សម័យខ្មែរក្រហមពុករលួយ

ឡៃ ហៀក រស់នៅភូមិពីរ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី

(រតនគិរី)៖ ឡៃ ហៀក មានអាយុ ៧៨ឆ្នាំ រស់នៅភូមិពីរ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ គាត់បានរៀបអាពាហ៍ពិពាហ៍នៅឆ្នាំ១៩៦៩។ ក្រោយពីមានរដ្ឋប្រហារនៅទីក្រុងភ្នំពេញនៅឆ្នាំ១៩៧០ ​ ក្នុងភូមិដែលគាត់កំពុងរស់នៅ មានកងទ័ពខ្មែរក្រហមចូលមកដល់ ព្រមទាំងមានការទម្លាក់គ្រាប់បែក។

អ្នកភូមិបានជីកត្រង់សេដោយយកមែកឈើនិងស្លឹកខ្លុងបាំង ​ ព្រមទាំងក្រាលដីនិងស្មៅបន្ថែមពីលើ។ នៅពេលរដូវច្រូតកាត់ចូលមកដល់ ប្រជាជនបាននាំគ្នាច្រូតកាត់នៅពេលយប់ ដោយសារតែនៅពេលថ្ងៃ ប្រជាជន​ត្រូវរត់ចូលត្រង់សេ ឬទៅក្នុងព្រៃរាល់ពេលលឺសំឡេងយន្ដហោះ។ ហៀកលើកឡើងថាមានយន្តហោះពីរប្រភេទ មួយគឺសម្រាប់ស៊ើបការណ៍ និងមួយទៀតទម្លាក់គ្រាប់បែកតែម្តង។ គាត់បន្តថានៅពេលថ្ងៃគឺមិនឲ្យមានផ្សែង ចំណែកពេលយប់មិនឲ្យមានភ្លើងនោះទេ។ គាត់បានដាំបាយទុកសម្រាប់ហូបនៅម៉ោងប្រហែល៤ភ្លឺ។

នៅពេលចូលដល់​សម័យខ្មែរក្រហម ប្រជាជនត្រូវរស់នៅយ៉ាងលំបាកវេទនាដោយសារការអត់ឃ្លាន។ គាត់ហូបបាយរបបលាយជាមួយស្លឹកដំឡូង  សម្លដំឡូង និងគល់ចេកប៉ុណ្ណោះ។ បន្ទាប់ពីបាយរួច គាត់បានលួចទៅបេះផ្លែអំពុកទុកសម្រាប់ហូបដោយសារឃ្លាន។ ហៀកត្រូវធ្វើការពីព្រឹករហូតដល់យប់អធ្រាត្រ ដោយការងាររបស់គាត់ រួមមាន ជីកស្រះ, ជីកប្រឡាយ, ជញ្ជូនដី, បោចជី, បង្ហាប់ដី, ច្រូតស្រូវ និងបុកស្រូវ។ បន្ទាប់ពីប្រជុំរួចនៅម៉ោង៨យប់ ហៀក ត្រូវបន្តធ្វើការរហូតដល់ម៉ោង១២យប់ ទើបគាត់បានសម្រាន្ត។

នៅពេលខ្លះ ខ្មែរក្រហមបានចាត់តាំងគាត់ឲ្យទៅជីកដំឡូង ជីកក្តួច និងបុកស្រូវយកទៅដាក់នៅតាមរោងបាយទាំងមានផ្ទៃពោះជិតគ្រប់ខែ។ ពេលសម្រាកនៅមន្ទីរពេទ្យ គាត់បានបេះស្លឹកដំឡូង សុំស្លឹកគ្រៃនិងអំបិលពីពេទ្យសម្រាប់ហូប។ សម្រាលកូនរួចបានមួយសប្តាហ៍ គាត់ត្រូវត្រលប់ទៅធ្វើការនិងទុកកូនតូចឲ្យមេដោះឬអ្នកសម្រាលកូនរួចដូចគ្នាជាអ្នកមើលថែ។ មេដោះម្នាក់ត្រូវមើលថែទារកយ៉ាងតិច១០នាក់ក្នុងពេលតែមួយ។

ចំណែកកូនបងរបស់គាត់ ត្រូវទៅធ្វើការក្នុងកងកុមារនិងទទួលបានបាយរបបនិងសម្លដំឡូងមួយចានសម្រាប់ហូបគ្នា៤នាក់។ បន្ទាប់ពីទៅរៀននិងធ្វើការរួច កូនរបស់គាត់បានទៅលួចដំឡូង។ ខ្មែរក្រហមចាប់បាន ព្រមទាំងវាយដំធ្វើបាបកូនរបស់គាត់។ ឃើញដូច្នេះគាត់តែងតែទុកបាយរបបខ្លះរបស់គាត់ឲ្យកូនហូប។ ចំណែកប្តីគាត់ ត្រូវទៅធ្វើការនៅភូមិផ្សេង។

នៅពេលគាត់មានជំងឺគ្រុន ឬឈប់សម្រាក ខ្មែរក្រហមតែងតែចោទគាត់ថាធ្វើការមិនតាមការកំណត់ និងខ្ជិលជាដើម។ ពេលម្ដាយរបស់គាត់ឈឺ ខ្មែរក្រហមឲ្យអង្ករមួយកំប៉ុងនិងថ្នាំអាចម៍ទន្សាយដល់គាត់តែប៉ុណ្ណោះ។ គាត់បានព្យាយាមទៅសុំអ្នកយាមឃ្លាំងដែលស្គាល់គ្នា តែគេមិនហ៊ានឲ្យអង្ករគាត់នោះទេ។ គាត់បន្តថា «អង្ករពេញឃ្លាំងតែមិនឲ្យប្រជាជនហូប សម័យខ្មែរក្រហមពុករលួយ» ហើយរបបខ្មែរក្រហមតែងតែជំរុញឲ្យប្រជាជនកែប្រែនិងធ្វើការជូនរដ្ឋ។

បងប្រុសរបស់គាត់ម្នាក់ ត្រូវបានខ្មែរក្រហមហៅយកទៅធ្វើផ្ទះនៅស្រែពក ដែលផ្ទះនៅសម័យនោះប្រវែងឃ្លាតពីគ្នាប្រាំម៉ែត្រមួយខ្នង។ មួយសប្តាហ៍ក្រោយមក ខ្មែរក្រហមប្រកាសនៅពេលប្រជុំថា បងប្រុសគាត់ត្រូវបានសម្លាប់ដោយសារក្បត់អង្គការ។

បច្ចុប្បន្ន ក្នុងនាមជាអ្នករស់រានមានជីវិតម្នាក់ពីរបបខ្មែរក្រហម គាត់មិនបានដឹងអំពីដំណើរការកាត់ទោសមេដឹកនាំខ្មែរក្រហមនោះទេ តែសង្ឃឹមថានឹងមានការចងក្រងឯកសារ និងអប់រំមនុស្សជំនាន់ក្រោយឲ្យបានដឹងពីប្រវត្តិសាស្រ្តនាសម័យខ្មែរក្រហម។ ឡៃ ហៀក សព្វមានបញ្ហាភ្នែកនិងទទួលបានការមើលថែពីកូនៗ។ គាត់ពុំបានទទួលការឧបត្ថម្ភអ្វីច្រើននោះទេ មានតែនៅរដូវទឹកជំនន់ប៉ុណ្ណោះ ទើបឃើញគេចុះចែកអំណោយ៕

សម្ភាសដោយ ឡាយ កូរ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin