ប្រជាជនផ្ញើ

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ប្រជាជនផ្ញើ ឬប្រជាជនថ្មី ជាពាក្យដែលខ្មែរក្រហមប្រើប្រាស់សម្រាប់ប្រជាជនកម្ពុជា ដែលត្រូវបានជម្លៀសចេញពីទីក្រុង ឬសំដៅទៅលើប្រភេទប្រជាជននៃវណ្ណៈកណ្ដាលថ្នាក់លើ។ យោងតាមមនោគមន៍វិជ្ជារបស់ខ្មែរក្រហម ប្រជាជនថ្មី ឬប្រជាជន១៧មេសា គឺជាអ្នកដែលតំណាងឲ្យវណ្ណៈមូលធននិយម ដែលប្រឆាំងលទ្ធិកុម្មុយនីស្ដនិយម និងមិនមានភាពបរិសុទ្ធ។ ប្រជាជនថ្មី ត្រូវបានមើលឃើញថាជាអ្នកដែលប្រឈមនឹងការចោទប្រកាន់ខ្ពស់ថាជា ជនសង្ស័យ ជាអ្នកដែលទទួលបានការអប់រំនយោបាយ​មិនចេះចប់មិនចេះហើយ និងជាញឹកញាប់ទទួលបានការធ្វើបាបខ្លាំងជាង“ប្រជាជនចាស់”។ ប្រជាជនទាំងនេះត្រូវបានអង្គការចាត់ទុកថាជា “ជនបញ្ញើក្អែក” ហើយគ្មានសិទ្ធិអ្វីទាំងអស់ដូចដែលពាក្យស្លោកខ្មែរក្រហមមួយបានអះអាងថា “ពួក១៧មេសាជាជនបញ្ញើក្អែក។ ពួកវាជាអ្នកចាញ់សង្រ្គាម និងជាឈ្លើយសឹក”[1]។ សំអាង ត្រូវបាន ផាញ់ ចាត់ទុកគាត់ជាប្រជាជនផ្ញើ ដោយសារតែពេលនោះគាត់ត្រូវជម្លៀសចេញពីឃុំអូរគ្រៀង ទៅឃុំកំពង់លើ និងម៉្យាងទៀតគាត់ធ្លាប់ធ្វើជាប៉ូលិសកាលពីរបបសង្គមរាស្រ្តនិយម។

ប៊ុត សំអាង[2] ភេទប្រុស មានអាយុ៦៥ឆ្នាំ (២០០៦) រស់នៅភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។ នៅឆ្នាំ១៩៧០ តំបន់ដែល សំអាង រស់នៅគឺចាប់ផ្ដើមមានចលនាខ្មែរក្រហមដោយសារតែនៅតំបន់នោះជាតំបន់ដាច់ស្រយាល ហើយខ្មែរក្រហមធ្វើការឃោសនាជ្រើសរើសយុវជន-យុវនារី ធ្វើជាកងសេនាជនបម្រើបដិវត្តន៍[3]។ នៅពេលនោះប្រជាជនមិនបានដឹងនោះទេថា គាត់បានចូលរួមជាមួយនឹងបដិវត្តន៍របស់ខ្មែរក្រហ​ម ព្រោះតែពេលនោះគឺចំពេលគ្នាជាមួយនឹងការប្រកាសតាមរយៈវិទ្យុពីទីក្រុងប៉េកាំង របស់សម្ដេចព្រះ នរោត្ដម សីហនុ ឲ្យប្រជាជនចូលព្រៃម៉ាគី។

នៅឆ្នាំ១៩៧៣ ខ្មែរក្រហមបានកៀរគរប្រជាជនទៅក្នុងព្រៃ ដើម្បីឲ្យប្រជាជនធ្វើការងារ ដោយបែងចែកការងារជាផ្នែកៗ ផ្នែកទីមួយគឺ ធ្វើនង្គ័ល រនាស់ និងរទេះ។ ផ្នែកទីពីរគឺ កាប់ឆ្ការព្រៃរុករានយកដីធ្វើស្រែ និងផ្នែកទីបីគឺ ភ្ជួររាស់ ដកស្ទូង រីឯផ្នែកទីបួនគឺ ជាអ្នកនេសាទ ផ្គត់ផ្គង់ម្ហូបអាហារ និងដាំបន្លែបង្ការ។ សំអាង ត្រូវធ្វើការងារនៅសហករណ៍ស្ថិតក្រោមការគ្រប់គ្រងរបស់ ផាញ់ ជាប្រធានសហករណ៍ និង អេន ជាអនុប្រធានសហករណ៍។ អ្នកទាំងពីរឡើងកាន់តំណែងបន្ទាប់ពីការបាត់ខ្លួនរបស់ ហែម ឈន។ ខ្មែរក្រហមចាប់ផ្ដើមប្រមូលយកទ្រព្យសម្បត្តិរបស់ប្រជាជនដាក់ចូលសមូហភាព ដូច្នេះហើយចាប់តាំងពីពេលនោះមកប្រជាជនគឺមិនមានរបស់ដែលជាកម្មសិទ្ធិឯកជនទៀតឡើយ ទ្រព្យសម្បត្តិទាំងអស់នោះមានតែអង្គការខ្មែរក្រហមប៉ុណ្ណោះដែលអាចមានសិទ្ធិក្នុងការបែងចែកសម្រាប់ប្រើប្រាស់។ សំអាង បញ្ជាក់ថាមិនត្រឹមតែទ្រព្យសម្បត្តិនោះទេ សូម្បីតែការហូបចុក និងការរស់នៅក៏ត្រូវរួមគ្នាជាសមូហភាពដែរ ចំណែកផ្ទះរបស់ប្រជាជនគឺមានយោធារបស់ខ្មែរក្រហមរស់នៅ ឬមួយចំនួនទៀតត្រូវកម្ទេចចោល។ អង្គការបានផ្ដល់សម្ភារឲ្យប្រជាជនវិញគឺជាកំណាត់ដើម្បីឲ្យប្រជាជនកាត់សម្លៀកបំពាក់ សម្រាប់ប្រជាជនមូលដ្ឋានទទួលបានកំណាត់ក្នុងម្នាក់បួនម៉ែត្រ រីឯប្រជាជនផ្ញើទទួលបានតែម្នាក់ពីរម៉ែត្រប៉ុណ្ណោះ។

សំអាង ត្រូវបានអង្គការតម្រូវឲ្យរស់នៅជុំគ្នាជាមួយនឹងប្រជាជនផ្ញើ នៅដោយឡែកពីប្រជាជនមូលដ្ឋាន[4] និងមិនឲ្យមានទំនាក់ទំនងគ្នាឡើយ។ ប្រជាជន១៧មេសា មួយចំនួនត្រូវឲ្យទៅរស់នៅជាមួយនឹងប្រជាជនមូលដ្ឋាន។ ខ្មែរក្រហមចាប់ផ្ដើមផ្លាស់ប្ដូរការហូបចុករបស់ប្រជាជននៅក្នុងតំបន់ ពីការហូបបាយ ទៅជាបបរ។ សំអាង បានចែករំលែកបន្តថា ប្រពន្ធរបស់គាត់ទើបតែសម្រាលកូនបានរយៈពេលកន្លះខែត្រូវអង្គការចាត់តាំងឲ្យដកសំណាប និងស្ទូងស្រូវនៅវាលស្រែ។ សំអាង ឃើញបែបនេះបានស្នើសុំអង្គការឲ្យផ្លាស់ប្ដូរការងារ អង្គការបានអនុញ្ញាតឲ្យមកធ្វើការក្នុងកងបុកអង្ករនៅមន្ទីររោងបាយវិញ។

នៅដើមឆ្នាំ១៩៧៥ អង្គការបានចាត់តាំងឲ្យ សំអាង ទៅឃុំកំពង់លើ ស្រុកសំបូរ រយៈពេលបីខែ ដើម្បីធ្វើផ្ទះទុកឲ្យប្រជាជនដែលជម្លៀសពីភ្នំពេញសម្រាប់រស់នៅ។ សំអាង បាននិយាយថា​៖ “កាលនោះគេ (អង្គការ) ចេះតែប្រើទៅគ្មានចេះស្អីទេ​ មិនទៅម៉េចកើត បើខ្លាចត្បូងចប។ ចេះមិនចេះក៏ចេះតែទៅ មិនហ៊ានប្រកែកទេ។ បើគេឲ្យធ្វើមេធ្វើទៅ អត់មានប្រកែកបានទេ”។ ប្រជាជនដែលចេញពីភូមិអូរគ្រៀងទៅមានចំនួន៣០នាក់ និងមានមកពីភូមិផ្សេងៗបន្ថែមទៀត។ អង្គការ បានកំណត់ក្នុងរយៈពេលប្រាំថ្ងៃគឺត្រូវសង់ឲ្យហើយផ្ទះមួយ។ នៅពេលដែលគាត់ទៅធ្វើការនៅ សហករណ៍ឃុំកំពង់លើ មិនបានផ្ដល់អាហារឲ្យគាត់ និងកម្មករឯទៀតឡើយ ដូច្នេះហើយកម្មករទាំងអស់ត្រូវគ្រប់គ្រងលើរបបអាហារខ្លួនឯង។ ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ចាប់តាំងពីរំដោះបានទីក្រុងភ្នំពេញ កងទ័ពខ្មែរក្រហមបានបំពេញតួនាទីជម្លៀសប្រជាជនចេញពីទីក្រុងឲ្យអស់ក្នុងរយៈពេលបីថ្ងៃ។ បក្សកុម្មុយនីស្តកម្ពុជាបានកំណត់យកទីផ្សារថ្មីធ្វើជាគោលក្នុងការជម្លៀសប្រជាជនចេញទៅកាន់ខេត្តផ្សេងៗ[5]។ សំអាង បានរៀបរាប់ថា ទិដ្ឋភាពរបស់ប្រជាជនដែលជម្លៀសមកពីភ្នំពេញគឺមានភាពលំបាកវេទនា ព្រោះតែភាគច្រើនអ្នកទាំងអស់នោះមិនដែលទទួលរងការលំបាកពីមុនមកនោះទេ។ បន្ទាប់ពីទៅដល់សហករណ៍គឺត្រូវរស់នៅជុំគ្នានឹងប្រជាជនដទៃ ហើយរបបអាហាររបស់ប្រជាជនក៏ទទួលបានមិនគ្រប់គ្រាន់ និងត្រូវធ្វើការងារសឹងតែគ្មានពេលសម្រាក។ សំអាង បានឲ្យដឹងថាមិនត្រឹមតែប៉ុណ្ណោះគ្មានប្រជាជនណាម្នាក់ហ៊ានប្រឆាំងតវ៉ាជាមួយនឹងអង្គការឡើយ ព្រោះតែខ្លាចកងឈ្លបចាប់យកទៅធ្វើបាប និងសម្លាប់។

នៅក្នុងរបបខ្មែរក្រហម ឪពុកមា និងប្អូនជីដូនមួយរបស់សំអាង បានស្លាប់។ ឪពុកមារបស់គាត់ឈ្មោះថា ចេត កាណាន ស្លាប់ដោយសារតែការចោទប្រកាន់របស់ខ្មែរក្រហមថាគាត់គឺជាអ្នករដ្ឋការ សក្ដិភូមិ បម្រើឲ្យរបបសង្គមរាស្រ្តនិយម។ កន្លងទៅបានប្រហែលមួយឆ្នាំ សំអាង បានឃើញកងឈ្លបខ្មែរក្រហមបានចាប់ចងប្រជាជនជាជួរមានប្រុសមានស្រីចំនួនប្រមាណ៣០នាក់ បណ្ដើរយកទៅតំបន់ត្រច នៅទីនោះគឺជាកន្លែងធ្វើទារុណកម្ម និងសម្លាប់មនុស្សនៅក្នុងរបបខ្មែរក្រហម។

តាំងពីរបបខ្មែរក្រហមចូលកាន់អំណាចពេញសិទ្ធិ គាត់មិនដែលបានស្គាល់នរណាគឺជា ប៉ុល ពត[6] នោះទេ ព្រោះមិនដែលបានឃើញមុខរបស់គាត់បែបយ៉ាងម៉េចនោះទេ គឺធ្លាប់បានឮតែឈ្មោះប៉ុណ្ណោះ ហើយក៏មិនសូវឮញឹកញាប់ប៉ុន្មានដែរ។ មេដឹកនាំនៅក្នុងរបបខ្មែរក្រហម ដែលគាត់តែងតែឮឈ្មោះច្រើនមានតែ ខៀវ សំផន[7], ហ៊ូ នឹម[8], ហ៊ូ យន់[9] និង នួន ជា[10]

បន្ទាប់ពីរបបខ្មែរក្រហម បានបញ្ចប់មានប្រជាជនមួយចំនួនធំដែលវិលត្រលប់ទៅស្រុកកំណើត និងស្វែងរកសមាជិកគ្រួសារ។ ចំណែក សំអាង គាត់បានត្រលប់ទៅភូមិកំណើតរស់នៅជាមួយនឹងគ្រួសាររបស់គាត់ និងប្រកបរបរកសិកម្ម ព្រមទាំងនេសាទត្រីសម្រាប់ចិញ្ចឹមជីវិត៕

អត្ថបទដោយ នេន ស្រីមុំ


[1] ផេង ពង្សរ៉ាស៊ី et al. (២០២០). ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩).​ បោះពុម្ពលើកទីពីរ. មជ្ឈមណ្ឌលឯកសារកម្ពុជា. ទំព័រទី៤០។

[2] ឯកសារលេខ KRI0042. សម្ភាសន៍ជាមួយ ប៊ុត សំអាង ដោយ ឌី ខាំបូលី នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០០៦. មជ្ឈមណ្ឌលឯកសារកម្ពុជា។

[3] យោងតាមវចនានុក្រមសម្ដេច ជួន ណាត. (២០០៨). រក្សាសិទ្ទិដោយវិទ្យាស្ថានពុទ្ធសាសនាបណ្ឌិត្យ. “ពាក្យ បដិវត្តន៍ បា.សំ.  (ន.)  (បដិវត្តន; ប្រតិវត៌ណ) ការ​វិល​ត្រឡប់, ការ​ប្រែប្រួល, ការ​កែ​ប្រែ ឬ​ផ្លាស់​ប្ដូរ ។ ការ​ផ្លាស់​ប្ដូរ​យ៉ាង​ឆាប់​រហ័ស​នូវ​របប​គ្រប់គ្រង​ចាស់ ដែល​មិន​ចម្រើន​ឲ្យ​បាន​ចម្រើន​លូតលាស់​ទាន់​កាល​សម័យ​ជាដើម, ការ​ប្រព្រឹត្ត​ប្រឆាំង​ដោយ​កម្លាំង​អាវុធ​ចំពោះ​អំពើ​រំលោភ ចាប់​ផ្ដើម​ធ្វើ​បដិវត្តន៍, អំពើ​រំលោភ​ត្រូវ​បាន​វិនាស​សាប​សូន្យ​ដោយ​កម្លាំង​នៃ​បដិវត្តន៍។”

[4] ផេង ពង្សរ៉ាស៊ី et al. (២០២០). ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩).​ បោះពុម្ពលើកទីពីរ. មជ្ឈមណ្ឌលឯកសារកម្ពុជា. ទំព័រទី៤០ “ប្រជាជនមូលដ្ឋាន ឬប្រជាជនចាស់ គឺជាអ្នកទាំងឡាយណាដែលរស់នៅតាមតំបន់ជនបទ គ្រប់គ្រងដោយបក្សកុម្មុយនីស្តកម្ពុជានៅមុនថ្ងៃ១៧ មេសា ១៩៧៥។”

[5] ហ៊ុយ វណ្ណៈ. (២០០៣). កងពលខ្មែរក្រហមលេខ៧០៣ ពីជ័យជម្នះឆ្ពោះទៅកាន់បំផ្លាញខ្លួនឯង. មជ្ឈមណ្ឌលឯកសារកម្ពុជា. ទំព័រទី៣៤។

[6] យោងតាមគេហទំព័រអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា. ប៉ុល ពត (១៩២៥-១៩៩៨) គឺជាអគ្គលេខាធិការនៃ បក្សកុម្មុយនីស្តកម្ពុជា (“ប.ក.ក”) និង នាយករដ្ឋមន្រ្តីកម្ពុជាប្រជាធិបតេយ្យ។ គាត់ទទួលមរណភាពដោយ​សាររោគគាំងបេះដូងនៅក្នុងឆ្នាំ១៩៩៨ ក្នុងពេល​រស់នៅដោយមានសេរីភាព​នៅព្រំដែន កម្ពុជា-ថៃ។ ថ្ងៃចូលអាន (ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥). តំណភ្ជាប់៖ https://www.eccc.gov.kh/directory/khmer-rouge-profile/saloth-sar

[7] ស្ទួន. ខៀវ សំផន (កើតឆ្នាំ ១៩៣១) ធ្វើជាប្រធានគណៈប្រធានរដ្ឋនៃកម្ពុជាប្រជាធិបតេយ្យ។ គាត់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទអំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការបំពារបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវ។ ថ្ងៃចូលអាន (ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥). តំណភ្ជាប់៖ https://www.eccc.gov.kh/cases/charged-profile/khieu-samphan

[8] ស្ទួន. ហ៊ូ នឹម (១៩៣២-១៩៧៧) គឺជារដ្ឋមន្រ្តីក្រសួងព័ត៌មាន និងឃោសនាការ។ គាត់ត្រូវបានឃុំខ្លួននៅ ស-២១ និងក្រោយមក សម្លាប់ចោល។ ថ្ងៃចូលអាន (ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥). តំណភ្ជាប់៖ https://www.eccc.gov.kh/directory/khmer-rouge-profile/hu-nim

[9] ស្ទួន. ហ៊ូ យន់ (១៩៣០-១៩៧៦) ជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កំណែទម្រង់ឃុំ និងសហករណ៍នៃរាជរដ្ឋាភិបាលរួបរួម​ជាតិកម្ពុជា ។ គាត់ត្រូវបានបោសសម្អាតពីជួរបក្សកុម្មុយនីស្តកម្ពុជា (“ប.ក.ក”) ក្រោយរិះគន់ជាចំហរនូវសេចក្តីសម្រេចរបស់បក្ស។ ថ្ងៃចូលអាន (ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥). តំណភ្ជាប់៖ https://www.eccc.gov.kh/directory/khmer-rouge-profile/hou-youn

[10] ស្ទួន. នួន ជា មានឈ្មោះកំណើត ឡៅ គឹមលន (ឆ្នាំ១៩២៦-ឆ្នាំ២០១៩) គឺជាអនុលេខា ប.ក.ក ជាប្រធានសភាតំណាងប្រជាជន និងជានាយករដ្ឋមន្ត្រីស្តីទីបណ្តោះអាសន្ននៃកម្ពុជាប្រជាធិបតេយ្យ។ គាត់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទអំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការបំពារបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវ។ ថ្ងៃចូលអាន (ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥). តំណភ្ជាប់៖ https://www.eccc.gov.kh/cases/charged-profile/nuon-chea

 

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin