ខ្ញុំឈប់រៀនដោយសារប្រទេសមានសង្រ្គាម
នៅពេលប្រទេសជាតិមានសង្រ្គាម និងមានខ្មែរក្រហម មានក្មេងៗជាច្រើនបានបោះបង់ការសិក្សា និងត្រូវបង្ខំឲ្យធ្វើការងារពលកម្មនៅតាមកងកុមារ, កងចល័ត, ការដ្ឋានការងារ ឬដើរបោសសំអាតប្រមូលសម្ភារតាមផ្ទះរបស់ប្រជាជនដែលត្រូវខ្មែរក្រហមជម្លៀសឲ្យចេញពីផ្ទះទៅរស់នៅតាមតំបន់ផ្សេងៗ។ នៅឆ្នាំ១៩៧៥ ខ្ញុំឈប់រៀនដោយសារប្រទេសមានសង្រ្គាម។ នៅពេលនោះខ្មែរក្រហមបានជម្លៀសខ្ញុំទៅរស់នៅមន្ទីរដូនសុខឃ្លាតឆ្ងាយពីឪពុកម្ដាយ។ ខ្ញុំធ្វើការងារពលកម្មក្នុងការដ្ឋាននៅជាក្មេងជំទង់។ ទោះខ្ញុំនឹកឪពុកម្ដាយ និងផ្ទះសម្បែងយ៉ាងណាក៏មិនហ៊ានមកផ្ទះវិញដែល ព្រោះខ្លាចខ្មែរក្រហមយកទៅកសាង និងសម្លាប់។
នាងខ្ញុំឈ្មោះ ខាង គឹង ភេទស្រីអាយុ៤៨ឆ្នាំ (នៅឆ្នាំ២០០៦) រហូតមកដល់បច្ចុប្បន្ននេះខ្ញុំអាយុ៦៦ឆ្នាំ។ មានទីកន្លែងកំណើតកើតនៅភូមិត្រពាំងត្រល់ ឃុំអន្លង់សំណ ស្រុកជីក្រែង ខេត្តសៀមរាប។ បច្ចុប្បន្នរស់នៅភូមិតាកឹម ឃុំអន្លង់សំណ ស្រុកជីក្រែង ខេត្តសៀមរាប។ ឪពុករបស់ខ្ញុំឈ្មោះ ធួន ស្លាប់នៅចុងឆ្នាំ១៩៧៩ ជិតចូលឆ្នាំ ១៩៨០។ ឪពុកខ្ញុំស្លាប់ដោយសារចោរប្លន់សម្លាប់ពេលជិះទូកទៅដាក់លបក្នុងព្រៃបឹងទន្លេសាប។ កាលនោះបងថ្លៃ និងឪក្មេកខ្ញុំក៏បានបាត់ខ្លួន។ ម្ដាយខ្ញុំឈ្មោះ យាំង ថេន គាត់មានអាយុ៨០ឆ្នាំ (នៅឆ្នាំ២០២៦) មកដល់បច្ចុប្បន្ននេះគាត់មានអាយុ៩៨ឆ្នាំ។ ខ្ញុំមានបងប្អូនចំនួន ៦នាក់ ក្នុងនោះមានស្រី៥នាក់ និងប្រុសម្នាក់។ ខ្ញុំលែងលះជាមួយប្ដី សព្វថ្ងៃនេះខ្ញុំមានកូនបីនាក់នៅជាមួយខ្ញុំ និងប្រកបរបរក្រងស្បូវលក់។ កាលពីកុមារភាព ខ្ញុំធ្លាប់បានចូលរៀនត្រឹមថ្នាក់ទី១២ (សង្គមចាស់) និងបានឈប់រៀន ដោយសារប្រទេសមានសង្រ្គាម។ ពេលនោះ ខ្ញុំក៏បានឈប់រៀនទៅធ្វើសង្រ្គាមជាមួយក្មេងៗដទៃទៀតនៅក្នុងភូមិ។ សាលាដែលខ្ញុំរៀននៅក្បែរវត្តអន្លង់សំណ។ ពេលខ្ញុំនៅរៀនមានអាយុប្រហែលជា១២ឆ្នាំមានមាឌតូចមិនទាន់ចេះពាក់អាវស្រួលបួលផង។
ពេលមានរដ្ឋប្រហារកើតឡើងនៅឆ្នាំ១៩៧០ ខ្ញុំក៏ឈប់រៀនចូលធ្វើបាតុកម្មប្រឆាំងរដ្ឋប្រហារជាមួយអ្នកភូមិ និងក្មេងៗដទៃទៀត។ ពេលនោះខ្ញុំនិងក្មេងៗដទៃទៀត្រូវបានបញ្ជូនរហូតដល់ភ្នំពេញ។ ពេលឈប់រៀនខ្ញុំមិនបាននៅជាមួយម្ដាយទេ ខ្ញុំនៅជាមួយអង្គការខ្មែរក្រហម និងបានបញ្ជូនទៅនៅមន្ទីរដូនសុខក្នុងឆ្នាំ១៩៧៥។ អ្នកដែលបញ្ជូនខ្ញុំទៅភ្នំពេញ និងទៅរស់នៅមន្ទីរដូនសុខ គឺជាឪពុកមារបស់ខ្ញុំ។ ពេលរស់នៅមន្ទីរដូនសុខ ខ្ញុំតែងតែធ្វើដំណើរជាមួយមេកងឈ្មោះ រ៉ែម ទៅធ្វើការឃោសនានៅតាមភូមិឲ្យកុមារ ក្មេងៗជំទង់ រស់នៅតាមកងដើម្បីបង្កបង្កើនផល និងចិញ្ចឹមមាន់ជាដើម។ ប្រធានកងបានដើរឃោសនាឲ្យហាត់សិល្បៈនៅខាងភូមិភាគ៣០៤។ ពេលនោះយើងអត់ចូលខាងសិល្បៈ យើងត្រូវតែស្ម័គ្រចិត្តទៅបម្រើការងារនៅភ្នំពេញ។ ខ្ញុំសម្រេចចិត្តចូលហាត់សិល្បៈ ហើយខ្មែរក្រហមបានបង្រៀនច្រៀង រៀនរបាំ គ្រប់បែបយ៉ាង។ ខ្មែរក្រហមបង្រៀនច្រៀង (និយាយ) ពីប្រវត្តិតស៊ូ ច្រើនណាស់ តែខ្ញុំមិនសូវចាំទេយូរណាស់ហើយ ចាំបានតែពាក្យមួយមាត់ៗ ដូចជា“ នីរសារអង់អាចមិនចេះខ្លាចអី “។ បន្ទាប់ពីហាត់សិល្បៈ ខ្ញុំត្រូវបានផ្លាស់ទៅនៅភូមិភាគ៣០៤ (ក្នុងខេត្តសៀមរាប)។
ពេលបែកទីក្រុងភ្នំពេញក្នុងឆ្នាំ១៩៧៥ ក៏មានប្រជាជនថ្មីត្រូវជម្លៀសមករស់នៅតាមភូមិស្រុកក្នុងខេត្តសៀមរាប។ បន្ទាប់មកខ្មែរក្រហមបានបញ្ជូនខ្ញុំទៅខេត្តកំពង់ធំ ពេលខ្ញុំធ្វើដំណើរទៅកំពង់ធំ ប្រធានកងមិនអនុញាតិឲ្យខ្ញុំប្រាប់ឪពុកម្តាយឲ្យដឹងទេ ខ្មែរក្រហមលាក់ការណ៍ណាស់។ ប្រធានកងខ្មែរក្រហមឲ្យកុមារប្រមាណ១០០នាក់ទាំងខ្ញុំជិះឡានពីរគ្រឿងចេញពីខេត្តសៀមរាបទៅនៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ នៅក្នុងកងរបស់ខ្ញុំក៏មានក្រុមកុមារដើរកាត់ចម្ការចេកទៅជាមួយគ្នាដែរ។ បន្ទាប់មកចូលដល់ឆ្នាំ១៩៧៦ ចេញពីកំពង់ធំបានទៅដល់ភ្នំពេញ ពេលទៅដល់ភ្លាមខ្មែរក្រហមឲ្យពួកខ្ញុំទៅស្នាក់នៅផ្សារថ្មី។ ពេលនៅភ្នំពេញខ្មែរក្រហមបានឲ្យខ្ញុំដើរប្រមូលសម្ភារ តាមមាត់ទន្លេ, ខាងច្បារអំពៅ និងចំការមន មានមាស ប្រាក់ ចេះតែប្រមូលដាក់ឃ្លាំង ទុកដាក់ស្រួលបួល។ ដំបូងខ្ញុំស្មានតែ ខ្មែរក្រហមឲ្យប្រមូលចប បង្គីរសម្ភារកំប៉េចកំប៉ុកដាក់ឡាន។ ខ្ញុំមិនដឹងថា អង្គការ យក មាស ប្រាក់ និង សម្ភារចាន ឆ្នាំងដែលប្រមូលបានជាច្រើន យកទៅទុកនៅទីណាទេ។ ខ្ញុំមកដល់កន្លែងចុះហូបបាយ ហើយដល់ម៉ោងក៏ឡើងឡានមកធ្វើការទៀតទៅ។ ពេលនោះខ្ញុំមិនហ៊ានលួចយក មាស ពេជ្រ នោះទេ ពីព្រោះខ្លាចខែ្មរក្រហមឆែកឃើញ មាស ពេជ្រ ទាំងអស់នោះ ច្បាស់ជាចាប់យកទៅដាក់ក្នុងមន្ទីរសន្ដិសុខសម្លាប់ចោលជាមិនខាន។
បន្ទាប់មកខ្មែរក្រហមបានចែកពួកខ្ញុំតាមកងនីមួយៗ ក្នុងមួយកងមានគ្នា៣០នាក់ និងមួយក្រុមមាន១០នាក់។ ខ្ញុំមិនសូវស្គាល់ប្រធានកងទេ ព្រោះអ្នកទាំងអស់នោះមកពីតំបន់២៥ (ខេត្តកណ្ដាល)។ ក្នុងកងនីមួយៗមានសមាសភាពចម្រុះ អ្នកខ្លះមកពីតំបន់២៥ អ្នកខ្លះមកពីតំបន់៣៥ (កំពត, តាកែវ និងកំពង់ស្ពឺ) អ្នកខ្លះត្រូវចាត់តាំងឲ្យមកកាន់កងកុមារ។ ចំណែកខ្ញុំត្រូវបានខ្មែរក្រហមចាត់តាំងឲ្យធ្វើអនុប្រធានកងកុមារ។ ក្នុងរយៈពេលមួយសប្តាហ៍ខ្មែរក្រហមបានហៅឲ្យខ្ញុំទៅរៀនសូត្រ និងសម្រាកនៅស្តាតអូរឡាំពិក ចំនួន២ទៅ៣យប់។ ពេលរៀនចប់ក៏ត្រឡប់មកធ្វើការងារដូចគេឯងវិញ។ ខ្មែរក្រហមបានឲ្យយើងទៅរៀនសូត្រពីមាគ៌ាគោលនយោបាយ។ ពេលត្រឡប់មកដល់កងវិញ យើងត្រូវពន្យល់សមាជិកក្នុងកង ឬក្រុមត្រូវអានទស្សនាវដ្តីពន្យល់ពីការងារ និងបញ្ហាផ្សេងៗទៀត។ កាលខ្ញុំទៅរៀនខ្មែរក្រហមបង្រៀនទាក់ទងទៅនិងការបង្កបង្កើតផល ប្រមូលផលស្រែអំបិលនៅកំពតជាដើម។
ក្នុងឆ្នាំ១៩៧៦នោះ មានព្រឹត្តិការណ៍ដាក់ថ្នាំបំពុលក្នុងម្ហូប ឬបាយ និងមានមនុស្សត្រូវថ្នាំពុលប៉ុន្តែមិនបានបញ្ជូនទៅពេទ្យដាក់សារ៉ូមទេ។ កាលនោះ ខ្ញុំនៅធ្វើការទើបមិនបានហូបបាយសម្លពុលនឹងគេ បើអ្នកនៅក្នុងកងវិញពុលថ្នាំ៤ទៅ៥ដងក្នុងម្នាក់ៗ។ ខ្មែរក្រហមបានតាមចាប់អ្នកដែលដាក់ថ្នាំបំពុលនិងយកមកដាក់កន្លែងមន្ទីរសន្ដិសុខ។ ជនក្បត់នោះ មានឈ្មោះ ខុន ជាប្រធានកងវរតែខ្ញុំមិនចាំថាលេខប៉ុន្មានទេ។ ខ្មែរក្រហមចោទថាក្បត់បានដាក់ថ្នាំបំពុលក្នុងបាយសម្ល។ ខ្ញុំភ័យណាស់ អង្គការបានចាប់អ្នកដែលភ្លក់ម្ហូប និងចុងភៅឈ្មោះ រី ម្នាក់ទៀតដែលជាប្រធានចុងភៅ ហើយបញ្ជូនទៅដាក់គុកនៅព្រែកត្នោត។ នៅជំនាន់នោះពេលហូបបាយខ្មែរក្រហមវាយអាគាំង យើងឭក៏ចូលទៅហូបទាំងអស់គ្នាគ្មានខ្លាចពុលទេមកពីធ្វើការហេវ ព្រោះម៉ោង១១បានបាយហូបម្ដង។ ប្រសិនបើ អ្នកដែលចូលរួមក្នុងការប្រជុំបានបង្ហាញចេញពីការមិនពេញចិត្តចំពោះខ្មែរក្រហមអ្នកនោះនឹងត្រូវចាប់យកទៅឲ្យដេកក្នុងគុកព្រែកត្នោត។ សូម្បីតែ គណៈរោងចក្រក៏ខ្មែរក្រហមចាប់យកទៅដែរ។ កាលនោះ ដោយសារតែគណៈរោងចក្របានក្បត់ដាក់ថ្នាំពុលក្នុងបាយ បបរ បង្អែម។
ក្នុងឆ្នាំ១៩៧៧ ពេលប្រជុំម្ដងៗ ខ្មែរក្រហមមិនហៅកូនចៅទៅប្រជុំទេគឺហៅតែប្រធានក្រុម អនុប្រធានក្រុមទៅរៀនសូត្ររួមទាំងខ្ញុំដែរទៅប្រជុំនៅម្ដុំមហោស្រពជិតផ្សារដើមគរ (មហោស្រពចេនឡា)។ សម័យនោះ ខ្មែរក្រហមបង្រៀនគ្មានអ្វីក្រៅពីមាគ៌ាគោលនយោបាយ និងការធ្វើការងារពលកម្ម កុំឲ្យមានការក្បត់គ្នា ត្រូវណែនាំគ្នាឲ្យបានល្អ មានអ្នកខ្លះធ្វើការមិនបានល្អត្រូវយកទៅដាក់នៅមន្ទីសន្ដិសុខ។ ខ្ញុំទៅរៀននៅថ្ងៃដំបូងមិនយល់ពីមាគ៌ាគោលនយោបាយអីទេ។
ចូលដល់ឆ្នាំ១៩៧៨ ខ្ញុំធ្លាប់សុំប្រធានក្រុមមកលេងផ្ទះ ប៉ុន្ដែប្រធានក្រុមបដិសេធ។ ចាប់តាំងពីពេលនោះមក ខ្ញុំក៏លែងសុំប្រធានក្រុមមកផ្ទះទៀតហើយ។ ថ្ងៃមួយខ្ញុំបានទៅមើលការសម្ដែងនៅស្ដាតអូឡាំពិក ក្រុមសិល្បៈសម្ដែងរឿងអ្នកជីកត្រពាំង ពស់វែកចឹក និងល្ខោននិយាយ។ បន្ទាប់មកខ្ញុំបានទៅទទួលគណៈប្រតិភូនៅមហោស្រពជួបជាមួយ នួន ជា, អៀង សារី, ប៉ុល ពត និងខៀវ សំផន។ ពេលខ្ញុំទៅទទួលគណៈប្រតិភូនៅទីក្រុងភ្នំពេញម្ដងៗ ត្រូវស្លៀកសម្លៀកបំពាក់អាវព័រណ៍ស សំពាតព័រណ៍ខ្មៅ។ ពេលទៅជួបគណៈប្រតិភូនោះ ខ្ញុំមិនបាននិយាយជាមួយ អៀង សារីទេ។ កាលនោះ ខ្ញុំមិនចាំថា អៀង សារី បាននិយាយអ្វីទេ ព្រោះយូរហើយ ចាំតែប្រកាសឧទ្ទេសនាមអំពីឈ្មោះតែប៉ុណ្ណឹង។ ពេលចប់កម្មវិធីក៏ត្រឡប់ទៅធ្វើការងាររៀងខ្លួនវិញ។ ខ្ញុំមិនដែលបានទៅពោធិ៍ចិនតុងទេ នៅតែកន្លែងការដ្ឋានទី២នៅទឹកថ្លានឹងរហូតដល់បែកឆ្នាំ១៩៧៩តែម្ដង។
ពេលនៅក្នុងការដ្ឋានទី២ ការហូបចុកធម្មតាហូបបាយម្ហូបសាច់គោ សាច់ជ្រូកដឹកមកទាំងឡានមិនដឹងដឹកមកពីខាងណាទេ បើកាលនៅភូមិមុនពេលមកភ្នំពេញ គឺហូបតែត្រី។ ពេលខ្ញុំធ្វើការងារនៅភ្នំពេញ ខ្ញុំធ្លាប់ឃើញខ្មែរក្រហមហៅអ្នកធ្វើការងារនៅក្នុងកងទៅប្រជុំកសាងទិតៀន ដូចថាគេចពីការងារពលកម្ម ខ្មែរក្រហមបានណែនាំកុំឲ្យខ្ចិលច្រអូស សូម្បីតែគ្រុនក្តៅ ក៏ខ្មែរក្រហមថាធ្វើពុតដែរ។ ពេលនោះខ្ញុំមិនដែលត្រូវបានខ្មែរក្រហមហៅទៅទិតៀនទេ ខ្ញុំធ្វើការងារទាំងយប់ទាំងថ្ងៃហើយក្នុងកងនីមួយៗបែកចែកដាច់ពីគ្នាគឺ បុរសនៅកងផ្សេង ចាំណែកនារីនៅកងផ្សេង។ នៅជំនាន់ខ្មែរក្រហមបានប្រកាន់ភ្ជាប់នូវសីលធម៍ប្រុសស្រីមិនហ៊ាននិយាយរកគ្នាទេ។ ប្រសិនបើ ខ្មែរក្រហមឃើញថាប្រុសស្រីនិយាយជាមួយគ្នា និងចាប់យកទៅអប់រំសីលធម៍។ ក្នុងរបបខ្មែរក្រហមមានការរៀបចំចាប់គូរឲ្យរៀបការជាមួយគ្នា តែពេលនោះ ខ្ញុំមិនបានរៀបការទេ ពីព្រោះខ្ញុំនៅក្មេងពេក។ នៅឆ្នាំ១៩៧៨ដដែល ខ្ញុំត្រូវផ្លាស់មកធ្វើការនៅការដ្ឋានទី១ នៅអូរដឹម។ កាលខ្ញុំនៅការដ្ឋានទី១ ខ្មែរក្រហមកសាងរោងចក្រក្រឡឹងដែកធ្វើគ្រឿងត្រាក់ទ័រ។ ពេលនោះខ្ញុំចល័តទៅមក ម្ដងធ្វើការនៅការដ្ឋានទី១ ម្ដងទៅធ្វើការនៅរោងចក្រទី២។ ពេលល្ងាចនឹកដល់ផ្ទះម្ដងៗ ខ្ញុំបានបែរមុខមកតែខាងលិចទេ មិនដឹងធ្វើយ៉ាងណាបានមកផ្ទះបើផ្លូវមកផ្ទះមិនស្គាល់ផង។ ចំណែកឪពុម្ដាយខ្ញុំនៅស្រុកភូមិ ត្រូវខ្មែរក្រហមធ្វើបាប ដោតស្លឹកត្រចៀកដឹកដង្ហែរយកទៅវាយចោល។ ខ្ញុំបានដឹងដំណឹងតែរកផ្លូវមកមិនរួចខ្លាចខ្មែរក្រហមវាយសម្លាប់ចោល។
នៅឆ្នាំ១៩៧៩ វៀតណាមចូលមកដល់ទីក្រុងភ្នំពេញខ្ញុំ និងក្រុមការងារបានរត់ទៅខាងត្រពាំងក្រឡឹង(ខាងពេជ្រនិល) រត់យូរៗទៅធ្លាក់ដល់ ស្រុកបាកាន ខេត្តពោធិ៍សាត់។ ចេញពីបាកាន ចេះតែទៅតាមមង្គលបុរីធ្លាក់ដល់ថៃរហូតទៅនៅជំរំភ្នំតាងុក តែមិនមែនជំរំខ្មែរក្រហមទេ។ ចូលជំរំនៅថៃ កាលនោះយួនផ្លោងគ្រាប់ទាំងយប់ទាំងថ្ងៃ។ ពេលនោះខ្ញុំបានឮតាមរយៈ ខ្មែរក្រហមបាននិយាយថា បើមិត្តណាទៅផ្ទះច្បាស់ជាយួនអារកសម្លាប់ចោលហើយ។
ក្រោយមក ខ្ញុំបានជួបនឹងកងទ័ពតាហោះ ប៉ុន្ដែមិនបានជួបនិងតាហោះទេ។ ចូលដល់ឆ្នាំ១៩៩១ បានខ្ញុំចេញមករកផ្លូវទៅផ្ទះ ចៃដន្យបានជួបជាមួយប្រជាជនចំណាស់ម្នាក់ គាត់បានជូនខ្ញុំពីជំរំទៅស្រុកកំណើតនៅសៀមរាប។ ពេលខ្ញុំនៅក្នុងជំរំខ្ញុំមានគ្រួសារហើយ។ ក្រោយពីរបបខ្មែរក្រហមដួលរលំទៅ ប្រជាជនទាំងអស់ក៏បានវិលត្រឡប់មកផ្ទះសម្បែងជួបជុំគ្រួសាររៀងៗខ្លួន។ ក្នុងនោះប្រជាជនខ្លះក៏បានមកជួបជុំគ្នា ហើយខ្លះទៀតក៏បាត់បង់បងប្អូនសាច់ញាតិ។ សម្រាប់រូបខ្ញុំបានបាត់បង់ពូម្នាក់ឈ្មោះ ធឿ ជាគណៈសង្កាត់ខ្មែរក្រហម និងត្រូវខ្មែរក្រហមចោទប្រកានថាក្បត់ និងយកទៅសម្លាប់ចោល។ ចំពោះការបាត់បង់ពូនេះខ្ញុំមានការសោកស្ដាយជាខ្លាំង។
អត្ថបទ៖ វន បុប្ផា បុគ្គលិកមជ្ឈមណ្ឌលឯសារកោះថ្ម
កំណែអក្ខរាវិរុទ្ធដោយ៖ គឹម សុវណ្ណដានី