មុំ អៀច រំឭកពីការចងចាំក្នុងសម័យខ្មែរក្រហម

ខ្ញុំឈ្មោះ មុំ អៀច អាយុ៧២ឆ្នាំ រស់នៅភូមិជ័យសម្បត្តិ ឃុំដំបែរ ស្រុកដំបែរ ខេត្តត្បូងឃ្មុំ។  ខ្ញុំមានស្រុកកំណើតនៅ ភូមិឃុំនេះផ្ទាល់។ ខ្ញុំបានដឹងទាក់ទងបញ្ហាអ្នកស្លាប់នៅសម័យប៉ុល ពត ខ្ញុំបានលួចពិនិត្យមើលដែរព្រោះខ្ញុំសង្ស័យនៅពេលកម្មាភិបាលខ្មែរក្រហមចូលមកមាន២ផ្នែកគឺភូមិភាគបូព៌ានិងភូមិភាគនិរតី។ កងទ័ពបូព៌ា និងកងនិរតី ដែលត្រូវប្រមូលយកមកដាក់នៅកន្លែងនេះជាមួយគ្នាផងដែរ។  ជាក់ស្ដែងខ្ញុំបានលួចមើលឃើញកម្មាភិបាលខ្មែរក្រហមប្រជុំ ហើយរៀបចំជាក្រុម។ ខ្ញុំមើលពីក្នុងផ្ទះខាងជើង ចាំមើលកម្មាភិបាលខ្មែរក្រហមធ្វើអ្វី។  ដល់ពេលចេញមក ខ្ញុំក៏បានទៅសួរកងទ័ពដែលចូលរួមប្រជុំនឹងធ្វើអី បា្រប់ថាអង្គការហៅប្រជុំឲ្យរៀបចំជាក្រុម។ ខ្ញុំក៏មិនមាត់មិននិយាយអី្វទេ  រៀបចំជាក្រុមអ្វី ខ្ញុំក៏មិនរវីរវល់អីដែរ នឹកឃើញថាមិនដឹងធ្វើម៉េចទេ កងទ័ពទាំងពីរដូចជាអត់ចូលគ្នាទេ។ ដល់ប៉ុន្មានថ្ងៃមកទៀត ស្រាប់តែឃើញកងទ័ពធ្វើដំណើរបញ្ជូនឡើងទៅខាងកើតនៅឆ្នាំ១៩៧៦។

កាលនោះប្រជុំនៅនឹងវត្ត ប៉ុន្តែក្រោយមកហៅប្រជុំនៅកន្លែងនឹង។ ខ្ញុំសួរទៅកងទ័ពនៅបូព៌ាហ្នឹងថា ក្មួយនៅអង្គភាពអី ប្រាប់ថានៅខាងអង្គភាពតំបន់២១ ហើយខ្ញុំសួរថាក្មួយឯងដៃជើងល្អៗប៉ុណ្ណឹងដែរ ម៉េចបានជាអង្គការហៅមកនៅសហករណ៍ដោយមូលហេតុអី។ ខ្ញុំបានសួរទៅកាន់កងទ័ពប្រាប់ថា ខ្ញុំអត់មានរបួសបាក់ដៃបាក់ជើង អីទេអ៊ំ ប៉ុន្តែអង្គការដាក់ឈ្មោះពិការដោយសារមកពីបាត់បង់ស្មារតីប្រយុទ្ធ។  ពិការទីពីរនឹងដូចជាជំងឺចុកពោះ អង្គការថាសុខភាពមិនធានា គឺបញ្ជូនមករស់នៅជាមួយសហករណ៍វិញ។ ខ្ញុំក៏នៅស្ងៀមទៅ បើកងទ័ពនិយាយអញ្ចឹងហើយ។ កងទ័ពហ្នឹងមានអាយុខ្ទងប្រហែលជា២០ឆ្នាំឬ២៥ឆ្នាំ យ៉ាងច្រើននៅក្មេងៗណាស់។

នៅឆ្នាំ១៩៧៦ ខ្ញុំនៅបឹងកញ្ចាប់បានដឹង ប៉ុន្តែមិនបានឃើញផ្ទាល់ភ្នែកដែរ ព្រោះនៅពេលនោះដែលខ្មែរក្រហមចូលមកក្រោយបែកភ្នំពេញនៅឆ្នាំ១៩៧៥។ ខ្ញុំបានឮពីការប្រជុំថា អ្នកណាធ្លាប់ធ្វើទាហានឲ្យឆ្លើយត្រង់ៗ មានស័ក្តិប៉ុន្មានឲ្យស័ក្តិប៉ុណ្ណឹងវិញ ហើយឲ្យប្រាក់ខែលើសហ្នឹងទៀត។ មិនមែនខាងនិរតីទេ នៅក្នុងមិនដឹងខាងណាទេ មកប្រជុំនោះដល់អញ្ចឹងចេះតែឆ្លើយហើយ អ្នកខ្លះថាខ្ញុំមកពីខាងកាំភ្លើងធំ កងអាម៉ារីនអីណា  ដូច្នេះដល់ក្រោយមកក៏បាត់អស់ថាយកទៅរៀន។  ខ្ញុំមិនដឹងថាទៅរៀនឯណាទេបើអត់ឃើញកន្លែងដែលរៀនផង ខ្ញុំមិនដឹងដែរ។ នៅពេលនោះអង្គការបានហាមមិនឲ្យប្រជាជនទៅមន្ទីរនោះរវាងបីថ្ងៃអត់ឲ្យទៅជិតទេណា។ អ្នកអស់ហ្នឹងអត់ហ៊ានទៅ ទេ ព្រោះអង្គការហាមផ្ដាច់មិនឲ្យទៅជិតកន្លែងនោះ។  ដល់ផុតពីរបីថ្ងៃមក អ្នកស្រុកធ្វើដំណើរចូលទៅកន្លែងនោះបេះបន្លែបង្ការ បានដឹងរឿងវាយទម្លាក់រណ្ដៅបេនិងទម្លាក់ក្នុងអណ្ដូង ក៏នាំគ្នាមកវិញនិយាយតគ្នា  អ្នកដែលយកទៅកើត ត្រូវយកមកវាយចោលនៅទីនោះ។ ខ្ញុំមិនដឹងខាងណា ព្រោះអង្គការប្រមូលយកមកដាក់នៅហ្នឹងដោយប្រាប់ថាប្រមូលមកដាក់ទៅធ្វើជាទាហានទាំងអស់។ ខ្ញុំដឹងពេលត្រឡប់មកវិញ ក៏ឃើញរណ្ដៅបេ និងអណ្ដូងដែលអង្គការវាយសម្លាប់មនុស្សហើយ យកឈើទៅសង្កត់ពីលើទៀត។ នៅពេលសម្លាប់នោះ  គឺវាយនឹង ចប ព្រោះឃើញនៅក្នុងរណ្ដៅមានដែក។  ខ្ញុំមិនដឹងចំនួនអ្នកស្លាប់ទេ  ការសម្លាប់ពេលថ្ងៃតែម្ដងដោយនាំចេញទៅម្ដង១០នាក់ឬ៥នាក់ ហើយអ្នកសម្លាប់មានគ្នាចំនួនតែ២ឬ៣នាក់។ ខ្ញុំបានចូលក្នុងផ្ទះមួយមានជញ្ជាំងជិតស្លុង ហើយមានជណ្ដើរឡើងពីមុខនិងជណ្ដើរចុះខាងក្រោយ។ កម្មាភិបាលខ្មែរក្រហមចូលទៅដល់ក្នុងផ្ទះភ្ជង់ហើយចងដៃរួចជាស្រេច បណ្ដើរចុះទៅខាងក្រោយ។ ខ្ញុំតាមមើលឃើញកម្មាភិបាលខ្មែរក្រហម បណ្ដើរមនុស្សសុទ្ធតែធំ។  អ្នកទាំងនោះមាន ខោអាវ បាឡូក្រមាខៀវទាំងអស់។ ដើរទៅសើចក្អាកក្អាយគ្រប់គ្នាព្រោះស្មានតែឲ្យទៅធ្វើការ។ តាមពិតគឺយកទៅសម្លាប់។ ក្រោយមក ខ្ញុំមិនបានទៅមើលទេ ហើយក៏អ្នកស្រុកផ្អើល ខ្ញុំក៏ខ្លាចផ្អើលដែរទៅរស់នៅស្រុកស្វាយរៀងឆ្នាំ១៩៧៩។

នៅឆ្នាំ១៩៨០ ខ្ញុំត្រូវវិលត្រឡប់មករកស្រុកកំណើតរបស់ខ្ញុំវិញ។

សរសេរដោយ ទូច វណ្ណេត


ឯកសារយោង

  1. ការសែតតទី១៖ ស្រុកដំបែរ ខេត្តកំពង់ចាម ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០០២
  2. ផ្នែក«ក» នៃបទសម្ភាសន៍ជាមួយ មុំ អៀច ទាក់ទងនឹងរណ្ដៅសាកសព
  3. ឯកសារលេខ KCDC-Cam0628 ឬ D25210
ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin