ប្រវត្តិទំនប់វារីអគ្គិសនីអន្លង់ជ្រៃ

១. សេចក្តីផ្តើម
កម្ពុជាប្រជាធិបតេយ្យ គឺជាសម័យកាលដ៏ខ្មៅងងឹតមួយក្នុងប្រវត្តិសាស្រ្តទំនើបកម្ពុជាពីឆ្នាំ១៩៧៥ ដល់ ១៩៧៩ ដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរចងចាំមិនភ្លេចអស់មួយជីវិតនូវរឿងរ៉ាវឈឺចាប់ខ្លោចផ្សា រស់នៅលំបាកវេទនា បាត់បង់សាច់ញាតិគ្រួសារ រស់នៅក្រោមការគាបសង្កត់ គ្មានសិទ្ធិសេរីភាព មានតែការបង្ខិតបង្ខំសព្វសារពើ។ នៅគ្រប់ទីកន្លែងនៃប្រទេសកម្ពុជា បានក្លាយជាកន្លែងការដ្ឋាន កន្លែងធ្វើស្រែចម្ការ ប្រកបដោយការបង្ខិតបង្ខំ ដែលបណ្តាលឲ្យមនុស្សស្លាប់រាប់មិនអស់គ្រប់ទីកន្លែងក្រោមអំណាចគ្រប់គ្រងដ៏សាហាវយង់ឃ្នង។ តួយ៉ាង នៅតំបន់អន្លង់ជ្រៃ ដែលមានទីតាំងនៅភូមិអន្លង់ជ្រៃ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ គឺជាទីតាំងប្រវត្តិសាស្រ្តមួយដែលខ្មែរក្រហមបានកៀរគរប្រជាជនធ្វើការលើកទំនប់ ក្នុងគោលបំណងបង្កើតជាកន្លែងស្តុកទឹកដើម្បីផ្គត់ផ្គង់ទៅដល់វិស័យកសិកម្ម។
២. ការកសាងទំនប់អន្លង់ជ្រៃ
ទំនប់អន្ល់ជ្រៃជាបឹងមួយដ៏ធំ ស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ ទំនប់នេះមានចម្ងាយប្រមាណជា៩០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ និងប្រមាណជា ៤៨គីឡូម៉ែត្រពីទីរួមខេត្តកំពង់ស្ពឺ។ នៅមុនរបបខ្មែរក្រហម ទំនប់អន្លង់ជ្រៃ មានទីតាំងនៅក្នុងភូមិត្រាញ់វែង ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ រហូតមកដល់សម័យបច្ចុប្បន្ននេះ ទំនប់អន្លង់ជ្រៃ គឺជាប់ព្រំប្រទល់រវាងភូមិត្រាញ់វែង និងភូមិអន្លង់ជ្រៃ ដោយគិតត្រឹមទំនប់ខាងកើតស្ថិតនៅក្នុងភូមិអន្លង់ជ្រៃ ហើយត្រឹមទំនប់ខាងលិចស្ថិតនៅក្នុងភូមិត្រាញ់វែង (ពៅ, ប្រវត្តិទំនប់អន្លង់ជ្រៃ, ២០២២)។ ដូច្នេះយើងអាចនិយាយបានថា ទំនប់អន្លង់ជ្រៃសព្វថ្ងៃ គឺស្ថិតនៅចន្លោះភូមិអន្លង់ជ្រៃ និងភូមិត្រាញ់វែង។ រហូតមកដល់ឆ្នាំ ២០១២ ទំនប់អន្លង់ជ្រៃគឺមានការស្ដារ និងរៀបចំទំនប់នេះឲ្យក្លាយជាទំនប់វារីអគ្គិសនី ដែលទួលរបស់ទំនប់នេះមានប្រវែងរហូតដល់ ៦,២០ គីឡូម៉ែត្រ ចំណែកឯផ្ទៃអាងទឹកនៅរដូវវស្សាវិញ មានផ្ទៃទឹកទំហំប្រមាណជា ៤៧៩ គីឡូម៉ែត្រការ៉េ (រិទ្ធា, ភ្នំពេញប៉ុស្តិ៍, ២០១៨)។
នាចុងទស្សវត្សរ៍ឆ្នាំ១៩៦០ អមលាំង ជាទីតាំងមូលដ្ឋានដ៏សំខាន់មួយរបស់ចលនាខ្មែរក្រហម ដ្បិតតំបន់នេះហ៊ុមព័ទ្ធដោយជួរភ្នំឱរ៉ាល់ និងព្រៃក្រាស់ដែលអំណោយផលដល់ចលនាកុម្មុយនីស្ដ។ ប្រសិនបើពិនិត្យមើលលើទីតាំងភូមិសាស្រ្ត តំបន់អមលាំង ស្ថិតនៅចំណុចកណ្ដាលរវាងខេត្តកោះកុង, និងពោធិ៍សាត់, បាត់ដំបង, កំពង់ឆ្នាំង, ភ្នំពេញ, តាកែវ និងកំពង់សោម ដែលសុទ្ធតែជាទីតាំងយុទ្ធសាស្រ្តតស៊ូរបស់ខ្មែរក្រហម តាំងពីអំឡុងទសវត្សរ៍ឆ្នាំ១៩៦០។ នាដំណាក់កាលដំបូងខ្មែរក្រហមចូលមកក្នុងតំបន់នេះ ដោយស្នាក់នៅតាមតំបន់ព្រៃក្រាស់ៗក្បែរភូមិ ដើម្បីលាក់ខ្លួនពីការវាយប្រហាររបស់រដ្ឋាភិបាលឈរជើងនៅតាមទីប្រជុំជន។
ក្រោយរដ្ឋប្រហារទម្លាក់សម្ដេច នរោត្តម សីហនុ ចេញពីព្រះប្រមុខរដ្ឋ នៅឆ្នាំ១៩៧០ តំបន់អមលាំង មានសភាពប្រែប្រួល ដ្បិតខ្មែរក្រហមចូលកាន់កាប់គ្រប់គ្រង។ រដ្ឋាភិបាលសាធារណរដ្ឋខ្មែរ ដែលមាននិន្នាការប្រឆាំងនឹងចលនាកុម្មុយនីស្តក្នុងប្រទេសកម្ពុជា មិនអាចគ្រប់គ្រងតំបន់អមលាំងបាននោះទេ ព្រោះស្ថានភាពភូមិសាស្រ្តស្មុគស្មាញ រួមជាមួយនឹងវត្តមានរបស់កងទ័ពខ្មែរក្រហម (និស្ស័យ, ម១៣៖មន្ទីរសន្តិសុខដំបូងរបស់ខ្មែរក្រហមក្នុងអំឡុងសង្រ្គាម១៩៧០-១៩៧៥, ២០២២)។
ក្រោយពេលចូលកាន់កាប់នៅតំបន់អមលាំងរួចមក ខ្មែរក្រហមចាប់ផ្ដើមបង្កើតភូមិភាគពិសេសនៅឆ្នាំ១៩៧១ ដែលមាន វន វ៉េត ជាលេខាភូមិភាគ។ ឌុច បានសន្និដ្ឋានថា អ្នកដែលសម្រេចបង្កើតភូមិភាគពិសេសនោះគឺ ប៉ុល ពត ព្រោះឃើញ តាម៉ុក និង វន វ៉េត ទៅប្រជុំជាមួយគ្នា (និស្ស័យ, ម១៣ ៖ មន្ទីរសន្តិសុខដំបូងរបស់ខ្មែរក្រហមក្នុងអំឡុងសង្គ្រាម១៩៧០-១៩៧៥, ២០២២)។ ភូមិភាគពិសេសនោះមានតំបន់ពីរ គឺតំបន់១៥ ដែលស្ថិតនៅក្នុងភូមិភាគបស្ចិម (ភូមិភាគ៤០១) ដឹកនាំដោយ ជូ ជេត។ ភូមិភាគនេះរួមមានខេត្តកោះកុង និងខេត្តកំពង់ឆ្នាំងទាំងមូល និងផ្នែកខ្លះនៃខេត្តកំពង់ស្ពឺ និងតំបន់២៥ ស្ថិតនៅក្នុងភូមិភាគនិរតី (ភូមិភាគ៤០៥) ដឹកនាំដោយ ឈិត ជឿន ហៅ តាម៉ុក។ ភូមិភាគនេះរួមមានខេត្តកំពត និងតាកែវទាំងមូល, ស្រុកពីរក្នុងខេត្តកំពង់ស្ពឺ គឺស្រុកសំរោងទង និងស្រុកគងពិសី, និងស្រុក៥ក្នុងខេត្តកណ្ដាល គឺស្រុកកណ្ដាលស្ទឹង ស្រុកស្អាង ស្រុកកោះធំ ស្រុកកៀនស្វាយ និងស្រុកលើកដែក (មជ្ឈមណ្ឌលឯកសារកម្ពុជា, ២០២០)។
២.១ ការកសាងទំនប់អន្លង់ជ្រៃដំណាក់កាលទី១ (១៩៧០-១៩៧៥)
ទំនប់អន្លង់ជ្រៃ ដំបូងឡើយជាបឹងតូចមួយ ដែលប្រជាជនក្នុងភូមិអាស្រ័យលើផលកសិកម្ម នៅក្នុងបឹងមួយនេះ។ យោងតាម ប្រាក់ ផល អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅក្នុងខេត្តកំពង់ស្ពឺ បានលើកឡើងថា នៅមុនខ្មែរក្រហមចូលមកដល់ ស្ថានភាពរបស់ទំនប់អន្លង់ជ្រៃ គឺជាបឹងតូចមួយតែប៉ុណ្ណោះ ហើយនៅពេលដែលខ្មែរក្រហមមកដល់ទើបមានការលើកទំនប់នេះបន្ថែម។ គាត់បានបន្ថែមថា នៅពេលនោះខ្មែរក្រហមបានធ្វើការឃោសនាដល់ប្រជាជននៅខេត្តកំពង់ស្ពឺ និងកំពង់ឆ្នាំង ហើយបានឲ្យប្រជាជនចាប់ផ្ដើមលើកទំនប់ (ផល ប. , ២០២២)។ រីឯ ជា យេន ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមរស់នៅតំបន់ជាមួយគ្នាដែរនោះ បាននិយាយស្រដៀងគ្នាដែរថា នៅមុនពេលខ្មែរក្រហមឡើងកាន់អំណាច នៅទំនប់អន្លង់ជ្រៃ មានការលើកទំនប់រួមមកហើយ ប៉ុន្តែការលើកទំនប់មានសភាពរាក់ៗ (យេន, ២០២២)។
បើយោងតាមព្រះតេជគុណ ស៊ួស នួន មានសង្ឃដីកាថា កាលពីមុនឆ្នាំ១៩៧៥ អង្គការបានចាប់ផ្ដើមកសាងទំនប់នេះឡើងដោយការប្រមូលប្រជាជន នៅមូលដ្ឋានទាំងប្រុស ទាំងស្រីទៅលើកទំនប់ ព្រមទាំងមានការបែងចែកក្រុម ប្រជាជនដែលរស់នៅខេត្តកំពង់ស្ពឺឲ្យនាំគ្នាលើកខាងកំពង់ស្ពឺ ហើយប្រជាជនដែលរស់នៅខេត្តកំពង់ឆ្នាំងលើកខាងកំពង់ឆ្នាំង។ មូលហេតុដែលមានការបែងចែកបែបនេះគឺព្រោះតែនៅអំឡុងពេលនោះ ទំនប់អន្លង់ជ្រៃគឺនៅជាប់ព្រំប្រទល់គ្នារវាងខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង (នួន, ២០២២)។
យោងទៅតាមបទសម្ភាសន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមរស់នៅខេត្តកំពង់ស្ពឺ ឈ្មោះ ប្រាក់ ផល បាននិយាយថា នៅអំឡុងឆ្នាំ១៩៧៣ មានការទម្លាក់គ្រាប់បែកនៅតំបន់ទឹកលង និងនៅក្នុងព្រៃដែលស្ថិតនៅជិតនោះ។ មិនត្រឹមតែទម្លាក់គ្រាប់បែកនោះទេ កងទ័ពរបស់សហរដ្ឋអាមេរិកក៏មានទម្លាក់ធុងសាំងនៅតំបន់អន្លង់ជ្រៃនេះដែរ (ផល, ២០២២)។ ក្នុងនោះ ជា យេន បានលើកឡើងដែរថា នៅមុនឆ្នាំ១៩៧៥ មានការទម្លាក់គ្រាប់បែកនៅមូលដ្ឋានដែលគាត់រស់នៅ ហើយបានបង្ករបួសដល់ឪពុករបស់គាត់បណ្ដាលឲ្យដាច់ជើងខាងឆ្វេង (យេន, ប្រវត្តិទំនប់អន្លង់ជ្រៃ, ២០២២)។
ជារួមមក មុនការគ្រប់គ្រងរបស់ខ្មែរក្រហម នៅទំនប់អន្លង់ជ្រៃ មានការទម្លាក់គ្រាប់បែកនៅតាមទីតាំងមួយចំនួនដែលខ្មែរក្រហមរស់នៅ ហើយបណ្ដាលឲ្យរបួស និងបាត់បង់ជីវិតរបស់ប្រជាជនអស់ជាច្រើននាក់។ រីឯសភាពការក្នុងការលើកទំនប់វិញ ក៏មិនសូវទៀងទាត់ដែរ ដ្បិតមានការរំខានពីការទម្លាក់គ្រាប់បែក។
២.២ ការកសាងទំនប់អន្លង់ជ្រៃដំណាក់កាលទី២ (១៩៧៥-១៩៧៩)
ខ្មែរក្រហមបានធ្វើការបោសសម្អាតទីក្រុងនិងទីប្រជុំជននានា ដើម្បីលុបបំបាត់ចោលការរស់នៅតាមទីក្រុង និងកសាងកម្ពុជាមួយថ្មីដោយពឹងផ្អែកលើកការពង្រីកផលិតកម្មស្រូវ។ ដើមឆ្នាំ១៩៧៦ បក្សកុម្មុយនីស្តកម្ពុជាបានប្រញាប់ប្រញាល់រៀបរៀងផែនការបួនឆ្នាំលើកទីមួយ (១៩៧៧-១៩៨០) ដែលតម្រូវឲ្យធ្វើការប្រមូលផ្ដុំនូវរាល់សម្បត្តិឯកជនទាំងអស់ និងដាក់ការដាំដុះស្រូវជាអាទិភាពចម្បងរបស់ជាតិ (ខាំបូលី, ២០០៧)។
ទន្ទឹមនឹងបង្កើតនូវផែនការបួនឆ្នាំរួចមក ខ្មែរក្រហមត្រូវការកសាងទំនប់ ជីកប្រឡាយ ជាច្រើននៅទូទាំងប្រទេស ដើម្បីឲ្យវិស័យកសិកម្មនៃទិន្នផលស្រូវគ្រប់គ្រាន់តាមផែនការកំណត់។ តួយ៉ាង ទំនប់អន្លង់ជ្រៃ ជាទំនប់ដ៏ធំមួយក្នុងចំណោមទំនប់នានាក្នុងប្រទេសកម្ពុជា ដែលខ្មែរក្រហម បានបង្ខំឲ្យប្រជាជនកសាងឡើង។ លក្ខណៈពិសេសនៃទំនប់អន្លង់ជ្រៃ គឺភាពអំណោយផលទឹក ដោយសារតែតំបន់នេះស្ថិតជាប់តំបន់ភ្នំ។ នៅពេលមានភ្លៀងធ្លាក់ម្ដងៗតំបន់នេះ សម្បូរទៅដោយទឹក ជាហេតុធ្វើឲ្យខ្មែរក្រហមគិតថា អាចបង្កើតជាទីតាំងស្តុកទឹកសម្រាប់វិស័យកសិកម្ម និងជាតំបន់វារីអគ្គិសនី។ ជាក់ស្ដែងបើតាម ឃួន គិច អតីតអ្នកលើកទំនប់អន្លង់ជ្រៃ បានលើកឡើងថា នៅតំបន់ទំនប់អន្លង់ជ្រៃមានអគ្គិសនីសម្រាប់ផ្គត់ផ្គង់ដល់រោងចក្រកាត់ដេរក្រមា រោងចក្រក្រឡឹង និងសម្រាប់បំភ្លឺដល់ប្រជាជនដែលធ្វើស្រែវេនយប់។ គាត់បានបន្តរៀបរាប់ពីអគ្គិសនីនៅទំនប់អន្លង់ជ្រៃយ៉ាងដូច្នេះថា៖
ជំនាន់ប៉ុល ពត មានអគ្គិសនីតាំងពីទំនប់ហ្នឹង [ទំនប់អន្លង់ជ្រៃ] រហូតដល់រោងចក្រហ្នឹង [រោងចក្រដេរក្រមា និងរោងចក្រក្រឡឹង] ភ្លឺច្រាលពេញហ្នឹង។ មានអំពូលប៉ុនៗនេះណា [លាដៃបង្ហាញទំហំ] អំពូលម៉ែត្រអាវែងៗហ្នឹង។ គេដាក់តាមប៉ុងស្រែ បែរភ្លឺដាក់ចឹងទៅ។ មានពេញទឹកពេញដីភ្លឺវ៉ាល់ៗព្រឹក វ៉ាល់ៗល្ងាច (គិច, ២០២១)។
ម្យ៉ាងវិញទៀត បើតាម ឯម រ៉ីម បានលើកឡើងស្របគ្នាដែរថា គាត់ជាអ្នកដែលរស់នៅក្នុងតំបន់ទំនប់អន្លង់ជ្រៃក្នុងរបបខ្មែរក្រហម ប៉ុន្តែគាត់ត្រូវអង្គការឲ្យទៅធ្វើការនៅកន្លែងផ្សេង។ យូរៗទើបគាត់បានទៅលេងផ្ទះម្ដង ហើយមើលឃើញនៅទំនប់អន្លង់ជ្រៃ គឺសុទ្ធតែភ្លើងភ្លឺគ្រប់ទីកន្លែងនៅក្នុងបរិវេណទំនប់។ លើសពីនេះគាត់បានបន្ថែមទៀតថា នៅពេលដែលគាត់ទៅលេងផ្ទះម្ដងៗ គាត់តែងតែឮប្រជាជន ហៅទំនប់អន្លង់ជ្រៃថា ភ្នំពេញថ្មីគ្រប់ៗគ្នា (រ៉ីម, ២០២២)។
ក្រៅពីការធ្វើការងារដ៏នឿយហត់រាល់ថ្ងៃ នៅតំបន់អន្លង់ជ្រៃ មានការរៀបចំឲ្យមានការសម្ដែងសិល្បៈយូរៗម្ដង ដើម្បីរំសាយអារម្មណ៍ក្រោយពីការធ្វើការងារ។ ការសម្ដែងសិល្បៈ គឺអង្គការជ្រើសយកប្រជាជនដែលធ្វើការនៅទីតាំងទំនប់អន្លង់ជ្រៃនោះមកសម្ដែង។ ចំពោះការសម្ដែង ភាគច្រើនលេងសិល្បៈបែបបដិវត្តន៍ ដែលបង្ហាញតាមរយៈកាយវិការឈឺចាប់ដោយមានការ ច្រៀង រាំ ទន្ទាំឆាកផាំងៗ ការសម្ដែងជាកាយវិការរែកដីតាមទំនប់ ដែលមានបង្គី និងចប។ នៅត្រង់ចំណុចនេះ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ជា យេន បាននិយាយពីសិល្បៈនៅទំនប់អន្លង់ជ្រៃថា មានការសម្ដែងសិល្បៈ ប៉ុន្តែសិល្បៈនោះជាសិល្បៈរបស់អ្នកភូមិ គឺសម្ដែងពីកន្លែងមួយទៅកន្លែងមួយទៀត (យេន, ប្រវត្តិទំនប់អន្លង់ជ្រៃ, ២០២២)។ ចំណែកឯអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ទៀតឈ្មោះ ប្រាក់ ផល ជាអតីតអ្នកចម្រៀងក្នុងរបបខ្មែរក្រហមនៅតំបន់ទំនប់អន្លង់ជ្រៃ ក៏បានប្រាប់បញ្ជាក់អំពីការសម្ដែងសិល្បៈរបស់ប្រជាជនដែរ។ មិនត្រឹមតែប៉ុណ្ណោះគាត់បានច្រៀងចម្រៀងខ្មែរក្រហមមួយឃ្លា មានចំណងជើងថា «ឈាមក្រហមឆ្អៅ» គាត់បានចាប់ផ្ដើមច្រៀងនៅឃ្លាដែលគាត់បានចាំដូចតទៅ៖
«ឈាមក្រហមឆ្អៅ ក្រាលនៅលើប្រឹថពី ឈាមដែលពលី រំដោះប្រជាជន ឈាមគួចអណ្ដែត ត្រសែតមេឃា ឈាមដែលពលី រំដោះប្រជាជន» (ផល, ២០២២)។
សរុបមក នៅក្នុងការកសាងទំនប់អន្លង់ជ្រៃដំណាក់កាលទីពីរនេះ ខ្មែរក្រហមបានបង្ខំប្រជាជនធ្វើការងារទាំងព្រឹក ល្ងាច និងយប់ ហើយក្នុងនោះ ខ្មែរក្រហមបានបង្កើតឲ្យមានការសម្ដែងសិល្បៈយូរៗម្ដងដើម្បីជាការកំសាន្តអារម្មណ៍ដល់ប្រជាជន ដែលនឿយហត់ពីការងារ។ សិល្បៈនោះទៀតសោត បានបង្ហាញពីភាពអង់អាចក្លាហានរបស់យុវជន យុវនារី ការធ្វើការងារនៅក្នុងសហករណ៍ និងការជីកប្រឡាយ និងលើកទំនប់។
៣. រចនាសម្ព័ន្ធ
ក្រោយពេលដែលខ្មែរក្រហមឡើយកាន់អំណាច ភូមិភាគពិសេសត្រូវរំសាយចោល ដោយតំបន់មួយចំនួនកាត់ចូលទៅក្នុងភូមិភាគបស្ចិម (ភូមិភាគ៤០១) ដឹកនាំដោយ ជូ ជេត។ ភូមិភាគនេះរួមមានខេត្តកោះកុង និងខេត្តកំពង់ឆ្នាំងទាំងមូល និងផ្នែកខ្លះនៃខេត្តកំពង់ស្ពឺ ហើយចែកចេញជា៥តំបន់គឺ តំបន់៣១ តំបន់៣២ តំបន់៣៧ តំបន់១៥ និងតំបន់១១ (មជ្ឈមណ្ឌលឯកសារកម្ពុជា, ២០២០) និងមួយចំនួនទៀតកាត់ចូលក្នុងភូមិភាគនិរតី។ រីឯរចនាសម្ព័ន្ធនៃការគ្រប់គ្រងនៅទំនប់អន្លង់ជ្រៃ គឺមានការបែងចែកតួនាទីខុសៗគ្នាផងដែរ។
៣.១ តួនាទី
ជូ ជេត (ហៅមិត្តស៊ី) ជាលេខាភូមិភាគបស្ចិម ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលត្រូវចាប់ខ្លួនឃុំឃាំងនៅមន្ទីរ ស-២១ នៅឆ្នាំ១៩៧៨។ ជូ ជេត មានឈ្មោះបដិវត្តន៍ ស៊ី ឪពុកឈ្មោះ យូ ជូ ម្ដាយឈ្មោះ អ៊ិន ប៊ូ។ ជេត មានបងប្អូនពីរនាក់។ ប្រពន្ធឈ្មោះ ណេន ឈ្មោះបដិវត្តន៍ លី ក្នុងរបបខ្មែរក្រហមមានតួនាទីជាលេខាស្រុកឧដុង្គ តំបន់៣២ ភូមិភាគបស្ចិម (កល្យាណ, ២០០៤)។
នៅត្រង់ចំណុចនេះ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមរស់នៅខេត្តកំពង់ស្ពឺ ឈ្មោះ ប្រាក់ ភន បានប្រាប់ឲ្យដឹងថា ប្រធានគ្រប់គ្រងនៅភូមិភាគបស្ចិមគឺ ជូ ជេត (ហៅស៊ី)។ ចំពោះប្រធានកងសហករណ៍មានឈ្មោះ ទូច និង ប៉ាល់ (លេខាតំបន់) (ភន, ២០២២)។ ដូចគ្នានេះដែល អ្នករស់រានមានជីវិតឈ្មោះ ប្រាក់ ផល បានរៀបរាប់ស្រដៀងគ្នានឹង ប្រាក់ ភន ដែរ ប៉ុន្តែគាត់គ្រាន់តែបញ្ជាក់ថា អ្នកគ្រប់គ្រងកងសហករណ៍នៅភូមិភាគនេះមាន ប៉ាល់ ស៊ី និង មូល (ផល, ២០២២)។
៣.២ អ្នកលើកទំនប់
ប្រជាជនគ្រប់រូបក្នុងរបបកម្ពុជាប្រជាធិបតេយ្យត្រូវបានចាត់តាំងឲ្យធ្វើការទាំងអស់។ កុមារត្រូវបានដាក់ឲ្យធ្វើការស្រាលៗ ចំណែកមនុស្សចាស់ៗមានតួនាទីមើលថែទាំកុមារតូចៗ និងសត្វពាហនៈ ព្រមទាំងត្បាញកញ្រ្ចែងល្អី។ មនុស្សដែលមានអាយុលើសពី១៤ឆ្នាំ (កុមារវ័យជំទង់) ត្រូវទទួលការងារធ្ងន់ៗ និងលំបាក។ កុមារជំទង់ៗទាំងនេះត្រូវជីកប្រឡាយ ឬអាងស្តុកទឹក លើកទំនប់ កាប់ឈើធ្វើផ្ទះ រានដីដើម្បីធ្វើស្រែចម្ការ និងដាំស្រូវ (ខាំបូលី, ២០០៧)។
ការធ្វើការងារ ឬលើកទំនប់អន្លង់ជ្រៃ គឺខ្មែរក្រហមបានកៀរគរ និងបង្ខំប្រជាជនយ៉ាងខ្លាំង ពោលគឺឲ្យប្រជាជនធ្វើការបីវេននៅក្នុងមួយថ្ងៃ ព្រឹក ល្ងាច និងយប់។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅមិនឆ្ងាយប៉ុន្មានពីទំនប់អន្លង់ជ្រៃ បាននិយាយថា ខ្មែរក្រហមបាននាំយកមនុស្សពីឃុំផ្សេងៗ មកធ្វើការនៅទំនប់នោះ ហើយមានលក្ខណៈបង្ខិតបង្ខំឲ្យលើកទំនប់ ព្រោះអង្គការបានឲ្យប្រជាជនចេញទៅធ្វើការតាំងពីម៉ោងប្រាំ ឬប្រាំមួយព្រឹក ធ្វើរហូតដល់ម៉ោង១១ថ្ងៃត្រង់ ទើបបានសម្រាកហូបបាយ។ បន្ទាប់ពីហូបបានរួច នៅម៉ោងមួយរសៀល ចាប់ផ្ដើមបន្តការងារទៀត ដល់ម៉ោង១០យប់ ទើបឲ្យសម្រាក។ ចំពោះរបបអាហារ អង្គការបានផ្ដល់ឲ្យប្រជាជនពីរពេលក្នុងមួយថ្ងៃ ជួនកាលមានបបរ ជួនកាលមានបាយ លាយនឹងសម្លព្រលឹត, ត្រកួន និងទំពាំង។ ក្នុងមួយសប្ដាហ៍ អង្គការបានធ្វើបង្អែមឲ្យហូបម្ដង បង្អែមទាំងនោះមាន លត, នំកូរ, បបរស្ករ និងនំបាញ់ចានឿក។ សកម្មភាពនោះគឺអង្គការធ្វើបានត្រឹមតែពីរទៅបីសប្ដាហ៍ដំបូងប៉ុណ្ណោះ ក្រោយមកលែងមានឃើញការធ្វើបង្អែមនោះវិញ (ឡា, ២០២២)។
ក្នុងនោះ ជឿន អ៊ុល អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅភូមិអន្លង់ជ្រៃ បានប្រាប់ថា នៅពេលដែលអង្គការគោះអាគាំង(ជួង) ទើបប្រជាជនបានសម្រាកពីការងារ រួចនាំគ្នាទៅហូបអាហារ។ អង្គការបានកំណត់របស់អាហារច្បាស់លាស់សម្រាប់ប្រជាជន ករណីអង្គការកំណត់មួយកាទឹក គឺប្រជាជនបានត្រឹមតែមួយកាទឹកនោះប៉ុណ្ណោះ មិនអាចលើសពីនោះបានទេ (អ៊ុល, ២០២២)។
ជារួមមក នៅតំបន់អន្លង់ជ្រៃអាចនិយាយបានថា ការបង្ខិតបង្ខំប្រជាជនអោយធ្វើការងារមានលក្ខណៈធ្ងន់ជាទម្រង់ពលកម្មហួសកម្លាំង ព្រោះស្ថានភាពការងារលើសពី ១២ម៉ោង ក្នុងមួយថ្ងៃ មិនតែប៉ុណ្ណោះរបបអាហារ ការហូបចុកក៏មិនគ្រប់គ្រាន់។ លើសពីនេះ ក្នុងសម័យនោះ មានការបែងចែកក្រុម ឬកងទៅតាមវ័យ និងភេទផ្សេងៗគ្នា ដើម្បីងាយស្រួលក្នុងការអនុវត្តការងារ។
៤. អ្នកទោស
អ្នកទោសនៅក្នុងព្រឹត្តិការណ៍លើកទំនប់អន្លង់ជ្រៃ គឺមិនមានព័ត៌មានច្រើនបញ្ជាក់ច្បាស់នោះទេ ដ្បិតអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅក្នុងតំបន់នោះ មិនធ្លាប់ឃើញពីការចាប់ខ្លួនដោយបង្ខំរបស់អង្គការឡើយ។ ភាគច្រើនប្រជាជនដែលមានកំហុស គឺប្រើហេតុផលថាយកទៅរៀនសូត្រ ឬផ្លាស់ប្ដូរទីលំនៅថ្មី។
ជាក់ស្ដែង ជឿន អ៊ុល បានប្រាប់ឲ្យដឹងថា ការចាប់ខ្លួនត្រូវបានអង្គការលាក់កំបាំងមិនឲ្យដឹងនោះទេ។ អ្នកទោសខ្លះ ជួនកាលកំពុងតែធ្វើការសុខៗត្រូវបានអង្គការចោទប្រកាន់ដោយសាម៉ីខ្លួនមិនបានដឹងអំពីកំហុសអ្វីច្បាស់លាស់ (អ៊ុល, ២០២២)។ លើសពីនេះទៀត ប្រាក់ ផល បានលើកឡើងដែរថា ប្រជាជនដែលត្រូវចោទប្រកាន់ អង្គការប្រើហេតុផលថា ត្រូវផ្លាស់ទៅកន្លែងផ្សេងថ្មី ហើយការប្ដូរទីតាំងនោះគឺមិនដែលឃើញត្រឡប់មកវិញនោះទេ។ ចំណុចដែលគួរឲ្យចាប់អារម្មណ៍ដែលគាត់បាននិយាយនោះ គឺស្ថានភាពរបស់អ្នកទោសដែលមានសភាពធ្ងន់ធ្ងរ នោះគឺការដាក់ច្រវាក់ជើង។ អ្នកទោសទាំងនោះ អង្គការបានចាប់យកទៅដាក់នៅគុកក្រោមដី គុកនោះគឺនៅជាប់នឹងមាត់ស្ទឹង នៅពេលដែលមានទឹកជំនន់មកម្ដងៗ អ្នកទោសដែលជាប់ឃុំនៅក្នុងនោះគឺលង់ទឹកបាត់បង់ជីវិតទាំងអស់ (ផល, ២០២២)។
ចំណែកឯព្រះតេជគុណ ស៊ួស នួន មានសង្ឃដីកាថា ប្រជាជនដែលមានកំហុសនៅក្នុងរបបនោះ មិនមែនជាកំហុសធំដុំអ្វីទេ គ្រាន់តែពេលខ្លះប្រជាជនទាំងនោះនិយាយភ្លាត់ភ្លាំងបន្តិចបន្តួចក៏អាចមានកំហុសដែរ។ ក្នុងរបបខ្មែរក្រហម ពុំមានការថ្លឹងថ្លែងវិនិច្ឆ័យឲ្យបានច្បាស់ការណ៍ឡើយ។ ជាឧទាហរណ៍ គ្រាន់តែធ្វើការងារហត់ឈប់សម្រាកបន្តិច ក៏ចាត់ទុកថាជាការជំទាស់ជាមួយអង្គការ (នួន, ២០២២)។
ជារួមមក ការចាប់ខ្លួនអ្នកទោសភាគច្រើន គឺមានការសម្ងាត់បំផុត សូម្បីតែសាម៉ីខ្លួនដែលត្រូវអង្គការចាប់យកទៅមិនបានដឹងពីទោសកំហុសរបស់ខ្លួនផង។ អ្នកទោសមួយចំនួនគឺស្រេចទៅលើការចោទប្រកាន់របស់អង្គការ។ អង្គការបានប្រើភាសាបដិវត្តន៍របស់ខ្លួន សម្រាប់យកអ្នកទោសទៅឃុំឃាំង ឬសម្លាប់។
៤.១ ការសម្លាប់
ការកម្ទេចខ្មាំងនៅទំនប់អន្លង់ជ្រៃ គឺមានលក្ខណៈសម្ងាត់បំផុត ដោយប្រជាជនភាគច្រើនគិតថាអ្នកដែលអង្គការបាននាំខ្លួនទៅ គឺត្រូវផ្លាស់ទៅនៅទីលំនៅថ្មី ឬប្ដូរទៅធ្វើការនៅតំបន់ផ្សេង ប៉ុន្តែប្រជាជនដែលផ្លាស់ទីតាំងទាំងអស់នោះ ទៅហើយមិនមាននរណាម្នាក់ត្រឡប់មកវិញទេ។ យោងតាមអ្នករស់រានមានជីវិតឈ្មោះ ចាន់ ស៊ីត ជាអតីតអ្នកធ្វើការងារក្នុងរោងចក្រស្លរថ្នាំនៅក្នុងទំនប់អន្លង់ជ្រៃបានលើកឡើងថា៖
«ដូចមិនដែលឃើញគេវាយដំអីទេ គេ [អង្គការ] លាក់យើងមិនឲ្យដឹង គេថាយកទៅខាងនោះ គេលាក់មិនឲ្យយើងដឹងគេប្រាប់យើងថាចឹង។ គេមិនមែនប្រាប់ថា សម្លាប់ចោលទេ គេប្រាប់ថាផ្លាស់ទៅកន្លែងនោះគេខ្វះកម្លាំង គេផ្លាស់ទៅហើយអត់ដែលឃើញមកវិញទេ។ ផ្លាស់ពីហ្នឹងទៅដឹងតែបាត់ខ្លួនហើយ មិនដឹងយកទៅណាទេ គេយកទៅធ្វើការនៅនោះមែនក៏មិនដឹង» (ស៊ីត, ២០២២)។
ចំណែកឯ ជឿន អុល ជាអតីតកងកុមារនៅក្នុងទំនប់អន្លង់ជ្រៃបានលើកឡើងស្របគ្នាដែរថា៖
«មិនសូវបានដែលឃើញដែរ ព្រោះគេត្រូវលាក់ការណ៍ ជួនកាលធ្វើការសុខៗមានកំហុសអីគេចោទប្រកាន់រឿងអ្វីគឺអត់ដឹង គេចាប់ខ្លួនយកទៅ អ្នកធ្វើការជាមួយគ្នាសុខៗបាត់ខ្លួនទាំងមិនដឹងថាមានកំហុសអ្វីបានជាបាត់ខ្លួន ដឹងត្រឹមគេប្រាប់ថា គាត់ឈឺ ឫទៅស្រុកទៅអីចឹងទៅ គេចេះតែថា ពេលបាត់ខ្លួនហើយគឺគាត់មិនដែលបានមកវិញទេ ជួនកាលគេថាគាត់មានជាប់ពាក់ពន្ធ័អីមួយ គេត្រូវផ្លាស់ប្តូរទៅតែទៅបាត់រហូតចឹងទៅ ហើយយើងអត់ដឹងថាគេយកគាត់ទៅចឹងមែន(ផ្លាស់ប្តូរ)ឬយកទៅសម្លាប់ទេ» (អ៊ុល, ២០២២)។
ជារួមមក ការចាប់ខ្លួនយកទៅសម្លាប់នៅទំនប់អន្លង់ជ្រៃ មិនមានភាពច្បាស់លាស់ទៅលើទោសកំហុសណាមួយនោះទេ។ នៅក្នុងករណីធ្វើខុស លួចខ្ចិល ឬបំពេញការងារមិនទាន់ផែនការកំណត់របស់បក្សនោះ គឺលទ្ធផលរងនូវទារុណកម្ម និងចុងក្រោយយកទៅសម្លាប់ចោលតែម្តង។
៥. ទំនប់អន្លង់ជ្រៃនាពេលបច្ចុប្បន្ន
ទំនប់អន្លង់ជ្រៃ ជាទំនប់ដ៏ធំមួយក្នុងចំណោមទំនប់ផ្សេងៗទៀត ដែលបានបន្សល់ទុកពីរបបកម្ពុជាប្រជាធិបតេយ្យ។ នាពេលបច្ចុប្បន្ន ទំនប់នេះមានសារសំខាន់ខ្លាំងណាស់សម្រាប់បម្រើផលប្រយោជន៍ដល់ប្រជាជនក្នុងតំបន់នេះផ្ទាល់។ តួយ៉ាង ទំនប់នេះបានដើរតួនាទី ក្នុងការផ្គត់ផ្គង់ទឹកទៅដល់វិស័យកសិកម្ម ការបង្កើតជាវារីអគ្គិសនី ជាតំបន់ទេសចរណ៍ ជាពិសេសនោះគឺ ជាទីតាំងចងចាំសម្រាប់ប្រជាជនក្នុងសហគមន៍ និងប្រជាជននៅក្នុងប្រទេសកម្ពុជាទាំងមូល។
៥.១ តួនាទីក្នុងវិស័យកសិកម្ម
ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ប្រជាជនកម្ពុជានៅទូទាំងប្រទេសនៅមានភាពខ្វះសព្វគ្រប់ ហើយមេគ្រួសារជាងពាក់កណ្តាលជាស្រ្តីមេម៉ាយ។ គោលនយោបាយនៃវិស័យកសិកម្ម ក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា បង្កើតក្រុមសាមគ្គីបង្កបង្កើនផល សម្រាប់ធ្វើស្រែចម្ការ ដោយផលដែលទទួលបានអាស្រ័យលើទំហំពលកម្ម និងមធ្យោបាយផលិតកម្មកសិកម្ម (ណារ៉ុង, ២០១៩)។
៥.២ តួនាទីប្រវត្តិសាស្រ្ត
ទំនប់អន្លង់ជ្រៃ គឺជាទីតាំងប្រវត្តិសាស្រ្តដ៏សំខាន់មួយ ដែលសបញ្ជាក់ឲ្យឃើញពីសោកនាដកម្មរបស់ប្រជាជនកម្ពុជា លើកិច្ចការលើកទំនប់ដ៏ធំសម្បើមមួយនេះ។ ទីតាំងនេះជាកន្លែងដែលបង្ហាញឲ្យឃើញពីការគាបសង្កត់ ការធ្វើទុក្ខបុកម្នេញ ការជិះជាន់កម្លាំងពលកម្មលើប្រជាជន ព្រមទាំងបណ្ដាលឲ្យមនុស្សជាច្រើនបាត់បង់ជីវិត។ ថ្វីបើទំនប់អន្លង់ជ្រៃ ទើបតែកើតមាននៅក្នុងរបបខ្មែរក្រហម ប៉ុន្តែទីតាំងនេះបានដក់ជាប់នូវរឿងរ៉ាវដ៏ឈឺចាប់របស់ប្រជាជនកម្ពុជា ដែលបានរួចផុតពីរបបដ៏ឃោរឃៅនេះ។ ជាពិសេសនោះ ព្រឹត្តិការណ៍នេះមិនអាចបំភ្លេចបានឡើយ សម្រាប់ប្រជាជនដែលធ្វើការនៅទំនប់នោះផ្ទាល់។ ទោះជាយ៉ាងណាក៏ដោយ រហូតមកដល់បច្ចុប្បន្ននេះ ទំនប់អន្លង់ជ្រៃ បានក្លាយជាទីតាំងចងចាំពីព្រិត្តការណ៍ប្រវត្តិសាស្ត្រខ្មែរក្រហមដ៏មានសារសំខាន់ និងជាភស្តុតាងមួយសម្រាប់សិក្សារៀនសូត្រពីមេរៀននៃអតីតកាល។
៦. សេចក្ដីសន្និដ្ឋាន
ការសិក្សាស្រាវជ្រាវស្ដីពី ទំនប់អន្លង់ជ្រៃ បានបង្ហាញឲ្យឃើញថាក្រោយពេលដែលបានចូលកាន់កាប់នៅតំបន់អមលាំងរួចមក ខ្មែរក្រហមបានចាប់ផ្ដើមកៀរគរប្រជាជននៅក្នុងតំបន់ជិតៗឲ្យ កសាងទំនប់មួយនេះឡើង។ ទំនប់អន្លង់ជ្រៃនេះ បានកសាងឡើងចំនួនពីរដំណាក់កាល។ ដំណាក់កាលទីមួយ នៅអំឡុងឆ្នាំ១៩៧៣ ដល់ឆ្នាំ១៩៧៥ និងដំណាក់កាលទីពីរ នៅអំឡុងឆ្នាំ១៩៧៥ ក្រោយពេលដែលខ្មែរក្រហមឡើងកាន់អំណាច។ គោលបំណងសំខាន់របស់ខ្មែរក្រហម គឺចង់បង្កើតអាងស្តុកទឹកសម្រាប់វិស័យកសិកម្ម ការបង្កើតឲ្យមានទំនប់វារីអគ្គិសនីក្នុងតំបន់ និងការបង្កើតជាទីក្រុងថ្មី បន្ទាប់ពីទីក្រុងភ្នំពេញ។
នាពេលបច្ចុប្បន្ននេះ ទីតាំងទំនប់អន្លង់ជ្រៃ បានក្លាយជាទីតាំងចងចាំនៃព្រឹត្តិការណ៍ប្រវត្តិសាស្រ្តខ្មែរក្រហមដ៏មានសារសំខាន់ និងជាភស្ដុតាងមួយសម្រាប់ការសិក្សាស្រាវជ្រាវ ពីមេរៀននៃអតីតកាលសម្រាប់យុវជនជំនាន់ក្រោយ។ ម្យ៉ាងវិញទៀត ទំនប់នេះបានដើរតួនាទីយ៉ាងសំខាន់មួយ ក្នុងការផ្គត់ផ្គង់ទឹក ដែលបម្រើលើវិស័យកសិកម្មក្នុងតំបន់ ជាទំនប់វារីអគ្គិសនី និងជាកន្លែងទេសចរណ៍មួយដែរ៕
កំណែអក្ខរាវិរុទ្ធដោយ គឹម សុវណ្ណានី និង ភា រស្មី
អ្នកផ្ដល់បទសម្ភាសន៍លើប្រធានបទ ប្រវត្តិទំនប់វារីអគ្គិសនីអន្លង់ជ្រៃ
- ព្រះតេជគុណ ស៊ួស នួន (វត្តតាំងពោធិ៍)
- លោកស្រី ជា យេន
- លោកស្រី ប្រាក់ ផល
- លោកស្រី តុញ ឡា
- លោកស្រី ចាន់ ស៊ីត
- លោកស្រី ឃួន គិច
- លោកស្រី ឯម រ៉ីម
- លោក ជឿន អ៊ុល
- លោក សួង ពៅ
- លោក ប្រាក់ ភន
កំណត់ចំណាំ
១. សួង ពៅ. (២២ មិថុនា ២០២២). ប្រវត្តិទំនប់អន្លង់ជ្រៃ. (សម្ភាសន៍ដោយ នេន ស្រីមុំ). កំពង់ស្ពឺ
២. ប៉ាន់ រិទ្ធា. (២៨ កញ្ញា ២០១៨). ទំនប់ទឹកអន្លង់ជ្រៃ ទីលម្ហែកាយដ៏ប្រពៃ ឯទឹកដីកំពង់ស្ពឺ ត្រៀមស្វាគមន៍អ្នកដំណើរជិតឆ្ងាយ រដូវបុណ្យភ្ជុំបិណ្ឌ.ភ្នំពេញប៉ុស្ដិ៍ៈ ចូលអានថ្ងៃទី២២ តុលា ២០២៤ តាមរយៈតំណរភ្ជាប់: https://bit.ly/48fmDZ8
៣. ហង្ស និស្ស័យ. (២០២២). ម១៣៖មន្ទីរសន្តិសុខដំបូងរបស់ខ្មែរក្រហមក្នុងអំឡុងសង្រ្គាម១៩៧០-១៩៧៥. សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង.
៤. ស្ទួន
៥. ផេង ពង្សរ៉ាស៊ី et all. (២០២០). ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) បោះពុម្ពលើកទី២. មជ្ឈមណ្ឌលឯកសារកម្ពុជា. ទំព័រ៣៤
៦. ប្រាក់ ផល. (២២ មិថុនា ២០២២). ប្រវត្តិទំនប់អន្លង់ជ្រៃ. (សម្ភាសន៍ដោយ នេន ស្រីមុំ). កំពង់ស្ពឺ
៧. ជា យេន. (២២ មិថុនា ២០២២). ប្រវត្តិទំនប់អន្លង់ជ្រៃ. (សម្ភាសន៍ដោយ នេន ស្រីមុំ). កំពង់ស្ពឺ
៨. ស៊ួស នួន. (២១ មិថុនា ២០២២). ប្រវត្តិទំនប់អន្លង់ជ្រៃ. (សម្ភាសន៍ដោយ សាក់ សុថាត់). កំពង់ស្ពឺ
៩. ប្រាក់ ផល. (២២ មិថុនា ២០២២). ប្រវត្តិទំនប់អន្លង់ជ្រៃ. (សម្ភាសន៍ដោយ នេន ស្រីមុំ). កំពង់ស្ពឺ
១០. ជា យេន. (២២ មិថុនា ២០២២). ប្រវត្តិទំនប់អន្លង់ជ្រៃ. (សម្ភាសន៍ដោយ នេន ស្រីមុំ). កំពង់ស្ពឺ
១១. ឌី ខាំបូលី. (២០០៧). ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩). មជ្ឈមណ្ឌលឯកសារកម្ពុជា. ទំព័រ៣២
១២. ឃួន គិច. (៣០ វិច្ឆិកា ២០២១). ប្រវត្តិទំនប់អន្លង់ជ្រៃ. (សម្ភាសន៍ដោយ កែវ សីហា និង លន់ ចន្ថា). កំពង់ស្ពឺ
១៣. ឯម រ៉ីម. (១៥ កក្កដា ២០២២). ប្រវត្តិទំនប់អន្លង់ជ្រៃ. (សម្ភាសន៍ដោយ សាក់ សុថាត់). កំពង់ស្ពឺ
១៤. ជា យេន. (២២ មិថុនា ២០២២). ប្រវត្តិទំនប់អន្លង់ជ្រៃ. (សម្ភាសន៍ដោយ នេន ស្រីមុំ). កំពង់ស្ពឺ
១៥. ប្រាក់ ផល. (២២ មិថុនា ២០២២). ប្រវត្តិទំនប់អន្លង់ជ្រៃ. (សម្ភាសន៍ដោយ នេន ស្រីមុំ). កំពង់ស្ពឺ
១៦. ផេង ពង្សរ៉ាស៊ី et all. (២០២០). ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) បោះពុម្ពលើកទី២. មជ្ឈមណ្ឌលឯកសារកម្ពុជា. ទំព័រ៣៤
១៧. សាន់ កល្យាណ. (២០០៤). ទស្សនាវដ្ដីស្វែងរកការពិត. លេខ៥០ ភ្នំពេញ.មជ្ឈមណ្ឌលកសារកម្ពុជា. ទំព័រ៤
១៨. ប្រាក់ ភន. (២២ មិថុនា ២០២២). ប្រវត្តិទំនប់អន្លង់ជ្រៃ. (សម្ភានន៍ដោយ សាក់ សុថាត់). កំពង់ស្ពឺ
១៩. ប្រាក់ ផល. (២២ មិថុនា ២០២២). ប្រវត្តិទំនប់អន្លង់ជ្រៃ. (សម្ភាសន៍ដោយ នេន ស្រីមុំ). កំពង់ស្ពឺ
២០. ឌី ខាំបូលី. (២០០៧). ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩). មជ្ឈមណ្ឌលឯកសារកម្ពុជា. ទំព័រ៤៦
២១. តុញ ឡា. (២១ មិថុនា ២០២២). ប្រវត្តិទំនប់អន្លង់ជ្រៃ. (សម្ភាន៍ដោយ ប៊ន លាងអាយ). កំពង់ស្ពឺ
២២. ជឿន អ៊ុល. (២០ មិថុនា ២០២២). ប្រវត្តិទំនប់អន្លង់ជ្រៃ. (សម្ភាស់ដោយ សាក់ សុថាត់) កំពង់ស្ពឺ
២៣. ជឿន អ៊ុល. (២០ មិថុនា ២០២២). ប្រវត្តិទំនប់អន្លង់ជ្រៃ. (សម្ភាស់ដោយ សាក់ សុថាត់) កំពង់ស្ពឺ
២៤. ប្រាក់ ផល. (២២ មិថុនា ២០២២). ប្រវត្តិទំនប់អន្លង់ជ្រៃ. (សម្ភាសន៍ដោយ នេន ស្រីមុំ). កំពង់ស្ពឺ
២៥.ស៊ួស នួន. (២១ មិថុនា ២០២២). ប្រវត្តិទំនប់អន្លង់ជ្រៃ. (សម្ភាសន៍ដោយ សាក់ សុថាត់). កំពង់ស្ពឺ
២៦. ចាន់ ស៊ីត. (២២ មិថុនា ២០២២). ប្រវត្តិទំនប់អន្លង់ជ្រៃ. (សម្ភាសន៍ដោយ ទឹក កញ្ញា). កំពង់ស្ពឺ
២៧. ជឿន អ៊ុល. (២០ មិថុនា ២០២២). ប្រវត្តិទំនប់អន្លង់ជ្រៃ. (សម្ភាស់ដោយ សាក់ សុថាត់) កំពង់ស្ពឺ
២៨. ហង់ជួន ណារ៉ុន. (២០១៩). ប្រវត្តិសាស្រ្តកម្ពុជាក្នុងបរិបទសកលលោក. ភ្នំពេញៈ គ្រឹះស្ថានបោះពុម្ពផ្សាយស៊ីប៉ា,
អត្ថបទដោយ៖ នេន ស្រីមុំ អ្នកសរសេរព័ត៌មានឌឹញូវ
កំណែអក្ខរាវិរុទ្ធដោយ៖ គឹម សុវណ្ណដានី