ការចងចាំ និងការបាត់ខ្លួននៃអតីតអ្នកជាប់ឃុំឃាំងមន្ទីរស-២១

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ការចងចាំរបស់មនុស្សម្នាក់ តែងតែនឹករឭកនៅគ្រាដែលកន្លងហួសពីអតីតកាល។ ការចងចាំ និងការនឹកនារបស់អ្នករស់រានមានជីវិតពីរបបកម្ពុជាប្រជាធិបតេយ្យម្នាក់ នៅតែបន្តមានជានិច្ច ចំពោះក្រុមគ្រួសារ ដែលបានបាត់ខ្លួននៅចុងឆ្នាំ១៩៧៨។

ឡម យ៉េត[1] មានអាយុ ៦៨ឆ្នាំ (២០០៦) មានស្រុកកំណើតនៅភូមិអូរស្រឡៅ ឃុំអូរដំបង (បច្ចុប្បន្នឃុំអូរដំបង១) ស្រុកសង្កែ ខេត្តបាត់ដំបង។ ឡម យ៉េត មានឪពុកឈ្មោះ ឡម និងម្ដាយឈ្មោះ អន (ស្លាប់មុនសម័យខ្មែរក្រហម)។ សព្វថ្ងៃមានបងប្អូន ៤នាក់ ក្នុងនោះស្រី ៣នាក់ និងប្រុសម្នាក់ដែលនៅរស់។ តាមរយៈការសម្ភាសន៍ជាមួយ ឡម យ៉េត ដែលជាភរិយាឲ្យដឹងថា​ អ៊ិត ហឿន ហៅ ម៉ូម ភេទប្រុស ជាអតីតប្រធានផ្នែករថភ្លើងនៅខេត្តបាត់ដំបងនៅក្រោមរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) បានបាត់ខ្លួនតាំងពីឆ្នាំ១៩៧៨ រហូតមកទល់បច្ចុប្បន្ន។

មុនពេលរៀបការឈ្មោះ អ៊ិត ហឿន  ត្រូវជាបងប្អូនជីដូនមួយរបស់ យ៉េត។ ហឿន កើតនៅភូមិអូរស្រឡៅ ឃុំអូរដំបង ស្រុកសង្កែ តំបន់បាត់ដំបង។ ហឿន មានឪពុកឈ្មោះ អ៊ិត ហម និងម្ដាយឈ្មោះ ម៉ក់ ស៊ាន ជាកសិករ។ ហឿន មានបងប្អូនបង្កើតចំនួន ៥នាក់ ក្នុងនោះមាន ហឺន, ហឿន, សាម៉ុន, សាមឿន និង សាមើត (ប្រុស ២នាក់ និងស្រី ៣នាក់)។ ហឿន គឺជាកូនប្រុសទី២ក្នុងគ្រួសារ។ នៅមុនឆ្នាំ១៩៦០ ហឿន ធ្លាប់បួសជាលោកនេន និងសិក្សារៀនសូត្រនៅវត្តសង្កែ។ ក្រោយមក ហឿន ក្លាយជាភិក្ខុនិងជាគ្រូបង្រៀនអក្ខរកម្ម នៅវត្តចែងរង្សី អស់រយៈពេល ៥ព្រះវស្សា។

នៅអំឡុងឆ្នាំ១៩៦០ ហឿន បានលាចាកសិក្ខាបទ និងប្រកបមុខរបរជាកសិករដើម្បីចិញ្ចឹមជីវិតនៅក្នុងភូមិ។ មិនយូរប៉ុន្មាន ហឿន បានរៀបការជាមួយ យ៉េត នៅសម័យសង្គមរាស្ត្រនិយម។ នៅអំឡុងឆ្នាំ១៩៧០ បន្ទាប់ពីរដ្ឋប្រហារនៅទីក្រុងភ្នំពេញ គឺមានការអំពាវនាវឲ្យចូលព្រៃម៉ាគី ដើម្បីតស៊ូប្រឆាំងនឹងរដ្ឋប្រហារ។ នៅពេលកំពុងធ្វើស្រែចម្ការ ស្រាប់តែមានការដេញប្រហារដោយកាំភ្លើង និងចោទ ហឿន ថាជាខ្មែរក្រហម។ ក្នុងស្ថានភាពគ្រោះថ្នាក់ ហឿន បានរត់គេចខ្លួនចូលព្រៃមួយនៅអូរស្រឡៅ ដោយទុកប្រពន្ធ និងកូនដែលមានអាយុទើបតែ ៣សប្តាហ៍នៅក្នុងភូមិរហូតដល់ឆ្នាំ១៩៧៥ ទើប ហឿន ត្រឡប់មកវិញ។

នៅថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានកាន់កាប់ទីក្រុងភ្នំពេញ និងគ្រប់គ្រងប្រទេសកម្ពុជា។ នៅឯខេត្តបាត់ដំបងវិញ ប្រជាជនបានចាកចេញពីភូមិកំណើតទាំងភាពច្របូកច្របល់។ យ៉េត បានចេញពីភូមិអូរស្រឡៅ ឆ្ពោះទៅកាន់បាត់ដំបង។ នៅពេលទៅដល់ខាងលិចផ្សារលើ បាត់ដំបង គឺមានបុរសម្នាក់កំពុងសួររកដំណឹងរបស់ យ៉េត។ ព្រឹកឡើង បន្ទាប់ពីបែកពីគ្រួសារអស់រយៈប៉ុន្មានឆ្នាំក្រោយមក អ្នកទាំងពីរបានជួបជុំគ្រួសារសាជាថ្មី។ នៅពេលនោះ ហឿន កំពុងតែដឹកសម្ភារ និងស្រូវចែកឲ្យបងប្អូន។

ក្រោយពីរស់នៅបាត់ដំបងមួយរយៈខ្លី អ្នកទាំងពីរត្រូវបានផ្លាស់ប្ដូរឲ្យទៅរស់នៅស្រុកមោងឫស្សី អស់រយៈជាងបីខែ មុនពេលចាកចេញទៅខេត្តពោធិ៍សាត់ ដែលជាទីកន្លែងរស់នៅរបស់អ្នកទាំងពីររហូតដល់ខែកក្កដា ឆ្នាំ១៩៧៧។ នៅខេត្តពោធិ៍សាត់ ហឿន គឺជាអ្នកគ្រប់គ្រងនិងមើលការខុសត្រូវនៅស្ថានីយរថភ្លើង។ ហឿន តែងតែអង្គុយជិតអ្នកបើករថភ្លើងនៅពេលធ្វើដំណើរម្តងៗ ដើម្បីដឹកជញ្ជូនសម្ភារតាមទូរថភ្លើងពីស្ថានីយរថភ្លើងពោធិ៍សាត់ទៅស្ថានីយរថភ្លើងបាត់ដំបងជារៀងរាល់ថ្ងៃ។ ចំណែកនៅពេលធ្វើដំណើរតាមរថយន្ត គឺមានអ្នកបើករថយន្តឲ្យគាត់ផងដែរ។ ជួនកាល ហឿន បានធ្វើដំណើររហូតដល់ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ដើម្បីដឹកសម្ភារផ្សេងទៀត រួមទាំងដឹក អូស ឬដឹកអ្នកដំណើរ។ ក្រៅពីនោះមានដឹកកងកុមារពីផ្សារបាត់ដំបង ទៅធ្វើស្រែនៅជិតឯចម្ការចេក។

នៅស្ថានីយរថភ្លើងខេត្តពោធិ៍សាត់ គឺមានក្រុមអ្នកកាប់អូស និងដឹកជញ្ជូនអូស។ ដោយសារតែការងាររបស់អ្នកដែលធ្វើការនៅស្ថានីយរថភ្លើង ត្រូវធ្វើការងារធ្ងន់ ដូចជាលីសែងសម្ភារ កាប់អូស និងអារឈើ ក្រៅពីបបរ ក៏មានបាយសម្រាប់ហូបផងដែរ ប៉ុន្តែការហូបចុកមិនទៀងទាត់នោះទេ។ យ៉េត គឺជាអ្នកដាំបាយនៅរោងបាយមួយកន្លែងនៅជិតស្ថានីយរថភ្លើងខេត្តពោធិ៍សាត់នោះ ដោយមានប្រធានឈ្មោះ គីម។ ប្តីរបស់ គីម ឈ្មោះ ទីម ក៏ធ្វើការនៅស្ថានីយរថភ្លើងជាមួយ ហឿន ដែរ។ នៅរោងបាយ គឺមានសមាជិកជាង ៣០នាក់ សម្រាប់ដាំបាយ។ ក្នុងមួយថ្ងៃ គឺដាំបាយប្រហែលជាបួនខ្ទះត្នោតឲ្យប្រជាជននិងកម្មកររថភ្លើងហូប ដែលមានសមាជិកជាច្រើនរយនាក់ រួមមាន កងយុវជន មិត្តនារី កម្មកររថភ្លើង និងអ្នកដកស្ទូងជាដើម។ ជួនកាល មានអ្នកដំណើរមកពីទីក្រុងភ្នំពេញឆ្លងកាត់ ដើម្បីបន្តទៅអារញ្ញ ដូច្នេះ ក្រុមរោងបាយក៏មានតួនាទីធ្វើបាយម្ហូបឲ្យអ្នកទាំងនោះហូបផងដែរ។

ហឿន តែងតែឡើងចុះពីស្ថានីយរថភ្លើងពោធិ៍សាត់ទៅស្ថានីយរថភ្លើងបាត់ដំបង ក្រោមការដឹកនាំរបស់ រស់ ញឹម ដែលជាលេខាភូមិភាគពាយ័ព្យ និងក្រោយមកត្រូវបានដឹងថា ជាជនក្បត់ដែលចោទដោយខ្មែរក្រហម។[2] នៅពេលឆ្លងកាត់ស្រុកមោងឫស្សី ហឿន តែងតែយកស្រូវអង្ករដែលប្រមូលផលបានទៅចែកប្រជាជននៅទីនោះ។ ចំពោះអ្នកដែលត្រូវបានបញ្ជូនពីតំបន់ផ្សេងគឺ ហឿន ជាអ្នកកត់ត្រាឈ្មោះ និងរៀបចំកន្លែងឲ្យរស់នៅតាមការដ្ឋាន ឬ រោងបាយដែល យ៉េត ធ្វើការ។ អ្នកទាំងនោះត្រូវជួយធ្វើការងារនៅរោងបាយ អារឈើ និងយាមមិនឲ្យគោស៊ីស្រូវជាដើម។ អ្នកដែលត្រូវបានបញ្ជូនមកពីតំបន់ផ្សេងភាគច្រើនជាកុមារ។​ ដោយការអាណិត យ៉េត បានយកស្រាដែលគាត់បានត្រាំទុក ដើម្បីព្យាបាលជំងឺទាស់សរសៃផ្ទាល់ខ្លួន និងអ្នកដែលធ្វើការធ្ងន់ឯទៀតនៅស្ថានីយរថភ្លើង។ ចំណែក ហឿន តែងតែដើររកថ្នាំដើម្បីមកព្យាបាលកូនរបស់គាត់ និងកុមារឯទៀតដែលត្រូវបញ្ជូនឲ្យមករស់នៅក្រោមការគ្រប់គ្រងរបស់ខ្លួននៅស្ថានីយរថភ្លើង។

នៅខែកក្កដា ឆ្នាំ១៩៧៧ ហឿន ត្រូវបានថ្នាក់លើផ្លាស់ប្តូរឲ្យទៅគ្រប់គ្រងនៅស្ថានីយរថភ្លើងបាត់ដំបង ដើម្បីបង្កបង្កើនផលនៅចម្ការចេក។ បន្ទាប់ពីរដូវស្ទូង ហឿន បានឲ្យប្រជាជនបានហូបគ្រប់គ្រាន់ជាងមុន។ ហឿន ក៏រៀបចំឲ្យប្រជាជនចិញ្ចឹមជ្រូក មាន់ ទា និងធ្វើស្រែនៅឯខាងចម្ការចេកទុកសម្រាប់ហូបរួម។ ហឿន តែងតែធ្វើដំណើរទៅមកពីខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។ នៅពេលត្រឡប់ពីស្រុកក្រគរ ខេត្តពោធិ៍សាត់ ហឿន តែងតែនាំយកត្រីមកហូបរួមជុំគ្នាជាមួយប្រជាជន និងចែកតាមការដ្ឋាន។ ជួនកាលបានត្រីពីអ្នកស្គាល់គ្នានៅខាងព្រៃរនាមជិតបឹងទន្លេសាប។ សត្វដែលចិញ្ចឹមបាន ហឿន តែងតែចែកទៅតាមក្រុមដូចជា ក្រុមពេទ្យ ក្រុមអ្នកមើលថែកុមារ កងនារី និងកងបុរសជាដើម។

នៅខែធ្នូ ឆ្នាំ១៩៧៨ វេលាម៉ោង ៥ល្ងាច ជាពេលវេលាដែល យ៉េត ចងចាំមិនភ្លេចពីពេលវេលាចុងក្រោយសម្រាប់អ្នកទាំងពីរ។ នៅពេលកំពុងអង្គុយជិតប្រពន្ធដែលទើបតែសម្រាលកូនពៅរួចបានប្រហែលប៉ុន្មានសប្តាហ៍ នៅមន្ទីរពេទ្យជិតស្ថានីយរថភ្លើង។  ហឿន បានប្រាប់ប្រពន្ធរបស់ខ្លួនថា ត្រូវទៅរៀនសូត្រ។ ថ្ងៃនោះ ហឿន បានចាកចេញទៅជាមួយអ្នកបើកឡានរបស់គាត់ដូចរាល់ដង។

មួយសប្តាហ៍ក្រោយមក យ៉េត បានឃើញសាកសពមនុស្សជាច្រើននាក់ ត្រូវបានខ្មែរក្រហមដឹកឆ្លងកាត់ស្ថានីយរថភ្លើងសំដៅទៅទិសខាងត្បូង។ បន្ទាប់ពីឃើញដូច្នេះ យ៉េត មានការបារម្ភអំពីសុវត្ថិភាពប្តីរបស់ខ្លួន ចំណែកប្រជាជននៅរស់នៅក្នុងស្ថានីយបានបន់ស្រន់ ដោយសារតែនឹកឃើញអំពើល្អរបស់ ហឿន កន្លងមក។ ទោះបីជាប្រជាជនទាំងអស់ ត្រូវដកស្ទូងរួមគ្នាទាំងថ្ងៃទាំងយប់ ប៉ុន្តែការហូបចុកគឺប្រសើរជាងការគ្រប់គ្រងរបស់កម្មាភិបាលនៅពេលមុន ដែលសុខចិត្តទុកផ្លែចេកចោលក៏មិនឲ្យប្រជាជនហូបដែរ។

មិនយូរប៉ុន្មាន ខ្មែរក្រហមមកពីភូមិភាគនិរតីបានចោទថាអ្នកពាយ័ព្យជាក្រុមក្បត់ ដូច្នេះថ្នាក់ដឹកនាំនៃភូមិភាគពាយ័ព្យត្រូវបានបញ្ជូនទៅរៀនសូត្រ រួមទាំង ហឿន។ បន្ទាប់មកការរស់នៅ និងទុក្ខវេទនានៃការព្រាត់ប្រាសបានកើតមានឡើងចំពោះ យ៉េត និងកូនៗ។ កូនម្នាក់គាត់ ត្រូវបានមិត្តនារីម្នាក់មកពីភូមិភាគនិរតីយកទៅចិញ្ចឹមនៅអាយុប្រហែល ១ឆ្នាំ។

នៅឆ្នាំ១៩៧៩ ប្រទេសកម្ពុជាត្រូវបានរួចផុតពីរបបខ្មែរក្រហម ដោយការចូលមកដល់នៃកងទ័ពវៀតណាម។ យ៉េត និងកូនបីនាក់ បានចាកចេញទៅភូមិអង្គ (ចម្ការចេក) បាត់ដំបង។ ស្ថិតក្នុងសភាពច្របូកច្របល់ យ៉េត និងកូនបង ខិតខំទៅយកអង្ករនៅឃ្លាំងគ្រាន់ទុកហូបតាមផ្លូវ ប៉ុន្តែសូម្បីតែបន្តិចបន្តួចក៏យកមិនបាន។ ជីវិតពោរពេញទៅដោយភាពអស់សង្ឃឹម យ៉េត ក៏ចង់គិតខ្លី ប៉ុន្តែដោយសារកូននៅតូច ទឹកចិត្តជាម្តាយបានជំរុញឲ្យ យ៉េត តស៊ូរស់ដើម្បីកូន។ កូនច្បងមានអាយុ ១០ឆ្នាំ កូនបន្ទាប់ អាយុ ៨ឆ្នាំ កូនម្នាក់ត្រូវបានខ្មែរក្រហមយកទៅចិញ្ចឹមកើតខែបុស្ស និងកូនពៅមានអាយុត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ។ ប៉ុន្មានខែក្រោយមក បន្ទាប់ពីស្នាក់នៅតាមទូរថភ្លើង បងប្អូនថ្លៃរបស់ យ៉េត បានមកនាំ យ៉េត និងកូនៗត្រឡប់មករស់នៅអូរស្រឡៅវិញ។

ក្រោយមក យ៉េត បានដឹងថាកូនត្រូវបានខ្មែរក្រហមទុកឲ្យដាច់ពោះស្លាប់។ យ៉េត តែងតែគិតក្នុងចិត្ត និងបង្ហាញអារម្មណ៍ផ្ទាល់ខ្លួនថា «យកកូនខ្ញុំទៅអញ្ចឹង ខ្ញុំនឹកឃើញចេះតែតូចចិត្ត»។ ក្រោយរបបខ្មែរក្រហម យ៉េត បានឮគេនិយាយថាប្តីរបស់គាត់ត្រូវបានយោធាខ្មែរក្រហមចងបណ្ដើរជាជួរ និងបន្ទាប់មកចងព្យួរជើង ដោយទម្លាក់ក្បាលចូលក្នុងពាងទឹក។ បន្ទាប់ពីឮដូច្នេះ យ៉េត និងបងប្អូនរបស់ ហឿន បានធ្វើដំណើរទៅមន្ទីរស-២១ ដើម្បីស្វែងរកឈ្មោះរបស់ប្តីក្នុងបញ្ជីឈ្មោះអ្នកដែលខ្មែរក្រហមបញ្ជូនមកមន្ទីរស-២១ ទោះជាយ៉ាងណា យ៉េត រកមិនឃើញ និងមិនដឹងពីដំណឹងរបស់ប្តីរបស់ខ្លួនមកទល់សព្វថ្ងៃ។ បើតាមចម្លើយសារភាពរបស់ រស់ ញឹម នៅថ្ងៃទី១៤ មិថុនា ១៩៧៨ អំពីការងាររៀបចំចាត់តាំង សេអ៊ីអា រស់ ញឹម ត្រូវបានចាប់ខ្លួននិងបញ្ជូនមកមន្ទីរស-២១។[3] មិនយូរប៉ុន្មានបន្ទាប់ពីលេខាភូមិភាគត្រូវបានចាប់ខ្លួន ហឿន ដែលជាប្រធានផ្នែករថភ្លើងក្នុងភូមិភាគពាយ័ព្យក៏ត្រូវបានចាប់ខ្លួននៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៧៨។[4]

បើតាមប្រវត្តិរូបអ្នកទោសជាប់ឃុំឃាំង ឈ្មោះដើម អ៊ិត ហឿន ហៅ ម៉ូម មានអាយុ ៤០ឆ្នាំ (នៅពេលចាប់ខ្លួនក្នុងឆ្នាំ១៩៧៨)។ ហឿន មានតួនាទីពីមុនជា ប្រធានដឹកជញ្ជូនយោធាភូមិភាគភាគពាយ័ព្យ និងក្រោយមកជាប្រធានផ្នែករថភ្លើងផ្នែកបាត់ដំបង។ អ៊ិត ហឿន ត្រូវបានចាប់ខ្លួននៅភូមិភាគពាយ័ព្យ និងឃុំខ្លួននៅផ្ទះ៣១ បន្ទប់ធំ៣ និងតូច២។ ហឿន មានកម្ពស់ ១,៦១ ម៉ែត្រ និងប្រវែងដងខ្លួន ០,៨៦ ម៉ែត្រ។ ប៉ុន្តែបញ្ជីឈ្មោះជនរងគ្រោះដែលបានកម្ទេចនៅមន្ទីរ ស-២១ (គុកទួលស្លែង) “១៩៧៦-១៩៧៨”[5] រៀបរៀងដោយមជ្ឈមណ្ឌលឯកសារកម្ពុជា ឈ្មោះ អ៊ិត ហឿន មិនមានក្នុងបញ្ជីនេះទេ។

ហេតុអ្វីបានជាសម្លាប់មនុស្សស្លូតត្រង់ នេះជាសំណួររបស់ យ៉េត ទៅរបបអ្នកដឹកនាំនាសម័យនោះ។ វាជាការឈឺចាប់ ចំពោះរូបគាត់ និងកូនៗ ព្រមទាំងប្រជាជនខ្មែរដែលបានរស់ឆ្លងកាត់របបកម្ពុជាប្រជាធិបតេយ្យ។ ប្រវត្តិសាច់រឿងរបស់ យ៉េត ដែលបានផ្ដល់បទសម្ភាសន៍ជាមួយមជ្ឈមណ្ឌលឯកសារកម្ពុជានៅឆ្នាំ២០០៦ និងក្លាយជាឯកសារប្រវត្តិសាស្ត្រសម្រាប់ការអប់រំ និងការចងចាំរបស់អ្នកជំនាន់ក្រោយ៕

ដោយ ស្រ៊ាង លីហ៊ួរ


[1] ឯកសារលេខ BBI០០០៦. (២០០៦). សម្ភាសន៍ជាមួយ ឡម យ៉េត ដោយ រ៉ា ឆៃរ៉ាន់ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០០៦. មជ្ឈមណ្ឌលឯកសារកម្ពុជា.

[2] ផេង ពង្សរ៉ាស៊ី, et al. (២០២០). ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩). បោះពុម្ពលើកទី២. មជ្ឈមណ្ឌលឯកសារកម្ពុជា. ទំព័រទី៣៤.

[3] ឯកសារលេខ D២១២៨១. ចម្លើយ របស់ ញឹម (ពាយ័ព្យ). មជ្ឈមណ្ឌលឯកសារកម្ពុជា. ទាញយកនៅថ្ងៃទី៤ ធ្នូ ២០២៤.

[4] ឯកសារលេខ K០៧២៦៦. ប្រវត្តិរូបអ្នកទោសជាប់ឃុំឃាំង ឈ្មោះដើម អ៊ិត ហឿន ឈ្មោះប្រែ ម៉ូម. ​ មជ្ឈមណ្ឌលឯកសារកម្ពុជា. ទាញយកនៅថ្ងៃទី៣ ធ្នូ ២០២៤.

[5] បញ្ជីឈ្មោះជនរងគ្រោះដែលបានកម្ទេចនៅមន្ទីរ ស-២១ (គុកទួលស្លែង) “១៩៧៦-១៩៧៨.” មជ្ឈមណ្ឌលឯកសារកម្ពុជា. ទាញយកនៅថ្ងៃទី៣ ធ្នូ ២០២៤.

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin