លឹម ព្រែក នៅចងចាំអំពីការលើកភ្លឺស្រែទម្រង់ក្រឡាចត្រង្គ (ក្រឡាអុក)នៅក្នុងរបបខ្មែរក្រហម
លឹម ព្រែក អាយុ៧៤ឆ្នាំ រស់នៅភូមិខ្ចារអំពិល ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ព្រែក កើតនៅភូមិខ្ចារអំពិល ឃុំបារាយណ៍ ស្រុកស្រីសន្ធរ នេះតែម្ដង និងប្រកបរបរធ្វើស្រែចម្ការ។ នៅវ័យកុមារ ព្រែក រៀនសូត្រនៅវត្តបារាយណ៍ តែក្រោយមកបានឈប់រៀន។ នៅអាយុ១៣ឆ្នាំ ព្រែក បួសជាព្រះសង្ឃនៅវត្តបារាយណ៍អស់រយៈពេល២វស្សា។ នៅឆ្នាំ១៩៦៩ ព្រែករៀបការប្រពន្ធ និងប្រកបរបរធ្វើស្រែចម្ការ។ បន្ទាប់ពីមានរដ្ឋប្រហារទម្លាក់សម្ដេច សីហនុ នៅខែមីនា ឆ្នាំ១៩៧០ ព្រែក ឃើញមានអ្នកភូមិជាច្រើនចូលរួមដង្ហែរបាតុកម្មទៅទីរួមខេត្តកំពង់ចាម និងទៅទីក្រុងភ្នំពេញ ដែលបន្ទាប់មកបាតុករទាំងនោះត្រូវបានទាហាន លន់ នល់ ធ្វើការបង្រ្កាប។ ប្រហែល៥-៦ខែក្រោយមក គឺនៅចុងឆ្នាំ១៩៧០ កងទ័ពខ្មែរក្រហមចាប់ផ្ដើមចូលមកដល់ភូមិ ហើយមិនយូរប៉ុន្មានបន្ទាប់ពីមានវត្តមានរបស់កងទ័ពខ្មែរក្រហម ទាហាន លន់ នល់ ត្រូវបានបញ្ជូនមកដើម្បីវាយបណ្ដេញកងទ័ពខ្មែរក្រហមចេញពីភូមិ។ សង្រ្គាមរវាងទាហាន លន់ និងកងទ័ពខ្មែរក្រហម ផ្ទុះកាន់តែខ្លាំងឡើងៗ។ រហូតដល់ឆ្នាំ១៩៧៣ កងទ័ពខ្មែរក្រហមរំដោះបានភូមិរបស់ព្រែក។ បើទោះបីជាមានភាពស្ងប់ស្ងាត់នៅក្នុងភូមិដែលទើបតែត្រូវបានរំដោះ ទាហានលន់ នល់ នៅតែបន្តការវាយប្រហារដោយការបាញ់ផ្លោងគ្រាប់ពីនាវាចម្បាំង និងការបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក។ ក្នុងរយៈពេលជិត៥ឆ្នាំនៃសង្រ្គាម ព្រែក និងអ្នកភូមិផ្សេងទៀតមានផលវិបាកក្នុងការធ្វើស្រែ ឬដំាដំណាំហូប ហើយអ្នកភូមិនៅពេលនោះត្រូវបានរៀបចំជាកងប្រវាស់ដៃសម្រាប់ជួយគ្នាទៅវិញទៅមកច្រូតកាត់ស្រូវនៅក្នុងភូមិ។
នៅពេលដែលកងទ័ពខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ និង ជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុងភ្នំពេញទៅកាន់ទីជនបទនានា, ព្រែក ឃើញមានការមកដល់ប្រជាជនថ្មីនៅក្នុងភូមិ។ ប្រជាជនថ្មីត្រូវបានឲ្យរៀបចំរស់នៅជាមួយ និងធ្វើការងារក្រោមការគ្រប់គ្រងរបស់ប្រជាជនមូលដ្ឋាន។ នៅពេលដែល សហករណ៍ត្រូវបានបង្កើតឡើង នៅឆ្នាំ១៩៧៦ អ្នកភូមិត្រូវបានដាក់ឲ្យបម្រើការងារនៅតាមកងនីមួយៗ ដូចជា កងនេសាទ, កងចល័តយុវជន កងចល័តយុវនារី, និងកងចល័តវ័យកណ្ដាល ជាដើម។ ព្រែក ត្រូវដាក់ឲ្យធ្វើការនៅកងចល័តបុរសវ័យកណ្ដាល ចំណែកឯប្រពន្ធរបស់ព្រែក ត្រូវបានបញ្ជូនទៅធ្វើការងារនៅរោងបាយរួម។ នៅកងចល័តវ័យកណ្ដាល ព្រែក ត្រូវធ្វើការស្ទូងស្រូវ និងលើកភ្លឺស្រែ។ នៅឆ្នាំ១៩៧៧ ព្រែក ត្រូវបានបញ្ជូនទៅលើកភ្លឺស្រែដែលអង្គការដាក់ឲ្យធ្វើមានទម្រង់ជាក្រឡាចត្រង្គ (ក្រឡាអុក) ពីភូមិសាស្រ្តឃុំបារាយណ៍ ស្រុកស្រីសន្ធរ រហូតដល់ស្រុកស៊ីធរ កណ្ដាល ខេត្តព្រៃវែង។ ព្រែក មាន ភាពប្រាកដប្រាជាថា ការលើកភ្លឺស្រែនេះត្រូវបានអនុវត្តន៍ក្នុងមូលដ្ឋានជាស្រែគំរូ គឺអាចសម្រេចឲ្យបានទិន្នផលស្រូវ៣តោនក្នុង១ហិចតា និងបន្តឈានដល់ការសម្រេចបាននូវការបង្កើតទិន្នផលស្រូវ៦តោនក្នុង១ហិចតា[1] ទៅតាមគម្រោងផែនការ៤ឆ្នាំខ្មែរក្រហមកំណត់។[2]
ព្រែក ជឿជាក់ចំពោះស្រែគំរូក្នុងមូលដ្ឋាន និងធ្វើតាមបទបញ្ជារបស់ប្រធានកងចល័ត ឈ្មោះមិត្ត ផន។ ការលើកភ្លឺស្រែក្នុងទម្រង់ជាក្រឡាចត្រង្គនេះ សម្រេចបានផ្ទៃស្រែរាប់សិបគីឡូម៉ែត្រ។ ភ្លឺស្រែក្នុងទម្រង់ជាក្រឡាចត្រង្គនេះ ផ្ដល់អំណោយផលក្នុងការគ្រប់គ្រងទឹកដើម្បីផ្គត់ផ្គង់ការដាំដុះស្រូវទាំងរដូវប្រាំង និងរដូវវស្សា។ ព្រែក គូសបញ្ជាក់ថា៖ «ការប្រមូលទិន្នផលស្រូវឲ្យបាន៣តោនឬ៦តោនក្នុង១ហិចតា ទាំងប្រាំង ទាំងវស្សា គឺអាចទៅរួច ពីព្រោះយើងបានធ្វើភ្លឺស្រែអមជាមួយប្រឡាយទឹកក្នុងការប្រើប្រាស់។» បន្ទាប់ពីការលើកភ្លឺស្រែក្នុងទម្រង់ជាក្រឡាចត្រង្គរួចរាល់ ប្រធានកងចល័ត រៀបចំនិងបែងចែកសមាជិកកងចល័តទៅជាក្រុមដើម្បីធ្វើការដកស្ទូង និងច្រូតកាត់ ស្រូវ។ នៅចុងឆ្នាំ១៩៧៧ មិត្ត ផន ប្រធានកងចល័ត ត្រូវបានកម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនិរតី ចាប់យកទៅសម្លាប់ចោល។ បន្ទាប់ពីការចូលមកគ្រប់គ្រងទាំងស្រុងនៅឆ្នាំ១៩៧៨ កម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនិរតី តែងតែកោះហៅកម្មាភិបាលមូលដ្ឋានទៅប្រជុំ ប៉ុន្តែនេះគឺជាការចាប់សម្លាប់ទៅវិញ។ នៅពេលនោះ កម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនិរតី មានឈ្មោះ តា ហ៊ឹម គឺជាប្រធានក្ដោបរួម និងជាអ្នកបញ្ជាចាប់កម្មាភិបាលមូលដ្ឋាន, ប្រជាជនមូលដ្ឋានដែលប្រព្រឹត្តខុស និងប្រជាជនថ្មីដែលនៅសេសសល់ ដើម្បីយកទៅសម្លាប់ចោលទាំងអស់។ ព្រែក បន្តធ្វើការងារនៅកងចល័តបុរស និងតែងតែមានការប្រុងប្រយ័ត្នខ្លាចការចាប់យកទៅសម្លាប់។ សមាជិកកងចល័តបុរស រួមមានប្រជាជនមូលដ្ឋាន និងប្រជាជនថ្មី ជាច្រើន បានបាត់ខ្លួន និងត្រូវបានសម្លាប់។ នៅពេលដែលកងទ័ពរណសិរ្សចូលមករំដោះប្រជាជន កម្មាភិបាលខ្មែក្រមកមកពីភូមិភាគនិរតីបានរត់គេចខ្លួនបាត់។ ព្រែក អាចរួចផុតពីសេចក្ដីស្លាប់ និងបន្តរស់នៅជួបជុំគ្រួសារនៅភូមិ។
សរសេរដោយ ស៊ាង ចិន្តា
ឯកសារយោង
[1] លឹម ព្រែក «ប្រវត្តិសាស្រ្តផ្ទាល់មាត់៖ បទពិសោធន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» សម្ភាសន៍ដោយ ស៊ាង ចិន្ដា មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម នៅឆ្នាំ២០២៣, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា
[2] មជ្ឈមណ្ឌលឯកសារកម្ពុជា, ឯកសារលេខD00591, «គម្រោងផែនការ៤ឆ្នាំ កសាងសង្គមនិយម គ្រប់ផ្នែករបស់បក្ស ឆ្នាំ១៩៧៧-១៩៨០», បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា