រឿងរ៉ាវជីវិតពិត ក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ចាន់ ថី ភេទស្រី អាយុ៧៧ឆ្នាំ មានទីកន្លែងកំណើតនៅភូមិទុល ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត។ បច្ចុប្បន្ន ខ្ញុំរស់នៅក្នុងភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ឪពុករបស់ខ្ញុំ ឈ្មោះ ម៉ម គួន និង ម្តាយឈ្មោះ ម៉ម អង់ ហើយមានបងប្អូនបង្កើតចំនួន ៥នាក់។ កាលពីនៅកុមារភាព ខ្ញុំមិនបានរៀននៅក្នុងសាលានោះទេ ដោយសារតែក្រុមគ្រួសារមានជីវភាពខ្វះខាតខ្លាំងពេក។ ពេលខ្ញុំមានអាយុ១១ឆ្នាំ ម្តាយរបស់ខ្ញុំបានយកខ្ញុំទៅរស់នៅជាមួយនឹងបងស្រីបង្កើតឈ្មោះ ចាន់ ញ៉ន ដើម្បីនៅជួយមើលថែទាំក្មួយតូចៗ និងជួយឃ្វាលគោក្របី។ នៅពេលដែលខ្ញុំអាយុ១៨ឆ្នាំ ម្តាយរបស់ខ្ញុំបានរៀបចំទុកដាក់ខ្ញុំឲ្យមានស្វាមី ឈ្មោះ មុំ អ៊ាង។ ក្រោយពីបានរៀបការរួច ខ្ញុំនិងស្វាមីបានផ្លាស់ប្តូរទីលំនៅមកភូមិព្រៃស្បូវ ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត។

ក្នុងឆ្នាំ១៩៧០ ក្រោយព្រឹត្តិការណ៍រដ្ឋប្រហារទម្លាក់ សម្តេចព្រះនរោត្តម សីហនុ នៅតាមបណ្តោយជួរភ្នំនារាយណ៍ ស្ថិតក្នុងស្រុកឈូក ខេត្តកំពត គឺមានព្រឹត្តិការណ៍យន្តហោះទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លានៅតំបន់នោះ។ រៀងរាល់ពេលដែលមានយន្តហោះទម្លាក់គ្រាប់បែកម្តងៗ ខ្ញុំបានភិតភ័យស្លន់ស្លោជាទីបំផុត ពីព្រោះនៅពេលនោះ ប្តីខ្ញុំ, បងថ្លៃ និងប្អូនថ្លៃរបស់ខ្ញុំបានឡើងទៅលើភ្នំដើម្បីទៅរកអុសលក់ ដោយសារតែមានភព្វ័សំណាងល្អ ពួកគាត់បានរួចផុតពីគ្រោះថ្នាក់ដល់ជីវិតរហូតមក។

ក្នុងឆ្នាំ១៩៧៥ កើតមានរបបថ្មីមួយទៀតដែលស្គាល់ថា៖ របបកម្ពុជាប្រជាធិតេយ្យ ឫុហៅថា របបខ្មែរក្រហម។ ក្នុងពេលនោះដែរ ខ្មែរក្រហមបានចាត់ទុកក្រុមគ្រួសាររបស់ខ្ញុំ ជាប្រជាជនចាស់ ឬ ប្រជាជននៅមូលដ្ឋាន។ ក្រោយមក ខ្មែរក្រហមបានបញ្ជូនខ្ញុំទៅធ្វើការនៅតាមកងចល័តជីកប្រឡាយនិងលើកទំនប់ នៅការដ្ឋានទំនប់អូឃ្លៃដែលមានទីតាំងស្ថិតនៅភូមិព្រៃស្បូវ ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត។ ការងាររ៉ែកដីនិងលើកទំនប់អូឃ្លៃ ប្រធានង កងចល័តបានប្រើឲ្យខ្ញុំ រែកដីចាប់ពីម៉ោង១២យប់ រហូតដល់ម៉ោង១២ថ្ងៃត្រង់ ទើបអនុញ្ញាតឲ្យសម្រាកហូបអាហារ។ ក្នុងអំឡុងពេលសម្រាកហូបអាហារ១ម៉ោង ខ្ញុំតែងតែឆ្លៀតទៅបំបៅដោះកូនរបស់ខ្ញុំផងដែរ ដោយសារពេលនោះខ្ញុំមានកូនតូចនៅឡើយ។ ខ្ញុំធ្វើការនៅការដ្ឋានទំនប់អូឃ្លៃបានរយៈពេល៣ខែ ហើយពេលដល់រដូវធ្វើស្រែ ខ្មែរក្រហមក៏បានបញ្ជូនខ្ញុំឲ្យមកធ្វើស្រែភូមិវាលត្បាល់ ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត។ ក្នុងមួយព្រឹក ខ្មែរក្រហមបានប្រើខ្ញុំឲ្យដកសំណាបឲ្យបានចំនួន២ផ្លូនដែលស្មើរនឹង៨០កណ្តាប់ ហើយនៅពេលរសៀល ខ្ញុំត្រូវស្ទូងសំណាបឲ្យអស់សំណាបចំនួន១ផ្លូន ទើបអនុញ្ញាតឲ្យសម្រាកពេលល្ងាច។ បន្ថែមលើការងារនេះ ខ្មែរក្រហមបានប្រើឲ្យខ្ញុំធ្វើជីលាមកសត្វលាយជាមួយនិងលាមកមនុស្ស ដើម្បីយកទៅដាក់ក្នុងស្រែ។

ក្រោយមក ខ្មែរក្រហមបានបញ្ជូនខ្ញុំមកធ្វើការនៅការដ្ឋានចល័តទំនប់ម្លេច ហើយបានជ្រើសរើសខ្ញុំឲ្យធ្វើជាមេក្រុមដឹកនាំប្រជាជនចំនួន១២នាក់ ប៉ុន្តែខ្ញុំមិនចងចាំឈ្មោះមេកងរបស់ខ្ញុំនោះទេ។ ទីតាំងដែលក្រុមរបស់ខ្ញុំធ្វើការ គឺនៅម្តុំសកលវិទ្យាល័យភូមិន្ទតាកែវ-កំពត ដែលស្ថិតនៅត្រង់ផ្លូវបត់ចូលទំនប់ម្លេច។ អំឡុងពេលធ្វើការងារនោះ ខ្ញុំកំពុងតែមានផ្ទៃពោះចាញ់កូនផង ប៉ុន្តែខ្ញុំនៅតែធ្វើការងារធ្ងន់ហួសកម្លាំងដដែល។ មានថ្ងៃមួយដោយសារចាញ់កូនខ្លាំងពេក ខ្ញុំបានសុំប្រធានកងឈប់សម្រាកមួយសន្ទុះ ហើយនៅពេលដែលខ្ញុំបានដើរទៅរកកន្លែងសម្រាកនោះ ខ្ញុំក៏បានឃើញមានឈាមនៅពាសពេញក្នុងទឹកថ្លុកដានជើងសត្វក្របី។ នោះគឺជាឈាមរបស់មនុស្ស ហើយដោយខ្លួនខ្ញុំកំពុងមានផ្ទៃពោះផង ខ្ញុំមានការភ័យបាក់ស្បាតជាខ្លាំង បាយក៏ហូបមិនបាន ដេកក៏មិនលក់ ហើយទៅធ្វើការងារបន្តទាំងអស់កម្លាំង។ មួយវិញទៀត នៅពេលខ្ញុំងាកមើលទៅទីតាំងខាងឆ្វេងដៃ និងខាងស្តាំដៃរបស់ខ្ញុំវិញស្រាប់តែឃើញសុទ្ធតែឆ្អឹងខ្មោចនៅក្បែរខ្លួន ពីព្រោះទីតាំងនោះគឺជាកន្លែងដែលបានកប់សាកសព។ ពេលនោះ ខ្ញុំងាកទៅខាងណាក៏ឃើញមានសុទ្ធតែឆ្អឹងសាកសពចោលនៅក្បែរកន្លែងនោះ បច្ចុប្បន្ននេះទីតាំងនោះហៅថា៖ ស្ពានពីរ។ ពេលធ្វើការងារទីនោះ ក្រុមខ្មែរក្រហមបានដើរយាមនៅតាមទីតាំងកន្លែងដែលប្រជាជនកំពុងធ្វើការងារ។ នៅពេលយប់មួយ ខ្ញុំបានឃើញមនុស្សមួយក្រុមមានទាំងក្មេងទាំងចាស់ បានក្រាលកន្ទេលសម្រាកនៅក្បែរនោះ គឺហាក់បីដូចជានៅសម្រាករង់ចាំសេចក្តីស្លាប់អញ្ចឹង។ រហូតដល់ពេលយប់ជ្រៅ ខ្ញុំក៏បានឮសំឡេងក្មេងៗស្រែកយំចេញពីទីតាំងនោះ ហើយខ្ញុំគិតថាពួកខ្មែរក្រហមបានសម្លាប់មនុស្សទាំងអស់នោះហើយ។ ខ្ញុំបានឃើញក្រុមខ្មែរក្រហមយកមនុស្សទៅទីនោះជារៀងរាល់យប់ ប៉ុន្តែខ្ញុំមិនហ៊ាននិយាយនោះទេ ព្រោះខ្លាចខ្មែរក្រហមចាប់យកទៅកសាងដែរ។ ទោះបីខ្ញុំមិនបានឃើញការសម្លាប់មនុស្សផ្ទាល់ភ្នែក ក៏ប៉ុន្តែខ្ញុំបានឮសំឡេងស្រែករៀងរាល់យប់ចេញពីទីនោះ។ ក្រុមខ្មែរក្រហមតែងតែហៅប្រជាជនដោយប្រាប់ថា នឹងយកពួកគេឲ្យទៅរៀនសូត្រ ប៉ុន្តែខ្ញុំមិនដែលបានឃើញអ្នកទាំងនោះត្រឡប់មកវិញទេ។ ពោលគឺ ពួកខ្មែរក្រហមបានហៅមនុស្សម្នាក់ដែលខ្ញុំបានស្គាល់ ដោយគេបានប្រាប់គាត់ឲ្យទៅរៀនសូត្រ និងបានចោទថាជាខ្មាំងក្បត់នឹងអង្គការ ហើយមិនដែលបានឃើញមកវិញរហូតដល់សព្វថ្ងៃ។

បន្ទាប់ពីធ្វើការនៅការដ្ឋានស្ពានពីររួចមក ខ្មែរក្រហមបានបញ្ជូនខ្ញុំឲ្យទៅធ្វើការងារនៅទំនប់ម្លេចវិញ ដោយប្រើឲ្យខ្ញុំរ៉ែកដីពីបាតទំនប់ឡើងទៅលើខ្នងទំនប់។ អំឡុងពេលធ្វើការងារនៅការដ្ឋានទំនប់ម្លេច គឺមានមនុស្សស្លាប់អស់ជាច្រើននាក់ស្ទើររៀងរាល់ថ្ងៃ ដោយសារតែធ្វើការងារហួសកម្លាំងនិងពេលឈឺមិនមានពេលសម្រាក។ ក្រោយមក ខ្មែរក្រហមបានបញ្ជូនខ្ញុំនិងក្រុមគ្រួសារឲ្យទៅរស់នៅនិងធ្វើការងារនៅភូមិពរពពូន ឃុំពរពពូន ស្រុកលើកដែក ខេត្តកណ្ដាល។ ការធ្វើការងារនិងការទទួលរបបអាហារ ពេលនៅក្នុងភូមិពរពពូន ក្នុងស្រុកលើកដែក គឺមានភាពប្រសើរជាងមុន ដោយសារបងថ្លៃរបស់ខ្ញុំគឺជាមិត្តភក្តិ ជាមួយគណ:ឃុំពរពពូន។ នៅពេលខ្ញុំបានរស់នៅនិងធ្វើការនៅភូមិពរពពូន ទីតាំងខាងក្រោយផ្ទះខ្ញុំបានស្នាក់នៅ គឺជាព្រៃធំមួយដែលមានផ្ទៃដីប្រហែលមួយហិកតា ពួកខ្មែរក្រហមមិនអនុញ្ញាត្តិឲ្យប្រជាជនចេញនិងចូលទៅក្នុងបរិវេននោះឡើយ។ ប៉ុន្តែមានថ្ងៃមួយ ពេលខ្ញុំឈឺពោះបត់ជើង ខ្ញុំក៏លួចបានចូលទៅក្នុងព្រៃនោះ ដោយមិនចូលឆ្ងាយប៉ុន្មានទេ ពេលនោះខ្ញុំបានឃើញមានរណ្តៅសាកសពជាច្រើនពាសពេញទីនោះ។

រហូតដល់ឆ្នាំ១៩៧៩ នៅពេលកងទ័ពវៀតណាមបានចូលជិតមកដល់ ខ្ញុំនិងក្រុមគ្រួសារបានភៀសខ្លួនចេញទៅឆ្ងាយ។ ពេលនោះខ្ញុំបានធ្វើដំណើររហូតដល់ភ្នំលះបង់ ហើយក៏បានទទួលដំណឹងថាកងទ័ពវៀតណាមបានវាយផ្តួលរំលំរបបខ្មែរក្រហមទាំងស្រុងហើយ ទើបខ្ញុំបានវិលត្រឡប់មករស់នៅក្នុងខេត្តតាកែវ។ អំឡុងពេលខ្ញុំរត់ភៀសខ្លួននោះ គឺមានប្រជាជនជាច្រើនបានស្លាប់ដោយសារខ្វះស្បៀងអាហារ។ ពេលខ្ញុំនិងក្រុមគ្រួសារធ្វើដំណើរយប់នៅកន្លែងណាគឺសម្រាកកន្លែងនោះ។ ក្នុងដំណើររត់ភៀសខ្លួន មានប្រជាជនបានបោះមាសចោលពាសពេញព្រៃ។ រហូតដល់ទទួលបានដំណឹងថា៖ សង្គ្រាមបានបញ្ចប់ ខ្ញុំក៏បានវិលត្រឡប់មកស្រុកកំណើតវិញ ហើយបានរស់នៅជួបជុំជាមួយស្វាមីខ្ញុំ និងកូនៗ ហើយបានប្រកបរបរធ្វើស្រែចម្ការ ដើម្បីចិញ្ចឹមជីវិតរហូតដល់សព្វថ្ងៃនេះ។ បច្ចុប្បន្ននេះ ខ្ញុំមានជំងឺប្រចាំកាយដូចជា ជំងឺលើសឈាម និងជំងឺបេះដូង ព្រមទាំងចាស់ជរាមិនអាចធ្វើកិច្ចការងារបានទៀតនោះទេ។ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤

អត្ថបទដោយ៖ ផាត ពន្លក (មជ្ឈមណ្ឌលផ្សះផ្សាសហគមន៍បាក់នឹម សាខាខេត្តកំពត)

កំណែអត្ថបទដោយ គឹម សុវណ្ណដានី

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin