្រួសាររបស់គាត់ធ្លាប់មានត្រូវបានខ្មែរក្រហមប្រមូលទុកជារបស់សមូហភាពទាំងអស់ រួមទាំងសម្ភារផ្ទះបាយ។ ចំពោះការអប់រំវិញ គឺមិនសូវមាននោះទេ ភាគច្រើនកុមារត្រូវបានបង្ខិតបង្ខំឲ្យទៅធ្វើពលកម្មធ្ងន់ ដោយគ្មានពេលសម្រាកបានគ្រប់គ្រាន់ ឬសម្រាន្តបានឆ្អែត។
ក្រោយពីរបបខ្មែរក្រហមបានដួលរលំ រម៉ាវ អូ និងក្រុមគ្រួសារដែលនៅរស់រានមានជីវិតពីរបបខ្មែរក្រហមបានត្រឡប់មករស់នៅភូមិកំណើតវិញរហូតដល់សព្វថ្ងៃ៕
សម្ភាសន៍ដោយ បេង ហង្ស ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤