ទូច ឈុំ « អតីតឈ្លបឃុំក្លាយជាប្រធានអនុសេនាធំ »

នៅក្នុងរបបខ្មែរក្រហម(១៩៧៥-១៩៧៩) យុវជនជាច្រើនត្រូវបានជ្រើសរើសឲ្យបម្រើកងទ័ព ជាពិសេសនៅអំឡុងពេលរបបខ្មែរក្រហមធ្វើសង្រ្គាមជាមួយប្រទេសកម្ពុជាក្នុងចន្លោះឆ្នាំ១៩៧៧ និង ១៩៧៨។ ទូច ឈុំ អតីតប្រធានកងអនុសេនាធំចំណុះកងពលលេខ៥០២នៃកងទ័ពខ្មែរក្រហមបានរៀបរាប់ពីបទពិសោធន៍ជាកងទ័ពខ្មែរក្រហមដូចខាងក្រោម។

ទូច ឈុំ ភេទប្រុស អាយុ៧៤ឆ្នាំ សព្វថ្ងៃប្រកបមុខរបរជាកសិករ។ ឈុន មានស្រុកកំណើតនៅភូមិទំនាប ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ សព្វថ្ងៃរស់នៅភូមិចំការជ្រៃខាងត្បូង ឃុំអន្លងរាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ឈុំ មានប្រពន្ធឈ្មោះ ជួន ថេន អាយុ៦១ឆ្នាំ សព្វថ្ងៃមានមុខរបរជាកសិករ។ ឈុំ មានកូនប្រាំបីនាក់ (ប្រុស៤នាក់ ស្រី៤នាក់)។ ឈុំ មានឪពុកឈ្មោះ ញ៉ាំង សឿន (ស្លាប់ឆ្នាំ២០០៣)និងម្ដាយឈ្មោះ ឆាយ ប៊ូ (ស្លាប់ឆ្នាំ១៩៦៦)។ ឈុំ មានបងប្អូនប្រាំពីរនាក់(ប្រុស៦នាក់ ស្រី១នាក់)។ ឈុំ ជាកូនទីបីនៅក្នុងគ្រួសារ។ កាលពីក្មេង ឈុំ បានរៀនត្រឹមថ្នាក់ទី១០សង្គមចាស់ នៅសាលាអមលាំង ដែលស្ថិតនៅភូមិទំនាប ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ ឈុំ ឈប់រៀននៅឆ្នាំ១៩៦៥ ដោយសារតែម្ដាយស្លាប់ ជីវភាពខ្វះខាត គ្មានអ្នករកស៊ីចិញ្ចឹមឪពុក បងប្អូនច្រើននិងគ្មានអ្នកជួយមើលគោក្របី។ នៅឆ្នាំ១៩៦៧ ឈុំ បួសនៅវត្តកន្សែង-សំ បានមួយវស្សា ហើយក៏សឹកវិញ ព្រោះនៅជួយរកស៊ីធ្វើស្រែចម្ការដើម្បីចឹញ្ចឹមបងប្អូន។

នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ លោកសេនាប្រមុខលន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់ សម្ដេច នរោត្តម សីហនុ។ ក្នុងកំឡុងពេលនោះក៏ចាប់ផ្ដើមមានចលនាខ្មែរក្រហមចូលមកឃោសនាក្នុងភូមិថា “លន់ នល់ ជាមនុស្សក្បត់ជាតិដោយបានធ្វើរដ្ឋប្រហារទម្លាក់ សម្ដេចព្រះ នរោត្ដម សីហនុ។ បើប្រជាជនស្រលាញ់ សម្ដេចព្រះ នរោត្ដម សីហនុ សូមចូលព្រៃម៉ាក់គីទាំងអស់គ្នា”។ បន្ទាប់ពីការឃោសនា ឈុំ បានសម្រេចចិត្តចេញពីផ្ទះចូលរួមជាមួយចលនាខ្មែរក្រហម ហើយក៏បានស្ម័គ្រធ្វើជាឈ្លបឃុំ ដែលមានគ្នា១០-១១ ដើម្បីដើរការពារនៅក្នុងឃុំ។ ឈុំ រស់នៅជាមួយគណៈឃុំឈ្មោះ តា ឆៃ និងតា គល់ ប្រធានឃុំ។ ឈុំ ធ្វើឈ្លបឃុំបានរយៈពេលប្រហែល៤ខែក៏ផ្លាស់ទៅទ័ពស្រុកជ្រាវ ដែលគ្រប់គ្រង់ដោយឈ្មោះ យឿន ដែលមានគ្នាប្រហែល៣០នាក់ ដើម្បីទៅវ៉ៃជាមួយទាហាន លន់ នល់ នៅតាមផ្លូវជាតិលេខ៤។ នៅក្នុងខែ១១ ឆ្នាំ១៩៧១ កងទ័ពស្រុកជ្រាវបានផ្លាស់ទៅជាកងទ័ពតំបន់៣២ ដែលមានគ្នាប្រហែល៣០០នាក់ឈរជើងនៅម្ដុំតាំងខ្យា ដែលគ្រប់គ្រងដោយ តា ឃឹម។ ចំណែក ឈុំ មានតួនាទីជាមេក្រុមគេ។ ឈុំ រស់នៅទ័ពតំបន់៣២ បានប្រហែល៣-៤ខែក៏ផ្លាស់ទៅភូមិភាគនិរតីវិញ។

នៅក្នុងឆ្នាំ១៩៧៣ កងទ័ពតំបន់៣២ បានផ្លាស់ចេញពីភូមិភាគនិរតីវិញ ដើម្បីបញ្ចូលទៅក្នុងកងវរសេនាធំឯករាជ្យ ដែលគ្រប់គ្រងរួមដោយ តា ស្រស់ ដែលមាន៣កងវរសេនាតូច៖ កងវរសេនាតូចលេខ១៣១ លេខ១៧០ និងលេខ១៨០។ នៅក្នុងឆ្នាំ១៩៧៤ កងវរសេនាតូចលេខ១៣១ បានរៀបចំកម្លាំងទៅវាយជាមួយទាហាន លន់ នល់ នៅខាងលិចខេត្តកំពត បានរយៈពេលមួយឆ្នាំក៏ត្រឡប់មកខេត្តកំពង់ស្ពឺវិញ។ ពេលដែលកំពុងប្រយុទ្ធគ្នានៅ ខេត្តកំពត ឈុំ ត្រូវអម្បែងមីនធ្វើឲ្យរបួសបីកន្លែងគឺ ត្រូវជើង, ខ្លួន និងត្រគៀក ហើយក៏មកសម្រាកព្យាបាលនៅមន្ទីរពេទ្យតាំងក្រសាំងបានរយៈពេលមួយខែ ទើបជាសះស្បើយ។ បន្ទាប់ពីជាសះស្បើយ ឈុំ បានបន្តវាយនៅខាងជើ ខេត្តងកំពង់ឆ្នាំង នៅខាងឧត្ដុង នៅខាងលិចលង្វែក រ៉ាសំរោងទៅដល់ភ្នំពេញ និងតាមផ្លូវជាតិលេខ៤ ម្តុំពោធិ៍ចិនតុង។ ពេលវាយសមរភូមិភ្នំពេញនៅដើមឆ្នាំ១៩៧៥ ក៏បញ្ចូលកម្លាំងចូលគ្នាក្លាយជាកងពលទី១ ដែលគ្រប់គ្រងដោយតា សឿង ប្រធាន ស៊ូ ម៉េត អនុប្រធាន តា សាន សមាជិក និងតា ល្វៃ សមាជិក។ បន្ទាប់ពីបូកបញ្ចូលគ្នាក្លាយជាកងពលទី១ ឈុំ ត្រូវបានស៊ូ ម៉េត ដំឡើងតួនាទីជាអនុសេនាធំលេខ៣០៦។ ឈុំ បានបញ្ជាក់ថា ពេលវាយបែកទីក្រុងភ្នំពេញដោយប្រើយុទ្ធសាស្រ្តរំកិលខ្សែត្រៀម។ ឈុំ បានបន្តទៀតថា បន្ទាប់ពីវ៉ៃបែកទីក្រុងភ្នំពេញក៏មានការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញទៅបណ្ដាខេត្តនានា ។ ឈុំ រស់នៅទីក្រុងភ្នំពេញបានរយៈពេលមួយឆ្នាំ ក៏ចាប់ផ្ដើមបំបែកពីកងពលទី១ទៅជាកងពល៥០២ ដែលគ្រប់គ្រងដោយ ស៊ូ ម៉េត ដោយបូកបញ្ចូលពីកងកម្លាំងស្រុកកណ្ដាលស្ទឹងនៃភូមិភាគពិសេស កង៥១ កង៥២ មានតួនាទីការពារនៅខាងលិចពោធិ៍ចិនតុងនិងទំនប់តាំងក្រសាំង។

នៅក្នុងឆ្នាំ១៩៧៧ ឈុំ បានរៀបការជាមួយនារីកាត់ដេរម្នាក់ឈ្មោះ រុន ដែលមានស្រុកកំណើតនៅស្អាងកោះធំ ខេត្តកណ្ដាល។ បន្ទាប់ពីរៀបការរួច កងពល៥០២ ត្រូវបានបញ្ជូនមកធ្វើស្រែជាមួយប្រជាជននៅ ស្រុកអង្គស្នួល និងលើកទំនប់ជីកប្រឡាយនៅទំនប់កប់ស្រូវ។ ពេលនោះ ឈុំ នៅក្នុងកងវរសេនាធំលេខ៣១ ដែលគ្រប់គ្រងដោយ ឆន សេង ប្រធាន និងពន្លក អនុប្រធាន។ ឈុំ បានរៀបរាប់ពីការលំបាកក្នុងការហូបចុកនៅក្នុងរបបខ្មែរក្រហមគឺហូបមិនដែលបានឆ្អែតម្ដងណាឡើយ។ ប្រសិនបើកងទ័ពហ៊ានសួរដេញដោលនឹងត្រូវចាប់ដាក់គុកឬធ្វើទារុណកម្មក៏មានដែរ។ នៅពាក់កណ្ដាលឆ្នាំ១៩៧៧ ឈុំ និងគ្នាពីរនាក់ទៀតត្រូវបាន ប៊ុត នៅកងវរសេនាតូចដកឲ្យមកជួយធ្វើព្រលានយន្តហោះនៅខេត្តកំពង់ឆ្នាំង។ ការងារដែល ឈុំ ត្រូវធ្វើនៅព្រលាន្តមានដូចជា ផ្លាស់ដី រើសស្មៅឲ្យស្អាត ជួយមើលការខុសត្រូវឡានដឹកថ្ម និងអាឡូបង្ហាប់ថ្មកុំឲ្យស្រុត និងជួយរៀបចំចាក់បេតុង។ ឈុំ បានបន្តទៀតថា ពេលសាងសង់ព្រលានយន្តហោះខេត្តកំពង់ឆ្នាំង គឺមានប្រជាជននិងកងទ័ពរាប់ម៉ឺននាក់ត្រូវបានចាត់តាំងឲ្យមកសាងសង់ ខ្លះមកពីខាងភូមិភាគបូព៌ា ខ្លះមកពីខាងបស្ចិម និងខ្លះទៀតយកមកពីភ្នំពេញ។ ក្នុងមួយថ្ងៃៗ ឈុំ ធ្វើការមិនសូវបានសម្រាកទេ ព្រោះត្រូវធ្វើការងារទាំងយប់ទាំងថ្ងៃ។ ការហូបចុកក៏ខ្វះខាត ព្រោះមានប្រជាជន និងកងទ័ពជាច្រើនធ្វើការងារនៅទីនោះ។

នៅចុងឆ្នាំ១៩៧៨ កងទ័ពវៀតណាមបានវ៉ៃចូលស្រុកស្នួលខេត្តក្រចេះ។ ពេលនោះ ឈុំ និងកងទ័ពប្រាំមួយនាក់ទៀតត្រូវបាន តា ម៉េត ដកចេញពីព្រលានយន្តហោះកំពង់ឆ្នាំងឲ្យមកពោធិ៍ចិនតុងវិញ ដើម្បីឡើងយន្តហោះទៅចុះនៅក្រចេះ ដើម្បីជួយទប់ទល់ជាមួយកងទ័ពវៀតណាមដែលវាយចូលមកតាមផ្លូវជាតិលេខ៧។ ឈុំ ទប់ទល់ជាមួយកងទ័ពវៀតណាមបានកន្លះខែ ដោយកម្លាំងកងទ័ពវៀតណាមមានច្រើនទប់ទល់មិនជាប់ក៏ថយរហូតមកដល់ចម្ការកៅស៊ូនៅខាងសួង និងមេមត់ ហើយក៏បន្តទប់ទល់នៅទីនោះម្ដងទៀត។ ដោយទប់ទល់ជាលើកទីពីអត់ជាប់ក៏បន្តថយមកខាងភូមិភាគកណ្ដាលវិញ ដើម្បីរៀបចំកម្លាំងទៅវាយជាមួយកងទ័ពវៀតណាមនៅព្រំប្រទល់ខេត្តសៀមរាប និងខេត្តកំពង់ធំវិញ។ បន្ទាប់ពីវ៉ៃហើយក៏បន្តដកថយទៅរស់នៅលើភ្នំដងរ៉ែក១០០៣ ដែលគ្រប់គ្រងដោយ តា ម៉ុក និងតា ហឿង។ នៅចុងឆ្នាំ១៩៧៩ ឈុំ ត្រូវបានតា ម៉ុក ផ្លាស់ចេញពីភ្នំដងរ៉ែក១០០៣ ឲ្យមកជួយធ្វើការជាមួយ តា ស៊ីន (ស្លាប់ក្នុងឆ្នាំ១៩៩៨)និង តា សាន នៅខាងឪរ៉ាល់ដែលស្ថិតក្នុងខេត្តកំពង់ស្ពឺ ដើម្បីជួយមើលសភាពការណ៍ពេលចល័តកងទ័ពពីកន្លែងមួយទៅកន្លែងមួយ និងរាយការណ៍តាមតេអូប្រាប់ តា សាន ពេលដែលកងទ័ពត្រូវរបួស ឬស្លាប់នៅចំណុចណាមួយ។

ឆ្នាំ១៩៨១ ដោយសារតែប្រពន្ធមុនបាត់ខ្លួនគ្មានដំណឹង ឈុំ ក៏សម្រេចចិត្តរៀបការជាមួយប្រពន្ធក្រោយនៅភ្នំដងរ៉ែកម្នាក់ទៀត។ ឈុំ និងប្រពន្ធរស់នៅភ្នំដងរ៉ែករហូតដល់ឆ្នាំ១៩៩៣ បានតា ម៉ុក ផ្លាស់ឲ្យមករស់នៅសំឡូតវិញ។ នៅឆ្នាំ២០០០ ឈុំ និងប្រពន្ធក៏សម្រេចចិត្តផ្លាស់មករស់នៅភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ពេលមករស់នៅវាលវែងដំបូងមានស្ថានភាពពិបាកក្នុងខែវស្សា ពីព្រោះផ្លូវរអិលពិបាកក្នុងការធ្វើដំណើរនិងពិបាកប្រកបរបររកស៊ីនៅរដូវវស្សា។ ឈុំ រស់នៅបានរយៈពេលមួយឆ្នាំក៏ជាប់ឈ្មោះជាក្រុមប្រឹក្សាស្រុក ហើយក៏បន្តការងារនេះធ្វើរហូតដល់២០២៤ក៏ស្លាប់ដោយសារជំងឺគាំងបេះដូង។ រឿងរ៉ាវដែល ឈុំ ចាំមិនភ្លេចពេលដែលធ្វើការនៅព្រលានយន្តហោះកំពង់ឆ្នាំង គឺពិបាកការហូបចុកមិនដែលបានឆ្អែតព្រោះមានប្រជាជននិងកងទ័ពធ្វើការជាច្រើននៅទីនោះ បើហ៊ានសួរដេញដោលនិងត្រូវចាប់ដាក់គុក ឬវ៉ៃចោល។

អត្ថបទដោយ៖ ចាន់ ណារិទ្ធ

កំណែអក្ខរាវិរុទ្ធដោយ៖ សូ ហ្វារីណា

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin