កងទ័ពឈរជើងនៅកោះសេះក្នុងអំឡុងឆ្នាំ១៩៧៥-១៩៧៩
កោះសេះ គឺជាកោះមួយក្នុងចំណោមកោះ និងកូនកោះទាំង៦៤របស់ប្រទេសកម្ពុជា។ កោះសេះមានទីតាំងនៅក្នុងឈូងសមុទ្រថៃចំណុះឲ្យឧទ្យានជាតិរាម ខេត្តព្រះសីហនុ។ កោះសេះមានចម្ងាយ១.៥គីឡូម៉ែត្រប៉ែកខាងត្បូងកោះថ្មី និងប្រហែល៩គីឡូម៉ែត្រពីឃុំរាម ខេត្តព្រះសីហនុ។ កោះសេះមាន៤.៥គីឡូម៉ែត្រពីកោះត្រល់។ កោះសេះ មានផ្ទៃដី ៧.៥គីឡូម៉ែត្រការ៉េ (បណ្តោយ៤.៤គីឡូម៉ែត្រ ទទឹង១.៨-៤.៤គីឡូម៉ែត្រ និងមានឆ្នេរ ១៥គីឡូម៉ែត្រ)។ ក្នុងរបបខ្មែរក្រហម ជាពិសេសអំឡុងពេលសង្រ្គាមកម្ពុជា-វៀតណាម ខ្មែរក្រហមបានប្រើកោះសេះជាបន្ទាយកងទ័ព ប៉ុន្តែបច្ចុប្បន្ន កោះនេះគ្មានមនុស្សរស់នៅនោះទេ ខណៈច្រាំងសមុទ្រភាគច្រើនសម្បូរទៅដោយ ព្រៃកោងកាង។
លាង បៀ ភេទប្រុស អាយុ៦៦ឆ្នាំ ហើយសព្វថ្ងៃរស់នៅក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។ បច្ចុប្បន្ន លាង បៀ ជាមេឃុំអន្លង់រាប។ បៀ មានស្រុកកំណើតនៅក្នុងភូមិគោគព្រិច ឃុំគោគព្រិច ស្រុកគីរីវង្ស ខេត្តតាកែវ។ មានឪពុកឈ្មោះ លាង ជា (ស្លាប់) និងម្ដាយឈ្មោះ អង់ សិន (ស្លាប់)។ បៀ មានបងប្អូនបង្កើតចំនួន៤នាក់ (ស្លាប់ម្នាក់)។ ភរិយារបស់ជាឈ្មោះ ជួប ច្រិប អាយុ៥៩ឆ្នាំ មានមុខរបរជាមេផ្ទះនិងធ្វើចម្ការបន្ដិចបន្តួច។ បៀ មានកូនចំនួន៥នាក់ (ស្រី៤នាក់)។ នៅអំឡុងឆ្នាំ១៩៦៧ បៀ បានចូលរៀននៅសាលាបឋមសិក្សាវត្តស្លែង បៀ បានត្រឹមថ្នាក់ទី១០ចាស់។
ឆ្នាំ១៩៧០ បៀ បានឈប់រៀន ដោយសារ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ ដែលធ្វើឲ្យកើតមានសង្រ្គាមនិងមានភាពវឹកវរក្នុងភូមិស្រុក មិនអាចទៅសិក្សារៀនសូត្របន្តបាន។ បន្ទាប់ពីឈប់រៀន បៀ រស់នៅជួយធ្វើការងាររបស់ឪពុកម្ដាយនៅផ្ទះធម្មតា។ នៅចន្លោះឆ្នាំ១៩៧១ និងឆ្នាំ១៩៧២ ទាហានអាមេរិកបានទម្លាក់គ្រាប់បេ៥២ នៅតាមភ្នំក្នុងស្រុកគីរីវង្ស សង្រ្គាមក៏បានផ្ទុះឡើង។ ការទម្លាក់គ្រាប់បែកបានបង្កឲ្យមានគ្រោះថ្នាក់ដល់ប្រជាជន និងសត្វពាហនៈ(ជ្រូក គោក្របី មាន់ទា) រួមទាំងផ្ទះសម្បែងមួយចំនួនផងដែរ។ ចន្លោះឆ្នាំ១៩៧៣ដល់ឆ្នាំ១៩៧៥ នៅក្នុងស្រុកគីរីវង្សភាពចម្រូងចម្រាស់រវាងភាគីខ្មែរក្រហម និងភាគី លន់ នល់ កាន់តែធ្ងន់ធ្ងរទៅ។ ប្រធានយុវជនក្នុងឃុំគោគព្រិច បានដើរឃោសនាអំពាវនាវប្រមូលយុវជននៅក្នុងភូមិឃុំទាំងអស់។ចូលរួមក្នុងការហាត់រៀនអំពីយុទ្ធសាស្រ្តប្រយុទ្ធ ត្រៀមចូលបម្រើកងទ័ពរណសិរ្ស ដើម្បីដណ្ដើមអំណាចពី លន់ នល់ ថ្វាយសម្ដេចព្រះនរោត្ដម សីហនុ យាងព្រះអង្គចូលមកក្នុងប្រទេសកម្ពុជា និងគ្រប់គ្រងឡើងវិញ។ នៅពេលនោះឈ្មោះ សុំ ជាអ្នករស់នៅក្នុងភូមិជាមួយគ្នាបានណែនាំឲ្យ បៀ ចូលរួមដើម្បីធ្វើជាកងទ័ពជាមួយខ្លួននិងអ្នកផ្សេងទៀត។ មូលហេតុនេះ បានធ្វើឲ្យ បៀ សម្រេចចិត្តនិងស្ម័គ្រចិត្តចូលបម្រើកងទ័ពរណសិរ្សក្នុងខេត្តតាកែវ។ ដំបូងមិនទាន់មានការបង្កើតកងពលនោះទេ មានវរសេនាតូច ដែលមានស្នងការឈ្មោះ ផាត។ បៀ ស្ថិតក្នុងតំបន់១៣ ដែលមានមេគណៈតំបន់ឈ្មោះ មាស មុត និង ប្រធានភូមិនិរតីឈ្មោះ ឈិត ជឿន ហៅ តា ម៉ុក។ បៀ តែងតែចូលក្នុងសមរភូមិប្រយុទ្ធជាមួយទាហាន លន់ នល់ ជាបន្តបន្ទាប់។ បន្ទាប់មក បៀ ត្រូវបានប្ដូរទៅការពារនៅភ្នំដិនតាមព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តតាកែវ និងបន្តវាយនៅតាមព្រំដែន មិនបានចូលទៅដល់ទីក្រុងភ្នំពេញនោះទេ។ ក្នុងឆ្នាំដដែល ម្ដាយ លាង បៀ បានស្លាប់ដោយសារខ្យល់គ ហើយមិនបានលេបថ្នាំឲ្យទាន់ពេលវេលា។ ខែកក្កដា ឆ្នាំ១៩៧៥ មាស, មុត, បៀ ព្រមទាំងកងទ័ពមួយចំនួនត្រូវបានបញ្ជូនចេញពីខេត្តតាកែវទៅកាន់កំពង់សោម។ ពេលទៅដល់កំពង់សោមដំបូង មាស មុត បានប្រជុំដើម្បីរៀបចំកងទ័ពជើងទឹក និងជើងគោក។ បៀ ស្ថិតនៅក្នុងកងពលលេខ១៦៤ ដែលជាកងទ័ពជើងទឹកនៅការពារព្រំដែនសមុទ្រកម្ពុជា។ បៀ នៅប្រចាំការនៅលើកោះសេះ។ ខ្មែរក្រហមបានរៀបចំសម្ភាការពារមានកាំភ្លើងទំនើបៗ កប៉ាល់តូចធំ សម្រាប់កងទ័ពរួចជាស្រេចសម្រាប់ត្រៀមប្រយុទ្ធ ប្រសិនបើមានសត្រូវចូលឈ្លានពាន ឬឆ្លងកាត់ កន្លែងទីតាំងកងទ័ព។ ពេលនោះមានប្រភេទកប៉ាល់ផ្ដាច់មីនតូចៗ មានគ្រាប់ប៉ុនធុងពុយវែងរបស់កប៉ាល់ អាចបើកបរក្នុងល្បឿន១ម៉ោងបានចម្ងាយ៦០គីឡូម៉ែត្រ។ កប៉ាល់នេះប្រើសម្រាប់បាញ់កប៉ាល់មុជទឹក ឬកប៉ាល់ធំៗ។ កងទ័ពដែលនៅប្រចាំការនៅកំពង់សោម មានទាំងជើងទឹក និងជើងគោក ដោយក្នុងមួយកងពលមានទ័ពប្រហែលជាមួយម៉ឺននាក់។ បៀ បើកកប៉ាល់នៅជិតផែឬ និងបោះយុត្ថិថ្កានៅផែកំពង់សោម។
ចន្លោះឆ្នាំ១៩៧៦-១៩៧៩ ក្នុងពេល បៀ បើកកប៉ាល់ការពារនៅជុំវិញកោះសេះ មានទូកនេសាទខាងប្រទេសថៃបានបើកចូលមកដែនសមុទ្រកម្ពុជា បៀ និងកងទ័ពកប៉ាល់បាននាំគ្នាព័ទ្ធចាប់ទូកនោះ រួចបញ្ជូនទាំងទូកនិងមនុស្សឲ្យទៅខាងកងពល។ បៀ និងកងទ័ពកប៉ាល់ទាំងអស់មានតួនាទីចាប់ទូក ប៉ុន្តែគ្មានសិទ្ធប្រលែងទូកដែលបើកចូលដែនសមុទ្រកម្ពុជាទេ។ ក្នុងអំឡុងពេលបើកកប៉ាល់ល្បាតការពារនៅលើកោះ បៀ និងកងទ័ពចាប់បានទូកថៃប្រហែល១០ទៅ២០គ្រឿងទាំងទូកតូច និងទូកធំ។ ក្នុងអំឡុងពេលនោះ ក៏មានប្រជាជនខ្មែរ និងវៀតណាមបើកទូកឆ្លងកាត់ បៀ ចាប់បានមួយចំនួនភាគច្រើនរត់រួចឆ្លងទៅប្រទេសថៃដែរ។ មិនថាទូក កប៉ាល់ ឬនាវាដឹកទំនិញ ដែលហ៊ានបើកឆ្លងកាត់បន្ទាយរបស់កងទ័ពខ្មែរក្រហមដែលនៅប្រចាំការពារនៅតាមដែនសមុទ្រ គឺត្រូវតាមចាប់រួចបញ្ជូនទៅខាងកងពលទាំងអស់។
សម្រាប់កងទ័ពជើងទឹកមានរបបអាហារហូបគ្រប់គ្រាន់ មិនមានភាពខ្វះខាតនោះទេ។ នៅពេល បៀ បើកកប៉ាល់មកចាក់ប្រេងនៅកំពង់ផែម្ដងៗ បៀ បានឃើញកម្មករដឹកជញ្ជូន លីសែងសម្ភាចេញពីកប៉ាល់អន្តរជាតិជាច្រើនមានទាំងប្រុស និងស្រី ប៉ុន្តែ បៀ មិនបានដឹងថាសម្ភារទាំងអស់នោះជាអ្វីនោះទេ។ បៀ ធ្លាប់កើតជំងឺគ្រុនចាញ់ ហើយឡើងមកសម្រាកនៅមន្ទីពេទ្យចម្ការដូងនៅរាម។ ក្នុងអំឡុងពេលនៅការពារដែនសមុទ្រ បៀ មិនដែលដឹងអំពីសុខទុក្ខរបស់ឪពុកម្ដាយ និងបងប្អូននោះទេ។ បៀ មិនហ៊ានសូម្បីសុំមេកងត្រឡប់មកលេងឪពុកម្ដាយនៅផ្ទះ។ ប៉ុន្តែនៅថ្ងៃមួយ មេកងបានប្រាប់ឲ្យកងទ័ពកប៉ាល់ទាំងអស់អាចសរសេរសំបុត្រនឹករឭកទៅកាន់ឪពុកម្ដាយរបស់ខ្លួនបាន មានទ័ពខ្លះមិនចេះអក្សរ អ្នកចេះជួយសរសេរជំនួសគ្នា។ ពេលសរសេររួចមេកងប្រាប់ថា នឹងយកសំបុទ្រទាំងនេះបញ្ជូនទៅកាន់ឪពុកម្ដាយរៀងៗខ្លួន ប៉ុន្តែមិនដែលបានឃើញសំបុត្រត្រឡប់មកវិញនោះទេ។ ក្នុងកងពល១៦៤ មានកងទ័ពចម្រុះពីតាមបណ្ដាខេត្តនិងភូមិភាគបូព៌ា។ បន្ទាប់ពីកម្មាភិបាលនៅភូមិភាគបូព៌ាត្រូវបានចាប់ខ្លួន កងទ័ពភូមិភាគបូព៌ាត្រូវជាប់សង្ស័យ និងបញ្ជូនឲ្យទៅធ្វើស្រែ លត់ដំ នៅជិតកងកេង ចំណោទរាម។ បៀ ធ្លាប់មកចាំទទួល ប៉ុល ពត, នួន ជា ជនជាតិចិនឈ្មោះ ឈិន យិនគួយ ព្រមទាំងមានគណៈប្រតិភូជាច្រើននាក់ទៀត។ ក្រោយមក កងទ័ពវៀតណាមបានវាយចូលមកកំពង់សោម ដោយសារកងទ័ពវៀតណាមមានចំនួនច្រើន ខាងកងទ័ពខ្មែរក្រហមមិនអាចទប់ទល់បាន កងទ័ពវៀតណាមវាយបែកកំពង់សោមក្នុងថ្ងៃ៧ មករា ឆ្នាំ១៩៧៩។ បន្ទាប់មក បៀ និងកងទ័ពខ្មែរក្រហមបានបើកកប៉ាល់ចេញពីខេត្តព្រះសីហនុរត់ទៅកាន់ខេត្តកោះកុងមានគ្នា៣៧នាក់ មកដល់ខេត្តកោះកុង បៀ និងកងទ័ពខ្មែរក្រហមផ្សេងទៀតបានយកកប៉ាល់ចងផ្អោបគ្នា រួចបាញ់ពន្លិចទឹកចោលអស់ជាច្រើនគ្រឿង។ ក្រោយពីមកដល់ ខេត្តកោះកុង ខ្មែរក្រហមបានរៀបផែនការណ៍វាយឈ្លបទៅកាន់កងទ័ពវៀតណាមវិញ។ កងទ័ពមួយចំនួនមានភាពភ័យខ្លាចបានបោះបង់ការវាយឈ្លបរួចបន្លំខ្លួនមកជាជនស៊ីវិលរត់ត្រឡប់ទៅផ្ទះវិញ។ ចំណែក បៀ និងកងទ័ពមួយចំនួនទៀតនៅតែតស៊ូវាយជាមួយកងទ័ពវៀតណាមអស់រយៈពេល១ឆ្នាំ។
ឆ្នាំ១៩៨០ បៀ និងកងទ័ពបានចេញពី ខេត្តកោះកុង បន្តមករស់នៅព្រំដែនខ្មែរ-ថៃ ច្រកថ្មដា ខេត្តពោធិ៍សាត់។ ក្នុងពេលជាមួយគ្នានោះដែរ ក៏មានកងទ័ពកងពលទី២ ប្រធានកងពលឈ្មោះ រ៉ែន និងកងពលទី៣ប្រធានឈ្មោះ សេង ដែលជាកងពលរបស់ បៀ ។ កាលចូលមកដល់ថ្មដាដំបូង បៀ ខ្លាចណាស់ ព្រោះនៅទីនោះមានព្រៃក្រាស់ស្ដុក ហើយសម្បូរទៅដោយសត្វកាចសហាវច្រើន ប៉ុន្តែមិនអាចដកខ្លួនចេញពីកងទ័ពបាននោះទេ ត្រូវប្រយុទ្ធបន្តទៀត។ កងទ័ពទាំងអស់នៅក្នុងកងពលទី៣ ធ្វើការតស៊ូប្រយុទ្ធខ្លាំងក្លាជាមួយកងទ័ពវៀតណាមនៅតាមថ្មដា។ ក្រោយមក ប្រធានកងពលឈ្មោះ សេង បានស្លាប់ក្នុងពេលធ្វើការតស៊ូក្នុងសមរភូមិជាមួយវៀតណាម។ បន្ទាប់ពី សេង បានស្លាប់ ឈ្មោះ ឈឿន បានឡើងជាប្រធានកងពលទី៣។ អំឡុងពេលវាយជាមួយកងទ័ពវៀតណាម ខ្មែរក្រហម និងវៀតណាមត្រូវប្រឈមមុខជាមួយគ្រោះថ្នាក់ ព្រោះមានគ្រាប់មីនជាច្រើនដែលនៅសេសសល់ពីការទម្លាក់គ្រាប់បែករបស់អាមេរិក។ បន្ទាប់ពីវៀតណាមបានដកកងទ័ពចេញពីព្រំដែននៅឆ្នាំ១៩៨៩ បៀ នៅបន្តវាយជាមួយកងទ័ពរដ្ឋកម្ពុជាទៀត។ ចំណែកចិនលែងជួយជាជំនួយសម្ភារគ្រាប់កាំភ្លើងដល់ទ័ពខ្មែរក្រហមទៀតហើយ។ កងទ័ពខ្មែរក្រហមត្រូវដោះស្រាយបញ្ហាដោយខ្លួនឯង។ នៅខណៈពេលនោះកងទ័ពធ្វើសង្រ្គាមនៅតំបន់មានត្បូងយើងអាចដោះស្រាយជីវភាពដោយការលក់ត្បូង។ កងទ័ពនៅខាងព្រៃឈើត្រូវលក់ឈើធំៗទៅឲ្យថៃ ដើម្បីទទួលបានស្បៀងសម្រាប់ផ្គត់ផ្គង់កងទ័ព និងគ្រាប់កាំភ្លើង។ ក្នុងឆ្នាំដដែលអំឡុងពេលកំពុងប្រយុទ្ធ បៀ បានដើរជាន់គ្រាប់មីនហើយត្រូវរបួសដាច់ជើងមួយចំហៀង។ ក្រោយបោះឆ្នោតឆ្នាំ១៩៩៣ បៀ មិនបានចុះមកបោះឆ្នោត និងចូលរួមជាមួយរដ្ធាភិបាលនោះទេ។ ដោយការភ័យខ្លាច បៀ បានបន្តរស់នៅច្រកព្រំដែនថ្មដារហូតដល់សមាហរណ៍កម្មឆ្នាំ១៩៩៧-១៩៩៨ ទើប បៀ និងកងទ័ពខ្មែរក្រហមផ្សេងទៀត ហ៊ានចូលជាមួយរាជរដ្ធាភិបាល កម្ពុជា ហើយចុះមករស់នៅអន្លង់រាប។ ដំបូង បៀ និងកងទ័ពផ្សេងទៀត បាននាំគ្នាបង្កើតរចនាសម្ព័ន្ធភូមិ ឃុំ សាងសង់ផ្ទះតូចៗប្រក់ស្លឹក ប្រក់តង់ និងប្រក់ស្បូវ រកត្រីនិងបរបាញ់សត្វសម្រាប់ចិញ្ចឹមជីវិត និងមិនទាន់មានផ្លូវសម្រាប់ធ្វើដំណើរនោះទេ។ សម្រាប់ការរស់នៅអន្លង់រាបដំបូងមានការពិបាកដោយសារគ្មានផ្លូវធ្វើដំណើរ ប៉ុន្តែបើគិតទៅដល់សម័យតស៊ូ គឺរឹតតែលំបាកខ្លាំង ព្រោះត្រូវរស់នៅរបៀបជាកងទ័ព និងគ្រួសារ ត្រូវផ្សងជាមួយគ្រោះថ្នាក់គ្រប់ពេលវេលា គ្មានផ្ទះសម្បែងត្រឹមត្រូវ កូនចៅមិនទទួលបានរៀនសូត្រ ហើយរាល់ពេលច្បាំងគ្នាម្ដងៗមានគ្រាប់ផ្លោងត្រូវរត់ចូលត្រង់សេពិតជាពិបាកវេទនា។ បៀ ផ្ទាល់ក្នុងនាមជាកងទ័ពខ្មែរក្រហម ត្រូវបង្ខំឲ្យធ្វើតាមបញ្ជា និងបានបិទសិទ្ធិសេរីភាព មិនបានអនុញ្ញាតឲ្យសួរសុខទុក្ខឪពុកម្ដាយនៅស្រុកកំណើតអស់រយៈពេលជាច្រើនឆ្នាំ នេះជាការចងចាំនិងការឈឺចាប់មួយសម្រាប់កងទ័ពដែលនៅការពារតាមដែនសមុទ្រនៅកំពង់សោម ក្នុងរបបខ្មែរក្រហម និងអំឡុងពេលសង្រ្គាមកម្ពុជា-វៀតណាម។
អត្ថបទដោយ៖ មឿន ស្រីណុច
កំណែអក្ខរាវិរុទ្ធដោយ៖ សូ ហ្វារីណា