ភ្លក់ជីលេខមួយ

មាស លៀម រស់នៅភូមិពីរ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី

(រតនគិរី)៖ មាស លៀម ភេទស្រី មានអាយុ ៦០ឆ្នាំ ជាកសិករ រស់នៅភូមិពីរ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ នៅក្រោមរបបខ្មែរក្រហម លៀម ត្រូវធ្វើពលកម្មហួសកម្លាំង ព្រមទាំងហូបចុក និងសម្រាកមិនគ្រប់គ្រាន់។

នៅឆ្នាំ១៩៧៥ លៀម ត្រូវបានខ្មែរក្រហមជ្រើសរើសឲ្យធ្វើជាកងចល័ត និងបែកចេញពីឪពុកម្ដាយ និងប្អូនៗដែលរស់នៅសហករណ៍ត្រពាំងក្រហម។ លៀម ត្រូវក្រោកពីម៉ោង ៤ទៀបភ្លឺ ទៅជីកប្រឡាយ លើកទំនប់ ច្រូតស្រូវ និងរែកដី នៅអូរកាទឹង ស្រែពក និងកំពង់សង្គម។ នៅពេលយប់ លៀម ត្រូវធ្វើការចាក់ស៊ីម៉ងត៍ សង់ទ្វារទឹក នៅទំនប់អូរកាទឹង ដើម្បីស្តុកទឹកសម្រាប់ធ្វើស្រែប្រាំង។ ក្រៅពីនោះ លៀម ត្រូវទៅដើររកដើមប្រមោយដំរីតាមព្រៃតែម្នាក់ឯង។

នៅក្នុងកងចល័ត អ្នកដែលធ្វើការបានរហ័សត្រូវស្ទូងស្រូវ ចំណែកអ្នកធ្វើការយឺតត្រូវដកសំណាប។ កងចល័ត ត្រូវធ្វើការគ្មានថ្ងៃសម្រាកនោះទេ។ នៅរដូវស្ទូង កងចល័តត្រូវស្ទូងទាំងយប់ទាំងថ្ងៃ ពីព្រឹកព្រលឹមរហូតដល់ម៉ោង ៩យប់។ ផលស្រូវដែលប្រមូលបានទាំងជង្រុក ត្រូវដឹកចេញពីសហករណ៍។

នៅពេលធ្វើជាអ្នកដាំបាយ លៀម បានឲ្យដឹងថា ប្រជាជន១០០នាក់ ទទួលបាន​អង្ករតែ៥០កំប៉ុងប៉ុណ្ណោះសម្រាប់ហូបមួយពេល។ បាយត្រូវវេចជាមួយស្លឹកខ្លុង និងសម្លលាយជាមួយ ដំឡូងមី, ស្លឹកដំឡូងមី, ពោត, ត្រកួន, មើមប្រង់ និងផ្កាចាហួយ។ ទោះបីជា លៀម មិនចេះហូប ក៏គាត់​ត្រូវតែហូបដើម្បីរស់។

ក្រោយមកខ្មែរក្រហមបញ្ជាឲ្យ លៀម ធ្វើជីលេខពីរ ឬជីលាមកគោ។ ចំណែកជីលេខមួយ គឺជាជីធ្វើពីលាមកមនុស្ស។ ដើម្បីធ្វើស្រែឲ្យបានមួយហិចតាបីតោន ខ្មែរក្រហមបានបញ្ជាឲ្យធ្វើជីលេខមួយ។ អ្នកដែលធ្វើជីត្រូវភ្លក់ ប្រសិនបើជីមានរសជាតិប្រៃនោះ គឺមិនអាចប្រើប្រាស់បានទេ។ ចំណែក លៀម ត្រូវសែងជីទៅបាចតាមវាលស្រែ។ នៅពេលបាច អ្នកដែលក្អួតនឹងត្រូវយកទៅកសាង។

នៅពេល លៀម មានជំងឺគ្រុន ខ្មែរក្រហមបែរជាចោទថាគាត់មានជំងឺគ្រុនសតិអារម្មណ៍ និងខ្ជិលទៅវិញ។ នៅតាមកងចល័ត មនុស្ស​ម្នា ត្រូវសម្រាកនៅនឹងដី ដោយគ្មានខ្នើយ ឬភួយសម្រាប់ប្រើប្រាស់នោះទេ មានតែសម្លៀកបំពាក់ពណ៌ខ្មៅ ដែលមួយឆ្នាំ ខ្មែរក្រហមចែកឲ្យម្នាក់មួយសម្រាប់ប៉ុណ្ណោះ។  លៀម បន្តថាគ្មានសាប៊ូកក់សក់អ្វីនោះ ដូច្នេះសក់ក្បាលរបស់គាត់មានចៃ។

ចំពោះការរៀបការដោយបង្ខំវិញ លៀម លើកឡើងថាមានការចាប់បង្ខំឲ្យរៀបការជាមួយសមាជិកកងពលខ្មែរក្រហម និងស្រ្តីជនជាតិដើមភាគតិចទំពួន ដោយរៀបការម្តង១០គូ និងមានមាន់មួយក្បាលឲ្យហូបជាដើម។ លៀម បន្តថាអ្នកដែលប្រកែក ឬធ្វើខុសសីលធម៌វិញ នឹងត្រូវខ្មែរក្រហមយកទៅវាយសម្លាប់ដោយមិនឲ្យអ្នកណាម្នាក់ឃើញនោះទេ។

រឿងរ៉ាវរបស់ លៀម បានធ្វើឲ្យកូនចៅរបស់គាត់ពិបាកនឹងជឿ។ លៀម ថាខ្លួនត្រូវតស៊ូយ៉ាងលំបាកទើបរស់រានមានជីវិត។ សព្វថ្ងៃ លៀម មានជំងឺសន្លាក់ដៃជើង និងជំងឺប្រចាំកាយផ្សេងទៀត៕

សម្ភាសដោយ ឡាយ កូរ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin