ណិប ផល៖ ខ្ញុំពិការដៃ ដោយសារតែផ្ទុះគ្រាប់មីន
ណិប ផល[1] ភេទស្រី អាយុ៦៨ឆ្នាំ មានទីកន្លែងកំណើតនៅភូមិបាខង ឃុំតាភេន ស្រុកត្រាំកក់ ខេត្តតាកែវ។ បច្ចុប្បន្ន ផល រស់នៅក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ផល បាននិយាយថា៖ «ខ្ញុំរៀនបានត្រឹមថ្នាក់ទី២ កាលកុមារភាព។ ដោយសារតែសង្គ្រាម ខ្ញុំក៏បានសម្រេចចិត្តឈប់រៀន ហើយ មកនៅផ្ទះ ដើម្បីជួយធ្វើការងារឪពុកម្ដាយ។ នៅក្នុងឆ្នាំ១៩៧០ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេច នរោត្តម សីហនុ ពីតំណែង។ បន្ទាប់មក បាតុកម្មបានផ្ទុះឡើង នៅក្នុងស្រុកភូមិរបស់ខ្ញុំ។ បងៗរបស់ខ្ញុំបានបបួលគ្នាទៅចូលរួម ធ្វើបាតុកម្មនៅអង្គតាសោម នៅក្នុងខេត្តតាកែវ។ បាតុករបានចូលរួមទាមទារអំណាចជូនសម្ដេច នរោត្តម សីហនុ អស់រយៈពេល១ឆ្នាំ។
នៅចន្លោះឆ្នាំ១៩៧១-១៩៧២ ខ្ញុំបានចូលក្នុងផ្នែកសង្គមកិច្ច ខាងស្លថ្នាំនៅតាមភូមិជាមួយចាស់ៗ។ ជារៀងរាល់ថ្ងៃ ការងារដែលខ្ញុំធ្វើគឺដើររកជីកថ្នាំជាមួយចាស់ៗនៅក្នុងព្រៃ ដើម្បីយកមកស្លធ្វើថ្នាំទុកសម្រាប់ព្យាបាលប្រជាជននៅក្នុងភូមិនៅពេលឈឺថ្កាត់។ នៅពេលមានអ្នកជំងឺមកសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខ្ញុំគឺជាអ្នកមើលថែ និងរៀបចំថ្នាំជូនអ្នកជំងឺ។ ខ្ញុំធ្វើការចាប់តាំងពីព្រឹកព្រលឹមរហូតដល់ល្ងាច ទើបខ្ញុំត្រឡប់ទៅសម្រាកនៅផ្ទះជាមួយឪពុកម្ដាយវិញ។
នៅក្នុងឆ្នាំ១៩៧៣ ភូមិរបស់ខ្ញុំក៏ចាប់ផ្ដើមមានការទម្លាក់គ្រាប់បែក ដែលបង្កឲ្យមានការខូចខាតយ៉ាងសន្ធឹកសន្ធាប់ដល់ផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ប្រជាជននៅក្នុងភូមិ ដូចជា៖ ងាប់ជ្រូក គោ ក្របី ជាដើម។ នៅពេលនោះ គ្រប់ផ្ទះសម្បែងត្រូវតែមានលេណដ្ឋានសម្រាប់លាក់ខ្លួនពីការទម្លាក់គ្រាប់បែក។ ការរស់នៅរបស់ប្រជាជនពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានភាពភ័យខ្លាច និងទុក្ខលំបាកក្នុងការចេញទៅធ្វើការរកស៊ីខាងក្រៅផ្ទះ និងប៉ះពាល់ដល់ការប្រកបមុខរបរធ្វើស្រែ ប្រមូលផល។
នៅក្នុងឆ្នាំ១៩៧៥ ខ្ញុំក៏បានទទួលដំណឹងថាខ្មែរក្រហមទទួលបានជ័យជម្នះនៅទីក្រុងភ្នំពេញ។ ខ្ញុំពិតជាមានការត្រេកអរជាខ្លាំងដោយគិតថាប្រទេសជាតិបានទទួលសុខសន្តិភាព និងបានត្រឡប់ទៅផ្ទះជួបជុំជាមួយគ្រួសារដូចដើមវិញ។ ប៉ុន្តែអ្វីដែលខ្ញុំបានរំពឹងទុកគឺមិនអាចទៅរួចនោះទេ។ ខ្មែរក្រហមបានធ្វើការផ្លាស់ប្ដូរការគ្រប់គ្រងទាំងស្រុងនៅពេលខ្លួនទទួលបានជ័យជំនះ។
ខ្ញុំត្រូវបានបញ្ជូនទៅធ្វើការនៅសហករណ៍ស្រែអំបិល ក្នុងខេត្តកំពត។ ការធ្វើអំបិល និងប្រមូលផលអំបិលគឺមានការលំបាកខ្លាំងណាស់សម្រាប់ខ្ញុំ រួមទាំងប្រជាជនទាំងអស់ ដែលធ្វើការនៅទីនោះ។ ជារៀងរាល់ថ្ងៃ យើងត្រូវឈរនៅហាលក្ដៅ ដើម្បីហាលអំបិល តាំងពីព្រឹក រហូតដល់ម៉ោង១២ថ្ងៃត្រង់។ បន្ទាប់ពីហូបបាយថ្ងៃត្រង់រួចរាល់ យើងចាប់ផ្ដើមចុះធ្វើការបន្តទៀតនៅម៉ោងមួយ។ នៅក្នុងកំឡុងពេលធ្វើការនៅស្រែអំបិល ខ្ញុំតែងតែឃើញកម្មាភិបាលជាន់ខ្ពស់មកពិនិត្យមើលកម្មករស្រែអំបិលជាញឹកញាប់ ប៉ុន្តែខ្ញុំមិនបានស្គាល់អ្នកទាំងអស់នោះទេ។ ចំណែកឯការហូបចុក កម្មករស្រែអំបិលមានការខ្វះខាតខ្លាំង។ ខ្ញុំទទួលបានអាហារពីរពេល នៅថ្ងៃត្រង់ និងល្ងាចជារៀងរាល់ថ្ងៃ។ ជួនកាល ខ្ញុំបានហូបបាយក្ដាំងមួយដុំតែប៉ុណ្ណោះក្នុងមួយថ្ងៃ។ បើទោះបីជាខ្ញុំឃ្លាន ក៏ខ្ញុំគ្មានអ្វីហូបដែរ។ អាហារទាំងអស់គឺជារបស់រួម។ យើងមិនអាចទៅយកមកហូបតែម្នាក់ឯងបានទេ។ ប្រសិនបើមានអ្នកលួចអាហារហូបចុក អ្នកនោះនឹងត្រូវចាប់ខ្លួន ហើយចោទថាជាជនក្បត់នឹងសហករណ៍ ឬអង្គការ។
ខ្ញុំធ្វើការងារនៅស្រែអំបិលរហូតដល់ឆ្នាំ១៩៧៨ បន្ទាប់មកខ្ញុំក៏បានផ្លាស់ប្ដូរទៅធ្វើជាកងការពារស្រុក«ព១» ក្នុងខេត្តបាត់ដំបងវិញ។ កាលណោះ ខ្ញុំធ្វើដំណើរតាមរថភ្លើង។ នៅពេលនោះ ការងារជាកងការពារមិនមានព្រៃទាំងអស់នោះទេ មានចម្ការចេក និងចម្ការក្រូច។
ក្នុងឆ្នាំដដែល (១៩៧៨) អង្គការបានរៀបចំឲ្យខ្ញុំមានគ្រួសារក្នុងចំណោមប្រជាជនចំនួន១២គូផ្សេងទៀត។ ចំពោះកម្មវិធីនៅពេលនោះ ទាំងភាគីប្រុស ស្រី ត្រូវអង្គុយទល់មុខគ្នា រួចចាប់ដៃគ្នាប្តេជ្ញាចិត្ដរស់នៅជាមួយគ្នា ថែរក្សាគ្នាធ្វើជាគូអនាគតរហូតដល់ចាស់ និងត្រូវបម្រើ ហើយស្មោះត្រង់ជាមួយអង្គការ។ នៅពេលនោះ ខ្ញុំមិនបានស្គាល់គ្នាជាមួយប្ដីរបស់ខ្ញុំពីមុនមកនោះទេ។ ប៉ុន្តែអង្គការបានរៀបចំឲ្យខ្ញុំទាំងពីរនាក់រៀបការជាមួយគ្នា។ យើងក៏មិនអាចតវ៉ាឬប្រកែកបានដែរ។ បន្ទាប់ពីខ្ញុំបានរៀបការហើយ អង្គការក៏បានបញ្ជូនប្ដីប្រពន្ធខ្ញុំទៅនៅធ្វើការក្នុងចម្ការកប្បាស ដែលស្ថិតនៅស្រុករតនមណ្ឌល ខេត្តបាត់ដំបងដដែល។ ខ្ញុំ រួមទាំងប្ដី បានបន្តធ្វើការនៅចម្ការកប្បាសរហូតដល់ឆ្នាំ ១៩៧៩។
នៅពេលដែលកងទ័ពវៀតណាមចូលមករំដោះ យើងក៏នាំគ្នារត់ឆ្ពោះទៅព្រំដែនថៃ។ កំឡុងពេលរត់ ខ្ញុំមានផ្ទៃពោះកូនទីមួយ។ ខ្ញុំពិតជាមានការលំបាកជាខ្លាំងនៅក្នុងការធ្វើដំណើររត់ចូលព្រៃ។ កាលនោះ ប្រជាជន និងកងទ័ពរាប់ពាន់នាក់បានរួមដំណើរជាមួយគ្នាឆ្ពោះទៅព្រំដែន។ យើងដើរជួបការបាញ់គ្នាជាមួយកងទ័ពវៀតណាមផង ហើយពេលខ្លះក៏ត្រូវដាច់បាយដាច់ទឹកហូប។ ប្រជាជនអស់កម្លាំង និងមិនអាចបន្តដំណើរទៅមុខបានលឿន។ ឯអ្នកខ្លះទៀត កង្វះជីវជាតិអាហារ និងទឹកធ្វើឲ្យមានរូបរាងស្គមស្គាំងធ្វើឲ្យស្លាប់តាមផ្លូវធ្វើដំណើរ។ ការធ្វើដំណើរនេះបានចំណាយពេលអស់រយៈពេល១-២ខែ ទើបទៅដល់ព្រំដែនថៃ។ ការរស់នៅតាមព្រំដែនក៏មិនទាន់បានល្អប្រសើរដែរ។ ប្រជាជននៅតែជួបទុក្ខលំបាក គ្មានកន្លែងដេកស្រួលបួលនោះទេ។ យើងត្រូវផ្លាស់ប្ដូរកន្លែងរស់នៅជាបន្តបន្ទាប់។ ពេលខ្លះយើងដេកតែកន្លែងខ្មោចស្លាប់។ ខ្ញុំរួមទាំងប្រជាជនរស់នៅជួបការលំបាកនៅតាមព្រំដែនថៃអស់រយៈពេលមួយឆ្នាំទើបមានកាកបាទក្រហមជួយផ្គត់ផ្គង់អាហារហូបចុកបានគ្រប់គ្រាន់។ ចាប់តាំងពីពេលនោះមក ការហូបចុកលែងមានការខ្វះខាតទៀតហើយ។ ខ្ញុំ និងប្ដីបានបន្តរស់នៅតាមព្រំដែនរហូតដល់ឆ្នាំ១៩៨០ ទើបមានការជ្រើសរើសកម្លាំងមកខាងឧត្តរមានជ័យ។ គ្រួសារខ្ញុំសម្រេចចិត្តមកភូមិភាគឧត្តរ។
យើងបាននៅរស់លើភ្នំដងរែករហូតដល់ឆ្នាំ១៩៩០ ទើបខ្ញុំចុះពីលើភ្នំ និងមករស់នៅក្នុងភូមិជើងភ្នំដើម្បីកាប់ឆ្ការព្រៃធ្វើផ្ទះសម្បែង និងបង្កបង្កើនផលដំណាំសម្រាប់ផ្គត់ផ្គង់គ្រួសារ។ ការកាប់ឆ្ការព្រៃនៅតំបន់អន្លង់វែងមានគ្រោះថ្នាក់ណាស់ ដោយសារតែតំបន់នេះជាតំបន់សម្បូរ យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលសេសសល់ពីសង្គ្រាម។ ថ្ងៃមួយ ខ្ញុំទៅធ្វើចម្ការ ខ្ញុំក៏ពិការដៃ ដោយសារតែផ្ទុះគ្រាប់មីន។ បច្ចុប្បន្ននេះ ខ្ញុំមានជំងឺប្រចាំកាយដែលបានបន្សល់ទុកពីសម័យសង្គ្រាមមួយចំនួនដូចជា៖ លើសឈាម, ឡើងជាតិស្ករ, ឈឺភ្នែក និងសន្លាក់ដៃជើង»៕
សរសេរដោយ សួត វិចិត្រ
ឯកសារយោង
[1] មេក វិន សម្ភាសន៍ជាមួយ ណិប ផល នៅក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ឆ្នាំ២០២៤។