អៀង សារឿន អតីតពេទ្យកងទ័ពខ្មែរក្រហមបញ្ជូនទៅសមរភូមិវាយកងទ័ពវៀតណាម

អៀង សារឿន អាយុ៦៧ អតីតពេទ្យកងទ័ពខ្មែរក្រហម រៀបរាប់អំពីជិវីតជាពេទ្យកងទ័ពខ្មែរក្រហមនៅ សមរភូមិមុខវាយកាន់កាប់ទីរួមខេត្តកំពង់ចាម និងសមរភូមិវាយជាមួយកងទ័ពវៀតណាម៖ «ខ្ញុំឈ្មោះ អៀង សារឿន កើតនៅឆ្នាំ១៩៥៤ នៅភូមិកោះចំប៉ា ឃុំព្រីងជ្រុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ខ្ញុំគឺជាបុគ្គលិកកិច្ចសន្យានៅក្នុងមណ្ឌលសុខភាពគគរ និងជាអ្នកធ្វើស្រែចម្ការ។ ខ្ញុំរៀប ការជាមួយឈ្មោះ មូង ស៊ាងលី និងមានកូនចំនួន ៣នាក់ (ស្រី១នាក់ និងប្រុស២នាក់)។ ខ្ញុំមានឪពុកឈ្មោះ ប៉ែន អឿន និងម្តាយឈ្មោះ ឡុង គុន។ ខ្ញុំគឺជាកូនច្បងក្នុងចំណោម បងប្អូនប្រុសស្រីទាំងអស់ចំនួន៨នាក់។ ខ្ញុំរៀននៅសាលាវត្តកោះចំប៉ា រហូតដល់ថ្នាក់ទី៧ចាស់ ពីព្រោះមានភាពវឹកវរក្នុងសង្គម បន្ទាប់ពីរដ្ឋប្រហារ លន់ នល់ បានកើតឡើង។

នៅចុងឆ្នាំ១៩៧០ ខ្ញុំបួសជាព្រះសង្ឃនៅវត្តកោះចំប៉ា។ នៅឆ្នាំ១៩៧២ ខ្ញុំសឹកពីព្រះសង្ឃ ដោយសារតែសង្រ្គាមរវាងទាហាន លន់ នល់ និងកងទ័ពរំដោះខ្មែរក្រហមផ្ទុះកាន់តែខ្លាំងឡើង។ នៅដើមឆ្នាំ១៩៧៣ កងទ័ពរំដោះខ្មែរក្រហមចូលមករំដោះភូមិរបស់ខ្ញុំ។ នៅពេលនោះ ខ្ញុំស្ម័គ្រចិត្តចូលរួមជាមួយបដិវត្តន៍។ ខ្ញុំត្រូវបានបញ្ជូនទៅរៀនជំនាញពេទ្យអស់រយៈពេល៦ខែ។ បន្ទាប់ពីបញ្ចប់វគ្គសិក្សាពេទ្យ ខ្ញុំផ្លាស់ទៅធ្វើជាពេទ្យកងវរសេនាធំ ដែលឈរជើងនៅភូមិរការគយ។ បើទោះបីខ្ញុំគឺជាពេទ្យស្ពាយកាតាបដាក់សម្ភារព្យាបាលក៏ដោយ ខ្ញុំត្រូវតែកាន់កាំភ្លើងជាប់ជាមួយខ្លួន។ ខ្ញុំចូលប្រយុទ្ធនៅសមរភូមិវាយចូលកាន់កាប់ទីរួមខេត្តកំពង់ចាមនៅឆ្នាំ១៩៧៣។ នៅពេលនោះ កងទ័ពរំដោះខ្មែរក្រហមចូលដល់វត្តដីដុះ ប៉ុន្តែមិនបានកាន់កាប់ទីរួមខេត្តកំពង់ចាមទាំងមូលនោះទេ។

រហូតដល់ចូលកាន់កាប់ទីក្រុងភ្នំពេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ទើបកងទ័ពរំដោះខ្មែរក្រហមវាយបែកទីរួមខេត្តកំពង់ចាម នៅព្រឹកបន្ទាប់។ កងវរសេនាធំរបស់ខ្ញុំឈរជើងនៅក្នុងអនុវិទ្យាល័យព្រះសីហនុអស់រយៈពេល៦ខែ។ នៅឆ្នាំ១៩៧៦ ខ្ញុំត្រូវបានបញ្ជូនទៅច្រូតស្រូវនៅខាងថ្មគោល និងបល្ល័ង នៅខេត្តកំពង់ធំអស់រយៈពេល ជិត១ឆ្នាំ។ នៅឆ្នាំ១៩៧៧ និងឆ្នាំ១៩៧៨ ខ្ញុំត្រូវបានបញ្ជូនទៅធ្វើជាពេទ្យកងទ័ពប្រចាំកងវរសេនាធំ នៅសមរភូមិអូរផ្អាវ ដើម្បីប្រយុទ្ធជាមួយកងទ័ពវៀតណាម។ ក្រោមការដឹកនាំរបស់កងទ័ពខ្មែរក្រហមមកពីភូមិភាគនិរតី សង្គ្រាមជាមួយកងទ័ពវៀតណាមគឺកាន់តែខ្លាំងឡើងៗ។ ខ្មែរក្រហមកេណ្ឌកងទ័ពជាច្រើន ទាំងក្មេងទាំងចាស់ ដើម្បីបញ្ជូនទៅប្រយុទ្ធជាមួយកងទ័ពវៀតណាម។ កងទ័ពខ្មែរក្រហមវ័យក្មេង ទាំងនោះបានស្លាប់ និងរងរបួសជាច្រើននាក់។ នៅចុងឆ្នាំ១៩៧៨ កងទ័ពវៀតណាមបានបើកការវាយ ប្រហារកាន់តែខ្លាំងឡើងៗ រហូតដល់កងទ័ពខ្មែរក្រហមទប់ទល់មិនបាន និងបាក់ទ័ព។ កងវរសេនាធំ របស់ខ្ញុំបានបែកខ្ញែកនិងខ្ញុំបានរត់មកផ្ទះវិញ។ខ្ញុំបានបោះកាំភ្លើងចោលនៅចម្ការចេក នៅស្រុកចំការលើ។ ខ្ញុំបានដើរពេញ១ថ្ងៃ រហូតមកដល់ផ្ទះ។ ខ្ញុំបានរៀបការនៅឆ្នាំ១៩៨២ និងចូលបម្រើការងារជាបុគ្គលិក ពេទ្យនៅមណ្ឌលសុខភាពគគរនៅឆ្នាំ១៩៩៦។

ដោយ ទូច វណ្ណេត បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពង់ចាម

កំណែអក្ខរាវិរុទ្ធដោយ គឹម សុវណ្ណដានី

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin