សឹង ណាំ រំឭកអំពីការរស់រានមានជីវិតរបស់ខ្លួនក្នុងពេលសង្រ្គាម និងការតាមសម្លាប់របស់កងទ័ពខ្មែរក្រហមមកពីភូមិភាគនិរតី
ខ្ញុំឈ្មោះ សឹង ណាំ អាយុ៦៧ឆ្នាំ រស់នៅភូមិទី៧ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ខ្ញុំធ្លាប់ប្រកបរបររត់ទូកតាមដងទន្លេ។ ខ្ញុំរៀបការប្រពន្ធឈ្មោះ ប៉េង តាំងសៀម និងមានកូនប្រុសស្រីទាំងអស់ចំនួន៧នាក់។ ខ្ញុំកើតនៅភូមិទី៣ ឃុំ/ស្រុកកោះសូទិន។ ខ្ញុំគឺជាកូនទី៣ក្នុងចំណោមបងប្អូនប្រុសស្រី៤ ប៉ុន្តែខ្ញុំបានបាត់បង់បងប្រុសទី២ម្នាក់នៅក្នុងរបបខ្មែរក្រហម។ ខ្ញុំរៀននៅសាលាបឋមសិក្សាភូមិទី៣ រហូតដល់ថ្នាក់ទី៧ចាស់។ នៅពេលនោះ ខ្ញុំត្រៀមប្រលងចូលថ្នាក់វិទ្យាល័យ។ ខ្ញុំបានបោះបង់ការត្រៀមប្រលងចេញ ដោយសារតែសង្រ្គាមបានផ្ទុះឡើង បន្ទាប់ពីរដ្ឋប្រហារ លន់ នល់ នៅថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០។ ភូមិសាស្រ្តកោះសូទិនគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទាហាន លន់ នល់ នៅឡើយ ខណៈពេលដែលភូមិសាស្រ្តជីហែត្រូវបានរំដោះដោយកងទ័ពរំដោះខ្មែរក្រហម និងតែងតែទទួលរងការទម្លាក់គ្រាប់បែកពីទាហាន លន់ នល់។ នៅពេលនោះ ខ្ញុំមានអាយុ១៥ឆ្នាំ និងមានការភ័យតក់ស្លុតជាខ្លាំង នៅពេលដែលខ្ញុំឮការទម្លាក់គ្រាប់បែកនៅជីហែ។ បន្ទាប់មក ខ្ញុំសម្រេចចិត្តឈប់ទៅរៀននៅសាលា និងជួយការងារឪពុកម្ដាយ។
ទាហាន លន់ នល់ ឈរជើងនៅតាមបន្ទាយ ដែលជាគោលដៅដើម្បីត្រៀមប្រយុទ្ធជាមួយការរំកិលចូលរបស់កងទ័ពរំដោះខ្មែរក្រហមពីត្រើយម្ខាងទៀតនៃទន្លេមេគង្គ។ ចាប់ពីចុងឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧២ កោះសូទិនគឺជាសមរភូមិប្រទាញប្រទង់ខ្លាំងរវាងទាហាន លន់ នល់ និងកងទ័ពរំដោះខ្មែរក្រហម។ នៅពាក់កណ្ដាលឆ្នាំ១៩៧២ បងប្រុសរបស់ខ្ញុំដែលស្ម័គ្រចិត្តចូលធ្វើជាកងទ័ពរំដោះខ្មែរក្រហម បានមកលេងផ្ទះ និងប្រាប់ឪពុកម្ដាយឲ្យឆាប់ចាកចេញពីភូមិ ពីព្រោះកងទ័ពរំដោះខ្មែរក្រហមជាច្រើនត្រៀមបញ្ជូនមកវាយផ្ដាច់យកកោះសូទិន។ នៅពេលនោះ អ្នកភូមិរស់នៅកោះសូទិនជាច្រើនគ្រួសារបានរត់ភៀសខ្លួនចេញពីភូមិមុនការប្រយុទ្ធគ្នាផ្ទុះឡើង ដោយខ្លះទៅទីរួមខេត្តកំពង់ចាម និងខ្លះទៀតទៅតំបន់រំដោះ។ គ្រួសាររបស់ខ្ញុំរត់ភៀសខ្លួនទៅជីហែដែលជាតំបន់រំដោះខ្មែរក្រហម។ នៅឆ្នាំ១៩៧៣ កងទ័ពរំដោះខ្មែរក្រហមបានវាយយកកោះសូទិនបាន។ ខ្ញុំ និងគ្រួសារ សម្រេចចិត្តវិលត្រឡប់មកផ្ទះវិញ។ បើទោះបីជាបានមកដល់ផ្ទះវិញក៏ដោយ ភូមិរបស់ខ្ញុំតែងតែទទួលរងការផ្លោងគ្រាប់ពីបន្ទាយទាហាន លន់ នល់ ស្ថិតនៅក្បែរទីរួមខេត្តកំពង់ចាម។ នៅចុងឆ្នាំ១៩៧៣ ទាហាន លន់ នល់ បានបើកការវាយប្រហារទៅលើកងទ័ពរំដោះខ្មែរក្រហមដើម្បីដណ្ដើមយកកោះសូទិនវិញ។ទាហាន លន់ នល់ ត្រូវបានបញ្ជូនចេញពីកោះមិត្ត ចំណែកឯកងទ័ពរំដោះខ្មែរក្រហមឈរជើងត្រៀមប្រយុទ្ធនៅម្ដុំព្រែកតាឃ្លោក។ ការប្រយុទ្ធទ្រង់ទ្រាញធំរវាងទាហាន លន់ នល់ និងកងទ័ពរំដោះខ្មែរក្រហមបានផ្ទុះឡើង និងអូសបន្លាយជាច្រើនថ្ងៃ។ យ៉ាងណាក៏ដោយ កងទ័ពរំដោះខ្មែរក្រហមអាចទប់ទល់មិនឲ្យទាហាន លន់ នល់ វាយដណ្ដើមយកកោះសូទិនបាននោះឡើយ។ បន្ទាប់មក ខ្ញុំចូលធ្វើជាកងទ័ពរំដោះខ្មែរក្រហម និងចូលប្រយុទ្ធក្នុងសមរភូមិជាច្រើន។
សមរភូមិជាមួយទាហានលន់ នល់
នៅឆ្នាំ១៩៧៤ ខ្ញុំនិងយុវជនក្នុងភូមិជាច្រើននាក់ស្ម័គ្រចិត្តចូលបម្រើកងទ័ពរំដោះខ្មែរក្រហម។ ខ្ញុំត្រូវបានបញ្ចូលទៅរៀននៅសាលាហ្វឹកហ្វឺនកងទ័ពស្ថិតនៅភូមិកព្រៅ។ ខ្ញុំរៀបអំពីយុទ្ធសាស្រ្តសង្រ្គាម រួមមាន៖ ការត្រៀមទប់ទល់ និងការប្រយុទ្ធសម្រុកទៅមុខជាដើម។ បន្ទាប់ពីបញ្ចប់ការហ្វឹកហ្វឺនអស់រយៈពេល២ខែ ខ្ញុំត្រូវបានបញ្ជូនទៅប្រយុទ្ធនៅសមរភូមិមុខកំពូល ដែលកងទ័ពរំដោះខ្មែរក្រហមកំពុងតែវាយចូលទៅមុខក្នុងទិសដៅទៅកាន់ទីក្រុងភ្នំពេញ។ ខ្ញុំត្រូវបានដាក់បញ្ចូលទៅក្នុងកងវរសេនាធំ ហៅថា អង្គភាព «ង២៤» ដែលមានសមមិត្ត មិត ជាប្រធាន។ កងវរសេនាធំរបស់ខ្ញុំ ត្រូវបានបញ្ជូនទៅវាយបន្ទាយទាហាន លន់ នល់ ជាច្រើនកន្លែង រហូតដល់ម្ដុំបាក់ខែង និងឈរជើងនៅទីនោះ។ ទាហាន លន់ នល់ ជាច្រើននៅបន្តឈរជើងនៅម្ដុំវត្តខ្ទរ ដើម្បីត្រៀមប្រយុទ្ធទប់ទល់ជាមួយកងវរសេនាធំរបស់ខ្ញុំ។ នៅពាក់កណ្ដាលឆ្នាំ១៩៧៤ កងវរសេនាធំរបស់ខ្ញុំទទួលបានទិសដៅវាយផ្ដាច់ចូលក្នុងទីក្រុងភ្នំពេញ។ កងទ័ពរំដោះខ្មែរក្រហមបើកការវាយប្រហារជាទ្រង់ទ្រាយធំដែលពេលខ្លះអូសបន្លាយជាច្រើនថ្ងៃ។ នៅពេលដែលវាយបែកបន្ទាយទាហានលន់ នល់ កងទ័ពក្នុងកងវរសេនាធំរបស់ខ្ញុំបានចាប់ខ្លួនទាហាន លន់ នល់ ដែលជាជនជាតិភាគតិចព្នងចំនួន២-៣នាក់។ ជនជាតិភាគតិចព្នងដែលត្រូវបានចាប់ខ្លួននេះ គឺស្លៀកពាក់ក្នុងឈុតទាហានអាមេរិកាំង។ ខ្ញុំគ្រាន់តែបានឃើញតែប៉ុណ្ណោះ និងដឹងថាអ្នកទាំងនេះគឺជាជនជាតិភាគតិចព្នង ពីព្រោះតែការចោះក្រវិលត្រចៀកធំៗ។ បន្ទាប់មក ជនជាតិភាគតិចព្នង ដែលត្រូវបានចាប់ខ្លួននេះ ត្រូវបានប្រគល់ជូនអង្គភាពផ្សេងដើម្បីសួរចម្លើយ។
រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពរំដោះខ្មែរក្រហមបានវាយចូលកាន់កាប់ទីក្រុងភ្នំពេញ។ កងវរសេនាធំរបស់ខ្ញុំ ត្រូវបានបញ្ជូនទៅគោលដៅគល់ស្ពានជ្រោយចង្វាខាងកើតដើម្បីជាកម្លាំងត្រៀមក្នុងករណីចាំបាច់។ នៅថ្ងៃបន្ទាប់គឺថ្ងៃទី១៨ ខែមេសា កងវរសេនាធំរបស់ខ្ញុំត្រូវបានផ្លាស់ទៅឈរជើងនៅទិសដៅអរិយក្សត្រ។ ខ្ញុំឃើញប្រជាជនពីទីក្រុងភ្នំពេញជាច្រើនត្រូវបានជម្លៀស និងដើរតាមផ្លូវ។ កងវរសេនាធំរបស់ខ្ញុំត្រូវនៅឈរជើងនៅទិសដៅអរិយក្សត្រដល់ពាក់កណ្ដាល់ឆ្នាំ១៩៧៦។ នៅពេលនោះ កងទ័ពនៅក្នុងកងវរសេនាធំត្រូវចុះទៅធ្វើការងារនៅតាមការដ្ឋានរួមមាន៖ ធ្វើស្រែ, ជីកដី និងយាមនៅពេលយប់។ នៅចុងឆ្នាំ១៩៧៦ កងទ័ពនៅក្នុងកងវរសេនាធំរបស់ខ្ញុំ ត្រូវបានដកទៅក្នុងកងទ័ពភូមិភាគបូព៌ា។ ខ្ញុំត្រូវបានបញ្ជូនទៅកងពលលេខ៤ នៃកងទ័ពភូមិភាគបូព៌ាដែលមានឈរជើងនៅទីរួមខេត្តព្រៃវែង។ កងទ័ពនៅក្នុងកងពលលេខ៤ ត្រូវបានបញ្ជូនទៅធ្វើការជីកប្រឡាយទឹក និងលើកដី ដូចប្រជាជនផ្សេងទៀតផងដែរ។
សមរភូមិជាមួយកងទ័ពវៀតណាម
នៅឆ្នាំ១៩៧៧ កងពលលេខ៤របស់ខ្ញុំត្រូវបានបញ្ជូនទៅភូមិសាស្រ្តភ្នំល្អក់ ក្នុងស្រុកពញាក្រែក ព្រំដែន វៀតណាម ដើម្បីត្រៀមវាយកងទ័ពវៀតណាម។ កងទ័ពខ្មែរក្រហមចាប់ផ្ដើមបើកការវាយប្រហារនៅសមរ ភូមិជាមួយកងទ័ពវៀតណាមយ៉ាងខ្លាំង។ កងពលរបស់ខ្ញុំវាយប្រយុទ្ធជាមួយកងទ័ពវៀតណាមចុះឡើង រហូតចូលដល់តៃនិញ។ ខ្ញុំដឹងថា តៃនិញ គឺជាអតីតបន្ទាយទាហានអាមេរិក ឬហៅថាបន្ទាយដែក។ នៅថ្ងៃមួយក្នុងឆ្នាំ១៩៧៧ដដែរ ខណៈពេលដែលកងពលរបស់ខ្ញុំឈរជើងនៅសមរភូមិមុខ កងទ័ពវៀត ណាមបានវាយផ្ដាច់ផ្នែកក្រោយនៅម្ដុំពញាក្រែក។ នៅពេលនោះ កងទ័ពខ្មែរក្រហមឈរជើងនៅវៀតណាមបានបាក់ទ័ព និងរត់រប៉ាត់រប៉ាយ។ ខ្ញុំ និងកងទ័ពក្នុងកងពលបានរត់រហូលដល់ធ្លាក់ចូលក្នុង ទន្លេ មេគង្គ។ នៅពេលនោះ កងទ័ពខ្មែរក្រហមដែលនៅសេសសល់បានប្រមែប្រមូលផ្ដុំកម្លាំងជាថ្មីម្ដងទៀត និងត្រៀម វាយទប់ទល់ជាមួយកងទ័ពវៀតណាម។ ស្របពេលនោះដែរ កងទ័ពមកពីភូមិភាគនិរតីត្រូវបានបញ្ជូនមកភូមិភាគបូព៌ា។
សមរភូមិជាមួយកងទ័ពមកពីភូមិភាគនិរតី
កងទ័ពមកពីភូមិភាគនិរតី គឺមិនបានមកជួយនោះឡើយ ប៉ុន្តែមកចាប់ខ្លួនប្រធានៗក្នុងកងពលទៅវិញ។ នៅពេលនោះ ខ្ញុំគឺជាកងទ័ពដែលទទួលបន្ទុកការពារប្រធានកងពលលេខ៤។ កងការពាររបស់ខ្ញុំ គឺស្នាក់នៅ ក្បែរផ្ទះប្រធានកងពល។ នៅក្នុងឆ្នាំដដែរ កងទ័ពមកពីភូមិភាគនិរតីបានមកហៅមិត្ត គ្រី ដែលជាអនុ ប្រធានកងពលលេខ៤។ មិត្តបង គ្រី បានឡើងផ្ទះស្លៀកពាក់ និងត្រូវបាននាំយកទៅបាត់។ ខ្ញុំមិនដែល ទទួលបានដំណឹងអ្វីពីមិត្តបង គ្រី ទៀតឡើយ។ ៥ថ្ងៃក្រោយមក កងទ័ពនៅភូមិភាគបូព៌ាបានមកដល់ កងពលលេខ៤។ ប្រធានវរសេនាធំ ប្រធានវរសេនាតូច និងប្រធានអនុសេនាតូចដែលកំពុងឈរជើងនៅសមរភូមិមុខ ត្រូវបានកោះហៅមកប្រមូលផ្ដុំនិងចូលមកផ្ទះដែលកងការពាររបស់ខ្ញុំស្នាក់នៅ។ កងការពាររបស់ខ្ញុំគឺមិនត្រឹមតែ ទទួលបន្ទុកការពារប្រធានកងពលតែប៉ុណ្ណោះទេ ថែមទាំងទទួលបន្ទុកដាំស្ល សម្រាប់កងទ័ពក្នុងកងពលផងដែរ។ មិត្តបងឈ្មោះ កង មកពីកងវរសេនាធំ ដែលបានស្គាល់ខ្ញុំ ប្រាប់ ថាគាត់ចង់ហូបសម្លកកូរ។ បន្ទាប់មក គាត់ប្រាប់ខ្ញុំថាគាត់ត្រូវឡើងទៅប្រជុំមួយភ្លែត។ នៅពេលនោះ ខ្ញុំប្រាប់ឲ្យគ្នីគ្នាក្នុងកងការពារដើម្បីរកបន្លែ ពីព្រោះមានត្រីសាច់ស្រាប់ហើយ។ កងទ័ពម្នាក់ក្នុងកងការពារដែលដើររកបេះផ្លែខ្នុរ បានបាត់ខ្លួន។ មួយសន្ទុះក្រោយមក ខ្ញុំឃើញកងទ័ពនេះវិលត្រឡប់មកវិញក្នុងសភាពភ័យតក់ស្លុត មិនអាចនិយាយអ្វីបានទាល់តែសោះ។ បន្ទាប់មក ខ្ញុំដាំស្លសម្លកកូរទាំងតែមិនមាន ផ្លែខ្នុរ និងបានរៀបចំទុកដាក់ក្នុងឆ្នាំងដើម្បីទទួលប្រធានៗដែលបានឡើងទៅប្រជុំ។ ប៉ុន្តែមិនមាននរណាម្នាក់មកហូបបាយ និងសម្លកកូរនោះឡើយ។ នៅពេលរសៀលបន្តិច ខ្ញុំចងអង្រឹងដេក និងបានសួរនាំ កងទ័ពដែលកំពុងតែភ័យស្លន់ស្លោនោះ ទើបខ្ញុំដឹងថាមិត្តបងៗដែលជាប្រធានកងទ័ពទាំងប៉ុន្មាននាក់នោះត្រូវបានវាយសម្លាប់ចោលនៅក្នុងព្រៃអស់ហើយ។ ខ្ញុំបានតាំងស្មារតីនិងប្រាប់ឲ្យនៅស្ងៀមកុំនិយាយផ្ដេសផ្ដាស់។ ១០ថ្ងៃក្រោយមក ឈ្មោះរបស់ខ្ញុំត្រូវបានដាក់ចូលក្នុងបញ្ជីរៀនសូត្រ។ ខ្ញុំដឹងថាខ្ញុំមិនរស់ទេនៅពេលនោះ។ ខ្ញុំភ័យតក់ស្លុតស្ទើរតែដើរមិនរួច។ ខ្ញុំបានតាំងស្មារតីឡើងវិញ បន្ទាប់ពីខ្ញុំបានគិតមួយសន្ទុះអំពីការចូលប្រយុទ្ធក្នុងសមរភូមិជាច្រើន។ បន្ទាប់មក ខ្ញុំបានប្រាប់កងទ័ពដែលឃើញការសម្លាប់នៅព្រៃខ្នុរនោះដើម្បីរត់គេចខ្លួន។ ខ្ញុំចង់ប្រាប់អ្នកផ្សេងទៀតនៅក្នុងអង្គភាពដែរ ប៉ុន្តែខ្ញុំមិនហ៊ាននោះឡើយ ពីព្រោះខ្ញុំភ័យខ្លាចកងទ័ពមកពីភូមិភាគនិរតីដឹងនិងចាប់ខ្ញុំយកទៅសម្លាប់ចោលតែម្ដង។ ខ្ញុំ និងកងទ័ព ម្នាក់នៅក្នុងកងពលរត់គេចខ្លួនក្នុងទិសដៅមកភូមិកំណើតវិញ។ យើងទាំង២នាក់ដើរចេញពីភូមិមួយទៅភូមិមួយ។ នៅពេលនោះ មិនមានមនុស្សស្នាក់នៅលើផ្ទះទេ គឺស្ងាត់ភូមិតែម្ដង។ នៅពេលយប់ ខ្ញុំឡើងទៅដេកនៅផ្ទះរបស់អ្នកភូមិ និងកាន់កាំភ្លើងជាប់ដៃជានិច្ច។ នៅព្រឹកបន្ទាប់ ខ្ញុំឮសូរផ្ទុះអាវុធដាក់គ្នារវាងកងទ័ពនៅភូមិភាគបូព៌ា និងកងទ័ពមកពីភូមិភាគនិរតី។ យើងទាំង២នាក់បន្តរត់គេចខ្លួនចូលក្នុងព្រៃកៅស៊ូវិហារលួង ស្ថិតនៅខាងកើតសួង។ បន្ទាប់មក យើងទាំង២នាក់ឃើញកងទ័ពប្រហែល៤០នាក់ដើរកាត់ព្រៃកៅស៊ូដែរ។ នៅពេលនោះ ខ្ញុំសង្កេតមើលសម្លៀកបំពាក់ដូចជាកងពលតែមួយ។ ខ្ញុំរត់ទៅស្កាត់ក្បួនដែលកងទ័ពទាំងនោះដើរ។ ខ្ញុំបានស្រែកថាតើសភាពការណ៍យ៉ាងម៉េចហើយមិត្តបង។ ប្រធានកង សួរវិញថាតើមកពីកងណា? ខ្ញុំប្រាប់ថា ច៤ គឺកងពលលេខ៤។ យើងទាំង២នាក់ចូលរួមជាកម្លាំងកងទ័ពសេសសល់នោះតែម្ដង។ យើងដើររហូតដល់ចម្ការកៅស៊ូពាមជីលាំង។ នៅពេលនោះ យើងទាំងអស់គ្នាមិនដឹងត្រូវរត់គេចខ្លួនទៅណាទៀតទេ ពីព្រោះសំឡេងគ្រាប់ផ្លោង និងកាំភ្លើងផ្ទុះឡើងស្ទើរតែគ្រប់ទីកន្លែង។ បន្ទាប់ពីស្នាក់នៅក្នុងព្រៃកៅស៊ូពាមជីលាំងបានមួយយប់ យើងសម្រេចចិត្តចេញមកថ្នល់ដើម្បីបែកគ្នាត្រឡប់ទៅផ្ទះរៀងៗខ្លួន។ នៅពេលនោះ កងទ័ពមកពីភូមិភាគនិរតីបើការវាយប្រហារ។ យើងទាំងអស់បានរត់ចូលពួនក្នុងព្រៃវិញ និងត្រូវបានឡោមព័ទ្ធ។ បន្ទាប់មក ខ្ញុំប្រាប់អ្នកទាំងអស់គ្នាអោយតាំងស្មារតី និងត្រៀមអាវុធដើម្បីវាយបើកផ្លូវសម្រុកចេញរហូតដល់បំបែកការឡោមព័ទ្ធបានយ៉ាងជោគជ័យ។ យើងទាំងអស់គ្នារួចផុតពីសេចក្ដីស្លាប់ក្នុងសមរភូមិជាមួយកងទ័ពមកពីភូមិភាគនិរតី និងបន្តរត់គេចខ្លួនរហូតទៅដល់ខេត្តក្រចេះនិងខេត្តពោធិ៍សាត់។
នៅឆ្នាំ១៩៧៩ យើងខ្ញុំនៅតែប្រយុទ្ធជាមួយកងទ័ពមកពីភូមិភាគនិរតីដើម្បីរត់គេចខ្លួនតែប៉ុណ្ណោះ។ នៅឆ្នាំ១៩៨០ ខ្ញុំរងរបួសនៅពេលដែលប្រយុទ្ធជាមួយកងទ័ពខ្មែរក្រហមនៅសមរភូមិក្នុងខេត្តពោធិ៍សាត់។ ខ្ញុំមិនហ៊ានមកព្យាបាលរបួសនៅមន្ទីរពេទ្យនោះឡើយ ពីព្រោះតែព្រួយបារម្ភខ្លាចការចាប់ខ្លួន។ ខ្ញុំដើរលែងរួច និងប្រាប់មិត្តទាំងអស់ខ្ញុំថាឲ្យទៅចោលខ្ញុំទៅ។ ប៉ុន្តែមិត្តទាំងអស់មិនបោះបង់ខ្ញុំចោលទេ គឺនៅជាមួយខ្ញុំ។ បន្ទាប់មក ម្ចាស់ចម្ការបានមកជួបប្រទេះយើងខ្ញុំនៅព្រៃចម្ការក្រូច។ ម្ចាស់ចម្ការស្វាយប្រាប់ថាលែងមានការធ្វើបាបអ្វីឡើយ និងប្រាប់អាជ្ញាធរឲ្យមកជួយ។ បន្ទាប់មក ម្ចាស់ចម្ការបាននំាថ្នាំដង្កូវ និងអាហារមកឲ្យហូប។ នៅព្រឹកបន្ទាប់ អាជ្ញាធរបានមក ដល់និងលើកដាក់ខ្ញុំលើឡានពេទ្យដើម្បីមកព្យាបាលនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់។ ខ្ញុំទទួលការព្យាបាលអស់រយៈពេល៦ខែ។ មិត្តទាំងអស់មិនបានទៅណាទេ គឺនៅក្បែរខ្ញុំរហូត។ នៅចុងឆ្នាំ១៩៨០ មិត្តទាំងអស់និយាយលាគ្នា និងចាកចេញទៅកាន់ភូមិកំណើតរៀងៗខ្លួន។ ចាប់តាំងពីពេលនោះមក ខ្ញុំមិនដែលឃើញមិត្តទាំងអស់នោះទៀតឡើង។ ខ្ញុំចាំឈ្មោះមិត្តតែ២ទេ គឺមិត្ត យ៉ា (ហៅ យុន) និងមិត្ត រ៉ាវី។ ខ្ញុំបានវិលត្រឡប់មកផ្ទះវិញ និងឃើញឪពុករបស់ខ្ញុំនៅផ្ទះ។
ដោយ ស៊ាង ចិន្ដា នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពង់ចាម
កំណែអក្ខរាវិរុទ្ធដោយ៖ គឹម សុវណ្ណដានី