ប្រវត្តិសកម្មភាពក្បត់របស់ អ៊ុក សំអួក ហៅ សំអ៊ាត មុនចាប់ខ្លួន មានតួនាទីជាអនុនយោបាយកងធំលេខ៣២២ វរសេនាតូចលេខ២៣៤ វរសេនាធំលេខ២៣ កងពល២៩០
ឯកសារចម្លើយសារភាព D០០៤៦៧ ចំនួន៣៧ទំព័រ ជាឯកសារសរសេរដោយដៃរបស់ អ៊ុក សំអួក ហៅ សំអ៊ាត ដែលត្រូវបានអង្គការចាប់ខ្លួននៅថ្ងៃទី៧ ខែកក្តដា ឆ្នាំ១៩៧៧។ អ៊ុក សំអួក ហៅ សំអ៊ាត បានសរសេរនូវចម្លើយសារភាពរបស់ខ្លួន ចាប់ពីថ្ងៃ ១៣ ដល់ ថ្ងៃទី១៧ ខែ តុលា ឆ្នាំ១៩៧៧ អំពីប្រវត្តិសកម្មភាពក្បត់របស់ខ្លួន ដែលបានចូលសេអ៊ីអាដំបូង នៅឆ្នាំ១៩៧០ ហើយបានប្រព្រឹត្តនូវសកម្មភាពក្បត់ដូចជា បំផុសយុទ្ធជន ឲ្យមានទំនាស់ជាមួយអង្គការ, បើកផ្លូវឲ្យខ្មាំងវាយចូលខ្សែត្រៀមនៅបន្ទាយតាគោក និង នៅជាប់ទន្លេមេគង្គ បណ្តាលយុទ្ធជន និងកម្មាភិបាលត្រូវរបួស និងស្លាប់អស់ជាច្រើននាក់។ ក្រៅពីនេះគឺនៅមានសកម្មភាពខ្លះៗទៀតដូចជា បំផ្លាញអង្កររបស់ប្រជាជនដែលបានឧបត្ថម្ភជនអង្គការចំនួន៥បាវ, កាប់ទម្លាយទំនប់អាងទឹកនៅអ្នកលឿង, បំផុស យុទ្ធជនឲ្យលួចរបស់របរសមូហភាព ដូចជា អង្ករ អំបិល ព្រមទាំងលួចដុតបំផ្លាញដើមឬស្សីអស់ចំនួន៣០គុម្ព។
ខាងក្រោម ជាចម្លើយសារភាព របស់ អ៊ុក សំអ៊ួក ហៅ សំអ៊ាត
ខ្ញុំឈ្មោះ អ៊ុក សំអ៊ួក ហៅ សំអ៊ាត[1] ភេទប្រុស អាយុ២៤ឆ្នាំ នៅលាវ។ ខ្ញុំមានស្រុកកំណើត នៅភូមិក្រាំងស្ករ ឃុំក្រាំងតាយ៉ង ស្រុកកោះជ័យ ខេត្តព្រៃវែង(តំបន់២៤)។ ខ្ញុំមានឪពុកឈ្មោះ អ៊ុក ប៉ក់ និង ម្តាយ ឈ្មោះ ស្វាយ មូល។ នៅឆ្នាំ១៩៦៨ ខ្ញុំបានបួសជាព្រះសង្ឃ។ កាលនោះខ្ញុំមានអាយុ១៤ឆ្នាំ។ ខ្ញុំបានសឹកពីបួស វិញនៅខែមេសា ឆ្នាំ១៩៧០។ បន្ទាប់មក ខ្ញុំក៏បានចូលសេអ៊ីអា តាមរយៈឈ្មោះ ប៉ែន សីលា ជាអនុសេនាធិការយោធាតំបន់២៤។
នៅខែកក្កដា ឆ្នាំ១៩៧០ ប៉ែន សីលា បានបញ្ចូលខ្ញុំទៅក្រុម សេអ៊ីអា នៅភូមិសូរិយា សង្កាត់បឹងដោល ស្រុកកោះជ័យតំបន់២៤ ជាមួយឈ្មោះ ហោ សុផាត និង យឹម ហឿន។ វិធីបញ្ចូល សេអ៊ីអា នៅពេលនោះ ប៉ែន សីលា បានណែនាំឲ្យខ្ញុំ គោរពទង់ជាតិ ដែលមានរូបផ្កាយ៣ នៅចំកណ្តាល។ បន្ទាប់មក ប៉ែន សីលា ក៏បានចាត់តាំងឲ្យខ្ញុំធ្វើជានីរសារនាំសំបុត្រទាក់ទង ទៅកាន់ខ្សែក្បត់របស់គាត់ ឈ្មោះ សុខ សិន អតីតគ្រូបង្រៀនសាលាបាលី និង ជាលេខាស្រុកពាមជរតំបន់២៤ និង ឈ្មោះ វ៉េន ជាប្រធានសេដ្ឋកិច្ចស្រុកពាមជរតំបន់២៤។
នៅខែមីនា ឆ្នាំ១៩៧១ ប៉ែន សីលា ក៏បានបញ្ជូនខ្ញុំមកយោធាស្រុក ព្រមទាំងចាត់តាំងរូបខ្ញុំឲ្យទទួល តួនាទីខាងសេដ្ឋកិច្ចប្រចាំកងតូច។ បន្ទាប់មក គាត់ក៏បានឲ្យខ្ញុំស្គាល់ខ្សែថ្មីមួយទៀត គឺឈ្មោះ ញាណ ឌុល ជាអនុលេខាវរសេនាតូចលេខ៨តំបន់២៤។ ក្រោយពីបានស្គាល់ហើយ ខ្ញុំក៏បានរួមសកម្មភាពជាមួយ ញាណ ឌុល និង ឈ្មោះ ឆោម ដើម្បីនាំជ្រូកទៅលក់នៅស្រុកយួនអស់ចំនួន១០ក្បាល និងបំផ្លាញអង្ករដែលប្រជាជនឧបត្ថម្ភឲ្យអង្គការអស់ចំនួន៥បាវ ដោយអង្ករនោះ ខ្ញុំបានយកទៅបោះចោលនៅភូមិសំពោង។
នៅឆ្នាំ១៩៧២ ឈ្មោះ ប៉ែន សីលា បានហៅរូបខ្ញុំ, ហោ សុផាត, យឹម ហឿន និង ជុំ មកប្រជុំដើម្បីឧទ្ទេសនាមឲ្យស្គាល់ខ្សែថ្មី មានដូចជាឈ្មោះ ងួន ពេញ, ពេជ ចិន្តា, ជុំ ចាន់ និង ប៊ុន ប៉ម។ បន្ទាប់មក ខ្ញុំ, ជុំ ចាន់ និង យឹម ហឿន បានទទួលការចាត់តាំងពីឈ្មោះ ងួន ពេញ ឲ្យធ្វើសកម្មភាពបំផ្លាញកម្លាំងបដិវត្តន៍។ នៅពេលអង្គភាពប្រយុទ្ធជាមួយខ្មាំង នៅក្នុងសមរភូមិ អនុសេនាធំ បានហ៊ុំព័ទ្ធនៅឯបន្ទាយតាគោករួចទៅហើយ។ នៅពេលនោះ ខ្ញុំ, ជុំ ចាន់ និង យឹម ហឿន បានឯកភាពគ្នាដកខ្សែត្រៀមចេញពីបន្ទាយ និងបើកផ្លូវឲ្យរថក្រោះខ្មាំង មានឱកាសវាយចូលខ្សែត្រៀម បណ្តាលឲ្យយុទ្ធជន និងកម្មាភិបាល ត្រូវរងរបួសអស់ជាច្រើននាក់។
នៅក្នុងឆ្នាំ១៩៧៣ អង្គការបានប្រគល់ភារកិច្ចឲ្យកងវរសេនាតូចលេខ២ ទៅប្រយុទ្ធនៅសមរភូមិទន្លេមេគង្គ។ ពេលនោះ ឈ្មោះ ងួន ពេញ បានចាត់តាំងឲ្យរូបខ្ញុំ ជាមួយ ជុំ ចាន់ និង យឹម ហឿន ដកកម្លាំងខ្សែត្រៀមចេញពីទន្លេមេគង្គមួយចំនួន ដើម្បី បើកផ្លូវឲ្យខ្មាំង បានរត់ចេញទៅបន្ទាយព្រែកសំបូរវិញអស់។
នៅខែធ្នូ ឆ្នាំ១៩៧៤ អង្គការបានដក កងវរសេនាធំលេខ ២៤៧ ឲ្យមកសម្រាកនៅភូមិតាជ័យ ឃុំបឹងព្រះ ស្រុកបាភ្នំ ដើម្បីអប់រំពីសភាពការណ៍ថ្មី សម្រាប់បើកវគ្គវាយផ្តាច់ព្រ័ត្រនៅឆ្នាំ១៩៧៥។
នៅឆ្នាំ១៩៧៥ បន្ទាប់ពីទទួលផែនការរួច ខ្ញុំ រួមជាមួយ ជុំ ចាន់, យឹម ហឿន និង រោង សុខុម បានធ្វើសកម្មភាពបំផ្លាញកម្លាំងបដិវត្តន៍ នៅពេល[2]អង្គភាពបានប្រគល់ភារកិច្ចឲ្យទៅប្រយុទ្ធនៅសមរភូមិ បន្លិចជ្រោយជ្រែ ជាប់ដងទន្លេមេគង្គ។
ពេលនោះ ខ្ញុំ និងបក្ខពួក បានពង្រាយកម្លាំងកងទ័ពនៅតាមមាត់ទន្លេ ដោយធ្វើយ៉ាងណាឲ្យខ្មាំងផ្លោងមកចំខ្សែត្រៀម ធ្វើឲ្យដាច់ខ្សែត្រៀម បណ្តាលឲ្យយុទ្ធជនរងរបួស និងស្លាប់អស់ជាច្រើននាក់។ ក្រោយពីដាច់ខ្សែត្រៀម អង្គការក៏បានដកអង្គភាពចេញពីសមរភូមិនោះវិញ។
នៅឆ្នាំ១៩៧៥ ក្រោយ ទីក្រុងភ្នំពេញត្រូវបានរំដោះ ទូទាំងប្រទេស អង្គភាពក៏បានចាត់តាំងឲ្យបក្ខពួករបស់ខ្ញុំ មកប្រចាំការនៅអ្នកលឿង។ ស្របពេលជាមួយគ្នានេះដែរ ខ្ញុំ និង យស់ ជុំ បានចាត់តាំងឲ្យ ម៉េង ឌឿន និង ញ៉ាញ់ ជឿន ធ្វើសកម្មភាពបំផ្លាញអាងទឹកនៅអ្នកលឿង ដោយណែនាំឲ្យអ្នកទាំងពីរ យកចបទៅកាប់ទម្លាយទំនប់ រហូតធ្វើឲ្យបាក់ទំនប់អាងទឹក ហើយហូរទឹកចេញមកខាងក្រៅអស់ជាច្រើន។ ចំណែកឯសកម្មភាពមួយទៀតគឺ បំផុស យុទ្ធជន ឲ្យមានទំនាស់ជាមួយ កម្មាភិបាល ជាពិសេស ណែនាំឲ្យយុទ្ធជន លួចបេះដំណាំដាំដុះ និងលួចរបប សមូហភាពដូចជាអង្ករ និង អំបិលជាដើម ដោយធ្វើយ៉ាងណា ឲ្យមានភាពច្របូកច្របល់ នៅក្នុងអង្គភាព។
នៅឆ្នាំ១៩៧៦ ខ្ញុំនិងមនុស្សចំនួន៤នាក់ទៀត បានឯកភាពគ្នាដករបបអង្កររបស់យុទ្ធជន ដោយអង្គការបានកំណត់ឲ្យយុទ្ធជនក្នុង១នាក់ចំនួន៥ខាំក្នុង១ថ្ងៃ ប៉ុន្តែខ្ញុំបានដកទុកអស់ចំនួន២ខាំ នៅសល់តែចំនួន៣ខាំប៉ុណ្ណោះ ដូច្នេះ [3]ស្ទើរតែគ្មាននរណាម្នាក់អាចទទួលបានរបបអាហារគ្រប់គ្រាន់។ ចំណែកឯ ប្រជាជនភាគច្រើនហូបតែបបរលាយពោត លាយដើមចេក និងលាយគល់ល្ហុង ហើយទទួលបានរបបអង្ករតិចជាងកន្លះកំប៉ុងទឹកដោះគោក្នុង១ថ្ងៃ។
លើសពីនេះទៅទៀត ខ្ញុំបានបំផុសយុទ្ធជនឲ្យរត់ចោលជួរអស់ចំនួន៥នាក់។ នៅឆ្នាំ១៩៧៦ ដដែល ខ្ញុំបានហៅឈ្មោះ ម៉េង ឌឿន និង ញ៉ាញ់ ជឿន មកប្រជុំណែនាំ និងឲ្យត្រៀមខ្លួន ដើម្បីធ្វើរដ្ឋប្រហារអង្គការនៅខែមេសា ឆ្នាំ១៩៧៦។ ពេលនោះ ខ្ញុំបានចាត់តាំងឲ្យ ម៉េង ឌឿន និង ញ៉ាញ់ ជឿន ធ្វើសកម្មភាពបំផុសទំនាស់ផ្ទៃក្នុងរវាង ប្រជាជន និងកងទ័ព ដោយឲ្យ កងទ័ព យកអាវុធទៅបាញ់ និង សម្លុត ប្រជាជននៅភូមិព្រែករាំង ឃុំព្រែកចាប ថែមទាំងចាប់មាន់ ចាប់ទា របស់ប្រជាជនយកមកធ្វើម្ហូបថែមទៀត។ នៅឆ្នាំ១៩៧៦ ដដែល ខ្ញុំបានអប់រំយុវជនជាបន្តបន្ទាប់(៣ទៅ៤នាក់) ឲ្យឃើញពី ការរស់នៅ នៅក្នុងរបបសង្គមនិយម គឺលំបាក និងតឹងតែងណាស់ អ្វីទាំងអស់ សុទ្ធតែជារបស់សមូហភាព។ [4]មនុស្សគ្រប់រូបត្រូវបានដកហូតសិទ្ធិជាមូលដ្ឋានរបស់ខ្លួន និងមិនអនុញ្ញាតឲ្យទៅណាមកណាបានដោយសេរី ឬដើរចេញក្រៅសហករណ៍របស់ខ្លួនឡើយ។
បដិវត្តន៍សង្គមនិយម លំបាកប៉ុណ្ណឹង ទៅថ្ងៃអនាគតនឹងកាន់តែលំបាកថែមទៀត។ ចំណែកឯរបប នៅក្នុងលោកសេរី គឺសម្បូរសប្បាយ ចង់ធ្វើអ្វីក៏បាន តាមការនឹកឃើញរបស់យើង ហើយមិនមាននរណាមកបំបិទសិទ្ធសេរីភាពយើងទេ។
បន្ទាប់មកទៀត នៅខែ មករា ឆ្នាំ១៩៧៧ បក្ខពួករបស់ខ្ញុំ ដូចជា ឈ្មោះ ហែម សារិន, យឹម ហឿន, អោង សុខុម, អ៊ុក ញាណ និង ប៉ុល ជឿន ត្រូវបានអង្គការចាប់ខ្លួនយកទៅសួរចម្លើយ និងសម្លាប់។ បន្ទាប់ពីខ្សែរបស់ខ្ញុំត្រូវបានចាប់ខ្លួន ប៉ែន សាវី ក៏បានណែនាំឲ្យខ្ញុំស្គាល់ខ្សែថ្មីចំនួន៣នាក់ទៀត ឈ្មោះ ជិន ថុល មានតួនាទីជាប្រធានកង វរសេនាតូចលេខ២៣៤ វរសេនាធំលេខ២៣ កងពល២៩០, ឈ្មោះ មាស រុន មានតួនាទីជា លេខាអនុសេនាធំលេខ ៣៤១ និង ឈ្មោះ សុខ ផល មានតួនាទីជាប្រធានកងអនុសេនាធំ។ ក្រោយពីបានស្គាល់ខ្សែថ្មីរួច នៅខែ មីនា ឆ្នាំ១៩៧៧ ឈ្មោះ ជិន ថុល បានមកហៅខ្ញុំឲ្យទៅប្រជុំនៅភូមិ អាំងកុក ឃុំអ្នកលឿង ដើម្បីរៀបចំសកម្មភាពក្បត់បន្តគឺ បំផុសយុទ្ធជនឲ្យប្រឆាំងសមូលហភាព, បំផុសចលនា យុទ្ធជនឲ្យមានទំនាស់ នឹងការចាត់តាំងចំពោះកម្មាភិបាលថ្មីរបស់អង្គការ, ណែនាំយុទ្ធជន ឲ្យធ្វើសកម្មភាពបំផ្លាញដំណាំ និង រៀបចំផែនការដើម្បីកសាងកម្លាំងបន្ថែមទៀត។ ក្រោយពីទទួលបានផែនការហើយ ខ្ញុំ និង មាស រុន បានធ្វើសកម្មភាពបំផុសយុទ្ធជននៅក្នុងអង្គភាព ឲ្យមានទំនាស់ ចំពោះការចាត់តាំងកម្មាភិបាលថ្មី ដោយបំផុសថា កម្មាភិបាលដឹកនាំថ្មីសុទ្ធតែជាអ្នក គ្មានសមត្ថភាព និងមិនអាចដោះស្រាយជីវភាពជូនយុទ្ធជនបានឡើយ។ សកម្មភាពរបស់ ខ្ញុំ ជាមួយ ប៉ែន សាវី មួយទៀត គឺ ធ្វើសកម្មភាពដុតបំផ្លាញដើមឬស្សីអស់ចំនួន៣០គុម្ព។ នៅខែមិថុនា ឆ្នាំ១៩៧៧ អង្គការក៏បានចាប់ខ្លួន ឈ្មោះ ម៉ែន សាវី និងឈ្មោះ សុខ ផល ទៀត។ ពេលនោះ ខ្ញុំ ជាមួយ ជិន ថុន និង មាស រុន ភ័យខ្លាំងណាស់។ យើងក៏បានពិភាក្សាគ្នាសម្រេចរត់ទៅស្រុកយួន។ ប៉ុន្តែមុននឹងរត់ចេញទៅ ជិន ថុល បាននិយាយថា ត្រូវតែសម្លាប់ ប្រធានកងពល និងគណៈវរសេនាតូច ២៣២ឲ្យបានសិន(ចំពោះវិធីសម្លាប់នោះគឺ លបបាញ់ នៅពេលដែលអ្នកទាំងនោះកំពុងធ្វើដំណើរ)។ ក្រោយពីទទួលផែនការហើយ ខ្ញុំក៏ត្រឡប់មកអង្គភាពវិញ។ លុះព្រឹកឡើងនៅថ្ងៃទី៦ ខែកក្តដា ឆ្នាំ១៩៧៧ ខ្ញុំក៏បានត្រៀមអាវុធកាន់នៅក្នុងដៃរួចជាស្រេច រួចទៅជួបជាមួយនឹង ជិន ថុល ជាមុនសិន។ ប៉ុន្តែចៃដន្យខ្ញុំក៏ត្រូវបានអង្គការចាប់ខ្លួននៅថ្ងៃនោះតែម្តង គឺនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ១៩៧៧។
សរសេរដោយ ថុន ស្រីពេជ្រ
ឯកសារយោង
[1] មជ្ឈមណ្ឌលឯកសារកម្ពុជា,សេចក្តីកំណត់ហេតុសួរចម្លើយ អ៊ុក សំអ៊ួក ហៅ សំអ៊ាត ឯកសារ D០០៤៦៧។
[2] មជ្ឈមណ្ឌលឯកសារកម្ពុជា, ឯកសារចម្លើយសារភាពលើកទី២ របស់ឈ្មោះ មុំ សាវឿន, ឯកសារ D០០៤៦១ ទំព័រទី២៧។
[3] ផេង ពង្សរ៉ាស៊ី et al. ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) មជ្ឈមណ្ឌលឯកសារកម្ពុជា២០២០, បោះពុម្ពលើកទី២, ទំព័រទី៣៧។
[4] ផេង ពង្សរ៉ាស៊ី et al. ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) មជ្ឈមណ្ឌលឯកសារកម្ពុជា២០២០, បោះពុម្ពលើកទី២, ទំព័រទី២។