កុមារត្រូវបានបំបែកចេញពីឪពុកម្តាយក្នុងរបបខ្មែរក្រហម

ម៉ម សុផាត៖ «ប្រសិនបើមានការកាត់ទោស ហើយយកខ្ញុំធ្វើសាក្សី ខ្ញុំសុខចិត្តធ្វើសាក្សីទៀត មិនបាច់ប្រើជាឯកសារទេ គឺយករូបខ្ញុំតែម្តង សុខចិត្តទៅ ឲ្យខ្ញុំទៅបំភ្លឺកាលរបបនឹងយ៉ាងម៉ិច វាឆ្លងកាត់យ៉ាងម៉ិច វាបង្អត់បាយយ៉ាងម៉ិច វាសម្លាប់យ៉ាងម៉ិច វាធ្វើទារុណកម្មសព្វបែបយ៉ាង ខ្ញុំប្រាប់ទាំងអស់ សួរថាប្រទេសណាដែលធ្វើដូចយើងសម្លាប់រាស្ត្ររបស់ឯង ធ្វើទារុណកម្មលើរាស្ត្ររបស់ឯង ហើយទៅទ្រអ្នកដទៃ ហើយយើងមនុស្សណា៎ ខ្មែរដូចគគ្នាណា៎ វាគិតមើល មិនបាច់គិតវែងឆ្ងាយទេ វាយកដែកកាប់ក្អែបឲ្យខាំគេ ហើយវាមិនគិត ខ្លួនវាមិនហ៊ានយកដៃចាប់ផងហ្នឹង មិនអញ្ចឹង? វាចេះយកកូនចៅវាមកឱបថើប ហើយវាទៅវាយកូនចៅគេចោលនឹង យើងគិតមើល វាចេះស្រឡាញ់កូនវាដែរហ្នឹង»[1]

ម៉ម សុផាត ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិធ្នង់រលើង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ឪពុកឈ្មោះ ម៉ម រឿង ម្តាយឈ្មោះ លី ថង ហើយមានបងប្អូន ៧នាក់ (ម៉ម សារិន, ម៉ម សុផាត, ម៉ម សំបាន(ស្លាប់), ម៉ម សាមិត្ត, ម៉ម ខ្នា(ស្លាប់), ម៉ម សាវ៉ាន(ស្លាប់) និង ម៉ម សុវ័ណ្ណ) ស្រី២នាក់ ដែល៣នាក់ស្លាប់ក្នុងរបបខ្មែរក្រហម។ ក្នុងឆ្នាំ១៩៩១ សុផាត រៀបការជាមួយប្រពន្ធឈ្មោះ ទូច ហេង និងមានកូន៤នាក់ ស្រី៣នាក់។

រដ្ឋប្រហារទម្លាក់សម្តេចឪឆ្នាំ១៩៧០[2] សុផាត នៅតូចនៅឡើយ ដែលមានអាយុប្រហែល១០ឆ្នាំ តែនៅចងចាំថា ក្នុងរដូវវស្សា នៅម្តុំក្បាលថ្នល់មានផ្ទុះសង្គ្រាមក្រោយពេលឮដំណឹងថាមាន ប៉េសេ ឬ លោកសាញ់ៗ ត្រូវគេបាញ់សម្លាប់ សុផាត រត់កាត់គ្រាប់ កាត់រំសវទៅនៅឯផ្ទះឪពុកមារ(ស្លាប់) នៅខេត្តតាកែវ ក្រោយមកក្រុមគ្រួសារ សុផាត ទាំងមូលក៏ផ្លាស់ទីលំនៅទៅភ្នំពេញរហូតដល់ខ្មែរក្រហមចូលក្នុងឆ្នាំ១៩៧៥។

ខ្មែរក្រហមបានជម្លៀស សុផាត និងគ្រួសារឲ្យទៅស្រុកកំណើតនៅភូមិធ្នង់រលើង (កាលពីដើមឡើយភូមិល្វេង) ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ សុផាត និងគ្រួសារ ធ្វើដំណើរដល់ភូមិពោធិព្រះសង្ឃ ខាងលិចអង្គតាសោម កងទ័ពខ្មែរក្រហមបានសួរនាំពីជីវប្រវត្តិ តែគ្រួសារ សុផាត បានលាក់ប្រវត្តិរូបដែលមានឪពុកជាអតីតទាហាន លន់​ នល់ ដោយបានឃើញឪពុកមារដែលជាអតីតគ្រូបង្រៀន និងបងជីដូនមួយម្នាក់ដែលជាអតីតទាហាន លន់ នល់ ត្រូវបានខ្មែរក្រហមយកទៅសម្លាប់ចោលភ្លាមៗ។ សុផាត និងឪពុកប្រាប់ទៅកងទ័ពខ្មែរក្រហមថា ជាអ្នកដាំត្រកួននៅបឹងទំពន់ កម្មករដើរស៊ីឈ្នួលកាត់ត្រកួន មិនបានប្រាប់សាវតាពិតប្រាកដដែលជាមន្ត្រីរាជការនោះឡើយ ប៉ុន្តែខាងខ្មែរក្រហមនៅតែបន្តតាមដានគ្រួសាររបស់ សុផាត ដដែល។ ក្នុងមួយថ្ងៃៗខ្មែរក្រហមយកមនុស្សទៅសម្លាប់ចោលប្រមាណ ១០នាក់ដែលសុទ្ធសឹងជាមន្ត្រីរាជការ[3]ក្នុងរបប លន់ នល់ ដូចជា គ្រូបង្រៀន វេជ្ជបណ្ឌិត ប៉ូលិស ទាហាន។ល។ បន្ថែមលើនេះ ក្នុងរបបខ្មែរក្រហមមានការប្រជុំដែលមានអ្នកចូលរួម ៤ទៅ៥នាក់ ដើម្បីអប់រំឲ្យស្មោះត្រង់នឹងអង្គការ[4]៖ «គេតែងតែអប់រំឲ្យលះបង់គំនិតចាស់ចោល ហើយប្រកាន់យករបបបដិវត្តន៍ថ្មី ត្រូវតែនិយាយអួតអង្គការ មើលមាននរណាស្មោះត្រង់នឹងអង្គការប្រាប់មក ថាកាលពីមុនធ្វើអី?»[5] គ្រាន់តែមានម្នាក់ឆ្លើយថា ចេះបើកឡាន ក៏ត្រូវបានកងឈ្លបអង្គការយកទៅសម្លាប់ចោល ដោយអង្គការចាត់ទុកថាជាកូននាយទុនព្រោះ មានឡានជិះ។

សុផាត មិនបានធ្វើដំណើរដល់ស្រុកកំណើតទេ ព្រោះកងទ័ពខ្មែរក្រហមបានប្រមូលផ្តុំប្រជាជននៅភូមិអង្គនារាយ៍ រស់នៅទីនោះបានប្រហែលជិតមួយឆ្នាំ។ ក្នុងអំឡុងឆ្នាំ១៩៧៦ ខ្មែរក្រហមចាប់ផ្តើមបង្កើតសហករណ៍កម្រិតទាប[6] ដែលប្រជាជនទាំងអស់ ត្រូវរស់នៅជាមួយគ្នា ហូបរួមគ្នា ធ្វើការរួមគ្នា ស្របពេលជាមួយគ្នានោះដែរ ខ្មែរក្រហមក៏បានបែងចែកវណ្ណៈប្រជាជនជាពីរ[7]៖ ប្រជាជនមូលដ្ឋាន ឬប្រជាជនចាស់ និងប្រជាជនថ្មី ឬប្រជាជន១៧មេសា។

ខ្មែរក្រហមចាប់ផ្តើមប្រមូលក្មេងៗឲ្យនៅតាមកងបែកពីឪពុកម្តាយ ហើយកុមារដែលមានវ័យជំទង់ល្មមៗខ្មែរក្រហមឲ្យចូលទៅកងយុវជន។​ បងប្អូនរបស់ សុផាត ត្រូវរស់នៅបែកគ្នា ដោយប្អូនតូចៗបន្តរស់នៅជាមួយឪពុកម្តាយ តែដល់គ្រប់អាយុ ក៏ត្រូវបំបែកឲ្យទៅរស់នៅកងកុមារផ្សេងទៀតក្នុងឆ្នាំ១៩៧៧ ដែលធ្វើឲ្យប្អូនស្រីរបស់ សុផាត ម្នាក់ឈ្មោះ ម៉ម សាវ៉ាន ស្លាប់ដោយសារអត់អាហារ។ ឪពុកម្តាយរបស់ សុផាត ខ្មែរក្រហមឲ្យធ្វើជាង រស់នៅក្នុងកងជាង ហើយមិនដែលបាននៅផ្ទះទេ គឺត្រូវទៅរស់នៅឯខ្ទមត្របែក តែពេលប្អូនស្រីរបស់ សុផាត ស្លាប់ទៅក៏ត្រូវខ្មែរក្រហមចាប់មកភូមិវិញ បន្ទាប់មក ប្អូនប្រុសឈ្មោះ ម៉ម ខ្នា និងបងប្រុសឈ្មោះ ម៉ម សំបាន ក៏ស្លាប់ដោយអត់ឃ្លានដែរ ព្រោះពេលដែល សុផាត នៅជុំគ្នាជាមួយឪពុកម្តាយ និងប្អូនៗ សុផាត ជាអ្នកដើររកត្រីដើម្បីយកទៅដូរស្រូវពីប្រជាជនមូលដ្ឋានសម្រាប់ហូបក្នុងគ្រួសារ (មុនពេលបង្កើតសហករណ៍ក្នុងឆ្នាំ១៩៧៥)។

សុផាត ចងចាំយ៉ាងច្បាស់ពេលដែលត្រូវបានខ្មែរក្រហមបំបែកចេញពីឪពុកម្តាយ ព្រោះពេល សុផាត ចេញទៅមានភ្លៀងធ្លាក់ជាខ្លាំង មិនអាសូរ សុផាត ដែល ស្លៀកតែខោខ្លីមួយជាប់ខ្លួនហើយរកកន្លែងដេកមិនឃើញដោយសារទឹកភ្លៀងជនលិចកន្លែងស្នាក់នៅអស់ តែ សុផាត និងក្មេងៗដទៃទៀត ចេះតែអើតក្បាលលើភ្លឺស្រែហាលភ្លៀងរហូតដល់ម៉ោង១២យប់ទើបភ្លៀងរាំង ជាពេលវេលាដែលពិបាក។ ជាការលត់ដំរបស់ខ្មែរក្រហមលើកងកុមារពេលចាប់ផ្តើមដំបូង ខ្មែរក្រហមបានបែងចែកការងារ ដូចជា កាប់ទន្រ្ទានខែត្រ បោចល្ពាក់ដើម្បីធ្វើបង្គី រែកដី ជាដើម ក្រោយមកបាន៤-៥ថ្ងៃកងរបស់ សុផាត មានរបស់របរប្រើប្រាស់សព្វគ្រប់។ ពេលរស់ក្នុងកង សុផាត និងកុមារដទៃទៀត រស់ នៅគ្មានសិទ្ធសេរីភាព ត្រូវខ្មែរក្រហមគៀបសង្កត់គ្រប់បែបយ៉ាង ត្រូវហូបរួម តែមិនបានដែលបានហូបអាហារគ្រប់គ្រាន់ទេ អាហារខ្វះអនាម័យ ហូបដូចសត្វធាតុមិនមានចែកចានត្រឹមត្រូវទេមានតែត្រឡោកដូង ហើយក៏គ្មានស្លាបព្រា (តែក្រោយមកមានចែកស្លាបព្រា) គឺត្រូវលើកត្រឡោកហុតតែម្តង ចំណែករបបអាហារវិញមានតែទឹកបបរ ដែលអង្ករ១០កំប៉ុងត្រូវបបរសម្រាប់មនុស្ស៥០នាក់ ពេលខ្លះមានលាយត្រកួន លាយត្រាវ។ សុផាត និងបងជីដូនមួយម្នាក់ ដោយមានការនឹករលឹកឪពុកម្តាយ តែងតែលួចរត់ទៅផ្ទះពេលកណ្តាលអធ្រាត្រប្រមាណជាម៉ោង ១យប់។ ពេលដែល សុផាត សុំទៅលេងឪពុកម្តាយ ខ្មែរក្រហមមិនដែលអនុញ្ញាតឲ្យទៅ ទេដោយឆ្លើយតបទៅវិញថា ​«មិនចាំបាច់ទេ ម៉ែ ឬបងប្អូនអីមានគេមើលហើយមិនបាច់ហ្អែងទៅមើលទេ»[8] ដោយឡែកពេលដែលខ្មែរក្រហមបំបែកកុមារ ឬកូនៗចេញពីឪពុកម្តាយ ខ្មែរក្រហមប្រាប់ឪពុកម្តាយកុំឲ្យនឹកកូន ព្រោះផ្លាស់ទៅនៅកន្លែងថ្មីនោះក៏មានម៉ែឪថ្មីចិញ្ចឹមកូនឲ្យដែរ។

ខ្មែរក្រហមបានចាត់ទុកការលួចរបស់របរ លួចចំណីអាហារ លួចរត់គេចចោលកន្លែងធ្វើការ ឬរត់ពីកន្លែងស្នាក់នៅ ការនិយាយអាក្រក់ពីអង្គការ ជាកំហុសដែលអាចឈានទៅដល់ការនាំយកទៅឃុំឃាំងនៅមន្ទីរឃុំឃាំងតាមសហករណ៍ ដែលចាត់ក្នុងមន្ទីរសន្តិសុខ៣កម្រិតដំបូង[9] មានដូចជា កម្រិតតំបន់ ស្រុក និងឃុំ ឬសហករណ៍។ សុផាត ធ្លាប់ឃើញកងឈ្លបឈ្មោះ វ៉ន និង ចិត្រ យកមនុស្ស ៧នាក់ទៅសម្លាប់ចោលនៅអង្គតាពក់ ដោយកាប់នឹងពូដៅ តែឈ្លបឈ្មោះ គើយ ដែលជាកូនយាយ យ៉ៅ នៅខេត្តតាកែវវិញ យកកាំបិតកាប់សម្លាប់មនុស្សទាល់តែបាក់តែម្តង តែគ្មានអ្នកណាហ៊ាននិយាយ ឬហ៊ានស្រែកទេទោះបីឃើញផ្ទាល់ភ្នែកក៏ដោយ។

សុផាត បានរៀបរាប់ថា រាល់កំហុសនៅក្នុងរបបខ្មែរក្រហមគឺរាប់ថាជាខ្មាំង ដែលមាន កាប់ចបបាក់ កាប់ចបឆែប រត់ចេញពីកង ចេញទៅរកម្ហូបអាហារខុសពេលវេលា ប្រឆាំងនឹងបដិវត្តន៍ (ធ្វើអ្វីដែលបដិវត្តន៍ហាមមិនឲ្យធ្វើដូចជា ពេលម៉ោងសម្រាក យើងទៅរកក្តាមខ្យងជាដើម) ហើយពេលដែលយើងត្រូវឈ្លបខ្មែរក្រហមចាប់បាន ត្រូវពិន័យឲ្យទៅរែកដីបន្ថែមដោយត្រួតបង្គីដើម្បីឲ្យធ្ងន់ទ្វេដង វាយធ្វើបាបភ្លាមៗ បើទោសធ្ងន់ ត្រូវសម្លាប់ចោល។ ជាក់ស្តែង សុផាត ផ្ទាល់ត្រូវបានខ្មែរក្រហមចាប់បានជាច្រើនលើកច្រើនសាររាប់មិនអស់ ដូចជា រត់ចោលកង លួចដំឡូង (កំហុសដែលអាចឈានដល់យកទៅសម្លាប់ចោល) លួចបេះស្លឹកខ្នឹង និងលួចទៅរកក្តាម។ សុផាត ត្រូវទទួលពិន័យដូចជា មេក្រុមកាប់ដីឲ្យរែក (បើរែកមិនរួចទេត្រូវមេក្រុមធាក់ពីក្រោយផ្កាប់មុខ) យកផ្តៅ និងដំបងវាយខ្លាំងៗ ជួនកាលយកដងចបគោះក្បាល និងចាប់ចងបោះចូលក្នុងទឹក (តែបានកង
យុវជនជួយស្រង់ទាន់ពេលវេលា)។ មានពេលមួយ សុផាត ជួបហេតុការណ៍ដែលប៊ិះតែស្លាប់ ពេលដែល សុផាត និងប្អូនជីដូនមួយ ទៅចិតទំពាំង(ពីរ-បីដង)នៅព្រៃដោយស្មានតែជាទំពាំងព្រៃ តែវាជាទំពាំងស្រុកដែលត្រូវបានហាមឃាត់មិនឲ្យជីកឡើយ ពីរនាក់បងប្អូនក៏រត់ពីកង ស្រាប់តែពេលនោះមានមេកងដែលជិះសេះមានដាវមួយដើម និងស្នាមួយដើម ស្រាប់តែមានគេស្រែកថា «គេមកឥឡូវហើយ គេមកដល់ឥឡូវហើយ»[10] សុផាត គ្រាន់តែភ្ញាក់ឮភ្លាមសេះក៏មកដល់ក្បែរបាត់ មេកងជិះសេះដេញតាមអ្នកទាំងពីរ តែសំណាងល្អ សុផាត និងប្អូនជីដូនមួយបានរត់ចូលព្រៃគេចខ្លួនរួច។​

សុផាត៖ «គ្មាននរណាទៀងត្រង់កើតទេ លួចទៅលួចមក ធ្វើម៉េចបើក្រពះវាឃ្លាននោះ បើមិនដោះដូ បើមិនលួចធ្វើម៉េច ចេះតែដើរបិចបោចគ្រប់យ៉ាងទៅ អាមើមស្មៅក្រវ៉ាញ ស្មៅជ្រូកអីហ្នឹង លាងទឹកហូបគ្មានសល់អីទេ យកមើមវាលាងទឹកហូបទៅ ហើយអាដើមកញ្ចប់អំបិលដុះនៅនឹងដីហ្នឹង អាប៉ិនមេដៃដុះនៅដីហ្នឹង ក៏ហូបដែរ ហូបគ្មានសល់អីទេ»[11] 

ការរស់នៅក្នុងរបបខ្មែរក្រហមមានការខ្វះខាតជាខ្លាំងសូម្បីតែអំបិល ខ្វះអង្ករ ខ្វះទាំងថ្នាំព្យាបាល និងទីជម្រកស្នាក់នៅ។ សុផាត គ្រុន ដែលមានអការរងារញាក់ តែពុំមានថ្នាំព្យាបាលទេ ទើប សុផាត និងអ្នកជំងឺផ្សេងទៀត ដើរបោចស្លឹកពពិល គ្រាប់ស្លែង សំបកស្តៅ យកទៅដាំទឹកហូបដើម្បីព្យាបាលជំងឺ។ នៅពេលដែល សុផាត មានរបួសដោយសារបុកនឹងស្ន ឬបុកនឹងថ្ម គ្មានថ្នាំព្យាបាលដំបៅនោះទេ មានតែពេលដើរ ឬពេលធ្វើការប្រទះឃើញស្មៅតូចៗល្អិតៗបេះយកមកបិតលើដំបៅតាមដែលអាចធ្វើបាន ទោះបីជាសះឬមិនជាទុកតាមយកថាកម្មទៅចុះ។ មានពេលមួយ សុផាត, ឡាប និង តាប៊យ ត្រូវបានខ្មែរក្រហមឲ្យទៅរស់នៅដាច់ដោយឡែកតែម្នាក់ឯង ព្រោះ សុផាត ពងបែកមាត់ខ្លាំង និងក្តៅខ្លួនខ្លាំង ដែលសន្និដ្ឋានថា មានជំងឺមហារីក។

ពេលធ្វើដំណើរទៅធ្វើការនៅកន្លែងផ្សេងពីកង សុផាត និងសមាជិកកងដទៃទៀត មិនដែលមានទីជម្រកត្រឹមត្រូវទេ គឺត្រូវស្វែងរកមើលម្លប់ឈើ ឬកាប់ទាញស្លឹកត្នោតទម្លាក់ដើម្បីក្រាលដេក និងប្រក់ជាជម្រកសម្រាប់សម្រាកពេលយប់ តែពេលរដូវក្តៅជាពេលវេលាដែលពិបាកបំផុតមានតែដើមព្រីងមួយជ្រកជុំគ្នាទាំងពេលសម្រាកថ្ងៃ និងយប់ ខុសពីនៅតាមភូមិ ដែលមានកូនខ្ទមតូចសម្រាប់សម្រាកពេលយប់។

ក្រោយរបបខ្មែរក្រហមដួលរលំ សុផាត និងប្អូនស្រី មិនបានត្រលប់មកស្រុកកំណើតវិញភ្លាមៗនោះទេ ព្រោះខ្មែរក្រហមកៀរចុះទៅក្រោយជិតវៀតណាម បន្ទាប់មកទៀត កៀឡើងទៅលើភ្នំដំរីរមៀលរហូតធ្លាយដល់មាត់ជ្រូក ព្រំប្រទល់ខ្មែរ-វៀតណាម។ ពេលត្រលប់មកស្រុកវិញខ្មែរក្រហមកៀទៅភ្នំម្តងទៀតទើបបានទៅដល់ស្រុកភូមិវិញ។ ពេលទៅដល់ភូមិកំណើតមិនទាន់បានជួបឪពុកម្តាយភ្លាមៗទេ តែក្រោយមកទើបជួបជុំគ្នាវិញ។

ពេលដែលជួបជាមនុស្សអ្នកភូមិ ឬបងប្អូន សុផាត តែងតែឮពីដំណឹងដែលបាត់បង់ពីសមាជិកគ្រួសារគ្រប់គ្នា ដោយអ្នកខ្លះប្រាប់ថា ឃើញគេយកបង ឬប្អូន ឬពូ ទៅសម្លាប់ចោលផ្ទាល់ភ្នែក អ្នកខ្លះទៀតគ្រាន់តែដកដំឡូងហូបខ្មែរក្រហមតាមទាន់សម្លាប់នៅនឹងកន្លែងក៏មាន។​ សុផាត ធ្លាប់ឃើញឈ្លបខ្មែរក្រហមវាយបណ្តើរអ៊ំប្រុស​ ឈ្មោះ សូ រាជ ទៅសម្លាប់តែមិនដឹងថាសម្លាប់នៅកន្លែងណាទេ (ពេលខ្មែរក្រហមដួលរលំទើបដឹងថា ខ្មែរក្រហមយកទៅសម្លាប់ចោលនៅក្រាំងតាចាន់) មិនតែប៉ុណ្ណោះ សុផាត ធ្លាប់ឃើញសាកសពដែលទើបតែត្រូវខ្មែរក្រហមកាប់សម្លាប់ភ្លាម និងឃើញសាកសពដែលស្លាប់២-៣ថ្ងៃហើយមិនមានអ្នកយកទៅកប់។

ចាប់តាំងពីរបបខ្មែរក្រហមដួលរលំរហូតដល់ថ្ងៃនេះ សុផាត នៅតែចងចាំមិនភ្លេចនូវស្ថានភាពដែលខ្មែរក្រហមចាប់បំបែកពីគ្រួសារ និងការខ្វះខាតអាហារថែមទាំងការហាមឃាត់មិនឲ្យហូបអាហារដែលយើងរកបានដូចជា កង្កែប ក្តាម ខ្យង ដែលធ្វើឲ្យ សុផាត ពេលខ្លះមានអារម្មណ៍ក្រៀមក្រំ តានតឹង ជាពិសេសនៅតែនឹកឃើញពីព្រឹត្តិការណ៍ដែលធ្លាប់បានឆ្លងកាត់ក្នុងរបបខ្មែរក្រហមពេលដែលរំលឹកម្តងៗ ពេលខ្លះមានយល់សប្តិអាក្រក់ ជាពិសេសពេលនឹកឃើញពីបងប្រុស ប្អូនប្រុស និងប្អូនស្រី ដែលស្លាប់ដោយការអត់ឃ្លានក្នុងរបបខ្មែរក្រហម សុផាត មិនអាចទប់ទឹកភ្នែកបានឡើយ។

ជាក់ស្តែង អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមគិតត្រឹមឆ្នាំ២០២៤នេះ ភាគច្រើនជាកុមារដែលបានឆ្លងកាត់ក្នុងរបបខ្មែរក្រហម។ អ្នកខ្លះកំព្រាដោយសារឪពុកម្តាយស្លាប់ ខ្លះទៀតរកមិនឃើញឪពុកម្តាយ ឬបងប្អូន ដោយត្រូវបានខ្មែរក្រហមបំបែកចេញពីឪពុកម្តាយ និងបងប្អូន តាំងវ័យនៅជាកុមារតូចម្ល៉េះ។ ទូច ហេង (ប្រពន្ធ សុផាត) នៅតែរកឪពុកម្តាយមិនឃើញរហូតដល់ពេលនេះ ព្រោះ ហេង មិនចាំឈ្មោះឪពុកម្តាយ និងបងប្អូន សូម្បីតែបងប្អូនមានប៉ុន្មាននាក់ក៏ ហេង ចាំទាំងស្រពេចស្រពិលថា មាន ៧ ឬ៨នាក់ ហើយក៏រកមិនឃើញសូម្បីតែម្នាក់ដែរ។

អត្ថបទដោយ គឹម សុវណ្ណដានី


ឯកសារយោង

[1] មជ្ឈមណ្ឌលឯកសារកម្ពុជា។ «បទសម្ភាសន៍ជាមួយ ម៉ម សុផាត ដោយ ជួង សុភារិទ្ធ និង អៀ ម៉េងទ្រី» នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០០៤, ចម្លងចេញពីកាស្សែតដោយ ញាណ សុជាតិ, ឯកសារលេខ VOT០០០២៧, ទំព័រទី១៣។

[2] ផេង ពង្សរ៉ាស៊ី និងអ្នកពន្ធដទៃទៀត, «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» សៀវភៅបោះពុម្ពលើកទី២ របស់មជ្ឈមណ្ឌលឯកសារកម្ពុជា, បោះពុម្ពនៅភ្នំពេញ ឆ្នាំ២០២០, ទំព័រទី១១។

[3] ផេង ពង្សរ៉ាស៊ី និងអ្នកពន្ធដទៃទៀត, «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» សៀវភៅបោះពុម្ពលើកទី២ របស់មជ្ឈមណ្ឌលឯកសារកម្ពុជា, បោះពុម្ពនៅភ្នំពេញ ឆ្នាំ២០២០, ទំព័រទី៥២-៥៣។

[4] មជ្ឈមណ្ឌលឯកសារកម្ពុជា។ «មន្ទីរ៨៧០៖ សេចក្តីណែនាំអំពីការប្រើពាក្យអង្គការ និងពាក្យបក្ស» ចេញផ្សាយថ្ងៃទី១១ ខែកក្កដា ឆ្នាំ១៩៧៧, ឯកសារលេខD០១២៦៦។

[5] មជ្ឈមណ្ឌលឯកសារកម្ពុជា។ «បទសម្ភាសន៍ជាមួយ ម៉ម សុផាត ដោយ ជួង សុភារិទ្ធ និង អៀ ម៉េងទ្រី» នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០០៤, ចម្លងចេញពីកាស្សែតដោយ ញាណ សុជាតិ, ឯកសារលេខ VOT០០០២៧, ទំព័រទី១៦។

[6] ផេង ពង្សរ៉ាស៊ី និងអ្នកពន្ធដទៃទៀត, «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» សៀវភៅបោះពុម្ពលើកទី២ របស់មជ្ឈមណ្ឌលឯកសារកម្ពុជា, បោះពុម្ពនៅភ្នំពេញ ឆ្នាំ២០២០, ទំព័រទី៣៩-៤០។

[7] ផេង ពង្សរ៉ាស៊ី និងអ្នកពន្ធដទៃទៀត, «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» សៀវភៅបោះពុម្ពលើកទី២ របស់មជ្ឈមណ្ឌលឯកសារកម្ពុជា, បោះពុម្ពនៅភ្នំពេញ ឆ្នាំ២០២០, ទំព័រទី៣៩-៤០។

[8] មជ្ឈមណ្ឌលឯកសារកម្ពុជា។ «បទសម្ភាសន៍ជាមួយ ម៉ម សុផាត ដោយ ជួង សុភារិទ្ធ និង អៀ ម៉េងទ្រី» នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០០៤, ចម្លងចេញពីកាស្សែតដោយ ញាណ សុជាតិ, ឯកសារលេខ VOT០០០២៧, ទំព័រទី៨។

[9] ផេង ពង្សរ៉ាស៊ី និងអ្នកពន្ធដទៃទៀត, «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» សៀវភៅបោះពុម្ពលើកទី២ របស់មជ្ឈមណ្ឌលឯកសារកម្ពុជា, បោះពុម្ពនៅភ្នំពេញ ឆ្នាំ២០២០, ទំព័រទី៥២-៥៣។

[10] មជ្ឈមណ្ឌលឯកសារកម្ពុជា។ «បទសម្ភាសន៍ជាមួយ ម៉ម សុផាត ដោយ ជួង សុភារិទ្ធ និង អៀ ម៉េងទ្រី» នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០០៤, ចម្លងចេញពីកាស្សែតដោយ ញាណ សុជាតិ, ឯកសារលេខ VOT០០០២៧, ទំព័រទី១៧។

[11] មជ្ឈមណ្ឌលឯកសារកម្ពុជា។ «បទសម្ភាសន៍ជាមួយ ម៉ម សុផាត ដោយ ជួង សុភារិទ្ធ និង អៀ ម៉េងទ្រី» នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០០៤, ចម្លងចេញពីកាស្សែតដោយ ញាណ សុជាតិ, ឯកសារលេខ VOT០០០២៧, ទំព័រទី១១។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin