ដែង អ៊ុយៈ លេខាតំបន់៣ភូមិភាគពាយ័ព្យត្រូវបានចាប់ខ្លួន
នៅក្នុងប្រទេសមួយមេដឹកនាំទទួលយកឥទ្ធិពលគោលនយោបាយកុម្មុយនីស្តនិងមិនបានអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ ជាពិសេសគ្មាននិតីរដ្ឋ។ នៅពេលនោះប្រទេសជាតិនិងប្រជាជនពិតជាទទួលរងគ្រោះ។ ជាអាទិ៍នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យប្រជាជនស្លូតត្រង់រាប់លាននាក់បានស្លាប់ដោយសារគ្មានការជំនុំជម្រះទោសតាមផ្លូវតុលាការ។ យ៉ាងណាមិញ ដូចជាចម្លើយសារភាពឈ្មោះ ដែង អ៊ុយ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ កើតនៅភូមិចម្ការលើ ស្រុកអំពិល តំបន់៣ ភូមិភាគពាយ័ព្យ ត្រូវខ្មែរក្រហមចាប់ខ្លួននៅឆ្នាំ១៩៧៧ ។
នៅចុងឆ្នាំ១៩៦៧ អ៊ុយ បានចូលធ្វើបដិវត្តន៍តាមរយៈឈ្មោះ តុំ លេខាតំបន់៣។ មុនដំបូងអ៊ុយ ជាកងឈ្លបសម្ងាត់នៅក្នុងភូមិព្រៃធំ នៅក្រោមការដឹកនាំរបស់ឈ្មោះ ម៉ាត់ ផ្ទាល់។ នៅអំឡុង ខែមិនា ឆ្នាំ១៩៦៨ អង្គការមានផែនការប្រមូលប្រជាជនរស់នៅភូមិព្រៃធំឲ្យរត់ទៅនៅក្នុងព្រៃដំរី។ នៅពេលនោះ អ៊ុយ និងកម្មាភិបាលមួយចំនួនទៀតបានរត់ទៅទីនោះដែរ។ ដោយសារនៅព្រៃដំរី គ្មានស្បៀងអាហារហូបចុកគ្រប់គ្រាន់ អង្គការសម្រេចឲ្យប្រជាជនត្រឡប់មករស់នៅភូមិកំណើតវិញ។ នៅពេលនោះ អ៊ុយ មានការស្មុគស្មាញដែរ ម៉្យាងអត់មានស្បៀង ម៉្យាងបញ្ហាគ្រួសារ អ៊ុយ និងបងប្អូនដែលរត់ទៅជាមួយគឺឈ្មោះ ណំ ក៏សម្រេចចិត្តរត់មកផ្ទះវិញ ហើយយកកាំភ្លើងមួយដើមចូលសារភាពដើម្បីរស់។ នៅចុងឆ្នាំ១៩៦៨ បងគ្រឹងបានហៅអ៊ុយ បងទាងនិងបងឡុញ ទៅជួបគាត់។ បងគ្រឹង បាននិយាយថា អ៊ុយ ឯងបងទាង និងបងឡុញ ត្រូវរៀបចំកម្លាំងប្រជារាស្រ្តប្រហែលជា៣០នាក់ ទៅរុករកខ្មែរក្រហម តែនៅចាំខ្ញុំ(គ្រឹង)ទៅទាក់ទងសុំកាំភ្លើងពីលោកស័ក្តិ៣ ពុត សុផុន សិន។ ពេលចាត់តាំងហើយបងគ្រឹងក៏យកកាំភ្លើងចំនួន៣០ដើមដែរ។ នៅឆ្នាំ១៩៦៩ អ៊ុយ និងឈ្មោះទាង ឈ្មោះ ឡុញ ឈ្មោះ ណំ រួមទាំងបងប្អូន៦នាក់ បានក្តាប់សភាពការណ៍នៅតែក្នុងភូមិព្រៃធំទេ ពីព្រោះប្រជាជនមិនសូវឡើងទាក់ទងជាមួយអ្នកបដិវត្តន៍។
នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ។ ឈ្មោះ ទាង ឈ្មោះ ឡុញ បានទៅជួបបងគ្រឹង នៅផ្ទះគាត់។ បងឡុញ បានសួរទៅបងគ្រឹងថា រដ្ឋប្រហារហើយបងឲ្យខ្ញុំនៅឯណា? បងគ្រឹងប្រាប់ថា កុំអាលទៅណា ចាំខ្ញុំទៅជួបលោកស័ក្តិ៣ពុត សំផុន សិន។ នៅឆ្នាំ១៩៧០ ដដែល អង្គការបានសុំយុវជនក្នុងភូមិឲ្យចូលធ្វើជាយោធាម្តងទៀត។ ពេលនោះ អ៊ុយ ក៏ពិភាក្សាជាមួយបងគ្រឹង បងឡុញ និងទាងថា ឥឡូវអង្គការត្រូវការយុវជនភូមិឲ្យទៅធ្វើជាយោធាទៀតហើយបងគិតយ៉ាងម៉េច? បងឡុញឆ្លើយថា ត្រូវហើយ មិត្តអ៊ុយឯងចាត់តាំងកម្លាំងចំនួន៦នាក់ទៅ ព្រោះថា ជាមនុស្សរបស់យើងស្រាប់ផង។ អ្នកទាំង៦នាក់នោះមានឈ្មោះសារិត ឈ្មោះ ឃន ឈ្មោះ ឆើត ឈ្មោះ ព្រឹក ឈ្មោះ ពឿន និងឈ្មោះ ណំ បានមកជួបប្រជុំនៅផ្ទះបងឡុញ។ នៅពេលនោះបានអប់រំថា យើងត្រូវយកចិត្តទុកដាក់ឲ្យមែនទែន គឺប្អូនកុំភ្លេចបង កូនកុំភ្លេចឪពុក។ នៅក្នុងជួរបដិវត្តឯងទាំងអស់គ្នា ត្រូវស៊ើបការណ៍កម្លាំងបដិវត្តន៍មានប៉ុន្មាននាក់? ហើយនៅកន្លែងណា?
នៅខែមករា ឆ្នាំ១៩៧២ អង្គការបានចាប់ខ្លួនបងគ្រឹង កម្ទេចចោល អ៊ុយ ក៏ត្រូវដាច់ខ្សែរយៈពីឈ្មោះ អោក(មេឃុំ)មួយរយៈ។ រហូតដល់ចុងឆ្នាំ១៩៧២ អ៊ុយ បានហៅឈ្មោះ រំ ឲ្យជួបជាមួយឈ្មោះ ឡុញ ព្រោះ ឈ្មោះ រំ ធ្លាប់ធ្វើជាសាលាអប់រំតំបន់នៅក្នុងព្រៃខាងត្បូងព្រៃធំ ជិតកន្លែងអ៊ុយ នៅដែរ។ នៅខែកញ្ញា ឆ្នាំ១៩៧៣ ឈ្មោះ មើក ក៏មកជួបអ៊ុយ មិត្តហ៊ានិងមិត្តនាល់នៅឃុំដំណាក់សាលា។
នៅខែសីហា ឆ្នាំ១៩៧៤ អ៊ុយ និង ណំ ថា ផែនការរបស់យើងយូរអង្វែង តែឥឡូវសភាពការណ៍ខាងប្រជាជនអំណោយផលច្រើនណាស់។ នៅពេលនោះណំ ឆ្លើយថា ខាងណោះល្អ ខាងអ៊ុយ ឯណេះក៏ល្អដែរ ឥឡូវកងទ័ពភូមិភាគដកចេញពីមុខសញ្ញាស្រុកបរវិលអស់រលីង នៅសល់តែអង្គភាព៣០១របស់ខ្ញុំទេ។
នៅដើមឆ្នាំ១៩៧៥ បងតូ បាននាំមិត្តហ៊ា មកពិភាក្សាជាមួយអ៊ុយ និងឈ្មោះនាល់នៅឃុំអំពិល។ បងតូ និយាយថា ផែនការចាស់របស់យើងដូចជាសម្រេចបានតិចតួចណាស់ ឥឡូវយើងមានផែនការថ្មីសម្រាប់អនុវត្តនៅឆ្នាំ១៩៧៥។ តែចំពោះផែនការថ្មី ចាំអ៊ុយ ទៅពិភាក្សាជាមួយបងសានសិន។ បងតូ ទៅជួបបងសានចំនួនបីថ្ងៃទើបឃើញបងតូនាំបងសានត្រឡប់មកវិញ ហើយក៏បានហៅអ៊ុយ ទៅប្រជុំនៅឃុំអំពិល។ អ្នកដែលចូលរួមប្រជុំមានឈ្មោះដូចតទៅនេះ ទី១ បងសាន លេខាសេនាធិការកងពលភូមិភាគពាយ័ព្យ ទី២ ឈ្មោះ តូ ជាអនុតំបន់៣ ទី៣ ឈ្មោះ ហ៊ា លេខាស្រុកភ្នំសំពៅ តំបន់៣ ទី៤ ឈ្មោះ រំ អនុលេខាស្រុកអំពិលតំបន៣ ទី៥ ឈ្មោះ នាល់ លេខាស្រុកអំពិល តំបន់៣ ទី៦ឈ្មោះ ប៊ុត សមាជិកវរសេនាធំ តំបន់៣ ទី៧ឈ្មោះ សៃ បញ្ជាការវរសេនាតូច៣៦០ តំបន់ ទី៨ មឿក ប្រធានសហករណ៍ កំពង់ឆ្នាំង ស្រុកអំពិល ទី៩ ឈ្មោះ ហា អនុប្រធានសហករណ៍កំពង់ឆ្នាំង ស្រុកអំពិលទី១០ឈ្មោះ មាំង ជំនួយការគណៈសហករណ៍ ទី១១ឈ្មោះ តុប ប្រធានសហករណ៍ដំណាក់សាលាស្រុកអំពិល ទី១២ឈ្មោះ បុល ក្តាប់ឃ្លាំងសហករណ៍ដំណាក់សាលាអំពិល ទី១៣ឈ្មោះ ឡូញ សង្គមកិច្ចនៅសហករណ៍សាលាស្រុកអំពិលទី១៤ឈ្មោះ យឿន ប្រធានសហករណ៍តាក្រី ស្រុកអំពិល ទី១៥ឈ្មោះ ស្តើង អនុប្រធានសហករណ៍តាក្រី ស្រុកអំពិល ទី១៦ ឈ្មោះ សុវណ្ណ កម្មាភិបាលកងអនុសេនាធំស្រុកអំពិល។
នៅតែឧសភា ឆ្នាំ១៩៧៥ អង្គការបានចាត់តាំងអ៊ុយ ឲ្យនាំយោធាស្រុកអំពិលទាំងអស់ទៅយាមការពារនៅអូរបេងរហូតដល់កំរៀង អ៊ុយ បានយកយោធាមកដល់ហើយ ក៏ត្រឡប់ទៅកន្លែងដំណាក់សាលាវិញ។ នៅពេលនោះ អ៊ុយបានជួបបងសាននិងបងតូនៅមន្ទីរ៦០ ឈ្មោះ នាល់ឈ្មោះ ហ៊ា ក៏នៅទីនោះដែរ។ ក្រោយពីបានទទួលការណែនាំ អ៊ុយ និងបងនាល់ បានចុះរើសយុវជន១៧មេសា បានចំនួន៣០នាក់ នៅភូមិសាលាក្រៅ មកប្រគល់ឲ្យមិត្តប៊ុត និងបងតូនៅប៉ៃលិន បងតូគាត់ក៏យកទៅទុកក្នុងយោធាស្រុក៣៦០ទៅ។ ពេលបំពាក់អាវុធហើយបងតូក៏ប្រគល់១០នាក់ឲ្យអ៊ុយវិញ ដើម្បីចាត់តាំងឲ្យធ្វើសកម្មភាព។ នៅពេលនោះអ៊ុយ បានចាត់តាំងឲ្យយ៉េត ដើរប្រមូលប្រជាជនថ្មីបានចំនួន៧០គ្រួសារ និងឲ្យយោធាថ្មី១០នាក់ ជាអ្នកការពារប្រជាជនថ្មីរត់ទៅប្រទេសសៀម។
នៅខែមករា ឆ្នាំ១៩៧៦ បងតូ បានមកប្រជុំដាក់ផែនការនៅវត្តអំពិល។ អ្នកចូលរួមប្រជុំមានៈ ទី១ ឈ្មោះ តូ អនុលេខាតំបន់៣ ទី២ឈ្មោះ យី សមាជិកស្រុកអំពិល ទី៣ ឈ្មោះ នាល់ លេខាស្រុកអំពិល ទី៤ អ៊ុយ។ បន្ទាប់មកបងតូបាននិយាយថា យើងធ្វើសកម្មភាពកន្លងមក ធ្វើបាននិងដឹងខ្សែរយៈតែក្នុងតំបន់យើងទេ ឥឡូវស្រាប់តែគគ្រឹកគង្រេង រហូតដល់ភូមិភាគក៏មានដែរ។ តាមផ្នែកកងទ័ពក៏មានច្រើន ខាងកម្មាភិបាលតាមតំបន់ សឹងតែគ្រប់តំបន់ហើយ។ បន្ទាប់មកបងតូ បានលើកផែនការថា ឥឡូវយើងត្រូវចុះអប់រំប្រជាជនឲ្យចេះស្រឡាញ់ទ្រព្យសម្បត្តិឯកជន។ ក្រោយពីធ្វើសកម្មភាពរួចហើយ នៅក្នុងខែកុម្ភៈ ឆ្នាំ១៩៧៧ បងតូ ហៅ អ៊ុយ មិត្តរំ មិត្តនាល់ ទៅជួបបងសាននៅកន្លែងសេនាធិការកងពលភូមិភាគពាយ័ព្យខេត្តបាត់ដំបង។ ដំបូងបងសានសួរបងតូ សភាពការណ៍នៅតំបន់៣ យ៉ាងម៉េចហើយ? បងតូឆ្លើយថា សភាពការណ៍នៅតំបន់៣ មិនមានអីប្រែប្រួលទេ។ បងសានសួរទៀតថា ចុះសភាពការណ៍តំបន់៥ បានរៀបចំស្ទើរទាំងអស់ហើយ ដូច្នេះហៅមិត្តយើងមកនេះ គឺចង់ជម្រាបអំពីផែនការដែលយើងត្រូវវាយយកខេត្តបាត់ដំបងហើយ នៅយូរទៀតមិនបានទេ។ នៅខែមេសា ឆ្នាំ១៩៧៧ បងសានបានប្រាប់មុំនិងអ៊ុយ ត្រូវធ្វើផ្លូវឲ្យហើយនៅក្នុងខែ០៦ ព្រោះផែនការវាយជិតមកដល់ហើយ។ ចំណែកយោធាស្រុករបស់មុំឯង ត្រូវយកទៅដាក់នៅប៉ៃលិនឲ្យជាប់ជាមួយកងទ័ពបងប៊ុត។ នៅខែ០៥ ឆ្នាំ១៩៧៧ ខ្ញុំទៅជួបមិត្តសុវណ្ណ(ប្រធានយោធាស្រុកអំពិល)នៅភ្នំស្រែអន្ទាក់។ អ៊ុយ បានប្រាប់សុវណ្ណ ថា ផែនការយើងជិតដល់កំណត់ហើយ ដូច្នេះមិត្តសុវណ្ណឯងត្រូវយកកងទ័ពយើងដែលនៅសល់នេះ នៅដាក់នៅជិតកងទ័ពបងប៊ុត នៅប៉ៃលិនដែរ។ ក្រោយពីអ៊ុយ បានណែនាំហើយ ដល់ខែ០៦ ឆ្នាំ១៩៧៧ សុវណ្ណក៏នាំទ័ពទាំងអស់ទៅប៉ៃលិន។ ចំណែកអ៊ុយ ចេះតែរង់ចាំផែនការត្រូវផ្ទុះអាវុធ តែរឿងនេះចេះតែស្ងាត់ទៅៗ។
នៅដើមខែ០៧ ឆ្នាំ១៩៧៧ ណំ និងផល បានជិះម៉ូតូមកជួបអ៊ុយ មិត្តរំនិងនាល់នៅឃុំអំពិល។ ណំ និយាយថា ឥឡូវអង្គការចាប់សាន ចាប់នៅ ចាប់ឈន ហើយ តើយើងគិតយ៉ាងម៉េច? អ៊ុយ ឆ្លើយថា បើអង្គការចាប់ហើយណំឯងគិតបែបណា? ណំថា ខ្ញុំរត់ហើយអត់នៅទេ រត់នេះគឺរត់ទៅប្រទេសសៀម ដោយនាំទ័ពខ្ញុំទៅ ហើយនាំទ័ពខាងសៀមទៅភ្នំកង៉ក់វិញ។ ឥឡូវ បងមុំ រំនិងបងនាល់ រត់ទៅជាមួយខ្ញុំឬមិនរត់ បើមិនរត់ទេ ខ្ញុំសុំបងសុវណ្ណទៅជាមួយ ប៉ុន្តែ បើមិនរត់ប្រយ័ត្នងាប់រឿងនេះបែកការណ៍អស់ហើយ។ រំ និយាយទៅកាន់ណំថា កំអាលភ័យពេកចាំមើលសិន បើថាងាប់ៗទាំងអស់គ្នា។ ណំនៅតែឆ្លើយថា រឿងនេះគឺរឿងងាប់អត់នៅទេ អ្នកណានៅៗទៅងាប់អត់ដឹងទេ តែខ្ញុំ(ណំ) គ្រាន់តែប្រាប់បងរំនិងមុំឯងថា ពេលខ្ញុំរត់ទៅត្រូវប្រមូលស្រូវឲ្យបានច្រើន ព្រោះខ្ញុំទៅនេះ នាំទ័ពទៅជាមួយផង ពេលទៅដល់ដីសៀម ខ្ញុំចាប់ទាក់ទងយកស្រូវទៅហូបនិងចូលមកធ្វើសកម្មភាពបន្តទៀត។ និយាយតែប៉ុណ្ណឹងណំ ក៏ជិះម៉ូតូត្រឡប់ទៅវិញ ដល់ខែ៨ ឆ្នាំ១៩៧៧ ណំ រត់បាត់ ប៉ុន្មានថ្ងៃក្រោយមក អង្គការក៏ដកអ៊ុយ យកទៅទុកមន្ទីរចាត់ការរបស់តំបន់៣។ ចាប់ពីពេលនោះមកអ៊ុយ បានដាច់សកម្មភាពរហូតដល់អង្គការចាប់ខ្លួននៅថ្ងៃទី១៨ ខែតុលា ឆ្នាំ១៩៧៧។[1]
សរសេរដោយ សុខ វណ្ណៈ
ឯកសារយោង
[1] ឯកសារចម្លើយសារភាព L 0001899