សៀន ភ្នំ៖ ជាន់មីនដាច់ជើង

រូបតំណាង បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា។

សៀន ភ្នំ[1] ភេទ​ប្រុស​ អាយុ៦៥ឆ្នាំ មានទីកន្លែង​កំណើតស្ថិត​នៅ​ក្នុង​ភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ភ្នំ​ បច្ចុប្បន្ន រស់នៅភូមិកណ្ដាលក្រោម ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្ត​ឧត្តរ​មានជ័យ។

សៀន ភ្នំ បាននិយាយថា៖ «ខ្ញុំ​មាន​បង​ប្អូន​បង្កើត​ចំនួន​៣​នាក់​ ក្នុង​នោះ​មាន​ស្រី​ចំនួន​២​នាក់​ និង​ប្រុស​១នាក់។ ​ខ្ញុំគឺ​ជា​កូន​ទី​៣ ​នៅ​ក្នុង​គ្រួសារ​។​ ឪពុកខ្ញុំឈ្មោះ លឿន មុត និង​ម្ដាយឈ្មោះ សាំ យ៉ាន ប្រកប​​មុខ​របរ​ជា​កសិករ​។​ កាល​ពី​កុមារ​ភាព ​ខ្ញុំ​មាន​ក្ដី​ស្រម៉ៃ​ចង់​ធ្វើ​ជា​គ្រូ​ពេទ្យ​ និង​គ្រូ​បង្រៀន។​ ប៉ុន្តែ ​ក្ដី​ស្រម៉ៃ​ខ្ញុំ​​ត្រូវ​បាត់​បង់​អស់​ នៅ​ពេលដែល​ លន់​ នល់​ ធ្វើ​រដ្ឋ​ប្រហារ​សម្ដេច​ នរោត្តម​ សីហនុ​ ក្នុង​ឆ្នាំ​១៩៧០​។​ ខ្ញុំ​ក៏​បាន​ឈប់​​រៀន​នៅ​ត្រឹម​ថ្នាក់​ទី​៦ (ប្រព័ន្ធ​​អប់រំក្នុង​ជំនាន់សង្គមរាស្ត្រ​និយម)​។​

នៅ​ក្នុង​ឆ្នាំ​១៩៧២​ ខ្ញុំ​បាន​សម្រេច​ចិត្ត​ចូល​បម្រើ​​ក្នុង​ជួរ​កង​ទ័ព​ នៅ​ទី​រួម​ខេត្ត​កំពង់​ចាម​។ ខ្ញុំ​ជួបប្រទះ​នូវ​ទុក្ខ​លំបាក​ជា​ច្រើន ​ដែល​មិន​អាចរាប់​រៀប​អស់​។​ កាល​នោះ ខ្ញុំ​មាន​វ័យ​ជំទង។​ ​ខ្ញុំ​ត្រូវបញ្ជូន​​ទៅ​​​សមរភូមិ ​ជា​មួយ​កង​ទ័ព​ជា​ច្រើន​នាក់​ទៀត​។​ ខ្ញុំ​ពិត​ជា​មាន​ការ​ភ័យ​ខ្លាច​ជា​ខ្លាំង​ក្នុង​ការ​ធ្វើ​សង្គ្រាម។​ ប៉ុន្តែ ​ខ្ញុំ​មិន​អាច​ត្រឡប់​ថយ​ក្រោយ​បាន​នោះ​ទេ​ ព្រោះ​ខ្ញុំ​បាន​ចូល​ក្នុង​ជួរ​ទ័ព​ខ្មែរ​ក្រហម​ទៅ​ហើយ​។​ ការ​វាយ​គ្នា​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ គ្មាន​បាន​អ្វី​ឡើយ​ក្រៅ​ពី​កង​ទ័ព​ទាំង​ពីរ​ភាគី ត្រូវ​បាន​​ស្លាប់​ និង​របួស​។​

ចំណែក​ឯ​ការ​ហូប​ចុក​ ​ខ្ញុំ​ទទួល​បាន​គ្រប់​គ្រាន់​ ប៉ុន្តែ​មិន​បាន​ហូប​អាហារ​ដែល​ខ្លួន​ចង់​ហូប​នោះ​ទេ។​ នៅ​ពេល​នោះ​ខ្ញុំ​បាន​ហូប​បាយជាមួយ​​ត្រី​ងៀត​ ឬ​ម្ហូប​ក្រៀមៗ​។ យើងគ្មាន​​​សម្លរ​ទឹក​ឡើយ​។ រីឯ​កន្លែង​ស្នាក់​នៅ​វិញ ខ្ញុំ​គ្មាន​ទី​តាំង​សម​រម្យ​ដូច​ប្រជាជន​រស់​នៅ​ក្នុង​ភូមិ​ស្ថានទេ។​ ​យើង​ដេកសម្រាក​នៅ​លើ​ដី​ ឬ​ក្នុង​លេណដ្ឋាន​ ដើម្បីការ​ពារខ្លួន​ពី​​គ្រាប់​។​

អំឡុង​ពេល​ដែល​ខ្ញុំ​នៅ​ក្នុង​ជួរ​កង​ទ័ព​ខ្មែរ​ក្រហម​ ខ្ញុំ​ត្រូវ​បាន​ដាច់​ទំនាក់​ទំនង​ជា​មួយ​ក្រុម​​គ្រួសារ​ឪពុក​ម្ដាយ​បង​ប្អូន ​នៅ​ឯ​ស្រុក​កំណើត​។​ ខ្ញុំ​មិន​អាច​ដឹង​ទេ​ថាតើ​​ការ​រស់​នៅ​ ការ​ហូប​ចុក​ ឬ​ការ​ធ្វើ​ការ​ របស់​គ្រួសារ​ខ្ញុំ​ជួប​ការ​លំបាកយ៉ាងណា​ខ្លះទេ។​ ខ្ញុំ​បាន​ត្រឹម​តែ​ដេក​គិត​នៅ​ក្នុង​ចិត្ត ព្រោះ​​​ខ្ញុំ​បារម្មណ៍ដល់​​បងៗខ្ញុំ​ ដែល​​សុទ្ធ​តែ​ស្រី​ៗ។​

លុះ​ដល់​ថ្ងៃ​ទី​១៧​ ខែ​មេសា​ ឆ្នាំ​១៩៧៥​ ខ្មែរ​ក្រហម​ទទួល​បាន​ជ័យជម្នះ​នៅ​ទី​ក្រុង​ភ្នំ​ពេញ​។​ ភ្លាមៗ​នោះ​ខ្ញុំ​ពិត​ជា​មាន​ការ​សប្បាយ​ចិត្ត​ជា​ខ្លាំង​។ ខ្ញុំ​​​គិត​ថា ​ប្រទេស​ជាតិ​ឈប់​មាន​សង្គ្រាម​ ហើយ​អាច​ត្រឡប់​ទៅ​រស់​នៅ​ជួប​ជុំ​បង​ប្អូន​នៅ​ឯ​ស្រុក​កំណើត​។​ ​ក្រោយ​មក​ ខ្មែរ​ក្រហម​បាន​ប្រកាស​ប្រាប់​ឲ្យ​ប្រជាជន​ដែល​កំពុង​រស់​នៅ​ទីក្រុង​ភ្នំ​ពេញ​ចាក​ចេញ​ឲ្យ​អស់​ ដោយ​បាន​ប្រាប់​ពី​មូល​ហេតុ​ថា​ ខ្លួន​ត្រូវ​រៀប​ចំ​បោស​សម្អាត​ទី​ក្រុង​ថ្មី​។​ ទិដ្ឋ​ភាព​នា​ពេល​នោះ​គឺថា​ប្រជាជន​មួយ​ចំនួន​ក៏​ព្រម​ចេញ​ ឯ​មួយ​ចំនួន​ទៀត​ក៏​មិន​ព្រម​ចាក​ចេញ​ពី​ផ្ទះ​របស់​ខ្លួន​។​ ប៉ុន្តែ​ប្រជាជន​​​មិន​អាច​ប្រឆាំង​ជា​មួយ​កង​ទ័ព​ខ្មែរ​ក្រហម ​​ ព្រោះ​​​ខ្មែរ​ក្រហម​នឹង​បាញ់​សម្លាប់​ចោល​​។​

មិន​យូរ​ប៉ុន្មាន​ អង្គ​ភាព​ទ័ព​ខ្ញុំ​ក៏​ត្រូវបាន​​បញ្ជូន​ទៅ​កាន់​​​ព្រំ​ដែន ​នៅក្នុង​​ខេត្ត​រតនគិរី​។​ ក្រៅ​ពី​ការ​ងារ​ដើរ​ល្បាត​តាម​ព្រំ​ដែន​ កម្លាំង​ទ័ព​ទាំង​អស់​ក៏​ត្រូវ​​ជួយ​ធ្វើ​ការ​ប្រជាជន​នៅ​មូល​ដ្ឋាន​ ដូច​ជា​ ការ​ងារ​​ជីក​ប្រឡាយ​ រែក​ដី​ និង​លើក​ទំនប់​នៅ​រដូវ​ប្រាំង​។​ ការរស់នៅក្នុងរបបខ្មែរក្រហម​ពិតជាលំបាក​ណាស់​ ដោយសារតែជំនាន់​នោះ​គ្មានច្បាប់ទម្លាប់។ មនុស្សមាន​ការ​គុំគួនគ្នា និង​មាន​ការ​បាញ់សម្លាប់គ្នា​យ៉ាង​ព្រៃ​ផ្សៃ​។ ច្បាប់ទម្លាប់ និង​​​វិន័យទាំងឡាយ ស្ថិតនៅលើ​ការ​​​បញ្ជា​របស់​អង្គការ​។ កំហុស ឬបញ្ហា​ផ្សេងៗ មិន​ត្រូវ​បាន​​សាក​សួរ​ឲ្យ​បាន​ច្បាស់លាស់​នោះ​ទេ​។​

រហូតដល់ឆ្នាំ១៩៧៨ ខ្ញុំត្រូវ​បានបញ្ចូន​ទៅឈរជើងនៅ​ភូមិភាគបូព៌ា ដើម្បីវាយទប់ទល់​​ជាមួយ​កងទ័ព​វៀត​ណាម។​ ក្រោយមក កងកម្លាំងរបស់ខ្ញុំ​ក៏បាន​បាក់​ទ័ព និងរត់ចូលព្រៃ នៅក្នុងស្រុកស្ទឹងត្រង់ ខេត្ត​​​កំពង់​ចាម។

លុះដល់ឆ្នាំ១៩៨៤ ខ្ញុំបានដឹកនាំកម្លាំងចំនួន៥នាក់ ដើម្បី​ស៊ើបការណ៍នៅចំណុចគោលប្រាំបី។ នៅ​ពេលនោះ ខ្ញុំ និង​មនុស្ស​ពីរនាក់ផ្សេងទៀត បានដើរជាន់មីន​ដាច់ជើង។ កង​កម្លាំងធំ​បាន​បញ្ជូន​ខ្ញុំទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ខាង​ក្រោយ​។ ខ្ញុំ​បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​រហូត​ដល់​បាន​ជា​សះ​ស្បើយ​។​ ខ្ញុំ​ទទួល​បាន​ការ​មើល​ថែ​ពី​​គ្រូ​ពេទ្យ​បាន​យ៉ាង​ដិន​ដល់​តាំង​ពី​ការ​ហូប​ចុក​​ និង​ការ​រស់​នៅប្រចាំ​ថ្ងៃ​​។​

នៅ​​ចុងឆ្នាំ១៩៨៦ ខ្ញុំបានរៀបការនៅលើភ្នំដងរែកតាមប្រពៃណី។ ក្រោយមក ខ្ញុំបានក្លាយ​ជាគ្រូបង្រៀននៅតំបន់អន្លង់វែង នៅ​ក្នុង​ឆ្នាំ១៩៩០​។​  នៅ​ជំនាន់​នោះ គ្រូ​បង្រៀន​មិន​មាន​ប្រាក់​ឧបត្ថម្ភនោះ​ទេ។​ ខ្ញុំ​ទទួល​បាន​អាហារ​ហូប​ចុក​ និង​សម្ភារ​ប្រើ​ប្រាស់​ពី​តាម៉ុក​ ជា​រៀង​រាល់​ខែ​។​ ការ​រស់​នៅនា​​ពេល​នោះ ​មិន​ទាន់​មាន​សន្តិ​ភាព​ពេញ​លេញ​នៅ​ឡើយ​ទេ​។​ រហូត​ដល់​ឆ្នាំ​១៩៩៨​ ខ្មែរ​ក្រហម​បាន​ធ្វើ​សមា​ហរណ​កម្ម​ជា​មួយ​រាជរដ្ឋា​ភិបាល​កម្ពុជា ​ដើម្បី​បញ្ចប់​សង្គ្រាមនៅ​តំបន់​អន្លង់​វែង​​»៕

អត្ថបទដោយ មេក វិន


[1] មេក វិន សម្ភាសន៍ជាមួយ សៀន ភ្នំ នៅភូមិកណ្តាលក្រោម​ ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង នៅក្នុងឆ្នាំ​២០២៤។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin