ទ្រៀវ ណាគ្រី៖ អ្នកមើលកូនឲ្យចៅហ្វាយស្រុកអង្គរជ័យ

ស្រុកអង្គរជ័យ ជាស្រុកមួយស្ថិតក្នុងខេត្តកំពត ក្នុងភូមិភាគនិរតី ដែលគ្រប់គ្រង់ដោយ ឈិត ជឿន ហៅ តា ម៉ុក។ ក្នុងឆ្នាំ១៩៧៨ ណាគ្រី ត្រូវបានម្ដាយមីងថ្លៃ យកទៅឲ្យមើលថែកូនរបស់ចៅហ្វាយស្រុកអង្គរជ័យ។
ឈ្មោះ ទ្រៀវ ណាគ្រី[1] ភេទស្រី អាយុ៦២ឆ្នាំ។ សព្វថ្ងៃមានមុខរបរជាកសិករ។ ណាគ្រី មានស្រុកកំណើតនៅក្នុងភូមិព្រៃវែង ឃុំស្រែក្នុង ស្រុកឈូក ខេត្តកំពត។ បច្ចុប្បន្ន ណាគ្រី រស់នៅក្នុងភូមិក្រពើពីរ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ណាគ្រី មានបងប្អូនបង្កើតចំនួន៧នាក់។ សព្វថ្ងៃបងប្អូនរបស់ ណាគ្រី រស់នៅក្នុងខេត្តកំពតគ្រប់គ្នា មានតែ ណាគ្រី ម្នាក់បែកមករស់នៅក្នុងខេត្តពោធិ៍សាត់។ មានស្វាមីឈ្មោះ ស៊ូ ឈួន ជាអតីតមន្រ្តីរាជការ ហើយមានអាយុ៧០ឆ្នាំ។ ណាគ្រី មានកូនចំនួន៤នាក់ (ស្រី២នាក់) ដែលកូនប្រុសច្បងជាមន្រ្តីប៉ូសីសប្រចាំក្នុងឃុំក្រពើពីរ។
នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ លោកសេនាប្រមុខ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះបាទនរោត្ដមសីហនុ។ ក្រោយមក នាំឲ្យកើតមានភាពច្របូកច្របល់ពេញភូមិស្រុក ក្នុងប្រទេសកម្ពុជា។ ណាគ្រី បានចាំថាក្នុងភូមិព្រៃវែង មានយន្តហោះបើកមកទម្លាក់គ្រាប់បែក យ៉ាងច្រើនសន្ឋឹកសន្ឋាប់ធ្វើឲ្យខូចខាតផ្ទះសម្បែងរបស់ប្រជាជនក្នុងភូមិ។ ជាពិសេស យន្តហោះបានមកទម្លាក់គ្រាប់ត្រូវផ្ទះរបស់ ណាគ្រី ធ្វើឲ្យឆាបឆេះផ្ទះអស់ទាំងស្រុង ត្រូវសត្វគោ និងថែមទាំងធ្វើឲ្យឪពុករបស់ ណាគ្រី រងរបួសត្រូវភ្លៅម្ខាងយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបានទាន់ពេលវេលារហូតបានធូរស្បើយ។
ដើមឆ្នាំ១៩៧៥ ណាគ្រី ត្រូវបានឪពុកមាឈ្មោះ បិត និងម្ដាយមីងសុំយកទៅរស់នៅក្នុងផ្ទះជាមួយខ្លួន ដែលស្ថិតក្នុងឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត ដោយសារម្តាយមីងមិនមានកូន និងស្រឡាញ់ ណាគ្រី ទុកដូចកូនបង្កើត។ ក្រោយកងទ័ពខ្មែរក្រហមរំដោះបានទីក្រុងភ្នំពេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ឪពុកមារបស់ ណាគ្រី ឈ្មោះ បិត បានឡើងធ្វើជាឃុំនៅក្រាំងស្នាយ។ បិត បានឲ្យ ណាគ្រី ទៅរៀនជាមួយក្មេងៗដទៃក្នុងភូមិ ប៉ុន្តែមិនមានសាលាត្រឹមត្រូវនោះទេ គឺរៀននៅតាមផ្ទះ។ ក្នុងមួយថ្ងៃ ក្មេងៗក្នុងភូមិបានរៀនត្រឹមរយៈពេលមួយម៉ោង គឺត្រូវទៅរែកដី រើសអាចម៌គោ កាប់ដើមទន្រ្ទានខែត្រ ដើម្បីយកធ្វើជីដាក់ក្នុងស្រែ។ ចំណែក ណាគ្រី នៅផ្ទះជាមួយឪពុកមាមិនបានធ្វើការងារអ្វីនោះទេ។ ក្នុងឆ្នាំដដែល ខ្មែរក្រហមបានជម្លៀសប្រជាជនមកពីទីក្រុងភ្នំពេញ និងតាមបណ្ដារខេត្តនានាជាច្រើនគ្រួសារឲ្យមករស់នៅក្នុងឃុំក្រាំងស្នាយ។ ទំនាក់ទំនងរវាងប្រជាជនថ្មី និងប្រជាជនមូលដ្ឋាន មានការទាក់ទងគ្នាធម្មតាមិនមានបិទសិទ្ធិសេរីភាពនោះទេ ហើយ ណាគ្រី អាចនិយាយលេងជាមួយក្មេងៗដែលជាប្រជាជនថ្មីបានដូចគ្នា។ សម្រាប់ការហូបចុកក្នុងឃុំក្រាំងស្នាយ បានរបបអាហារមួយថ្ងៃបីពេល ហើយក្នុងមួយសប្ដាហ៍មានបង្អែមហូបម្ដង មិនមានការខ្វះខាតនោះទេ។ នៅពេលព្រឹកព្រលឹមមុនចេញទៅធ្វើការងារបានហូបបបរ ម៉ោង៧ ប្រជាជនត្រូវលើកទំនប់ ជីកប្រឡាយ រែកដី ដល់ម៉ោង១១ ទើបបានហូបបាយ និងសម្រាក។ ម៉ោង១រសៀល ធ្វើការងារដដែលរហូតដល់ល្ងាចម៉ោង៤ទៅម៉ោង៥ ទើបបានហូបបាយម្ដងទៀត។
ចន្លោះឆ្នាំ១៩៧៦ ដល់ឆ្នាំ១៩៧៧ ឪពុកមាឈ្មោះ បិត បានបញ្ជូនឲ្យ ណាគ្រី ទៅធ្វើជាគ្រូពេទ្យប្រចាំក្នុងឃុំស្រែក្នុង ស្រុកឈូក ហើយ ណាគ្រី មានតួនាទីផលិតថ្នាំធម្មជាតិ ចាក់ថ្នាំ និងមើលថែអ្នកជំងឺនៅមន្ទីរពេទ្យជាប្រចាំថ្ងៃ។ ណាគ្រី បានរៀបរាប់ថា ក្នុងមន្ទីរពេទ្យឃុំស្រែក្នុង មានគ្រូ ពេទ្យចន្លោះពី២០ទៅ៣០នាក់ និងបានបែងចែកជាប្រធានពេទ្យ អនុប្រធាន មេក្រុម ដែលក្នុងមួយក្រុមមានពេទ្យចំនួន១២នាក់ ហើយ ណាគ្រី ជាសមាជិកក្នុងក្រុមគ្រូពេទ្យ។ នៅក្នុងមន្ទីរពេទ្យ មានប្រភេទថ្នាំដែលចំហ៊ុយពីឫសឈើដោយខ្លួនឯង និងថ្នាំនាំយកពីបរទេស រួមមានថ្នាំ អាស្តីរីន ពេនីស៊ីលីន ស្រឹបតូម៉ាស៊ីន និងថ្នាំជាច្រើនប្រភេទទៀត។ ចំណែកថ្នាំ ស្រេបតូ កង់ហ្វូ ជាប្រភេទថ្នាំដែលបានចំហ៊ុយដោយ ណាគ្រី និងក្រុមគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យដោយផ្ទាល់។ ក្រោយផលិតថ្នាំរួច ត្រូវចម្រាញ់ទឹកថ្នាំយកដាក់ក្នុងដបទឹកក្រូចសម្រាប់ទុកព្យាបាលអ្នកជំងឺ។ រីឯ ប្រភេទថ្នាំអាចម៌ទន្សាយ ផ្សំឡើងពីឫសឈើចម្រុះចម្រាញ់ចូលគ្នា រួចយកលាយជាមួយម្សៅមី សម្រាប់យកទៅចែកជូនប្រជាជនដែលមានជំងឺស្រាលៗនៅតាមសហករណ៍។ ជារៀងរាល់ថ្ងៃ ណាគ្រី បានព្យាបាលប្រជាជនដែលមានជំងឺ ឈឺចុក រាករូរុស និងគ្រុនចាញ់ ហើយតែងតែបានធូរស្បើយគ្រប់ៗគ្នា។ ណាគ្រី បានបន្តថា នៅក្នុងសហករណ៍ឃុំស្រែក្នុងការស់នៅមិនសូវលំបាកនោះទេ ដោយសារខ្មែរក្រហមបានសាងសង់ផ្ទះមានទំហំប៉ុនៗគ្នាតម្រៀបជួរគ្នា ដោយកំណត់ផ្ទះមួយសម្រាប់ប្រជាជនចំនួនមួយគ្រួសាររស់នៅ ទោះបីមានមនុស្សតែម្នាក់ ក៏មានផ្ទះមួយដូចគ្នា។ នៅពេលប្រជាជនមានជំងឺ អាចទៅបើកថ្នាំនៅមន្ទីរពេទ្យឃុំ និងមន្ទីរពេទ្យស្រុកឈូកបាន។ ដំបូងរបបអាហារមិនមានការខ្វះខាតនោះទេ ប៉ុន្តែ មិនយូរប៉ុន្មាន របបអាហារមានការខ្វះខាតជាងមុន ណាគ្រី និងគ្រូពេទ្យទាំងអស់ក្នុងមន្ទីរពេទ្យឃុំស្រែក្នុង ត្រូវហូបបាយលាយជាមួយពោតក្រហម ឬដំឡូង។ បន្ទាប់មក ណាគ្រី បានដឹងថា ឪពុក ធ្វើជាចុងភៅនៅក្នុងភូមិព្រៃវែង។ អំឡុងពេលជាមួយគ្នា ណាគ្រី ធ្លាប់បានសុំអនុញ្ញាតប្រធានមន្ទីរពេទ្យ(មិនចាំឈ្មោះ) ត្រឡប់ទៅលេងជាមួយឪពុកម្ដាយនៅផ្ទះក្នុងភូមិព្រៃវែង។ ក្រោយត្រឡប់ទៅផ្ទះ ឪពុកបានសួរនាំអំពីការរស់នៅប្រចាំថ្ងៃ និងរបបអាហារហូបចុករបស់ ណាគ្រី។ ក្រោយមក ឪពុករបស់ ណាគ្រី បានប្រាប់ថា នៅក្នុងភូមិព្រៃវែងមិនមានបាយហូបនោះទេ ប្រជាជនក្នុងសហករណ៍ទាំងអស់ទទួលបានបបរម្នាក់មួយវែកប៉ុណ្ណោះ។
ដើមឆ្នាំ១៩៧៨ ណាគ្រី ត្រូវបានម្ដាយមីង(ប្រពន្ធរបស់ បិត) យកទៅរស់នៅជាមួយបងប្រុសបង្កើតដែលជាចៅហ្វាយស្រុកអង្គរជ័យ-តាកែវ(បច្ចុប្បន្នស្ថិតក្នុងខេត្តកំពត) ហើយ ណា គ្រី មានតួនាទីមើលថែកូនរបស់ ចៅហ្វាយស្រុកអង្គរជ័យ(មិនចាំឈ្មោះ)។ អំឡុងពេលជាមួយគ្នា ណាគ្រី ធ្លាប់បានធ្វើដំណើរតាមឡាន(Land Rover)ចេញពីខេត្តកំពតទៅទីក្រុងភ្នំពេញពីរទៅបីដង ជាមួយចៅហ្វាយស្រុកអង្គរជ័យ កូន ប្រពន្ធ មានគ្នាប្រហែល៤ទៅ៥នាក់។ ទៅដល់ភ្នំពេញ ចៅហ្វាយស្រុកអង្គរជ័យបានយក ណាគ្រី ចូលទៅលេងក្នុងរោងចក្រនៅម-១,ម-២(ភ្នំពេញ) ហើយ ណាគ្រី បានទៅស្នាក់នៅក្នុងផ្ទះវិឡាធំមួយរបស់កម្មាភិបាលខ្មែរក្រហម(មិនស្គាល់ឈ្មោះ)។ ក្រៅពីមើលថែកូនរបស់ចៅហ្វាយស្រុក ណាគ្រី បានជិះឡានលេងកំសាន្តក្នុងទីក្រុងភ្នំពេញ និងបានឃើញមានរោងចក្រជាច្រើន រួមមានរោងចក្រកាត់ដេរ រោងចក្រផលិតមុង ផលិតមង និងរោងចក្រក្រមា ហើយនៅក្នុងរោងចក្រនីមួយៗមានកម្មករ កម្មការិនី ជាច្រើនរយនាក់ ថែមទាំងមានចុងភៅសម្រាប់ធ្វើម្ហូបឲ្យកម្មករទាំងអស់។ ណាគ្រី បានឃើញរបបអាហារក្នុងរោងចក្រគឺ សម្លការី ហូបជាមួយនំប៉័ង។ នៅពេលធ្វើដំណើរទៅទីក្រុងភ្នំពេញម្ដងៗ ណាគ្រី ស្នាក់នៅភ្នំពេញរយៈពេលមួយសប្ដាហ៍ ទើបត្រឡប់មកស្រុកអង្គរជ័យវិញ។ នៅចុងឆ្នាំ១៩៧៨ ណាគ្រី បានឮសំឡេង គ្រាប់កាំភ្លើងយ៉ាងកងរំពងចេញពីភ្នំដិន ស្ថិតក្នុងស្រុកគិរីវង្ស ខេត្តតាកែវ ប៉ុន្តែ ណាគ្រី មិនបានដឹងថាមានរឿងអ្វីកើតឡើងនោះទេ។ មិនយូរប៉ុន្មាន តា ម៉ុក ដែលជាគណៈភូមិភាគនិរតី បានបញ្ជាឲ្យចៅហ្វាយស្រុកអង្គរជ័យយកឡានមកដឹកប្រជាជន និងកូនចៅរបស់កម្មាភិបាលខ្មែរក្រហមចេញពីខេត្តកំពតទៅកាន់ខេត្តបាត់ដំបង។ ណាគ្រី និងចៅហ្វាយស្រុកអង្គរជ័យបានធ្វើដំណើរទៅដល់សាលាស្រុកសំឡូត ខេត្តបាត់ដំបង។ បន្ទាប់មក តា ម៉ុក បាននិយាយ «ឥឡូវជិះឡានលែងកើតហើយ នាំគ្នាចុះដើរ»។ ក្រោយមក ណាគ្រី ប្រជាជន និងកម្មាភិបាលខ្មែរក្រហមមួយចំនួនបានដើរកាត់ព្រៃសំដៅទៅកាន់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តប៉ៃលិន។
ខែមករា ឆ្នាំ១៩៧៩ ណាគ្រី បានរត់ភៀសខ្លួនគេចពីកងទ័ពវៀតណាមឆ្លងកាត់ទៅលើភ្នំផល្លី ផល្លា(ស្រុកសំឡូត) ឡើងទៅលើភ្នំ(មិនស្គាល់ឈ្មោះ) នៅក្នុងស្រុកកំរៀង រហូតដាច់បាយដាច់ទឹក ហើយ ណាគ្រី បាននាំគ្នានោម ដើម្បីយកមកផឹក។ ក្រោយដាច់បាយរយៈពេលមួយយប់មួយថ្ងៃ ណាគ្រី និងប្រជាជនមួយចំនួនបានធ្វើដំណើរទៅដល់ព្រំដែនកម្ពុជា-ថៃ(ខេត្តប៉ៃលិន)។ ក្នុងអំឡុងពេលរត់ភៀសខ្លួន ណាគ្រី មិនបានរត់ទៅជាមួយ តាម៉ុក និងបក្សពួកខ្មែរក្រហមនោះទេ ប៉ុន្តែ ណាគ្រី បានរត់បែងចេញទៅជាមួយប្រជាជនធម្មតា។ នៅពេលទៅដល់ព្រំដែនប៉ៃលិន ណាគ្រី បានប្រទះឃើញសាកសពមនុស្សជាច្រើននាក់បានស្លាប់គរលើគ្នានៅលើទួលធំមួយ ហើយ ណាគ្រី បានសន្មត់ថា មនុស្សមួយចំនួនបានស្លាប់ដោយសារអត់បាយ ហើយធ្លាក់ខ្លួនឈឺរហូតដល់ស្លាប់ និងមួយចំនួនទៀតស្លាប់ដោយសារត្រូវថ្នាំពុលរបស់កងទ័ពវៀតណាម ព្រោះកងទ័ពវៀតណាមបានដាក់ថ្នាំពុលនៅក្នុងទឹក។ មិនយូរប៉ុន្មាន មានកម្មាភិបាលខ្មែរក្រហម(មិនស្គាល់ឈ្មោះ) មកប្រមូល ណាគ្រី និងប្រជាជនផ្សេងទៀតឲ្យចូលទៅលាក់ខ្លួនក្នុងជំរំវ-៤ នៅលើទឹកដីថៃ។ នៅពេល ណាគ្រី ចូលដល់ក្នុងជំរុំ មានកាកបាទក្រហមបានចែក មុង ភួយ សម្លៀកបំពាក់ ខ្លាញ់ ប្រហុក ប៊ីចេង និងអង្ករសម្រាប់ដាំបាយហូបក្នុងជំរំ។
ឆ្នាំ១៩៨២ តា ម៉ុក បានស្រាវជ្រាវរកកូនចៅ និងខ្សែស្រឡាយដែលជាអតីតខ្មែរក្រហម ហើយនៅក្នុងជំរំវ-៤ មានម្ដាយមីងរបស់ ណាគ្រី (ប្រពន្ធរបស់ បិត) ត្រូវជាបងប្អូនសាច់ញាតិជាមួយ តា ម៉ុក ទើប តា ម៉ុក បាននាំយក ម្ដាយមីងរបស់ ណាគ្រី ចេញពីជំរំ ហើយ ណាគ្រី បានមកជាមួយ ម្ដាយមីង ដើម្បីទៅរស់នៅជាមួយ តា ម៉ុក នៅស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។ ឆ្នាំ១៩៨៦ ណាគ្រី បានរៀបការជាមួយស្វាមីឈ្មោះ ស៊ូ ឈួន នៅអន្លង់វែង ដែលម្ដាយមីងបានផ្សំផ្គុំ ប៉ុន្តែមិនមានការបង្ខិតបង្ខំនោះឡើយ។ ក្នុងខណៈពេលរស់នៅអន្លង់វែង ណាគ្រី បាននៅដាំបាយ និងធ្វើជាគ្រូពេទ្យចាំមើលថែ តា ម៉ុក។ រហូតឆ្នាំ១៩៨៩ នៅអន្លង់វែងកើតមានការប្រយុទ្ធតតាំងរវាងកងទ័ពខ្មែរក្រហម ជាមួយកងទ័ពរដ្ឋកម្ពុជាកាន់តែធ្ងន់ធ្ងរ ណាគ្រី និងស្វាមី បានរត់ភៀសខ្លួនចេញពីអន្លង់វែងមករស់នៅក្នុងភូមិក្រពើពីរ ខេត្តពោធិ៍សាត់។ ក្រោយសមាហរកម្មឆ្នាំ១៩៩០ នៅតែបន្តមានជម្លោះរវាងកងទ័ពខ្មែរក្រហម និងកងទ័ពរដ្ឋកម្ពុជា ណាគ្រី និងស្វាមី បានរត់ភៀសខ្លួនចេញពីភូមិក្រពើពីរ ខេត្តពោធិ៍សាត់ ទៅរស់នៅលើទឹកដីថៃម្ដងទៀត ហើយបានរស់នៅអស់រយៈពេលពីរឆ្នាំទៀត។ ឆ្នាំ១៩៩៣ ណាគ្រី និងស្វាមី បានចេញពីថៃត្រឡប់មករស់នៅភូមិក្រពើពីរវិញ។ ក្រោយសមាហរកម្មឆ្នាំ១៩៩៦ ណាគ្រី បានត្រឡប់ទៅលេងឪពុកម្ដាយនៅស្រុកកំណើតក្នុងខេត្តកំពត ទើបបានដឹងដំណឹងថា ជីដូនបង្កើត និងបងប្អូនជីដូនមួយម្នាក់ ត្រូវបានស្លាប់បាត់បង់ជីវិតក្នុងឆ្នាំ១៩៧៩។ ជីដូន បានស្លាប់ដោយសាររត់ភៀសខ្លួនចេញពីកំពតរហូតដាច់បាយឈឺស្លាប់នៅស្រុកលាច(បច្ចុប្បន្នស្រុកភ្នំក្រវ៉ាញ) ខេត្តពោធិ៍សាត់។ បន្ទាប់ពីជីដូនបានស្លាប់ ម្ដាយរបស់ ណាគ្រី និងបងប្អូនបានធ្វើដំណើរចេញពីស្រុកលាចទៅកាន់ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ បន្ទាប់មក ម្ដាយរបស់ ណាគ្រី បានធ្វើដំណើរចេញពីស្រុកមោងឫ ស្សី ទៅកាន់ភូមិព្រវៃង ក្នុងស្រុកឈូក ខេត្តកំពតវិញ។ រឿងរ៉ាវដែល ណាគ្រី ចងចាំមិនអាចបំភ្លេចបានក្នុងសម័យសង្រ្គាមគឺ ក្នុងឆ្នាំ១៩៧៩ អំឡុងពេល ណាគ្រី បានរត់ភៀសខ្លួនពីកងទ័ពវៀតណាមរហូតដាច់បាយដាច់ទឹក នៅលើភ្នំ រហូតត្រូវយកទឹកនោមខ្លួនឯងផឹក ដើម្បីជីវិតរស់នៅបន្តទៀត ព្រោះក្នុងអំឡុងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ណាគ្រី មិនធ្លាប់លំបាកក្នុងការធ្វើការងារធ្ងន់ធ្ងរ លំបាកជាមួយភាពអត់ឃ្លាន និងអំពីទុក្ខលំបាករបស់ប្រជាជនអ្វីនោះឡើយ ទើបធ្វើឲ្យ ណាគ្រី មានការលំបាកខ្លាំងក្នុងពេលមិនមានអាហារហូបគ្រប់គ្រាន់៕
អត្ថបទដោយ មឿន ស្រីណុច
[1] មជ្ឈមណ្ឌលឯកសារកម្ពុជា អ៊ូ ឧត្ដមបញ្ញាវុឌ្ឍ សម្ភាសន៍ជាមួយឈ្មោះ ទ្រៀវ ណាគ្រី នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ (PTI0149)។