លើកភ្លឺស្រែ១ថ្ងៃ ប្រវែង១៥ម៉ែត្រ

(ខេត្តព្រៃវែង) ប្រាក់ សារុន អាយុ៧៣ឆ្នាំ ជាកសិករ សព្វថ្ងៃរស់នៅជាមួយប្រពន្ធ និងចៅៗ នៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះសេ្តច ខេត្តព្រៃវែង។ គាត់​មានប្រពន្ធឈ្មោះ ឆេង សាម៉ន និងមានកូនចំនួន៥នាក់(ប្រុស៤នាក់)។ ឪពុករបស់ សារុន ឈ្មោះ ស្រី អ៊ី និងម្តាយឈ្មោះ ព្រាប សាត (អ្នកទាំងពីរបានស្លាប់)។

នៅថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ ពេល លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ។ នៅពេលនោះ សារុន ឃើញប្រជាជនក្នុងភូមិបានរត់ចូលព្រៃដើម្បីតស៊ូប្រឆាំងនឹង លន់ នល់ ព្រោះប្រជាជនចង់ដណើ្តមអំណាចមកថ្វាយសម្តេចឪវិញ។ នៅភូមិពាយនាយ តែង​មានការប្រយុទ្ធគ្នារវាងទាហានលន់ នល់ ជាមួយនឹងចលនាតស៊ូរបស់ខ្មែរក្រហម និងមានយន្តហោះសហរដ្ឋអាមេរិកមកទម្លាក់គ្រាប់បែក ធ្វើឲ្យការរស់នៅរបស់ប្រជាពលរដ្ឋប្រឈមនឹងការលំបាក។

នៅឆ្នាំ១៩៧៥ របបខ្មែរក្រហមទទួលបានជ័យជម្នះទាំងស្រុងលើរបប លន់ នល់​។ នៅពេលនោះខ្មែរក្រហម បានចាប់ផ្តើមបង្កើតសហករណ៍ដោយប្រមូលទ្រព្យសម្បត្តិឯកជន និងសត្វពាហនៈ ដើម្បីទុកប្រើប្រាស់ជាសមូហភាព ព្រមទាំងបង្ខំប្រជាជនឲ្យរស់នៅរួម, ធ្វើការរួម និងហូបរួម​។ ប្រជាជនទាំងអស់គ្មានសិទ្ធិសេរីភាព ត្រូវរស់នៅស្ថិតក្រោមការគាបសង្កត់។ ខ្មែរក្រហម ថែមទាំងបានចាប់ប្រជាជនមួយចំនួនដាក់គុកថែមទៀតផង។ ក្នុងរបបនោះ សមាជិកគ្រួសាររបស់ សារុន ត្រូវធ្វើការហួសកម្លាំងគ្មានពេលសម្រាកដូចជា ធ្វើស្រែ, លើកទំនប់, ជីកប្រឡាយ និងលើកប្រព័ន្ធភ្លឺស្រែ​។ល។ ការងារត្រូវចាប់ផ្តើមតាំងពីម៉ោង៥ទៀបភ្លឺ រហូតដល់ម៉ោង៥ល្ងាច ដោយទទួលបានរបបអាហារជាបបរចំនួនពីរពេល ក្នុងមួយថ្ងៃ គឺពេលថ្ងៃ និងពេលល្ងាច។ សារុន ជាកងចល័តយុវជន ត្រូវខ្មែរក្រហមកំណត់ឲ្យលើកភ្លឺស្រែមួយថ្ងៃឲ្យបានប្រវែង ១៥ម៉ែត្រ។ នៅកន្លែងការដ្ឋានការងារ សារុន ឃើញប្រជាជនដែលជម្លៀសមកពីទីក្រុងភ្នំពេញមិនចេះធ្វើស្រែចម្ការ និងមិនអាចតស៊ូការងារលំបាក បានស្លាប់យ៉ាងច្រើន។

នៅឆ្នាំ១៩៧៩ ពេលដែលរបបខ្មែរក្រហមបានដួលរលំ សារុន បានត្រលប់ពីសហករណ៍មករស់នៅផ្ទះវិញ។ ក្រោយមកអាជ្ញាធរបានចែកដីស្រែឲ្យប្រជាជនបង្កបង្កើនផលដើម្បីចិញ្ចឹមជីវិត។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin