ប្រពន្ធប្រធានកងនៅសម័យខ្មែរក្រហម

ហ៊ុង បួន អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

(ព្រះវិហារ)៖ ស្ថិតក្នុងវ័យចាស់ជរា ហ៊ុង បួន មានអាយុ៧៨ឆ្នាំ មកពីភូមិក្របៅ ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ​។ គាត់​បានរៀបរាប់អំពីឆាកជីវិតរបស់គាត់នៅក្នុង​សម័យខ្មែរក្រហមដល់អ្នកស្ម័គ្រចិត្តមកពីមជ្ឈម​ណ្ឌល​ឯកសារកម្ពុជាដើម្បី​ទុកជាឯកសារប្រវត្តិសាស្រ្ត។

គាត់ និង ចយ នន់ ដែលជាប្រធានកងនៅសម័យខ្មែរក្រហម បានរៀបអាពាហ៍ពិពាហ៍តាំងពីសម័យសង្គមរាស្ត្រនិយម ដែលមានកូនៗចំនួនប្រាំនាក់។ គាត់ និង ក្រុមគ្រួសារត្រូវតែធ្វើការទាំងយប់ទាំងថ្ងៃ មិនមានពេលសម្រាប់មើលថែកូនៗនោះទេ។ គាត់ត្រូវតែទៅធ្វើការទាំងកូនឈឺ ទោះបីជាគាត់ព្យាយាមសុំអង្វរករគេដើម្បីបានមើលថែកូនក៏ដោយ។ បួន ត្រូវបង្ខំចិត្ត ទុកកូនចោលឲ្យនៅកំព្រាក្នុងភូមិ។

គាត់បន្តថា យប់ឡើងកូនឈឺ ហើយយំ គាត់មិនមានថ្នាំសម្រាប់កូននោះទេ។ គាត់មិនហ៊ានសូម្បីតែខ្ចប់បាយយកឲ្យកូន ពីព្រោះខ្លាចគេយកទៅកសាង ដោយចោទថាស៊ុមគ្រលុំ ខណៈពេលដែលស្វាមីគាត់ត្រូវទៅធ្វើការឆ្ងាយ គាត់មានភាពស្រណោះដល់កូនៗ ដែលរងទុក្ខលំបាកវេទនា។ ម៉ោងប្រាំល្ងាច គាត់បានទុកចំណែកបបររបស់គាត់ទុកឲ្យកូន។ បន្តិចក្រោយមកគាត់ត្រូវទៅជម្រះស្មៅ ដកស្ទូងទាំងយប់ពីម៉ោង ៧ ដល់ម៉ោង៩យប់​ ទាល់តែ​គាត់ធ្វើរួច​រាល់​តាមបញ្ជាទើបទទួល​បានបបរហូប។ នៅខែវស្សាគាត់ត្រូវកាប់ទន្រ្ទានខេត្ត រី​ឯខែប្រាំងត្រូវទៅលើកទំនប់ លើកភ្លឺស្រែ និងជីកប្រឡាយ​។

ជាទីបញ្ចប់ បួន បានបង្ហាញអារម្មណ៍ពេញចិត្តចំពោះដំណើរការកាត់ទោសមេដឹកនាំខ្មែរក្រហម និងយល់ថាបានផ្តល់យុត្តិធម៌សម្រាប់រូបគាត់។ គាត់សង្ឃឹមថា ការអប់រំនៅតាមសាលារៀន ជាវិធីមួយសម្រាប់ឲ្យក្មេងៗជំនាន់ក្រោយមានការចងចាំអំពីរបបខ្មែរក្រហម និងដើម្បីកុំឲ្យរបបនេះវិលមកវិញ៕

សម្ភាសន៍ដោយ សុង ថានី ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin