អតីតអ្នកបើកឡានតាម៉ុកត្រូវបញ្ជូនទៅរៀនបច្ចេកទេសនៅប្រទេសចិន

សែប រ៉េត[1] ជាអតីតអ្នកបើកឡានតាម៉ុក ត្រូវបានខ្មែរក្រហមជ្រើសរើសទៅរៀនផ្នែកយោធានៅប្រទេសចិន និងត្រូវបានបញ្ជូនត្រឡប់មកប្រទេសកម្ពុជាវិញនៅអំឡុងពេលដែលកងទ័ពខ្មែរក្រហមធ្វើសង្រ្គាមជាមួយកងទ័ពវៀតណាមនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃនៅឆ្នាំ១៩៧៩។ សែប រ៉េត បានរៀបរាប់ពីបទពិសោធន៍ដែលបានបើកឡានឲ្យតា ម៉ុក និងរៀនសូត្រផ្នែកបច្ចេកទេសគីមី និងយោធានៅប្រទេសចិនដូចខាងក្រោម៖
សែប រ៉េត ភេទប្រុស អាយុ៦៥ឆ្នាំ សព្វថ្ងៃប្រកបមុខរបរធ្វើស្រែចម្ការ។ រ៉េត មានស្រុកកំណើតនៅភូមិធ្លកយុល ឃុំស្រែក្នុង ស្រុកឈូក ខេត្តកំពត ប៉ុន្តែសព្វថ្ងៃរស់នៅភូមិឈើទាលជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ រ៉េត មានប្រពន្ធឈ្មោះ នាង គូ អាយុ៥៤ឆ្នាំ និងមានកូន៦នាក់( ប្រុស៣នាក់ ស្រី៣នាក់)។ រ៉េត មានឪពុកឈ្មោះ ប៉ុក សែត(ស្លាប់ឆ្នាំ១៩៧៩)និងម្ដាយឈ្មោះ សុខ គួន។ រ៉េត គឺជាកូនទី៤ ក្នុងចំណោមបងប្អូន៨នាក់ (ប្រុស៥នាក់ ស្រី៣នាក់)។ បងប្អូន រ៉េត បានទទួលមរណៈ២នាក់ជំនាន់សង្រ្គាមជាមួយលន់ នល់។
កាលពីក្មេង រ៉េត បានរៀនត្រឹមថ្នាក់ទី៩សង្គមចាស់ នៅសាលាវត្តស្រែ-ក្នុង។ រ៉េត ឈប់រៀននៅឆ្នាំ១៩៧៣ ដោយសារតែប្រទេសមានសង្រ្គាម និងជីវភាពគ្រួសារខ្វះខាត ដែលមិនអាចបន្តការសិក្សាបាន។ បន្ទាប់ពីឈប់រៀន រ៉េត ត្រូវបានខ្មែរក្រហមប្រមូលឲ្យចូលក្នុងកងកុមារ។ រ៉េត និងកុមារនៅក្នុងភូមិប្រហែល៦០ទៅ៧០នាក់ត្រូវបានខ្មែរក្រហមប្រមូលដាក់ម្ដុំឲ្យនៅក្នុងសហករណ៍ហូបបាយរួមនិងធ្វើការងាររួមគ្នា។ ការងារដែល រ៉េត ត្រូវធ្វើនៅក្នុងកងកុមារដំបូងមានដូចជា៖ ដើរកាប់ទន្រ្ទានខែត្ត រែកដីដំបូកដាក់ស្រែ និងដើររើសអាចម៌គោទុកសម្រាប់ធ្វើជី។ បន្ទាប់មកទៀតខ្មែរក្រហមចាប់ផ្ដើមជ្រើសរើសកុមារដែលធំៗឲ្យចូលខាងកងយុទ្ធជនពីព្រោះកុមារធំៗអាចហ្វឹកហាត់យុទ្ធសាស្ត្រកងទ័ព និងចូលសមរភូមិប្រយុទ្ធបាន។
នៅឆ្នាំ១៩៧៤ រ៉េត ត្រូវបានខ្មែរក្រហមជ្រើសរើសឲ្យធ្វើប្រធានក្រុមគ្រប់គ្រងយុទ្ធជននៅស្រុកឈូកដែលមានគ្នាប្រហែល៣០ទៅ៤០នាក់។ រ៉េត រស់នៅស្រុកឈូកបានរយៈពេលប្រហែល៧ខែក៏ផ្លាស់ពីស្រុកឈូកឡើងមកភូមិភាគនិរតីវិញ ដោយសារតែពេលនោះកងទ័ពកងពលទី២ ប្រចាំភូមិភាគនិរតី ត្រូវការកងទ័ពជាចាំបាច់ ដើម្បីវ៉ៃជាមួយទាហាន លន់ នល់នៅក្នុងខេត្តតាកែវ ចាប់ពីត្រពាំងធំខាងត្បូង ត្រពាំងធំខាងជើង រហូតមកដល់ព្រំព្រទល់កំពង់ស្ពឺ។ ភូមិភាគនិរតីមាន៣កងពល៖ កងពលទី១ កងពលទី២ និងកងពលទី៣។ នៅពេលដែលចល័តមកប្រចាំការនៅម្ដុំត្រពាំងអណ្ដើក រ៉េត បានមករស់នៅជាមួយ ទូច ប៉ុន ដែលជាប្រធានមន្ទីរកងពលទី២និងប្រធានកងពលឈ្មោះ រ៉ែន (កូនប្រសារតាម៉ុក ដែលមានស្រុកកំណើតនៅភូមិព្រៃខ្មៅ)។ នៅក្នុងមន្ទីរកងពលទី២ រ៉េត ធ្វើជានីរសាររបស់ ទូច។ ពេលនោះ រ៉េត ជួបការលំបាកជាច្រើន ព្រោះត្រូវយកសំបុត្រទៅកាន់កងវរៈសេនាតូចនៅតាមសមរភូមិនីមួយៗដោយឆ្លងកាត់ឧបសគ្គជាច្រើន មានពេលខ្លះមានខ្មាំងចាំស្ទាក់ក៏មាន។ បន្ទាប់មក ទូច បានជ្រើសរើសឲ្យ រ៉េត ធ្វើជាប្រធានកងនីរសារ ដោយសារ រ៉េត គឺជាមនុស្សដែល ទូច បានស្គាល់ជីវប្រវត្តិច្បាស់លាស់ និងជាបងប្អូននៅស្រុកភូមិជាមួយគ្នាផង។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមបានវ៉ៃរំដោះទីក្រុងភ្នំពេញ ហើយខ្មែរក្រហមចាប់ផ្ដើមជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញទៅតាមបណ្ដាខេត្តនានា ដោយបន្សល់ទុកសម្ភាររាយប៉ាយជាច្រើនពាសពេញទីក្រុងភ្នំពេញ។ នៅអំឡុងពេលនោះ រ៉េត ត្រូវបានផ្លាស់ចេញពីប្រធាននីរសារមកអង្គភាពបោសសម្អាតដែលមានគ្នាប្រហែល៥០នាក់ដើម្បីបោសសម្អាតក្នុងទីក្រុងភ្នំពេញ មកពោធិ៍ចិនតុង និងចោមចៅ។ ប្រធានអង្គភាពបោសសំអាតមានឈ្មោះ ធី។ ការងារប្រចាំថ្ងៃ គឺដើរបោសសំអាតសំរាមតាមផ្លូវលំនិងថ្នល់ជាតិ និងដើរប្រមូល ម៉ូតូ ឡានដែលរាយប៉ាយពេញថ្នល់រុញមកដាក់ក្នុងឃ្លាំង។ នៅពេលកំពុងប្រមូលសំរាមតាមផ្លូវ រ៉េត ត្រូវបានទាហាន លន់ នល់ លួចបាញ់ ប៉ុន្តែមិនរងរបួស។ ទាហាន លន់ នល់ មួយចំនួនតូចបានលាក់ខ្លួនសងំនៅក្នុងផ្ទះថ្មមិនព្រមចេញទៅណា លុះយប់ឡើងបានចេញមករកស្បៀង រកឆ្នាំងបាយ ដើម្បីលាក់ទុកសម្រាប់ដាំបាយហូប។
នៅក្នុងឆ្នាំ១៩៧៦ រ៉េត បានផ្លាស់ចេញពីអង្គភាពបោសសម្អាតមកធ្វើជាកងការពារ តា ម៉ុក និងទូចនៅភូមិភាគនីរតី (ខេត្តតាកែវ)។ ពេលដែលមករស់នៅមន្ទីរភូមិភាគនីរតី រ៉េត បានក្លាយជាអ្នកបើកឡានជូន តា ម៉ុក ទៅកន្លែង ប៉ុល ពត ទៅជួបខៀវ សំផន និងជូនទៅប្រជុំគណៈរដ្ឋមន្រ្តីនៅភ្នំពេញមួយ សប្តាហ៍ចំនួនពីរដង។ រ៉េត បានបន្តថា ពេល តា ម៉ុក ជិះឡានចេញពីតាកែវប្រហែលកន្លះគីឡូដី តា ម៉ុក តែងតែចុះត្រួតពិនិត្យមើលប្រជាជននៅតាមសហករណ៍ កន្លែងធ្វើស្រែ និងចុះទៅមើលប្រជាជននៅតាមជនបទរួចទើបឲ្យបើកឡានត្រឡប់ទៅវិញ។ រ៉េត បានបន្តទៀតថា តា ម៉ុក ឧស្សាហ៍ក្លែងបន្លំខ្លួនពាក់អាវចាស់ៗរហែកទៅកន្លែងធ្វើស្រែណាស់ ដើម្បីដើរពិនិត្យមើលការងារ។ នៅថ្ងៃមួយគាត់បានបន្លំខ្លួនដើរពិនិត្យការងារដូចសព្វដង ប៉ុន្តែត្រូវបានខាងឃុំ និងភូមិចាប់បានដោយចោទប្រកាន់ថាជាអ្នកស៊ើបការណ៍រួចយកគាត់ទៅសួរចម្លើយ ប៉ុន្តែមិនបានធ្វើទារុណកម្មទេ។ លុះសួរនាំប្រហែលកន្លះម៉ោងទើបដឹងថា តា ម៉ុក ក៏ដោះលែងមកវិញ។
នៅពាក់កណ្ដាលឆ្នាំ១៩៧៦ តា ម៉ុក បានបញ្ជូនមនុស្សសំខាន់ៗខាងផែ្នកយោធាទៅ គ្រប់គ្រងនៅតាមព្រំដែនវៀតណាមនៅខាងភ្នំដិន។ នៅពេលដែល តា ម៉ុក ជាប់រវល់ចុះទៅមូលដ្ឋានម្ដងៗ ហើយមិនបានចូលរួមប្រជុំគណរដ្ឋមន្រ្តីនៅភ្នំពេញ, តា ម៉ុក តែងតែប្រើ រ៉េត និងកងការពារ២នាក់ទៀតឈ្មោះ សយនិង ញ៉ុញ ប្អូនប្រុសរបស់ ទូច ដែលចេះបើកឡានបញ្ជូនឯកសារទៅខាងមជ្ឈឹម ដែលហៅថាមន្ទីរ៨៧០ ដែលជាកន្លែង ប៉ុល ពត, ខៀវ សំផន, អៀង សារី, វ៉ន វេត, ចេង អន, នួន ជា, និងសុន សេន ប្រជុំស្ថិតនៅម្ដុំស្តាតអូឡាំពិក។
បន្ទាប់ពីប្រជុំចប់ ប្រធានមន្ទីរនៅមជ្ឈឹមឈ្មោះ ញ៉ាន់ នៅជាប់ជាមួយ ប៉ុល ពត, ខៀវ សំផន បានផ្ញើឯកសារត្រឡប់មកវិញ។ ឯកសារដែល ប៉ុល ពត ផ្ញើមកមានដូចជា៖ ឯកសារអំពីរឿងផ្ទៃក្នុងបក្ស និងសៀវភៅទង់បដិវត្តន៍ ជាដើម។ រ៉េត បាននិយាយបន្តថា តា ម៉ុក ឧស្សាហ៍ចុះទៅតាមសហករណ៍ពីព្រោះគាត់ចង់ដឹងប្រជាពលរដ្ឋរស់នៅរបៀបម៉េច ហើយការហូបចុកគ្រប់គ្រាន់ដែរឬទេ។ កន្លែងខ្លះក៏ឆ្លើយថាហូបគ្រប់គ្រាន់ និងកន្លែងខ្លះទៀតក៏ឆ្លើយហូបមិនបានគ្រប់គ្រាន់ដោយហេតុថា មេភូមិ មេឃុំត្រៀមស្បៀងផ្ដល់ទៅឲ្យរដ្ឋច្រើនពេក ទើបបានជាសហករណ៍ខ្លះហូបមិនបានគ្រប់គ្រាន់។ បន្ទាប់ពីដឹងថាសហករណ៍ខ្លះហូបមិនបានគ្រប់គ្រាន់ តា ម៉ុក ក៏មានវិធានការណ៍ណែនាំទៅខាងភូមិ និងឃុំមិនឲ្យបញ្ជូនស្រូវទៅរដ្ឋហួសកំណត់ដែលរដ្ឋដាក់ផែនការ ដើម្បីឲ្យប្រជាជនហូបបានគ្រប់គ្រាន់ឡើងវិញ។ តា ម៉ុក បានណែនាំបន្ថែមទៀតថា នៅពេលដែលហូបបានគ្រប់គ្រាន់ យើងត្រូវហូបឲ្យចេះសន្សំសំចៃ ហូបកុំឲ្យសល់ច្រើន ហូបឲ្យបានត្រឹមត្រូវដែលអាចឲ្យយើងមានកម្លាំងធ្វើការងារបាន គាត់ក៏បាននិយាយប្រាប់បន្ថែមទៅកាន់ប្រជាពលរដ្ឋដែលនៅកងភ្ជួរមិនឲ្យបរទេះគោកាត់តាមផ្លូវថ្នល់ពេលថ្ងៃ ពីព្រោះវាអាចបណ្ដាលខូចផ្លូវ និងហួសម៉ោងគោស៊ីស្មៅ។
នៅចុងឆ្នាំ១៩៧៦-៧៧ រ៉េត បានបើកឡានជូន តា ម៉ុក ចុះទៅតាមមូលដ្ឋានស្រុកឈូក ខេត្តកំពត ដែលមាន តា ផែន, តា ផុន និងប៉ុន ផុន គ្រប់គ្រងនៅទីនោះ។ នៅពេលទៅដល់ រ៉េត បានឃើញប្រជាជន១៧ មេសា ដែលត្រូវបានជម្លៀសមកពីភ្នំពេញជាច្រើនត្រូវបានខ្មែរក្រហមយកទៅសម្លាប់នៅក្នុងទីធ្លាវត្តស្រែក្នុង ស្ថិតនៅក្នុងភូមិធ្លកយុល ដែលមានទំហំប្រហែលមួយគីឡូកន្លះ៤ជ្រុង ដោយហេតុថាប្រជាជនទាំងអស់នោះអត់ប្រសប់ធ្វើស្រែ និងធ្វើការងារពលកម្ម។ នៅពេលដែលកងឈ្លបឃុំដើរពិនិត្យឃើញក៏ចោទថាខ្មាំងស៊ីរូងផ្ទៃក្នុង ហើយបានបន្តយកប្រជាជនថ្មី ទៅសម្លាប់នៅក្នុងវត្តស្រែក្នុង ដែលមានរណ្ដៅធំៗនៅក្បែរដើមស្វាយ និងដើមដូង។ នៅពេលនោះ រ៉េត ព្រួយបារម្ភខ្លាំងណាស់ ពីព្រោះតែខ្លាចមានឪពុកម្ដាយបងប្អូនជាប់និន្នាការជាមួយប្រជាជន១៧ មេសាដែលអាចចាប់ដាក់គុក ឬយកទៅសម្លាប់។ រ៉េត បាននិយាយប្រាប់ តា ម៉ុក ថាទីធ្លាដែលសម្លាប់ប្រជាជនច្រើនគឺជាកន្លែងដែលគាត់ធ្លាប់អង្គុយរៀនពីមុន។ តាម៉ុក ដឹងអំពីរឿងនេះ ក៏ប៉ុន្តែគាត់មិនមានវិធានការណ៍អ្វីនោះទេ។
នៅខែមីនា ឆ្នាំ១៩៧៧ តា ម៉ុក បានជ្រើសរើសកម្លាំងកងទ័ពនិងគ្រប់គ្រងក្រសួងមន្ទីរប្រហែល៣០០នាក់ ដើម្បីមកបំពេញបែបបទនៅភ្នំពេញ ទៅរៀនបន្តនៅប្រទេសចិន។ នៅពេលមកដល់ភ្នំពេញ រ៉េត បានមករៀននៅសាលាទួលគោក និងសាលាមិត្តភាពកម្ពុជាសូវៀត ដែលមានគ្រូបង្រៀនភាសាចិន និងអក្សរសាស្រ្តបន្ថែមអស់រយៈពេល៦ខែ ទើបត្រូវបានបញ្ជូនទៅរៀនបន្តនៅប្រទេសចិន។
នៅខែមិថុនា ឆ្នាំ១៩៧៨ រ៉េត ត្រូវបានបញ្ជូនទៅរៀននៅប្រទេសចិន ដែលស្ថិតនៅក្នុងខេត្តគ័ងទុង។ នៅពេលទៅដល់ប្រទេសចិន រ៉េត បានរៀនបច្ចេកទេសផ្នែកគីមី ក្នុងគោលបំណងពេលដែលត្រឡប់មកប្រទេសខ្មែរវិញ ធ្វើជាគ្រូផ្នែករោងចក្រប្រេងនៅកំពង់សោម។ រ៉េត រៀនបច្ចេកទេសខាងផ្នែកគីមី អស់រយៈពេល៣ខែ ហើយផ្លាស់មករៀនផ្នែកយោធាវិញ ដោយសារតែទាហានវៀតណាមបានវ៉ៃចូលព្រំដែនខ្មែរជាខ្លាំង។ បន្ទាប់មកទូតខ្មែរប្រចាំនៅប្រទេសចិនបានប្រាប់ទៅកាន់កងទ័ពដែលមករៀនទាំងអស់ឲ្យរៀបចំខ្លួនវិលត្រលឡប់មកប្រទេសខ្មែរវិញ ពីព្រោះប្រទេសកំពុងតែមានសង្រ្គាមព្រំដែន។ នៅពេលនោះ រ៉េត ឈប់រៀនខាងផ្នែកគីមី ហើយត្រឡប់មករៀនខាងផ្នែកយោធាវិញ។ ផ្នែកយោធាដែល រ៉េត ត្រូវរៀនមាន២គឺ ផ្នែកកងរថគ្រោះ និងផ្នែកកាំភ្លើងធំ។ បន្ទាប់ពីរៀនខាងផ្នែកកងរថក្រោះបានរយៈពេលមួយខែ រ៉េត និងអ្នកផ្សេងទៀតត្រូវបានបញ្ជូនតាមកប៉ាល់មកកាន់ព្រំដែនថៃ។ នៅពេលចេញពីព្រំដែនថៃ រ៉េត និងកងទ័ពជាច្រើនបានធ្វើដំណើរមកចូលរួមជាមួយកងពលទី២ ដែលដឹកនាំដោយ តា រ៉ែន។ រ៉េត រស់នៅក្នុងកងពលទី២បានរយៈពេល៤-៥ខែ ដោយសារតែមានបញ្ហាផ្ទៃក្នុងកងពលដោះស្រាយមិនបាន កងរបស់រ៉េត ត្រូវបានផ្លាស់ទៅកងពលទី៣នៅថ្មដាវិញ ដែលគ្រប់គ្រងដោយ តា សេង។
នៅឆ្នាំ១៩៨៥ តា សេង ប្រធានកងពលទី៣ បានចាត់តាំងឲ្យអង្គភាពនីមួយៗ ធ្វើការប្រមែប្រមូលសម្ភារដូចជា រថក្រោះ ឡានដឹកជញ្ជូនគ្រាប់ និងឡានអូសកាំភ្លើងយកទៅដាក់នៅស្រុកថៃ។ បន្ទាប់ពីប្រមូលសម្ភារដាក់ក្នុងទឹកដីថៃអស់ កងពលទី៣ បានផ្លាស់ចេញពីថ្មដា ចុះមកសមរភូមិខាងក្នុង ដើម្បីទៅវ៉ៃខាងផ្នែកកោះកុង ត្រពាំងរូង និងអណ្ដូងទឹក។ បន្ទាប់ពីវាយសមរភូមិរួចរាល់ហើយ រ៉េត បានបន្តរស់នៅជាមួយកងពលតូចដែលគ្រប់គ្រង់ដោយតា អ៊ឹម បានរយៈពេល៣ឆ្នាំ។ នៅឆ្នាំ១៩៨៩ រ៉េត រៀបចំមានគ្រួសារ។
នៅឆ្នាំ១៩៩២ រ៉េត បានមកបើកឡានឲ្យ មាស មុត និង តា ម៉ុក ម្ដងទៀត។ នៅពេលរស់នៅជាមួយ មាស មុត និង តា ម៉ុក រ៉េត មានរបួសដោយធ្លាក់ពីលើដើមស្វាយកម្ពស់៤ម៉ែត្រ ខណៈពេលដែលឡើងតេអូបញ្ជាទៅតាមសមរភូមិ អុកប៉ះសរសៃប្រសាទ បណ្ដាលខូចចង្កេះ និងស្វិតជើងទាំងសងខាង រ៉េត ត្រូវបានបញ្ជូនឡើងទៅដេកពេទ្យថៃរយៈពេល១ខែបានអាចដើររួច។
នៅឆ្នាំ១៩៩៣ បន្ទាប់ពីមានកិច្ចព្រមព្រៀងទីក្រុង ប៉ារីស ប្រជាជនបាននាំសប្បាយព្រោះគិតថាសង្រ្គាមត្រូវបានបញ្ចប់ ពេលនោះប្រជាជនអាចប្រកបរបររកស៊ីធម្មតាបាន មិនយូរប៉ុន្មានក៏កើតមានសង្រ្គាមផ្ទៃក្នុងនៅតាមព្រំដែនអស់រយៈពេល១០ខែម្ដងទៀត។ បន្ទាប់ពីសមាហរណកម្ម រ៉េត និងគ្រួសារកងទ័ពជាច្រើនបាននាំគ្នាមករស់នៅភូមិឈើទាលជ្រុំ ដោយប្រកបរបរធ្វើស្រែចម្ការដើម្បីចិញ្ចឹមជីវិត។ រ៉េត រស់នៅភូមិឈើទាលជ្រុំបានកន្លះឆ្នាំ ត្រូវបានបោះឆ្នោតជ្រើសរើសឲ្យធ្វើប្រធានកងពលអន្តរាគមន៍ដើម្បីត្រួតពិនិត្យមើលឈ្មោះទាហានរដ្ឋាភិបាលបានរយៈពេល៣ឆ្នាំក៏ចូលនិវត្តន៍ ហើយក៏បន្តធ្វើស្រែចម្ការរហូតមកដល់សព្វថ្ងៃ។
ជាចុងក្រោយ រឿងរ៉ាវដែល រ៉េត ចងចាំមិនអាចបំភ្លេចបាន គឺប្រជាជន១៧មេសាជាច្រើនត្រូវបានយកសម្លាប់នៅក្នុងទីធ្លាវត្តស្រែក្នុង ស្ថិតភូមិធ្លុកយុលដែលជាកន្លែងដែល រ៉េត ធ្លាប់អង្គុយរៀនកាលពីមុនសង្រ្គាម។ រ៉េត ផ្ដាំផ្ញើទៅកាន់ក្មេងជំនាន់ក្រោយថា សង្រ្គាមបានធ្វើឲ្យមនុស្សបាត់ជីវិតច្រើនណាស់ ដូច្នេះយើងត្រូវតែខំរៀនសូត្រ ពីព្រោះប្រសិនបើយើងចេះដឹង សង្គ្រាមក៏លែងមានផងដែរ៕
មជ្ឈមណ្ឌលផ្សះផ្សាវាលវែង
អត្ថបទដោយ ចាន់ ណារិទ្ធ
[1] មជ្ឈមណ្ឌលឯកសារកម្ពុជាសម្ភាសជាមួយ ឈ្មោះ សែប រ៉េត ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១១ (PTI0០៧២)។