ពេទ្យម្នាក់ព្យាបាលប្រជាជនជាង៣០០នាក់
(រតនគិរី)៖ ជា ប៊ន មានអាយុ ៦៧ឆ្នាំ ជាកសិករ បច្ចុប្បន្នរស់នៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ គាត់មានស្រុកកំណើតនៅភូមិល្វា ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ជា ប៊ន ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមខ្មែរក្រហមបានលើកឡើងថា ខ្មែរក្រហមធ្វើបាបប្រជាជនខ្មែរទូទៅស្ទើរតែគ្រប់ទីកន្លែង។
គាត់គឺជាអ្នកដែលត្រូវបានខ្មែរក្រហមជម្លៀសនៅឆ្នាំ១៩៧៣ ចេញពីខេត្តកំពង់ចាម។ គាត់ធ្វើការនៅក្នុងកងចល័ត ដែលខ្មែរក្រហមបានឲ្យគាត់ធ្វើពលកម្មទាំងយប់ទាំងថ្ងៃ និងចែករបបអាហារមានតែបបររាវ។ គាត់បានបញ្ជាក់ថា បបរមួយខ្ទះត្នោតមានតែអង្ករចំនួន៥កំប៉ុងប៉ុណ្ណោះ សម្រាប់ចែកប្រជាជនហូប និងមួយថ្ងៃមានចំនួនពីរដង។
គាត់ត្រូវធ្វើការពីព្រលឹមរហូតដល់ម៉ោង១០យប់អធ្រាត្រទើបបានសម្រាន្ត។ នៅសម័យនោះ ប្រជាជនថ្មី ឬប្រជាជន១៧មេសា គ្រាន់តែអង្គុយងក់ ខ្មែរក្រហមឃើញតែមួយដងទៅពីរដងនោះគេនឹងនាំខ្លួនយកទៅវាយសម្លាប់ចោល។ ចំណែកប្រជាជនចាស់គឺសំដៅទៅលើប្រជាជនរស់នៅជាមួយខ្មែរក្រហមតាំងពីឆ្នាំ១៩៧០ ឬតំបន់រំដោះ។ ប្រជាជនថ្មីគឺប្រជាជនដែលជម្លៀសចេញពីភ្នំពេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។
បងប្អូនរបស់គាត់ចំនួន៧នាក់ ត្រូវបានបែងចែកឲ្យទៅធ្វើការងាររៀងៗខ្លូនតាមកងចល័ត កងកុមារ ឬតាមការដ្ឋានផ្សេងៗគ្នា និងម្តាយរបស់គាត់ជាអ្នកតម្បាញ។ គាត់មិនដែលបានជួបឪពុកម្តាយនោះទេ។
ក្នុងកងចល័តមានមេកងវីរ មេកងធំ មេកងតូច និងមេក្រុមជាអ្នកតាមដានសមាជិកក្រុម។ នៅសម័យនោះក៏មានសេនាជនមកក្នុងភូមិចាប់មនុស្សយកទៅវាយសម្លាប់ចោលតាមការរាយការណ៍របស់មេកង។
ខ្មែរក្រហមចែកមនុស្សជាកងកុមារ កងចល័ត និងកងចល័តវ័យជំទង់។ កាលនោះគាត់មានវ័យ១៥ឆ្នាំដែលត្រូវធ្វើការក្នុងកងចល័តវ័យជំទង់។ គាត់ត្រូវកាប់ដី លើកភ្លឺស្រែ លើកទំនប់តាមបឹងធំសម្រាប់ទុកធ្វើស្រែប្រាំង។ ជា ប៊ន បាននិយាយថា ទំនប់ធំមួយត្រូវប្រើប្រាស់អស់រយៈពេលលើសពីមួយឆ្នាំដោយមនុស្សជាច្រើនពាន់នាក់។ ជារៀងរាល់ព្រឹក គាត់ត្រូវស្ទូងស្រូវ និងច្រូតស្រូវ ក្រោយមកក្រុមធ្វើជី ដែលប្រមូលលាមកលាយជាមួយដីដំបូក ឬផេះបានយកជីមកបាចដាក់តាមវាលស្រែ។
បងរបស់គាត់ត្រូវបានខ្មែរក្រហមចាប់បង្ខំឲ្យរៀបការក្នុងពេលតែមួយជាមួយមនុស្សជាច្រើនគូទៀត។ ឪពុករបស់ ប៊ន ត្រូវបានសម្លាប់ដោយសារគាត់គឺជាមន្ត្រីខាងកសិកម្មនៃជំនាន់សង្គមរាស្រ្តនិយម។
គាត់បានលើកឡើងថា ព្រះពុទ្ធសាសនា បដិមា ចម្លាក់ រូបគំនូរតាមជញ្ជាំងត្រូវបានបំផ្លិចបំផ្លាញដោយខ្មែរក្រហម។ នៅតាមការដ្ឋានមានប្រើប្រាស់ថ្នាំផលិតដោយប្រទេសចិនហៅថាថ្នាំការពារលេខបី និងមានថ្នាំមានរាងដូចអាចម៍ទន្សាយ និងថ្នាំសារ៉ូមបេ១២ សម្រាប់ប្រជាជនដែលមានជំងឺ។ គាត់បានបញ្ជាក់ថា ពេទ្យសម័យនោះគ្មានជំនាញនោះទេ ពេទ្យចេះតែចែកថ្នាំនិងចាក់សារ៉ូមប៉ុណ្ណោះ។ នៅសហករណ៍មានពេទ្យម្នាក់សម្រាប់កងចល័ត ដែលមានមនុស្សជាង៣០០នាក់។
ជាចុងក្រោយ ជា ប៊ន បានបង្ហាញការមិនពេញចិត្តចំពោះការកាត់ទោសនៃមេដឹកនាំខ្មែរក្រហម ដោយសារការកាត់ទោសមិនបានកាត់ទោសជនដៃដល់ដែលគាត់ស្គាល់នោះទេ។ គាត់សង្ឃឹមថា អ្នកជំនាន់ក្រោយបានដឹងពីការពិតនៃរបបខ្មែរក្រហមតាមរយៈឯកសារ និងរឿងរ៉ាវផ្ទាល់ខ្លួនរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម៕
សម្ភាសន៍ដោយ ឡាយ កូរ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤