ឪពុកខ្ញុំ បានបង្រៀនកូនចៅឱ្យដាំដើមគ និង ចេះលះបង់ជូនអង្គការ ប៉ុន្ដែអង្គការនៅតែចាប់ខ្លួនគាត់
ហាក់ ម៉ាត់[1] អាយុ៥២ឆ្នាំ (ក្នុងឆ្នាំ២០០១) មានតួនាទីជាអធិការនគរបាលស្រុកក្រូចឆា្មរ និង រស់នៅក្នុងភូមិទី៥ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម (បច្ចុប្បន្នស្ថិតនៅខេត្តត្បូងឃ្មុំ)។ ម៉ាត់ បានផ្ដល់បទសម្ភាសឱ្យមជ្ឈមណ្ឌលឯកសារកម្ពុជា ស្ដីពីការចងចាំនៃរឿងរ៉ាវដែលធ្លាប់ឆ្លងកាត់ក្នុងរបបខ្មែរក្រហម ជាពិសេសការលត់ដំខ្លួន និងលះបង់សម្ភារជូន អង្គការដើម្បីប្ដូរយកវណ្ណៈស្អាតស្អំ។ ម៉ាត់ បាន រំឭកថា «ខ្ញុំមិនបានដឹងពីដើមហេតុអ្វី បានជាមានកម្លាំងខ្មែរក្រហមកើតឡើង? ស្រាប់តែសុខៗ ឃើញកងកម្លាំងខ្មែរក្រហមចូលមកត្រួតត្រាក្នុងភូមិខ្ញុំរស់នៅ។ ខ្ញុំចងចាំបានថា កងកម្លាំងខ្មែរក្រហមចូលមកត្រួតត្រាភូមិស្វាយឃ្លាំងក្នុងអំឡុងឆ្នាំ១៩៧០។ ចន្លោះពីឆ្នាំ១៩៧០-១៩៧២ គឺថ្នាក់ដឹកនាំខ្មែរក្រហម ធ្វើការយកចិត្តទុកដាក់លើប្រជាជនជនជាតិចាមយ៉ាងកក់ក្ដៅ ដូចជាមានចែកសម្ភារណាដែលអ្នកភូមិខ្វះខាត ចែកក្រណាត់ និង មានខោអាវជាដើម។ កងកម្លាំងខ្មែរក្រហមមានចរិតស្អាតស្អំ និង ត្រឹមត្រូវជានិច្ច។ ពេលបំពេញការងារ គឺមានភាពច្បាស់លាស់ និង មិនឱ្យប៉ះពាល់សម្ភារអ្នកភូមិនោះឡើយ។ ហេតុនេះ ប្រជាជនក្នុងភូមិមានការគោរពស្រឡាញ់ និង គាំទ្រកម្លាំងបដិវត្តន៍ទាំងស្រុង»។ តួយ៉ាង ភូមិជនជាតិចាមតាមបណ្តោយទន្លេមេគង្គ នៃស្រុកក្រូចឆ្មារ ភាគច្រើនត្រូវបានកងកម្លាំងខ្មែរក្រហម គ្រប់គ្រងបានទាំងស្រុង ក៏ព្រោះតែមានកម្លាំងជនជាតិចាមជួយគាំទ្រ។
គួររំឭកថា ក្រោយពេលដែលលោកសេនាប្រមុខ លន់ នល់ បានដណ្ដើមអំណាចពីសម្ដេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ គឺសង្រ្គាមកំពុងរីករាលដាលនៅតាមតំបន់នានាក្នុងប្រទេសកម្ពុជា។ លោកវរសេនីយ៍ឯក ឡេះ កូសេម ដែលមានដើមកំណើតជាប្រជាជនចាម ត្រូវបានរបប លន់ នល់ ផ្ដល់តួនាទីឱ្យដឹកនាំកងវរសេនាតូច ដែលមានកូនទាហានជាជនជាតិចាម មួយដាច់ដោយឡែក។ តែក្នុងអំឡុងឆ្នាំ១៩៧០-១៩៧២ កងវរសេនាតូចនេះ ត្រូវបានរាយការណ៍ថាបានបំផ្លាញ និងសម្លាប់ជាប្រព័ន្ធនូវភូមិដែលខ្មែរក្រហមកំពុងកាន់កាប់។ ក្រោយមក កងវរសេនាតូចជនជាតិចាម ត្រូវបានបែងចែកឱ្យចូលទៅតាមអង្គភាពផ្សេងៗទៀត។ ស្របពេលគ្នានេះដែរ ជនជាតិចាមជាច្រើនបានចូលរួមក្នុងបុព្វ ហេតុបក្សកុម្មុយនីស្ត[2]។ ហេតុនេះ ភូមិជនជាតិចាមភាគច្រើន ក្រុមទាហាន លន់ នល់ មិនអាចចូលមកគ្រប់គ្រងបាននោះឡើយ។ ម៉ាត់ បានបន្តទៀតថា « ប្រជាជនក្នុងភូមិស្វាយឃ្លាំងរួមទាំងរូបខ្ញុំបានចូលរួមធ្វើការជូនអង្គការបដិវត្ដន៍ដោយស្មោះស្ម័គ្រ។ ប៉ុន្ដែមិនបានប៉ុន្មានផង ខ្មែរក្រហមចាប់ផ្ដើមចោទប្រកាន់មកលើប្រជាជនក្នុងភូមិថា មានពាក់សក្តិ កម្រិតប៉ុណ្ណេះ កម្រិតប៉ុណ្ណោះ និងជាគិញស៊ើបការឱ្យ ទាហាន លន់ នល់។ ករណីចាប់ខ្លួនក៏ឈានមកដល់។ ដង្ខៅ លី ម៉ាត់ និង ដង្ខៅចៃភិន ជាពាណិជ្ជករ អ្នកលក់ដូរថ្នាំជក់ និងជាថៅកែអួនប្រចាំស្រុកក្រូចឆ្មារ ត្រូវសន្តិសុខស្រុកនាំខ្លួនទៅបាត់ដោយគ្មានមូលហេតុ។ ការបាត់ខ្លួនរបស់អ្នកមានធនធានក្នុងភូមិ ធ្វើឱ្យអ្នកឯទៀតមានការខ្លាចរអា និងប្រុងប្រយ័ត្នខ្លួនជានិច្ច»។
ចំពោះគ្រួសាររបស់ ម៉ាត់ ដែលមានឪពុកឈ្មោះដង្ខៅ ម៉ាន ហាក់ ជាអ្នកមានទ្រព្យសម្បត្តិច្រើនមួយរូបក្នុងភូមិ តែងតែនិយាយណែនាំ ហាមប្រាមកូនចៅថា៖ «កុំឱ្យភ្លើតភ្លើន កុំនិយាយស្ដីអ្វីផ្ដេសផ្ដាស កូនៗត្រូវដាំដើមគ[3] ត្រូវរក្សាភាពស្ងៀមស្ងាត់ ធ្វើជាគរ ធ្វើជាថ្លង់ និង ត្រូវលះបង់ជូនអង្គការ»។ ប៉ុន្ដែមិនបានប៉ុន្មានពីការចាប់ខ្លួនរបស់ដង្ខៅ លី ម៉ាត់ និង ដង្ខៅចៃភិន ឪពុករបស់ ម៉ាត់ ត្រូវកម្មាភិបាលថ្នាក់ស្រុកក្រូចឆ្មារចំនួន៤នាក់ មកហៅចេញទៅ ទាំងស្លៀកសារុង និង អាវយឺតដៃខ្លី យកទៅមន្ទីរខាងលិច[4] ក៏បាត់ខ្លួនគ្មានត្រឡប់មកផ្ទះវិញ។ ម៉ាត់ បានត្រឹមតែចងចាំនៅថ្ងៃចុងក្រោយ នៃការបាត់ខ្លួនរបស់ឪពុកថា «មុនពេលកងសន្តិសុខទាំងនោះមកហៅឪពុកគាត់ចេញទៅ គឺពេលព្រឹក ឪពុកគាត់បានជិះកង់ដេរ៉ា និងស្លៀកសារុងចាស់ អាវដៃខ្លីក៏ចាស់ ទៅផឹកកាហ្វេ។ ពេលត្រឡប់មកវិញ ឪពុកគាត់មានទម្លាប់សម្រាកលើអង្រឹង និង យោលតិចៗ»។ ចាប់ពីពេលនោះមក ក្រុមគ្រួសាររបស់ ម៉ាត់ មិនដែលបានឃើញមុខឪពុកគាត់ទៀតរហូតដល់សព្វថ្ងៃ។ រយៈពេលពីរថ្ងៃបន្ទាប់នៃការចាប់ខ្លួនឪពុករបស់ ម៉ាត់ ស្រាប់តែមានក្រុមសន្ដិសុខចំនួនបួននាក់មកសុំឆែកឆេរផ្ទះ ម៉ាត់។ ក្រុមសន្តិសុខទាំងនោះ ធ្វើការឆែកឆេរយ៉ាងលម្អិត សូម្បីប្រហោងតាមជញ្ជាំងផ្ទះ ឬស្នាមប្រះ ដំបូងផ្ទះ រួចកត់ត្រាចូលក្នុងកំណត់ហេតុ។ សម្ភារ លុយកាក់ មាសប្រាក់ក្នុងទូ ក៏កត់ត្រាចូលគ្មានសល់ និងមិនឱ្យបាត់សម្ភារក្នុងផ្ទះសូម្បីតែបន្តិច។ ជាចុងក្រោយគឺសមាជិកក្នុងគ្រួសាររបស់ ម៉ាត់ ត្រូវផ្តិតមេដៃទទួលស្គាល់ ពីការស្នើសុំឆែកឆេរ និង ចំនួនសម្ភារក្នុងបញ្ជី គឺពិតជាមានលក្ខណៈត្រឹមត្រូវ។
ក្រោយមកកងសន្តិសុខស្រុក នៅតែតាមចាប់ខ្លួនអ្នកភូមិជាច្រើននាក់ទៀត ដែលមានតួនាទីជាថ្នាក់ដឹកនាំភូមិផ្នែកសាសនា និងអ្នកមានទ្រព្យសម្បត្តិច្រើន។ ម៉ាត់ និង គ្រួសារកាន់តែភ័យខ្លាច និង ព្រួយបារម្ភពីសុវត្ថិភាពគ្រួសារ។ ហេតុនេះ ម៉ាត់ បានធ្វើជាលត់ដំខ្លួន នាំប្អូនៗចុះជីកស្រះ ធ្វើស្រែចម្ការ បង្ហាញឱ្យអង្គការបានឃើញពីវណ្ណៈស្អាតស្អំ។ លើសពីនោះ ម៉ាត់ បានលះបង់សម្ភារផ្ទាល់ខ្លួនដោយលក់ម៉ូតូ សត្វចិញ្ចឹមជាច្រើន យកថវិកា មកទិញរទេះ និង កាណូត សម្រាប់ដឹកសម្ការមានដូចជា សណ្ដែកបាយ សណ្ដែកប្រេង ក្រូច ចេក ល្ហុង ពីស្រុកក្រូចឆ្មារ និង ស្រុកស្ទឹងត្រង់ យកទៅលក់ឱ្យតំបន់ លន់ នល់ (ទីរួមខេត្តកំពង់ចាម) ដែលកំពុងកាន់កាប់ រួចទិញអង្ករយកមកលក់ឬផ្គត់ផ្គត់ឱ្យតំបន់ខ្មែរក្រហមវិញ។ ប៉ុន្ដែអង្គការនៅតែចាត់ទុកក្រុមគ្រួសាររបស់ ម៉ាត់ ស្ថិតក្នុងបញ្ជីវណ្ណៈមិនស្អាតស្អំ។ ម៉ាត់ ជឿជាក់លើអង្គការណាស់ ដោយលះបង់យកចម្ការអំពៅ កិនជាស្ករ និង ផលស្រូវដែលស្តុកក្នុងផ្ទះ កិនជាអង្ករសម្រាប់ចិញ្ចឹមក្រុមសាមគ្គី។ ប៉ុន្តែខ្មែរក្រហមបានត្រឹមចាត់តាំង ម៉ាត់ ជាប្រធានក្រុមសាមគ្គី។ ក្រុមសាមគ្គី ក្នុងដំណាក់កាលនោះ គឺមានន័យថា ក្រុមប្រជាជនដែលមានវណ្ណៈមិនស្អាតស្អំ។ ទោះបីជា ម៉ាត់ ខំធ្វើល្អ និង លះបង់យ៉ាងណាក៏ដោយ អង្គការនៅតែមិនព្រមឱ្យគ្រួសារម៉ាត់ ចូលក្នុងក្រុមសហករណ៍។ ក្រុមសាមគ្គី និង ក្រុមសហករណ៍ ក្នុងរបបខ្មែរក្រហម មានការលំបាក និង ក្រីក្រ ដូចគ្នា តែ ម៉ាត់ ចង់មានឈ្មោះក្នុងបញ្ជីសហករណ៍ ព្រោះអ្នកក្នុងសហករណ៍គឺកើតចេញពីវណ្ណៈស្អាតស្អំ និងរស់នៅដោយមិនសូវមានការភ័យខ្លាចច្រើន។
ឆ្នាំ១៩៧៥ ក្រុមសាមគ្គី និង ក្រុមសហករណ៍ ភូមិស្វាយឃ្លាំង កាន់តែមានភាពលំបាក ព្រមទាំងការគាបសង្កត់ពីកម្លាំងខ្មែរក្រហម។ បញ្ហាហាមប្រាមផ្នែកសាសនា មិនឱ្យជនជាតិចាមគោរពតាមប្រពៃណី សាសនាអ៊ិស្លាម ការបាត់ខ្លួនថ្នាក់ដឹកនាំភូមិជាច្រើន បានធ្វើឱ្យប្រជាជនទ្រាំទៀតលែងបាន ក៏នាំគ្នាងើបបះបោរឡើង។ គ្រាប់កាំភ្លើងរបស់កម្លាំងខ្មែរក្រហម បាញ់មកអ្នកភូមិផ្ទុះពេញទឹកពេញដី។ សម្រែកស្រែករបស់អ្នកភូមិដែលមានតែកាំបិតក៏ឮតែកាប់កាប់។ កម្លាំងបះបោរបានស្លាប់ជាច្រើន និងគ្មានកម្លាំងប្រឆាំងបន្តទៅមុខទៀត។ ក្នុងថ្ងៃតែមួយនោះ អ្នកភូមិស្វាយឃ្លាំង រួមទាំង គ្រួសារ ម៉ាត់ ត្រូវ ខ្មែរក្រហមជម្លៀសចេញពីភូមិភ្លាមៗ យកទៅឃុំឃាំង។ ម៉ាត់ ត្រូវកម្លាំងខ្មែរក្រហម ឃុំក្នុងឡថ្នាំរយៈពេលប្រមាណជា២០ថ្ងៃ ចំណែកម្តាយ ប្អូនៗ និង ប្រពន្ធកូនម៉ាត់ ត្រូវឃុំឃាំង នៅវត្តកញ្ចាក់ ស្រុកក្រូចឆា្មរ។ ក្រោយមកកម្លាំងខ្មែរក្រហម បានជម្លៀសក្រុមគ្រួសារម៉ាត់ តាមរយៈកាណូត យកទៅដាក់ភូមិព្រែកអាជី ជាភូមិជនជាតិខ្មែរ។ ស្ថិតក្នុងភូមិព្រែកអាជី គ្រួសារម៉ាត់ ត្រូវធ្វើការក្នុងសហករណ៍។ ប្រជាជនមូលដ្ឋានអាណិតស្រឡាញ់ គ្រួសារម៉ាត់ ព្រមទាំងលួចផ្ដល់ជាម្ហូបអាហារដល់គ្រួសារ ម៉ាត់។ កន្លងទៅមិនបានប៉ុន្មាន ម៉ាត់ បានឮដំណឹងពីអ្នកមូលដ្ឋាន អំពីអង្គការនិងដកប្រជាជនចាមទាំងអស់ ឱ្យទៅកាន់តំបន់ផ្សេងៗទៀតដូចជា តំបែរ សូភាស (ស្រុកស្ទឹងត្រង់) និង កំពង់ធំ។ ជាសំណាង សម្រាប់គ្រួសារ ម៉ាត់ គឺអង្គការឱ្យទៅរស់នៅក្នុងភូមិសូភាសទី២ ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ស្ថិតក្នុងភូមិសូភាស បានរយៈពេលមួយឆ្នាំ ម្តាយរបស់ ម៉ាត់ បានស្លាប់ដោយសារអត់ឃ្លាន។
ជាចុងក្រោយ ម៉ាត់ បានលើកឡើងថា «រឿងរ៉ាវក្នុងរបបបីឆ្នាំ ប្រាំបីខែ ម្ភៃថ្ងៃ វាជាការឈឺចាប់ និង មិនអាចបំភ្លេចបាននូវអំពើប្រល័យពូជសាសន៍ មកលើប្រជាជនគ្រប់ជាតិសាសន៍។ យើងគួរតែថែរក្សាការចងចាំរឿងរ៉ាវទាំងនេះ សម្រាប់អ្នកជំនាន់ក្រោយ និងនិយាយប្រាប់កូនចៅតូចៗរបស់យើងជាបន្តទៀត»៕
អត្ថបទ៖ មីន សាណាស់
[1] ឯកសារលេខ D24732 តម្ដល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា។ អ៊ីសា ឧស្មាន សម្ភាសន៍ជាមួយ ហាក់ ម៉ាត់ ស្ថិតនៅទីតាំងភូមិទី៥ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម។ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០១។ (ហាក់ ម៉ាត់ គាត់បាត់បង់ជីវិតក្នុងឆ្នាំ២០២៤ បន្ទាប់ពីគាត់រអិលដួលក្នុងបន្ទប់ទឹក)។
[2] ដកស្រង់ឯកសារបកប្រែសៀវភៅ ប្រទេសកម្ពុជាឆ្នាំ ១៩៧៥-១៩៨២ ដោយលោក Michael Vickery (ទំព័រទី១១) ។
[3] ដាំដើមគ គឺជាមានន័យថា «ត្រូវស្ងៀមស្ងាត់» ឬ ជាពាក្យដែលអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និយាយរំឭកគ្នាទៅវិញទៅមក ឱ្យធ្វើមិនដឹងមិនឮអ្វីទាំងអស់ ដើម្បីកុំឱ្យខ្មែរក្រហមយកទៅសម្លាប់។
[4] មន្ទីរសន្តិសុខស្រុកក្រូចឆា្មរ ឬហៅ មន្ទីរឃុំឃាំងព្រែកតាដួង ស្ថិតនៅស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម បច្ចុប្បន្នខេត្តត្បូងឃ្មុំ។