សែងអ្នករបួសនៅភូមិភាគបូព៌ា

នៅក្នុងឆ្នាំ១៩៧៨ ខ្មែរក្រហមបានផ្លាស់ ធា ពីនារីកងចល័តឲ្យចូលបម្រើកងទ័ពនៅភូមិភាគបូព៌ានៅកងពលលេខ២២១ ដែលមាន តាផាន ជាប្រធានកងពល។ តាផាន បានចាត់តាំងឲ្យ ធា ជាអ្នកសែងអ្នករបួសយកទៅឲ្យពេទ្យព្យាបាល រាល់ពេលចូលសមរភូមិម្ដងៗ។
ឈ្មោះ គឹម ធា[1] ភេទស្រី អាយុ៧២ឆ្នាំ មិនប្រកបការងារអ្វីទេ មានស្រុកកំណើតនៅភូមិព្រៃជ្រេស ស្រុកហាមួយ ខេត្តកំពង់ឆ្នាំង។ បច្ចុប្បន្ននេះ ធា រស់នៅភូមិក្រពើពីរក្រោម ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ធា មានឪពុកឈ្មោះ ចិន ទ្រី (ស្លាប់) ម្ដាយឈ្មោះ ណា (ស្លាប់) ។ ធា មានបងប្អូនចំនួន៥នាក់ ប្រុស២នាក់និងស្រី៣នាក់។ ធាគឺ ជាកូនទី២នៅក្នុងគ្រួសារ។ ធា មាន ប្ដី ឈ្មោះ ប៉ន ធឿន អាយុ៧១ឆ្នាំ ប្រកបរបរធ្វើចម្ការ។ ធា មានកូនចំនួន២នាក់នៅក្នុងនោះមានស្រីម្នាក់និងប្រុសម្នាក់ កូនៗរបស់ ធា បានរៀបការរួចរាល់អស់ហើយ។
នៅវ័យកុមារ ធា រស់នៅជាមួយឪពុកម្ដាយនៅក្នុង ភូមិព្រៃជ្រេស ខេត្តកំពង់ឆ្នាំង ដែលគ្រួសារប្រកបរបរធ្វើស្រែ។ ធា មិនដែលបានចូលរៀននៅសាលានោះទេពីព្រោះតែគ្រួសារមានជីវភាពក្រីក្រ។ លុះដល់របបខ្មែរក្រហមទើបបានរៀនសូត្រខ្លះៗតាមរយៈថ្នាក់អក្ខរកម្ម ស្របពេលនោះ ធា មានអាយុ២២ឆ្នាំហើយ។ សម្រាប់ម៉ោងរៀន ពេលទំនេរពីការងារ គ្មានសាលារៀនត្រឹមត្រូវនោះទេរៀននៅក្រោមដើមឈើ។ ក្នុងមួយថ្ងៃរៀន១ម៉ោងទៅ២ម៉ោងមានយុវជននិងយុវនារីជាច្រើននាក់បានចូលរៀន។ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ពេលលោកសេនាប្រមុខ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ ធា រស់នៅជាមួយឪពុកម្ដាយនៅក្នុងភូមិព្រៃជ្រេស ប្រកបរបរធ្វើស្រែធម្មតា។ នៅក្នុងឆ្នាំ១៩៧២ នៅក្នុងភូមិព្រៃជ្រេសមានការជ្រួលច្របល់ជាខ្លាំង ពីព្រោះតែទាហានរបស់អាមេរិកបានមកទម្លាក់គ្រាប់បែកតាមរយៈយន្តហោះមកកាន់ផ្ទះសម្បែងប្រជាជននៅក្នុងភូមិ ធា រស់នៅ។ ម្ដាយឪពុក ធា បាននាំកូនៗរត់ចូលព្រៃដើម្បីគេចខ្លួនពីការទម្លាក់គ្រាប់បែករបស់ទាហានអាមេរិក ។ យន្តហោះរបស់ទាហានអាមេរិកតែងតែមកទម្លាក់នៅភូមិនៅពេលយប់ ពេលយន្តហោះមកទម្លាក់ម្ដងៗរយៈពេល១ម៉ោងទៅ២ម៉ោងទើបត្រឡប់ទៅកន្លែងរបស់ពួកគេវិញ។ នៅពេលថ្ងៃប្រជាជនទាំងអស់អាចទៅមើលផ្ទះមើលសត្វចិញ្ចឹមរបស់ខ្លួនបានធម្មតា និងដាំបាយសម្រាប់ទុកហូប។ ប្រជាជននៅក្នុងភូមិ ធា បានបាត់បង់ជីវិតជាច្រើននាក់ដោយសារ សង្គ្រាម និងមានអ្នករង់របួសជាច្រើននាក់ផងដែរ។ នៅក្នុងឆ្នាំ១៩៧៣ នៅក្នុងភូមិរបស់ ធា ខ្មែរក្រហមរំដោះបាន។ បន្ទាប់មកខ្មែរក្រហមបានជ្រើស ធា ក៏ដូចជាកុមារផ្សេងៗទៀតនៅភូមិព្រៃជ្រេស ឲ្យចុះឈ្មោះចូលធ្វើជាកុមារភូមិ ប៉ុណ្ណោះប៉ុន្តែខ្មែរក្រហមមិនបានប្រើឲ្យធ្វើការងារអ្វីឡើយ។ នៅឆ្នាំ១៩៧៤ ខ្មែរក្រហមបានបញ្ជូន ធា ឲ្យទៅដាំបន្លែនៅភូមិផ្សេង។ ធា បានបែកចេញពីគ្រួសារតាំងពីពេលនោះមកមិនដែលបានជួបគ្នាទេ ធា រស់នៅជាមួយកុមារជាច្រើននាក់ដែលមកពីបណ្ដាភូមិផ្សេងៗ ។
នៅក្នុងឆ្នាំ១៩៧៥ ខ្មែរក្រហមបានវាយរំដោះទីក្រុងភ្នំពេញបានដោយជោគជ័យ ខ្មែរក្រហមបានបញ្ជូន ធា ឲ្យចូលកងចល័ត លើកទំនប់ ជីកប្រឡាយ ជាមួយប្រជាជនជាច្រើនដែលមកពីខេត្តផ្សេងៗគ្នា។ ក្នុងមួយថ្ងៃខ្មែរក្រហមប្រើឲ្យ ធា និងប្រជាជនផ្សេងទៀតធ្វើការងារចាប់ពីម៉ោង៧ព្រឹកដល់ម៉ោង១១ថ្ងៃត្រង់ ទើបសម្រាក ដល់ម៉ោង១បានចូលធ្វើការងារបន្តទៀតរហូតដល់ម៉ោង៥ល្ងាចបានឈប់ធ្វើការទៅតាមកន្លែងរាងៗខ្លួន។ យប់ឡើងដេកនៅក្នុងសហករណ៍រួមគ្នាជាមួយនារីកងចល័តជាច្រើននាក់។ រាល់ពេលជីកប្រឡាយខ្មែរក្រហមបានកំណត់ក្នុងប្រជាជនម្នាក់ត្រូវជីកឲ្យបានមួយម៉ែត្រគីបក្នុងមួយថ្ងៃ ។ សម្រាប់ ធា រយៈពេលមួយថ្ងៃជីកមិនរួចនោះទេ គឺត្រូវបន្តធ្វើរហូតដល់យប់ម៉ោង៩ ទៅម៉ោង១០យប់ឯនុះ ជីកបណ្ដើររែកដីយកចាក់នៅលើខ្នងទំនប់ធ្វើឲ្យកម្លាំងរបស់ ធា ក៏កាន់តែខ្សោយទៅតាមនោះដែរ។ នៅក្នុងឆ្នាំដំបូងអាហារហូបចុកមិនសូវខ្វះខាតប៉ុន្មានទេ ក្នុងមួយថ្ងៃ ធា ទទួលបានបាយបីពេលជាមួយសម្លគ្មានជីវជាតិមានតែបន្លែ។
នៅក្នុងឆ្នាំ១៩៧៦-១៩៧៨ ខ្មែរក្រហមបានជ្រើស ធា ឲ្យចូលបម្រើកងទ័ព នៅក្នុងកងពលលេខ២២១ មានសមាជិកចំនួន៥០នាក់នៅក្រោមការគ្រប់គ្រង តាផាន(មេកងពល)។ ធា ចូលបម្រើកងទ័ពដំបូងខ្មែរក្រហមមិនបានបង្រៀនពីរបៀបធ្វើសឹកសង្គ្រាមអ្វីនោះទេ គឺកាន់កាំភ្លើងចូលសមរភូមិតែម្ដង។ គ្រប់កងទ័ពទាំងអស់មានកាំភ្លើងម្នាក់១ដើមនៅក្នុងដៃ ប្រភេទអាកា ពេលនោះឈរជើងនៅទន្លេបាសាក់ខាងខេត្តស្វាយរៀង។ រាល់ពេលចូលប្រយុទ្ធក្នុងសមរភូមិម្ដងៗ ធា ជាអ្នកសែងអ្នករបួសយកឲ្យពេទ្យព្យាបាល កងទ័ពខ្លះបានស្លាប់ និងខ្លះទៀតរបួសធ្ងន់ធ្ងរ។ ក្រោយមក តាផាន(មេកងពល) បាននាំកងទ័ពទាំងអស់ផ្លាស់ទីតាំងទៅកាន់ខេត្តតាកែវវិញម្ដង។ ឈរជើងនៅទីនោះបានប៉ុន្មានខែ ធា បានត្រឡប់មករស់នៅព្រំដែនថៃ ពេលនោះធាបានចូលជាកងដឹកជញ្ជូនវិញ។ ធា ដឹក ជញ្ជូនគ្រាប់កាំភ្លើងជាច្រើនប្រភេទដូចជា គ្រាប់កាំភ្លើង១០០មីលីម៉ែត្រ ១២០មីលីម៉ែត្រ ១២ម៉លីម៉ែត្រ និងគ្រាប់បេ។ រាល់ការធ្វើដំណើរម្ដងៗ ធា អាចយកគ្រាប់ទៅជាមួយ១គ្រាប់ទៅ២គ្រាប់តែប៉ុណ្ណោះ ពីព្រោះត្រូវស្ពាយអង្ករដែលមានប្រហែល ៧០កំប៉ុង ទៅ៨០កំប៉ុង ដាក់តាមខ្លួនសម្រាប់ហូបនិងខោអាវទៀតដូច្នេះគ្រាប់មិនអាចយកបានច្រើននោះទេ ពីព្រោះទីតាំងដែលត្រូវយកគ្រាប់ទៅមានចម្ងាយឆ្ងាយ ដើរដល់ទីណាសម្រាកនៅទីនោះ។ សម្រាប់ក្រុមនារីដឹងជញ្ជូនមាន យាយរឹម អ្នកដឹកនាំក្រុមធ្វើដំណើរជាច្រើនថ្ងៃទើបទៅដល់តាមជួរភ្នំ១៥០០ ពេលដល់កន្លែងសមរភូមិដាក់គ្រាប់ឲ្យខាងកងទ័ពរួចក៏ត្រូវធ្វើដំណើរត្រឡប់មកខាងព្រំដែនវិញសម្រាកបានពីរទៅបីថ្ងៃក៏ត្រូវជញ្ជូន គ្រាប់ទៅទៀត។
នៅក្នុងឆ្នាំ១៩៧៩ កងទ័ពវៀតណាមបានចូលមករំដោះប្រទេសកម្ពុជាឲ្យរួចផុតពីរបបខ្មែរក្រហម ធា បានគេចខ្លួនចេញពីកងនារីដឹកជញ្ជូនទៅរស់នៅទឹកដីថៃនៅជំរំសាយធូ។ ធា រស់នៅទីនោះមិនប្រកបការងារអ្វីទេ និងមានប្រជាជនខ្មែរជាច្រើននាក់បានភៀសខ្លួនទៅរស់នៅទីនោះ។ សម្រាប់អាហារបរិភោគខាងអង្គការអន្តរជាតិ និងជនជាតិថៃជាអ្នកផ្គត់ផ្គង់ជូនប្រជាជនខ្មែរទាំងអស់។ នៅក្នុងឆ្នាំ១៩៨០ តា អួន យ៉ង់ បានផ្សំផ្គុំឲ្យ ធាមានគ្រួសារ គាត់បានរៀបចំពិធីសែនព្រេនបន្តិចបន្តួចដើម្បីឲ្យដូនតាបានដឹងឮ។ ក្រោយពីមានគ្រួសាររួច ធា និងប្ដីរស់នៅជាមួយគ្នានៅជំរំសាយធូដដែល ក្រោមការផ្គត់ផ្គង់របស់ជនជាតិថៃ។ ធា រស់នៅលើទឹកដីថៃមានកូនចំនួនពីរនាក់ស្រីម្នាក់ប្រុសម្នាក់ ទើប ធា ជាមួយក្រុមគ្រួសារបាននាំគ្នាធ្វើដំណើរចូលមករស់នៅប្រទេសកម្ពុជាវិញ។ ដំបូង ធា និងគ្រួសាររស់នៅភូមិអូរល្ហុង ស្រុកសំឡូត ខេត្តបាត់ដំបងមានប្រជាជនជាច្រើននាក់បានធ្វើដំណើរមកជាមួយគ្នាផងដែរនិងរស់នៅទីនោះផងដែរ។ ធា រស់នៅភូមិអូរល្ហុងបានរយៈពេលមួយឆ្នាំក៏នាំគ្នាធ្វើដំណើរបន្តមកដល់ ភូមិក្រពើពីរក្រោម រួចក៏បានបោះទីតាំងធ្វើផ្ទះសម្បែងនៅទីនោះនិងចាប់ដីដើម្បីប្រកបរបរធ្វើស្រែចម្ការគ្រាន់បានចិញ្ចឹមជីវិត តាំងពីពេលនោះមករហូតដល់បច្ចុប្បន្ននេះ។
សរសេរដោយ ឡាំ ស្រីនីត
ឯកសារយោង
[1] មជ្ឈមណ្ឌលផ្សះផ្សាវាលវែងនៃមជ្ឈមណ្ឌលឯកសារកម្ពុជា សម្ភាសន៍ជាមួយ គឹម ធា ឆ្នាំ២០២៤ (រូបខាងឆ្វេង)