ហូបតែបាយលាយជាមួយល្ពៅ
(ក្រចេះ) ៖ ម៉ៃ រ៉ុន ភេទស្រី អាយុ៦៨ឆ្នាំ មានទីលំនៅបច្ចុប្បន្ន នៅភូមិអន្ទង់វៀន ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។
អ្វីដែលគាត់ចង់ចាំមិនភ្លេចនៅក្នុងរបបខ្មែរក្រហម គឺចាប់ផ្ដើមតាំងពីគាត់នៅលីវ ហើយបន្ទាប់មកអង្គការបានបង្ខំឲ្យគាត់រៀបការ។ គាត់បាននិយាយថា គាត់មិនចង់រៀបការឡើយ ប៉ុន្តែអង្គការបង្ខំឲ្យគាត់រៀបការ ប្រសិនមិនព្រមតាមអ្វីដែលអង្គការបញ្ជាទេ អង្គការនឹងធ្វើទុក្ខបុកម្នេញ មិនឲ្យគាត់រស់នៅបានសុខឡើយ មិនស្រួលអាចនឹងចាប់យកទៅសម្លាប់ទៀតផង។
ពេលដែលគាត់មិនទាន់មានគ្រួសារ គាត់ថារបបអាហារពេលណាក៏លាយជាមួយនឹងល្ពៅ និងពោតដែរ។ ពេលខ្លះត្រូវហូបពោតដើម្បីជំនួសបាយក៏មានដែរ ព្រោះរបបអាហារទទួលមិនបានគ្រប់គ្រាន់ទេ។ បន្ទាប់មកនៅអំឡុងខែកក្កដា ឆ្នាំ១៩៩៧ អង្គការបានរៀបចំពិធីមង្គលការមួយឡើង។ រ៉ុន ក៏រៀបការនៅក្នុងពេលនោះដែរ ពេលរៀបការរួចហើយ អង្គការឲ្យគាត់ទៅត្បាញកន្ទេល និង សម្លៀកបំពាក់។ ការត្បាញនោះគឺធ្វើទាំងយប់ទាំងថ្ងៃសឹងតែមិនមានពេលសម្រាក ព្រោះប្រញាប់ធ្វើឲ្យរួចរាល់ខោអាវសម្រាប់យុវជនចេញទៅសមរភូមិ។ គាត់បាននិយាយថា ត្បាញអ្វីផ្សេងមិនពិបាកដូចខោអាវនោះទេ ព្រោះវាមានពណ៌ខ្មៅ ហើយត្រូវត្បាញ ឬដេរនៅពេលយប់ទៀត។
នៅពេលមានការវាយប្រហារពីកងទ័ពវៀតណាម អង្គការបានប្រើឲ្យ រ៉ុន ដឹកគ្រាប់យកទៅឲ្យកងទ័ពខ្មែរក្រហមនៅម៉ោងពីរ ទាំងដែលមេឃមិនទាន់នឹងភ្លឺផង។ មានប្រជាជនម្នាក់ ដែលទៅជាមួយគាត់រងរបួសជើងដោយសារតែត្រូវគ្រាប់កាំភ្លើង។ គាត់បាននិយាយបន្ថែមថា៖
«វេទនាណាស់ជំនាន់អាពតនេះ។ ខោអាវមានតែម៉ាចង្កេះ និយាយពីថាប៉ះមុខ ប៉ះក្រោយ»។
មួយឆ្នាំអង្គការចែក សម្លៀកបំពាក់ឲ្យតែម្ដងប៉ុណ្ណោះ ហើយអង្គការឲ្យតែកងយុវជនទេ ចំណែកកងចាស់ស្លៀកតែសម្លៀកបំពាក់ចាស់ៗ។ នៅពេលនោះមិនមានអ្វីប្រើប្រាស់ច្រើនឡើយ ពេលខ្លះសម្រេចចិត្តកាត់វាំងនន ធ្វើជាក្រមាសម្រាប់ប្រើបន្ទាប់បន្សំក៏មាន។
អង្គការឲ្យប្រជាជនធ្វើការរួមគ្នា គឺព្រឹកឡើងត្រូវចុះ ដកស្ទូង។ ម៉ោងបួនព្រឹកត្រូវចេញទៅធ្វើការ ម៉ោងដប់ឈប់សម្រាកបានបន្តិច ម៉ោង១២ត្រូវចេញទៅទៀត។ អ្នកណាមានកូន ត្រូវយកកូនទៅផ្ញើប្រជាជនវ័យចាស់ៗ ឲ្យគាត់មើលថែជំនួស។ គាត់មិនធ្លាប់ត្រូវអង្គការធ្វើបាបឡើយ ព្រោះគាត់មិនដែលសាងកំហុស។ ប៉ុន្តែគាត់ធ្លាប់ឃើញអង្គការធ្វើបាបព្រះសង្ឃដែលមិនទាន់សឹក ដោយយកដំបងទៅវាយលើរាងកាយ។ នៅពេលដែលគាត់ឃើញសកម្មភាពទាំងនេះ គាត់បានប្រាប់អង្គការថា៖ «កុំធ្វើបាបលោក បើឲ្យសឹក ប្រាប់ឲ្យសឹកតាមសម្រួលទៅ កុំយកដំបងទៅវ៉ៃចឹង»។ មូលហេតុដែលគាត់ហ៊ានគម្រាមអង្គការបែបនេះគឺដោយសារតែពេលនោះគាត់មានតួនាទីជាគណៈក្រុម។
គាត់បានផ្ដាំមកកាន់ក្មេងៗជំនាន់ក្រោយថា ការងារបន្តិចបន្តួចកុំទាន់អាលត្អូញត្អែរ កាលពីជំនាន់គាត់មិនមានអាហារហូបគ្រប់គ្រាន់ ហើយត្រូវធ្វើការសឹងតែគ្មានពេលសម្រាកទៀត៕
សម្ភាសន៍ដោយ ធឿន ស្រីណុច នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤
អត្ថបទដោយ នេន ស្រីមុំ