“ជយោ! យើងកម្ចាត់ពួកថ្មី ទុកពួកចាស់”

ហួត ហុក អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

(កំពង់ឆ្នាំង) ៖ ហួត ហុក អាយុ៥៨ឆ្នំា រស់នៅក្នុងភូមិទឹកហូត ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នំាង។

នាសម័យសាធារណរដ្ឋកម្ពុជា ហុក មានអាយុ១២ឆ្នំា រស់នៅភូមិស្វាយ នៃខេត្តកំពង់ធំ ជាមួយគ្រួសារដែលមានសមាជិកបងប្អូនចំនួនប្រំានាក់។

ហុក ជាក្មេងស្រីរៀនត្រឹមថ្នាក់មតេ្តយ្យ និងមិនបានបន្តការសិក្សាព្រោះតែសង្រ្គាម។

នាសម័យខ្មែរក្រហម ហុក និងគ្រួសារត្រូវបានខ្មែរក្រហមជម្លៀសទៅខេត្តព្រះវិហារ ប៉ុន្តែមិនបានប៉ុន្មានក៏ត្រូវជម្លៀសត្រឡប់មកភូមិចំការលើ នៃខេត្តកំពង់ចាម។

ហុក ត្រូវបានខ្មែរក្រហមចាត់ចូលកងកុមារក្រុមទីពីរក្នុងកងកុមារឈានមុខ។ ខ្មែរក្រហមបានបញ្ជាឲ្យ ហុក ធ្វើការងារជាប្រចំាក្នុងចំការដូចជាដំាបន្លែរួមមាន ពោត ស្ពៃ និងជៀរកៅស៊ូ។

របបអាហារនាសម័យខ្មែរក្រហម គឺមិនមានគ្រប់គ្រាន់ទេ គឺ​មានតែបបររាវ។ ហុក បានប្រាប់ថា៖ «មានតែបបររាវម្នាក់មួយវែក ហើយអង្ករប្រំាទៅប្រំាមួយគ្រាប់។ បានអីឆ្អែតបើម្នាក់បបរតែមួយវែក?» គ្រានោះ ហុក បានធ្លាក់ខ្លួនឈឺដូចជា ហើមដៃ ហើមជើង ព្រោះហូបមិនបានគ្រប់គ្រាន់។

ហុក បានរៀបរាប់ថា ថ្ងៃមួយខ្មែរក្រហមបានឲ្យ ហុក បេះស្លឹកមនឲ្យដង្កូវនាងនៅឯវាលវល្លិ៍។ ហុក បានឃើញគុកសម្រាប់ដាក់អ្នកទោស ប៉ុន្តែមិនដឹងថា ជាគុកស្មានថាជាផ្ទះធម្មតា និងស្រេកទឹកផង ហុក សម្រេចចិត្តសុំទឹកគេផឹក។ គ្រានោះ ហុក បានជួបជាមួយប្អូនប្រុសទើបដឹងថាម្តាយរបស់ខ្លួនកំពុងជាប់ក្នុងគុកនោះ។ ហុក បានបន្តថាពេលដែលទៅមើលម្តាយ ខ្ញុំមើលម្តាយខ្លួនឯងមិនស្គាល់ទេ ព្រោះស្គមខ្លំាងពេក ប៉ុន្តែខ្ញុំចំណំាគាត់បានដោយសារប្រជ្រុយ។ ដើម្បីឲ្យម្តាយចេញពីគុក ហុក បានឡើងប្តេជ្ញាធ្វើជាមេទីញក្នុងកងកុមារចល័តដូចជា ខិតខំធ្វើការងារ មិនក្បត់នឹងអង្គការ ធ្វើជាក្មេងល្អ រហូតដល់អង្គការបានរំដោះម្តាយ ហុក ចេញពីគុក។

ហុក បានឃើញខ្មែរក្រហមវាយសម្លាប់មនុស្សឲ្យធ្លាក់ក្នុងអន្លង់ដោយហេតុផលពីរគឺ ជាប្រជាជនថ្មីដែលត្រូវបានជម្លៀសពីទីក្រុងភ្នំពេញ និងជាប្រជាជនស្គមស្គំាងខ្លំាង ដែលគិតថា មិនអាចបន្តរស់បានទៀត។ ហុក បានឃើញហេតុ ការណ៍នោះដោយផ្ទាល់ ប៉ុន្តែមិនអាចជួយអ្វីបានពោលបានត្រឹមលួចមើលក្រោយដើមឈើ និងយកដៃខ្ទប់មាត់ដោយអារម្មណ៍តក់ស្លុត។

រឿងរ៉ាវដែល ហុក ចងចំាមិនភ្លេចគឺ ថ្ងៃដែលខ្មែរក្រហមយក ហុក ទៅកសាងនាពេលយប់ងងឹត ដោយសារកំហុសរើសកៅស៊ូខុស។ ហុក បាននិយាយថា​៖ «ពេលគេយកខ្ញុំទៅដល់ព្រៃស្ងាត់ងងឹតឈឹង ខ្ញុំរាវនឹងដីទើបដឹងថាជាកន្លែងសម្លាប់ ពេលនោះខ្ញុំបានស្រែកថា ជយោ!យើងកម្ចាត់ពួកថ្មី ទុកពួកចាស់ រួបរួមគ្នាជាសមមិត្តល្អ។» ពេលនោះ ខ្មែរក្រហមបានព្រលែងខ្ញុំមកវិញដោយនិយាយថា៖ «សមមិត្តឯងល្អ ចេះរំលឹកខ្លួនឯង។»

ក្រោយ​ប្រទេសជាតិមានការរំដោះ ហុក បានរត់ចូលស្រុកកំណើតវិញ និងរៀបការជាមួយស្វាមីក្នុងឆ្នំា១៩៨៤។

សព្វថ្ងៃ ហុក មានជំងឺប្រចំាកាយដូចជាលើសសម្ពាធឈាម ជំងឺរោគស្រ្តី និងឈឺសន្លាក់ដៃជើង។

សម្ភាសន៍ដោយ ញ៉ិល សុផានិត នៅថ្ងៃទី១២ មករា ឆ្នំា២០២៤

អត្ថបទដោយ គង់ សុម៉ាវត្តី 

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin