ខ្ញុំត្រូវអម្បែងគ្រាប់ហោះមកលើស្លឹកត្រចៀក និងធ្លាយដល់ថ្គាម

ជូ នូ ភេទប្រុស អាយុ៧៥ឆ្នាំ មានទីកន្លែងកំណើតនៅក្នុង ភូមិពែងមាសត្បូង ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។ បច្ចុប្បន្ន នូ រស់នៅក្នុងភូមិទឹកជុំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ នូ បាននិយាយថា ៖ «ខ្ញុំមានបងប្អូនចំនួន៥នាក់ ហើយខ្ញុំជាកូនពៅនៅក្នុងគ្រួសារ។ នៅជំនាន់នោះ គ្រួសារខ្ញុំមានជីវភាពខ្វះខាតណាស់ ហើយខ្ញុំជាកូនកំព្រារស់នៅជាមួយម្ដាយចុង។ កាលពីវ័យកុមារ ខ្ញុំរៀនអក្សរបានត្រឹមថ្នាក់ទី៧ នាសម័យសង្គមរាស្រ្តនិយម។ នៅក្នុងឆ្នាំ១៩៧០ ខ្ញុំ រួមទាំងក្មេងៗនៅក្នុងភូមិត្រូវបានឈប់រៀន ដោយសារ លន់ នល់ ការធ្វើរដ្ឋប្រហារ ទម្លាក់សម្ដេចនរោត្តម សីហនុ ពីព្រះតំណែងប្រមុខរដ្ឋ។ រយៈពេលមួយឆ្នាំក្រោយមក ឪពុករបស់ខ្ញុំបានស្លាប់បាត់បង់ជីវិតដោយសារជំងឺ។ ជីវិតខ្ញុំចាប់ផ្ដើមតែលតោល ហើយលែងមានទីពឹងពាក់ទៀតហើយ។ ខ្ញុំខំប្រឹងរក្សាជីវិតរស់នៅពីមួយថ្ងៃទៅមួយថ្ងៃដោយមិនមានគោលដៅអ្វីទាំងអស់។ រហូតដល់ឆ្នាំ១៩៧៤ ខ្ញុំបានចូលរួមជាមួយកងទ័ពខ្មែរក្រហមវាយដណ្ដើមទឹកដី និងអំណាចពី លន់ នល់ ត្រឡប់មកវិញដើម្បីជូនដល់សម្ដេចព្រះ នរោត្តម សីហនុ វិញ។ ខ្ញុំក៏បានចេញទៅសមរភូមិដំបូងនៅម្ដុំស្លែង នៃភូមិធំនៅក្នុងខេត្តកណ្ដាល។

កាលណោះ កងទ័ពខ្មែរក្រហមវាយឆ្ពោះទៅទីក្រុងភ្នំពេញ។ ការធ្វើសង្គ្រាមមិនមានភាពងាយស្រួលចំពោះកងទ័ព និងប្រជាជនឡើយ។ ប៉ុន្តែប្រសិនបើយើងមិនធ្វើសង្គ្រាមតបតទៅនឹងកងទ័ព លន់ នល់ នោះទេប្រាដកជាកងទ័ពយើងត្រូវស្លាប់ទាំងអស់ ហេតុដូចនេះហើយទើបមានការធ្វើសង្គ្រាមតបត។ ការធ្វើសង្គ្រាមនេះ បានធ្វើឲ្យកងទ័ពទាំងពីរភាគីបាត់បង់ជីវិត និងរបួសអស់ជាច្រើន។ ការលះបង់របស់ខ្ញុំ រួមទាំងយុវជននៅក្នុងសមរភូមិមិនចង់បានអ្វីក្រៅពីការពារទឹកដីខ្មែរជូនប្រជាជន និងដើម្បីស្វែងរកសន្តិភាពមួយដ៏ពិតប្រាកដសម្រាប់ប្រជាជាតិខ្មែរ។ យុវជនដែលជាកងទ័ពទាំងអស់បានលះបង់ចាកចេញពីក្រុមគ្រួសារបងប្អូនទាំងវ័យក្មេងដើម្បីចូលតស៊ូនៅក្នុងព្រៃដោយគ្មានការខ្លាចរអា ហើយយើងក៏មិនចង់ឲ្យប្រជាជនរស់នៅជួបការលំបាកនោះទេ។ លុះដល់ឆ្នាំ១៩៧៥ ខ្ញុំរងរបួសដោយសារគ្រាប់ផ្លោងរបស់កងទ័ព លន់ នល់។ ពេលនោះខ្ញុំត្រូវអម្បែងគ្រាប់ហោះមកលើស្លឹកត្រចៀក និងធ្លាយដល់ថ្គាមរបស់ខ្ញុំ។ ខ្ញុំបានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យស្ថិតនៅភ្នំអដ្ឋរស្ស អស់រយៈពេលមួយខែទើបបានជាសះស្បើយ។ ទម្រាំតែបានជាសះស្បើយពីរបួស ខ្ញុំត្រូវហូបបបរសរយៈពេលមួយខែ។ ខ្ញុំត្រូវចំថ្គាមខ្លាំង ដែលបណ្តាលឲ្យខ្ញុំហារមាត់ហូបអ្វីមិនបាន ក្រៅពីបបរ។ កំឡុងពេលនោះ ខ្ញុំត្រូវបានក្រុមគ្រូពេទ្យជួយមើលថែ ព្យាបាលបានល្អទើបខ្ញុំមិនសូវលំបាកពេលសម្រាកនៅមន្ទីរពេទ្យ។

នៅជំនាន់សង្គ្រាម គ្មានអ្នកណាធំជាងកងទ័ពនោះទេ គ្មានក្រុមគ្រូពេទ្យណាម្នាក់មិនអើពើ ឬមិនមើលថែទុកដាក់លើអ្នករបួសឡើយ។ ខណៈពេលដែលខ្ញុំកំពុងសម្រាកព្យាបាលរបួស ខ្មែរក្រហមក៏បានទទួលជ័យជម្នះនៅទីក្រុងភ្នំពេញ។ ខ្ញុំក៏មានចិត្តសប្បាយរីករាយជាខ្លាំងជាមួយនឹងជ័យជម្នះមួយនេះ។ ខ្ញុំរំពឹងខ្ពស់ថានឹងបានវិលត្រឡប់ទៅរកគ្រួសារនៅឯស្រុកកំណើតវិញ។ ប៉ុន្តែ អ្វីដែលខ្ញុំនឹកស្មានមិនដល់នោះគឺ មួយកងអង្គភាពរបស់ខ្ញុំមានគ្នាប្រហែល២០០០នាក់ត្រូវបញ្ជូនបន្តឲ្យទៅយាមនៅតាមព្រំដែននៅក្នុងខេត្តមណ្ឌលគិរី ដែលជាខេត្តមួយសម្បូរព្រៃឈើក្រាស់ និងមានទីតាំងដាច់ឆ្ងាយពីខេត្តដទៃទៀត។ កាលណោះ កម្លាំងទ័ពទាំងអស់ដែលខ្ញុំបញ្ជូនទៅខេត្តមណ្ឌលគិរីត្រូវធ្វើដំណើរជិះឡានចេញពីភ្នំពេញ ឆ្ពោះទៅខេត្តកំពង់ចាម រួចបន្តដំណើរតាមកប៉ាល់ទឹកចេញពី ខេត្តកំពង់ចាម ឆ្ពោះទៅខេត្តក្រចេះ។ ពេលទៅដល់ទឹកដីខេត្តក្រចេះ ខ្ញុំនិងកងទ័ពជាច្រើននាក់ទៀតបានធ្វើដំណើរបន្តទៅ ខេត្តមណ្ឌលគិរីដោយថ្មើរជើង។ យើងបានចំណាយពេលអស់មួយខែ ទើបទៅដល់ទីតាំងបោះជំរំសម្រាប់ដើរល្បាតតាមព្រំដែន។ ការរស់នៅរបស់កងទ័ពនៅពេលនោះមិនបានរស់នៅជិតប្រជាជននៅក្នុងខេត្តនោះទេ។ កងទ័ពទាំងអស់មិនសូវបានជួបជាមួយប្រជាជននៅក្នុងមូលដ្ឋានឡើយ។ កងទ័ពនៅតាមព្រំដែនជួបការលំបាកជាច្រើន ដោយសារការខ្វះខាតស្បៀងអាហារ ការរស់នៅដាច់ស្រយាលពីប្រជាជន និងការចំណាយកម្លាំងធ្វើស្រែប្រមូលផល ដើម្បីផ្គត់ផ្គង់ជីវភាពកងទ័ពដោយខ្លួនឯង។

ការងារកងទ័ពនៅតាមព្រំដែនកម្ពុជា-វៀតណាម ត្រូវដើរល្បាតពីរថ្ងៃម្តង ដោយមិនអាចខានយូរថ្ងៃបាននោះទេ។ អំឡុងពេលនោះ ភាគីវៀតណាមក៏មានការតឹងរឹងចំពោះបញ្ហាបង្គោលព្រំដែនដែរ។ កងទ័ពខ្មែរក្រហម និងកងទ័ពវៀតណាម នៅតាមព្រំដែន មិនទាន់មានជម្លោះនឹងគ្នានោះទេ។ យើងនិយាយរាក់ទាក់គ្នាទៅវិញទៅមកធម្មតា។ មួយរយៈក្រោយមក នៅពេលមានភាគីខ្មែរ ឬវៀតណាម ចូលទៅកាន់ទឹកដីភាគីណាមួយ ការបាញ់ប្រយុទ្ធគ្នានឹងកើតឡើងភ្លាម។ ចាប់តាំងពីពេលនោះមក ភាគីទាំងពីរក៏មានការបាញ់គ្នាទៅវិញទៅមកនៅពេលដើរល្បាតជួបគ្នា។ ជួនកាលកងទ័ពវៀតណាមលួចចូលមកកាន់ដីខ្មែរ ហើយលួចជីករណ្ដៅលេណដ្ឋានចាំវាយឆ្មក់មកលើកងទ័ពខ្មែរក្រហម ធ្វើឲ្យរបួស និងស្លាប់អស់មួយចំនួន។ លុះដល់ឆ្នាំ១៩៨៣ ខ្ញុំបានធ្វើដំណើរមកដល់លើភ្នំដងរែក និងបានរស់នៅទីនោះ។ ខ្ញុំរស់នៅតំបន់ភ្នំ១០០១ ជាមួយប្រជាជនជាច្រើននាក់ផ្សេងទៀត។ នៅទីនោះ ការហូបចុកមិនមានការខ្វះខាតអ្វីទៀតនោះទេ។ យើងបានបើកស្បៀងអាហារជារៀងរាល់មួយសប្ដាហ៍ម្ដងសម្រាប់ប្រជាជនដូចជា អង្ករ អំបិល, ប៊ីចេង, ទឹកត្រី, ប្រហុក, ត្រីខកំប៉ុង, ស្ករស, ទឹកដោះគោ និងមី ជាដើម។ ក្នុងឆ្នាំដដែល ខ្ញុំក៏បានត្រូវរបួសលើកទីពីរ ដោយសារជាន់មីនពេលធ្វើដំណើរទៅសមរភូមិមុខ។ បន្ទាប់ពីខ្ញុំត្រូវរបួស ខ្ញុំត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅខាងក្រោយវិញ។

ខ្ញុំនៅព្យាបាលរបួសបានមួយរយៈ ទើបជាសះស្បើយ និងបានចូលទៅសមរភូមិបន្តទៀត។ លុះដល់ឆ្នាំ១៩៨៥ ខ្ញុំក៏បានរៀបការជាមួយប្រពន្ធខ្ញុំបច្ចុប្បន្ននេះ។ កាលណោះប្រពន្ធខ្ញុំ គាត់ជានារីកងដឹកជញ្ជូន។ ខ្ញុំក៏បានរស់នៅជាមួយប្រពន្ធនៅសមរភូមិក្រោយ រហូតដល់ខ្មែរក្រហមព្រមចុះចូលជាមួយរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ១៩៩៨។ មកដល់បច្ចុប្បន្ននេះ ខ្ញុំមានការអន់ចិត្តនឹងជីវភាពរស់នៅរបស់ខ្ញុំដែលមានការខ្វះខាត គួបផ្សំជាមួយជំងឺប្រចាំកាយពេលចាស់ជរាដែលបានបន្សល់ទុកពីសម័យសង្គ្រាមដូចជា៖ លើសឈាម, គ្រោះក្នុងតម្រងនោម,ពោះវៀនដុះខ្នែង,ឈឺសន្លាក់ និងអម្បែងគ្រាប់ជាប់នៅក្នុងខ្លួន៕

អត្ថបទដោយ៖ មេក វិន, សួត វិចិត្រ និង លី សុខឃាង

កំណែអក្ខរាវិរុទ្ធដោយ៖ សូ ហ្វារីណា

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin