ធ្វើការច្រើនជាងរៀន

សែន លន់ រស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង

(ស្ទឹងត្រែង)៖ សែន លន់ ភេទប្រុស មានអាយុ ៥៨ឆ្នាំ រស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ លន់ កើតនៅក្នុងគ្រួសារកសិករ ដែលមានឪពុកឈ្មោះ សែន, ម្ដាយឈ្មោះ ខៃ និងជាកូនច្បងក្នុងចំណោមបងប្អូនប្រាំនាក់ ក្នុងនោះស្រីពីរនាក់។

លន់ មានស្រុកកំណើតនៅភូមិកោះស្រឡៅ ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ នៅដើមទសវត្សរ៍ឆ្នាំ១៩៧០ នៅភូមិកោះស្រឡៅ មានវត្តមាននៃកងទ័ពខ្មែរក្រហមចូលមកគ្រប់គ្រង។ លន់ ចែករំលែកថា នៅចន្លោះពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ ប្រជាជនរស់នៅក្នុងភូមិ ត្រូវធ្វើស្រែប្រវាស់ដៃ និងនេសាទ។

នៅថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមឡើងកាន់អំណាចនៅទីក្រុងភ្នំពេញ។ នៅដើមឆ្នាំ១៩៧៦ ខ្មែរក្រហមបានជម្លៀសប្រជាជន ព្រមទាំងគ្រួសាររបស់ លន់ ចេញពីភូមិកោះស្រឡៅ ទៅរស់នៅសហករណ៍ស្រែជាំ (ជាំធំ)។ ការរស់នៅ ចាប់ផ្តើមមានការរឹតបន្តឹងដោយខ្មែរក្រហម បង្ខំឲ្យប្រជាជនធ្វើពលកម្មហួសកម្លាំង និងបង្អត់អាហារ ដោយអាចត្រឹម​ហូបបបរមួយចានចង្កឹះប៉ុណ្ណោះក្នុងមួយពេល។ ដំណាំដែលដាំបាននៅតាមជុំវិញផ្ទះដូចជា ពោត ឬដំឡូង និងត្រីដែលរកបាន ប្រជាជន​ត្រូវ​ដាក់ជារបស់រួមទាំងអស់។ អ្នកដែលហ៊ានលួចហូប នឹងត្រូវខ្មែរក្រហមចោទថាជាខ្មាំង។ លន់ បន្តថា សូម្បីតែនៅពេលភ្ជួរស្រែ បើមានអ្នកណាម្នាក់ធ្វើឲ្យបាក់នង្គ័ល ឬធ្វើឲ្យក្របីផ្អើល ក៏ខ្មែរក្រហមចោទថាជាខ្មាំង និងត្រូវយកទៅរៀនសូត្រ ដោយបាត់ខ្លួន មិនឃើញត្រលប់មកធ្វើការក្នុងក្រុមវិញនោះទេ។ សាច់ញាតិរបស់លន់ម្នាក់ ត្រូវបានខ្មែរក្រហមយកទៅរៀនសូត្រតាមអូរ និងព្រៃ ដែលក្រោយមក លន់ ដឹងថាជាកន្លែងដែលខ្មែរក្រហមយកមនុស្សទៅសម្លាប់។

នៅសហករណ៍ស្រែជាំ ប្រជាជនទាំងអស់ត្រូវធ្វើការរួម និងហូបរួម។ លន់ ត្រូវខ្មែរក្រហមចាត់តាំងឲ្យធ្វើការក្នុង​កងចល័តកុមារ ដោយរស់នៅតាមមណ្ឌលកុមារ។ ចំណែក ឪពុកម្ដាយ និងប្អូនរបស់លន់ ត្រូវរស់នៅបែកពីគ្នាទៅតាមក្រុម។ នៅកងចល័តកុមារ លន់ ត្រូវលើកភ្លឺស្រែ និងធ្វើពលកម្មផ្សេងៗ។ លន់ ថាខ្លួនបានរៀនតែមួយម៉ោង ឬកន្លះម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ បន្ទាប់ពីធ្វើពលកម្មអស់ជាច្រើនម៉ោង។ លន់ បន្តថារបបខ្មែរក្រហមឲ្យគាត់ធ្វើការច្រើនជាងរៀន។

នៅឆ្នាំ១៩៧៩ របបខ្មែរក្រហមបានដួលរលំ លន់  បានត្រលប់ទៅរស់នៅកោះស្រឡៅ។ បន្ទាប់មកនៅឆ្នាំ១៩៨០ លន់ ធ្វើជាកងទ័ពសាធារណរដ្ឋប្រជាមានិតកម្ពុជា នៅឃុំព្រះរំកិល។ ក្រោយមក លន់ បានមករស់នៅភូមិកោះព្នៅ និងរៀបការជាប្រពន្ធឈ្មោះ អន សំបៃ និងមានកូនប្រាំបួននាក់ ក្នុងនោះស្រីបីនាក់។ សព្វថ្ងៃ លន់ ប្រកបរបរជាកសិករ និងនេសាទត្រីបន្តិចបន្តួចដើម្បីចិញ្ចឹមជីវិត៕

សម្ភាសដោយ ហ៊ុន រចនា ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin